ជំងឺទឹកនោមផ្អែម

​កើត​ជំងឺ​ទឹកនោម​ផ្អែម​ហើយ គួរតែ​ការពារ​ភ្នែក​ដូច​ម្តេចទៅ​?

​ការ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​ខ្លួន​ហើយ មានន័យ​ថា អ្នក​ទំនងជា​ងាយ​កើត​បញ្ហា​លើ​ភ្នែក​ណាស់​ដូចជា ជំងឺ​ភ្នែក​ដោយសារតែ​ជំងឺ​ទឹកនោម​ផ្អែម ហើម​ភ្នែក ភ្នែក​ឡើងបាយ និង​ខ្វាក់​គោម​ជាដើម​។ វា​អាច​ធ្វើឲ្យ​ភ្នែក​មើល​កាន់តែ​មិនច្បាស់ និង​អាច​ខ្វាក់​ផង​ក៏មាន​ដែរ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្ការ​បញ្ហា​នេះ​គឺ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យបាន​ល្អ ដូច្នេះ​អ្នកនឹង​អាច​ចៀសផុត​ការ​លើស​ជាតិ​ស្ករ ដែល​នាំ​ឲ្យ​ខូច​ដល់​សរសៃឈាម​បាន​។ ប៉ុន្តែ​ដើម្បីឲ្យ​ភ្នែក​មាន​សុខភាព​ល្អ យក​ល្អ​គួរតែ​ព្យាយាម​អនុវត្ត​ដូចខាងក្រោម​នេះ​៖

​ហាត់ប្រាណ​ទៀងទាត់​
​ការ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​អាច​ជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម ព្រមទាំង​ជួយ​បង្កើន​កម្រិត​ជាតិ​ខ្លាញ់​ល្អ​ក្នុង​ឈាម​ថែម​ទៀត ហើយ​រឿង​នេះ​សុទ្ធតែ​មាន​ផល​ល្អ​ចំពោះ​សរសៃឈាម​របស់​ភ្នែក​។ ទោះបីជា​អ្នក​ប្រើ​វិធី​ដើរ​លឿនៗ និង​បោសសម្អាត​ផ្ទះ​ក៏​អាច​ចាត់ទុកថា​ជាការ​ហាត់ប្រាណ​បានដែរ​។ មនុស្ស​ភាគច្រើន គួរតែ​ហាត់ប្រាណ​យ៉ាងហោចណាស់ ៣០​នាទី​ក្នុង​មួយថ្ងៃ និង​ច្រើន​ថ្ងៃ​។ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុននឹង​ចាប់ផ្តើម​កម្មវិធី​ហាត់ប្រាណ​គ្រប់​ប្រភេទ​។ 

​ញ៉ាំ​ត្រី​
​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​ក្នុង​ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុន ឬ​សា​ឌី​ន ត្រូវបាន​គេ​ដឹងថា អាច​ជួយ​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ​ភ្នែក​ដោយសារ​តែ​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ អ្នកវិទ្យាសាស្ត្រ​បានគិត​ថា ត្រី​នេះ​អាចជួយ​បង្ការ​ការ​រលាក និង​ការលូតលាស់​មិន​ធម្មតា​របស់​សរសៃឈាម​ក្នុង​ភ្នែក​។ អូ​មេហ្គា​បី​ក៏​ជួយ​ដល់​សុខភាព​សរសៃឈាម​ភ្នែក​ផងដែរ​។ យក​ល្អ​គួរតែ​ញ៉ាំ​ត្រី​នេះ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។ 

​តាំង​សមាធិ​
​ស្ត្រេ​សអាច​បង្កើន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​លើស​សម្ពាធ​ឈាម​ផង​ដែរ​។ អ្នកជំនាញ​និយាយថា ការ​តាំងសមាធិ​អាចជួយ​អ្នក​ចៀសផុត​ពី​បញ្ហា​ព្រួយបារម្ភ​ឥតប្រយោជន៍​បាន​។ 

