ជំងឺបេះដូង

អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ជំងឺ​បេះដូង​ឈប់​ដើរ​

​ពាក្យ​ថា​បេះដូង​ឈប់​ដើរ​នេះ​អាច​មានន័យថា បេះដូង​របស់​មនុស្ស​យើង​ស្រាប់តែ​ឈប់​ធ្វើ​ចលនា ឬ​ឈប់​ច្របាច់​ឈាម​ទៀត​។ រឿងនេះ​នឹង​កាត់ផ្តាច់​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​សរីរាង្គ​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ វា​ជា​ជំងឺ​ដែល​ត្រូវ​សង្គ្រោះបន្ទាន់ និង​ស្លាប់​បាន​បើសិនជា​មិន​ព្យាបាល​ភ្លាមៗ​ទេ​។ 

​រោគសញ្ញា​
​ជំងឺ​បេះដូង​ឈប់​ដើរ​កើតឡើង​លឿន​ណាស់ មានន័យ​ថា អ្នក​អាច​នឹង​សន្លប់​ភ្លាមៗ ចាប់​ជីពចរ​មិនបាន និង​មិន​ដកដង្ហើម​ទៀត​។ ភ្លាមៗ​មុន​ពេល​រឿងនេះ​កើតឡើង អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា អស់កម្លាំង​ខ្លាំង វិលមុខ ខ្សោយ ពី​បាក​ដកដង្ហើម ឬ​ឈឺ​ក្នុង​ពោះ​។ អ្នក​ប្រហែលជា​ខ្យល់គរ ឬ​ឈឺ​ក្នុង​ទ្រូង​។ ប៉ុន្តែ​វា​មិនមែន​ចេះតែ​កើតឡើង​អ៊ីចឹង​ឡើយ​។ ជំងឺ​បេះដូង​ឈប់​ដើរ​អាច​កើតឡើង​ដោយ​គ្មាន​សញ្ញា​ប្រក​ដាស​អាសន្ន​អ្វី​ទាំងអស់​។ 

​តើ​មាន​អ្វី​កើតឡើង​ខ្លះ​ទៅ​?
​បេះដូង​មនុស្ស​យើង​មាន​ប្រព័ន្ធ​អេឡិចត្រូនិច​មួយ​ដែល​ជួយ​ឲ្យ​វា​អាច​ច្របាច់​ឈាម​បាន​យ៉ាង​ទៀងទាត់​។ ជំងឺ​បេះដូង​ឈប់​ដើរ​អាច​កើតឡើង​បាន​បើសិនជា​ការបញ្ជូន​ចរន្ត​អេឡិចត្រូនិ​ចនេះ​កើតឡើង​ខុស​ប្រក្រតីមិន​អាចគ្រប់គ្រង​បាន និង​ធ្វើ​ឲ្យ​បេះ​ដូងលោត​ខុស​ចង្វាក់ ឬ​ហៅ​ថា Arrhythmia​។ ជំងឺ​បេះដូង​លោត​ខុស​ចង្វា​ក់មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ភាគច្រើន​គឺ​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ជំងឺ​បេះដូង​លោត​ខុស​ចង្វា​ក់មួយ​ប្រភេទ​ឈ្មោះថា Ventricular Fibrillation ជា​អ្នក​ធ្វើ​ឲ្យ​បេះ​ដូង​ឈប់​ដើរ​ញឹកញាប់​បំផុត​។ បើសិន​ជា​រឿង​នេះ​កើតឡើង​មែន បេះដូង​គឺ​មិន​អាច​ច្របាច់​ឈាម​ទៅ​គ្រប់កន្លែង​នៃ​រាងកាយ​បានឡើយ​។ វា​គឺជា​ជំងឺ​ដែល​បង្ក​ការ​គម្រាម​គំហែង​ដល់​អាយុជីវិត​របស់​មនុស្ស​យើង​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ 

