សុខភាពស្ដ្រី

​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​អាច​មាន​រោគសញ្ញាស​ម្គា​ល់​អ្វី​ខ្លះ​ទៅ​?

​ក្រពេញ​អូវ៉ែ​គឺជា​សរីរាង្គ​របស់ម​នុស្ស​ស្រី និង​មាន​ទំហំ​តូច ដែល​មាន​ទំហំ​ប៉ុន​ផ្លែ​អាល​ម៉ុន ហើយ​ស្ថិត​ក្នុង​ពោះ​យ៉ាងជ្រៅ​។ ក្នុងដំណាក់កាល​ភ្លាមៗ មហារីក​ក្រពេញ​អូវ៉ែ​ប្រហែលជា​មិនបង្កជា​រោគសញ្ញា​អ្វី​ឲ្យ​អ្នក​សម្គាល់​ដឹដង​ទេ​។ ទោះបីជា​ជំងឺ​ចូល​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ​ក៏​ដោយ ក៏​រោគសញ្ញា​របស់​វា​នៅតែ​មិន​ទាន់​ច្បាស់លាស់​ដែរ​។ អ្នក​ប្រហែលជា​យល់ច្រលំ​ថា​វា​ជា​អាការៈ​នៃ​ជំងឺផ្សេង​ដូចជា ការ​ទល់លាមក​ដើម​។ 

​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ត្រូវបាន​គេ​ស្គាល់​ថា​ជំងឺ​ឈាម​ត្រជាក់​។ បើសិនជា​អ្នកដឹង​អំពី​រោគសញ្ញា គ្រូពេទ្យ​នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការរក​វា​ឲ្យទាន់​ពេលវេលា​។ 

​រោគសញ្ញា​សំខាន់ៗ​ចំនួន​៤
​ការស្រាវជ្រាវ​បាន​រកឃើញថា ជំងឺមហារីក​ក្រពេញ​អូវ៉ែ​មាន​រោគសញ្ញា​សំខាន់ៗ​ចំនួន​បួន​។ អ្នក​ប្រហែលជា​ធ្លាប់​មាន​អា​ការៈ​នេះ​ទៅ​បះជា​ជំងឺស្ថិត​ក្នុង​ដំណាក់កាល​ភ្លាមៗ​ដែរ​។ អាការៈ​ទាំងនេះ​មាន​ដូច​ជា​៖
•​    ​ហើម​ពោះ​
•​    ​ឈឺចាប់​ក្នុង​អាង​ត្រគាក ឬ​ពោះ​
•​    ​ពិបាក​ក្នុង​ការ​ញ៉ាំ​អាហារ ឬ​មាន​អារម្មណ៍​ថា​ញ៉ាំ​ឆាប់​ឆ្អែត​
•​    ​តែងតែ​មាន​អារម្មណ៍​ថា​អ្នកត្រូវការ​នោម​ជាបន្ទាន់ ឬ​ត្រូវការ​នោម​ញឹក​ជាង​ធម្មតា​

​មានរឿង​ច្រើនណាស់​ក្រៅពី​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​អាច​បង្ក​ជា​រោគសញ្ញា​ទាំង​នេះ​ដែរ​។ អ្នក​ត្រូវ​តែពិនិត្យ​លើ​រឿងនេះ​ថា​តើ​រោគសញ្ញា​ទាំងនេះ​មិន​ធម្មតា​ឬ​អត់​សម្រាប់​អ្នក ហើយ​ថា​វា​កំពុងតែ​កើតឡើង​ញឹកញាប់ ឬ​ធ្ងន់ធ្ងរ​ជាង​មុន​ឬ​អត់​។ 

​រោគសញ្ញា​ផ្សេងៗ​ទៀត​
​រោគសញ្ញា​ផ្សេងៗ​ទៀត​ដែល​មានន័យថា​អ្នក​អាច​មាន​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ដែរ​នោះ​មានដូចជា​៖
•​    ​ងាយ​នឹង​អស់កម្លាំង និង​អស់កម្លាំង​ជាប់​
•​    ​ឈឺចាប់​ក្នុងពេល​រួមភេទ​
•​    ​ឈឺ​ខ្នង​
•​    ​ឈឺ​ក្រពះ ឬ​ក្រហាយ​ដើមទ្រូង​
•​    ​ទល់​លាមក​
•​    ​រដូវ​មាន​ការប្រែប្រួល​
•​    ​ហើម​ក្នុង​ពោះ​
•​    ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​

​ចូរ​ចាំ​ថា ទោះបីជា​រោគសញ្ញា​ទាំងនេះ​អាច​ជា​សញ្ញា​របស់​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ក៏ដោយ វា​ទំនងជា​បង្កឡើង​ដោយ​មូលហេតុ​អ្វី​ផ្សេង​ទៀត​ក៏​ថា​បាន​ដែរ​។ 

​ពេល​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​
​ដោយសារ​តែ​រោគសញ្ញា​មាន​ជាប់ទាក់ទង​នឹង​មហារីក​ក្រពេញ​អូវ៉ែ​គឺជា​រឿង​កើត​ឡើង​ញឹកញាប់ យក​ល្អ​គួរតែ​ប្រាប់​គ្រូពេទ្យ​ឲ្យបាន​ដឹង​ផង​ទៅ​។ អ្នក​គួរតែ​ទៅឲ្យ​ពេទ្យ​ពិនិត្យ​បើសិនជា​រោគសញ្ញា​មានដូចជា​៖
•​    ​កើត​ឡើង​ថ្មី​សម្រាប់​អ្នក​
•​    ​កើតឡើង​ច្រើន​ជាង ១២​ដង​ក្នុង​មួយខែ​
•​    ​មិន​បាត់​ទៅ​វិញ​នៅពេល​មាន​ការផ្លាស់ប្តូរ​ធម្មតាៗ​ដូចជា ហាត់ប្រាណ ញ៉ាំ​អាហារ ឬ​សម្រាក​ច្រើន​

​ចូរ​ប្រាប់​គ្រូពេទ្យ​ឲ្យដឹង​ផង​បើសិន​ជា​ជំងឺ​មហារីកក្រពេ​ញ​អូ​វ៉ែ ឬ​មហារីក​សុដន់​កើតឡើង​ជា​លក្ខណៈ​គ្រួសារ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play