​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បាន​។ ប៉ុន្តែ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​ទឹក​ផ្លែឈើ​ប្រហែលជា​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ដូច្នេះ​ការ​ញ៉ាំ​ទឹក​ធម្មតា​គឺ​មាន​សុវត្ថិភាព​ជាង​។ 

​ពាក់​វ៉ែនតា​ការពារ​ភ្នែក​
​កាំរស្មី​យូ​វី​ដ៏​ខ្លាំងក្លា​របស់​ព្រះអាទិត្យ​អាច​បំផ្លាញ​ភ្នែក និង​បង្កើន​ការ​កើត​បញ្ហា​ដល់​ភ្នែក​កាន់តែច្រើន​បាន​ជា​ពិសេស​ជំងឺភ្នែកឡើងបាយ​តែម្តង​។ ចាប់​តាំងពី​អ្នក​មិនអាច​ផ្លាស់ប្តូរ​ការ​ពិត​ត្រង់​ថា អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​មក ចូរ​ធ្វើ​អ្វីមួយ​ដែល​អ្នក​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​។ យ៉ាងហោច​ណាស់​គួរតែ​ប្រើប្រាស់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ​ដែល​អាច​មាន​ប្រសិទ្ធភាព​ការពារ​កាំរស្មី​យូ​វី A និង B ៩៩​ភាគរយ​ផង​។ 

​ញ៉ាំ​បន្លែ​ពណ៌​បៃតង​
​បន្លែ​ពណ៌​បៃតងចាស់​ដូចជា ត្រ​កូន ស្ពៃ​ស្ពីណា​ច ឬ​សាឡា​ត់​សុទ្ធតែមន​ជីវ​ជាតិច្រើន​ណាស់​ជា​ពិសេស Lutein និង Zeaxanthin ដែល​វា​ជា​អង់​ទី​អុក​ស៊ីដង់ សម្រាប់​ជួយ​កោសិកា​ក្នុង​ភ្នែក ព្រមទាំង​វីតាមីន E ផង​ដែរ​នោះ អាច​ចៀសផុត​ពី​ជំងឺភ្នែកឡើងបាយ​ដែរ​។ 

​កុំ​ជក់បារី​
​ការជក់បារី​មិន​គ្រាន់តែ​មិន​ល្អ​ចំពោះ​សុខភាព​ទេ តែ​វា​ក៏​មិន​ល្អ​ចំពោះ​ភ្នែក​ដែរ​។ ឧទាហរណ៍ អ្នក​ទំនងជា​ងាយ​នឹង​កើត​ជំងឺភ្នែកឡើងបាយ​រហូត​ដល់​ពីរ​ដង​ឯណោះ​នៅពេល​ជក់បារី​។ អ្នក​ជក់​ជក់បារី​គឺ​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​កើត​ជំងឺ​ភ្នែក​ដោយសារ​តែ​ជំងឺ​ទឹកនោម​ផ្អែម និង​ឆាប់​កើត​ហើយ​ធ្ងន់ធ្ងរ​ជាង​ទៀត​។ 

​ទៅ​ជួប​ពេទ្យ​ភ្នែក​
​អ្នក​ប្រហែលជា​មិន​សម្គាល់​ដឹង​អំពី​ការប្រែប្រួល​ទៅលើ​ការមើលឃើញ​របស់​អ្នក​ទេ​នៅពេល​បញ្ហា​ភ្នែក​ចាប់ផ្តើម​កើតឡើង​។ យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ភ្នែក​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ពេទ្យ​អាច​ដឹង​អំពី​ដំណើរ​វិវត្តន៍​របស់​ភ្នែក និង​សរសៃប្រសាទ​ផងដែរ​។ នៅ​ពេល​អ្នក​ឆាប់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេក ការព្យាបាល​ក៏​ត្រូវតែ​ឆាប់​ធ្វើ​ដែរ​ដើម្បី​កុំឲ្យ​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើ​ងកាន់​តែ​ច្រើន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play