​ទំនាក់ទំនង​ជំងឺ​បេះដូង​
​មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺ​បេះដូង​ឈប់​ដើរ​ក៏​មាន​ជំងឺ​សរសៃឈាម​បេះដូង​ផងដែរ​។ ជាធម្មតា វា​គឺជា​ចំណុច​ដែល​បញ្ហា​ចាប់ផ្តើម​កើតឡើង​។ ការ​ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង មានន័យ​ថា លំហូរ​ឈាម​ដែល​ចូល​ទៅ​ចិញ្ចឹម​បេះដូង​ខ្លួនឯង​គឺ​កាន់តែ​តិច​។ ពេល​នោះ​វា​អាច​នាំឲ្យ​កើត​ជា​ជំងឺ​គាំងបេះដូង ដែល​បំផ្លាញ​ដល់​ប្រព័ន្ធ​អេឡិចត្រូនិ​ចរបស់​បេះ​ដូង​បាន​។ 

​មូលហេតុ​ផ្សេងៗ​ទៀត​
​ជំងឺ​បេះដូង​ឈប់​ដើរ​ក៏​អាច​កើតឡើង​ដោយ​ហេតុផល​ផ្សេងៗ​ទៀត​ដែរ​ដូចជា​៖
•​    ​ការបាត់បង់​ឈាម​ច្រើន ឬ​កង្វះ​អុកស៊ីសែន​ធ្ងន់ធ្ងរ​
•​    ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​បើសិនជា​អ្នក​មាន​បញ្ហា​បេះដូង​ស្រាប់​
•​    ​មាន​ចំនួន​ម៉ាញ៉េ​ស្យូម ឬ​ប៉ូ​តា​ស្យូម​ក្នុងឈាម​ច្រើនពេក ដែល​ជាហេតុ​នាំ​ឲ្យ​ខូចខា​តដល់​ចង្វាក់បេះដូង​រហូតដល់​ស្លាប់​បាន​
•​    ​អ្នក​ប្រហែលជា​មាន​ជំងឺ​បេះដូង​លោត​ខុស​ចង្វាក់​ដោយសារ​តែ​ហ្សែ​ន​ដំណរ​ពី​ឪពុកម្តាយ​
•​    ​ការប្រែប្រួល​រចនាសម្ព័ន្ធ​របស់​បេះដូង​ដូចជា បេះដូង​រីក​ធំ ឬ​បង្ក​ឡើង​ដោយ​ការបង្ក​រោគ​ក្នុង​ខ្លួន​។​

​មិនមែន​ជា​ជំងឺ​គាំងបេះដូង​
​បេះដូង​ឈប់​ដើរ​គឺ​មិន​ដូចគ្នា​នឹង​ជំងឺ​គាំងបេះដូង​ឡើយ មានន័យ​ថា​ករណី​ជំងឺ​គាំងបេះដូង គឺ​បេះដូង​មិនមែន​ឈប់​ដើរ​ឡើយ​។ ផ្ទុយទៅវិញ លំហូរ​ឈាម​ត្រូវបាន​រ៉ាំ​ង​ស្ទះ​នៅ​កន្លែង​ណាមួយ​នៃ​សាច់ដុំ​បេះដូង​លើ​ជំងឺ​គាំងបេះដូង ដូច្នេះ​បេះដូង​នឹង​មិន​អាច​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​ឡើយ​។ រឿង​នេះ​អាច​សម្លាប់​ដល់​សាច់ដុំ​បេះដូង​បាន​មួយ​ចំនួន​បាន​។ ប៉ុន្តែ​រឿង​ទាំងពីរ​នេះ​មាន​ជាប់ទាក់ទង​គ្នា​ត្រង់​ថា ជាលិកា​សម្លាក​ដែល​កើតឡើង​ក្រោយ​ដោយសារ​តែ​ជា​ឡើងវិញ​ពី​ជំងឺ​គាំងបេះដូង​អាច​ជា​ការរំខាន​ដល់​ចរន្ត​អគ្គីសនី​របស់​បេះដូង និង​ធ្វើឲ្យ​ប្រឈមមុខ​នឹង​បេះដូ​ងឈប់​ដើរ​បាន​។ ពេលខ្លះ ជំងឺ​គាំងបេះដូង​អាច​ធ្វើឲ្យ​កើត​ជំងឺ​បេះដូ​ងឈប់​ដើ​រដែរ​។​

​មិនមែន​ជា​ជំងឺខ្សោយបេះដូង​ឡើយ​
​ជំងឺ​គាំងបេះដូង​កើតឡើង​ភ្លាមៗ​។ វា​គឺជា​គ្រោះថ្នាក់​មួយ​ដែល​ធ្ងន់ធ្ងរ ប៉ុន្តែ​ជំងឺខ្សោយបេះដូង​ខុស​គ្នា​វិញ​។ វា​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​បេះដូង​មាន​ភាព​ខ្សោយ​ទៅៗ​រហូត​ដល់​មិន​អាច​បញ្ជូន​ឈាម និង​អុកស៊ីសែន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​រាងកាយ​ទាំងមូល​។ នៅពេល​កោសិកា​មិន​ទទួលបាន​ជីវជាតិ​ទាំងនេះ​គ្រប់គ្រាន់ រាងកាយ​នឹង​មិន​អាច​ធ្វើការ​បាន​ល្អ​ឡើយ​។ ករណី​ជំងឺ​នេះ អ្នក​ប្រហែលជា​ពិបាក​នឹង​ដកដង្ហើម​នៅ​ទោះបីជា​ធ្វើ​ការងារ​តិចតួច​ដូចជា​ដើរ​ទិញ​ឥ​វ៉ាន់ ឡើង​ជណ្តើរ ឬ​ដើរ​ធម្មតាៗ​ក៏ដោយ​។ 

​ការប្រឈមមុខ​
​អ្នក​ទំនងជា​ងាយ​នឹង​ប្រឈម​ជំងឺ​បេះដូង​ឈប់​ដើរ​នេះ​ណាស់​បើសិនជា​៖
•​    ​មាន​ជំងឺ​សរសៃឈាម​បេះដូង (​នេះ​គឺជា​ការប្រឈមមុខ​ដ៏​ធំ​បំផុត​)
•​    ​ជា​មនុស្ស​ប្រុស​
•​    ​ធ្លាប់​មាន​ជំងឺ​បេះដូង​ដើរ​ខុស​ចង្វាក់ ឬ​គាំងបេះដូង ឬ​នរណា​ម្នាក់​ក្នុង​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ​
•​    ​ជក់បារី ឬ​លេង​ថ្នាំញៀន ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​
•​    ​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង​ម្តង​ឬ​ច្រើន​ដង​
•​    ​មាន​ជំងឺ​ទឹកនោម​ផ្អែម លើស​សម្ពាថ​ឈាម ឬ​ខ្សោយបេះដូង​
•​    ​ជា​មនុស្ស​ធាត់​ជ្រុល​

​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំងក្លា​
​ការ​ដែល​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំងក្លា ជាពិសេស​ការខឹង​ដែល​មិន​អាច​គ្រប់គ្រង​បាន អាច​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​ខុស​ចង្វាក់ ហើយ​ក៏​បណ្តាលឲ្យ​កើត​ជំងឺ​បេះដូ​ងឈប់​ដើរ​បាន​ដែរ​។ បញ្ហា​ផ្លូវចិត្ត​ដូចជា ការ​ថប់​អារម្មណ៍ និង​ការបាក់​ទឹកចិត្ត​ក៏​ប្រហែល​ជា​ធ្វើឲ្យ​អ្នក​ងាយ​នឹង​មាន​ជំងឺ​នេះ​ដែរ​។ នេះ​គឺជា​ហេតុផល​មួយ​ផ្សេងៗ​ទៀត​ដែល​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។ 

​ការព្យាបាល​
​បើសិន​ជា​អ្នក​មាន​ជំងឺ​បេះដូង​ឈប់​ដើរ អ្នក​ត្រូវ​តែ​ព្យាបាល​ភ្លាមៗ​ជាមួយនឹង​ឧបករណ៍​ឆក់​បេះដូង​។ ពេលខ្លះ​ឧបករណ៍​នេះ​អាច​ជួយ​ឲ្យ​បេះដូង​ច្របាច់​ធម្មតា​មក​វិញ​បាន​។ ប៉ុន្តែ​វា​ត្រូវតែ​ធ្វើ​ឲ្យបាន​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​។ រឿង​នេះ​គួរតែ​ធ្វើឡើង​ដោយ​គ្រូពេទ្យ ប៉ូលីស ឬ​អ្នក​ពន្លត់អគ្គីភ័យ ដែល​ធ្លាប់​រៀនសូត្រ​ចេះ​ដឹង​អំពី​ការប្រើប្រាស់​ម៉ាស៊ីន​នេះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play