ជំងឺបេះដូង

​អ្វី​ដែល​អ្នក​គួរតែ​ដឹង​អំពី​ជំងឺ​គាំងបេះដូង​

​នៅពេល​ឈាម​មិន​អាច​ចូល​ទៅក្នុង​បេះ​ដូង​បាន សាច់ដុំ​បេះដូង​ក៏​មិន​អាច​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​របស់​វា​ដែរ​។ បើសិនជា​គ្មាន​អុកស៊ីសែន​ទេ កោសិកា​របស់​សាច់ដុំ​បេះដូង​អាច​នឹង​ខូចខាត ឬ​ស្លាប់​។ គន្លឹះ​សំខាន់​ក្នុង​ការស្តា​នូវ​លំហូរ​ឈាម​វិញ​គឺ​ត្រូវតែ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ឲ្យបាន​លឿន ជាពិសេស​នៅ​ពេល​អ្នក​គិតថា​ខ្លួនឯង​មាន​រោគសញ្ញា​នៃ​ជំងឺ​គាំងបេះដូង​។ 

​មូលហេតុ​
​រយៈពេល​យូរ​ទៅ កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ខ្លាញ់​ដែល​កក​អាច​កើនឡើង​ក្នុង​ជញ្ជាំង​ខាងក្នុង​របស់​សរសៃឈាម​នៅ​ជុំវិញ​បេះដូង និង​ចិញ្ចឹម​បេះដូង​។ រឿងនេះ​នឹង​ធ្វើឲ្យ​លំហូ​រឈាម​កាន់តែ​ពិបាក​។ ភាគច្រើន​ជំងឺ​គាំងបេះដូង​កើតឡើង​នៅពេល​ដែល​កំណក​ឈាម​នេះរ​បេះ​ដាច់ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ស្ទះ​ដល់​ចុង​សរសៃឈាម​នៅខាងមុខ​ថែមទៀត​។ 

​រោគសញ្ញា​
​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ឈឺចាប់ មាន​សម្ពាធ ឬ​មិន​ស្រួល​ក្នុង​ទ្រូង​។ អ្នក​អាច​នឹង​ពិបាក​ដកដង្ហើម បែក​ញើស ខ្យល់គរ ឬ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ពោះ​។ ថ្គាម ក ឬ​ស្មា​អាច​នឹង​ឈឺ​ចាប់បាន​។ បុរស និង​ស្ត្រី​អាច​មាន​រោគសញ្ញា​ខុសៗ​គ្នា​។ បុរស​ទំនងជា​មាន​កា​រ​បែកញើស​ត្រជាក់ និង​មាន​អារម្មណ៍​ឈឺចាប់​នៅ​ដៃ​ខាងឆ្វេង​។ 

​រោគសញ្ញា​លើ​មនុស្ស​ស្រី​
​ស្ត្រី​ទំនងជា​មាន​រោគសញ្ញា​ច្រើនជាង​បុរស ជាពិសេស​ការឈឺចាប់​នៅ​ខ្នង ឬ​ក ក្រហាយ​ដើមទ្រូង និង​ពិបាក​ដកដង្ហើម​។ ពួកគេ​ទំនងជា​អាច​មាន​បញ្ហា​ក្រពះ​ដូចជា ឈឺ​ក្រពះ ច​ង្អោ និង​ចង់​សន្លប់​។ ពួកគេ​ក៏​ប្រហែលជា​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង ស្រាល​ក្បាល ឬ​វិលមុខ​ទៀត​។ រយៈពេល​ពីរ​សប្តាហ៍​មុន​កើត​ជំងឺ​គាំងបេះដូង ស្ត្រី​អាចមាន​រោគសញ្ញា​ដូចជា​ជំងឺ​ផ្តាសាយ និង​ពិបាក​គេង​។  នៅ​សហរដ្ឋអាមេរិក ស្ត្រី​ប្រហែល ៤៣៥០០០​នាក់ មាន​ជំងឺ​គាំងបេះដូង​ក្នុង​មួយឆ្នាំៗ​។ ក្នុងនោះ​រោគសញ្ញា​អាច​មាន​តិចតួច​បំផុត​។ 

​តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?
​បើសិន​ជា​អ្នក ឬ​នរណា​ម្នាក់​មាន​រោគសញ្ញា​អាចជា​ជំងឺ​គាំងបេះដូង ចូរ​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​៩១១​ភ្លាម​។ បើសិនជា​អ៊ីចឹង​មែន អ្នក​ទំនងជា​អាច​មាន​ជីវិត​រស់​បើសិន​ជា​ទទួល​បាន​ការ​ព្យាបាល​ក្នុង​រយៈពេល ៩០​នាទី​។ ខណៈពេល​ដែល​អ្នក​ស្ថិត​ក្នុង​ការ​និយាយ​ទូរស័ព្ទ អ្នកជំងឺ​គួរតែ​ឲ្យ​ទំពារ ឬ​លេបថ្នាំ​អាស្ពីរីន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​កំណក​ឈាម​។ 

​រោគ​វិនិច្ឆ័យ​
​ការចាប់​ម៉ាស៊ីន​វាស់​ចង្វាក់បេះដូង ECG អាច​ជួយ​ឲ្យ​គ្រូពេទ្យ​ដឹង​ថា​តើ​អ្នក​កំពុងតែ​មាន​ជំងឺ​គាំងបេះដូង​ឬ​អត់​។ វា​ក៏​អាច​បង្ហាញ​នូវ​សរសៃឈាម​អាក៉ទែ​ដែល​ស្ទះ​ផងដែរ​។ គ្រូពេទ្យ​ក៏​អាច​កំណត់​រោគវិនិច្ឆ័យ​ដឹងថា​ជា​ជំងឺ​គាំងបេះដូង​បាន​ដែរ​ជាមួយ​នឹង​ការ​ធ្វើតេស្ត​ឈាម​រក​មើល​កោសិកា​បេះដូង​ដែល​ស្លាប់​។ 

​ការព្យាបាល​
​គ្រូពេទ្យ​នឹង​ធ្វើការ​យ៉ាង​លឿន​ដើម្បី​ឲ្យ​លំហូ​រឈាម​ទៅ​ចិញ្ចឹម​សាច់​បេះដូង​វិល​មក​រក​ធម្មតា​វិញ​។ អ្នក​ប្រហែលជា​អាច​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​រំលាយ​កំណក​ឈាម​ហើយ​។ អ្នកនឹង​នឹង​ត្រូវ​បាន​គេ​ធ្វើ​វិធី​វេជ្ជសាស្ត្រ​មួយ​ឈ្មោះថា Coronary Angiogram ដោយ​ការប្រើ​បំពុង​តូច​មួយ​ដែល​មាន​បា​ឡុង​តូច​នៅ​ខាងចុង​ដើម្បី​ចាក់​ចូលទៅក្នុង​សរសៃឈាម​អាក់ទែ​។ វា​នឹង​ទៅ​បើកមុខ​សរសៃឈាម​អាក់ទែ​ដែល​កំពុង​តែ​ស្ទះ​នោះ​បាន​។ 

​អ្វី​ទៅ​ដែល​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​?
​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​នឹង​កើន​ឡើង​ទៅ​តាម​អាយុ ហើយ​បុរស​ទំនងជា​ងាយ​កើត​ជំងឺ​នេះ​ច្រើន​ជាង​ស្ត្រី​។ ប្រ​វតិ្ត​គ្រួសារ​ដែល​មាន​ជំងឺ​បេះដូង​ក៏​បង្កើន​ការប្រឈមមុខ​ដែរ​។ ការជក់បារី​នឹង​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង​ទៀត​។ ការ​ដែល​លើស​សម្ពាធ​ឈាម លើស​ជា​តិកូ​ឡេ​ស្តេ​រ៉ុល ជំងឺ​ទឹកនោម​ផ្អែម ធាត់​ជ្រុល កង្វះ​ការ​ហាត់ប្រាណ ស្ត្រេ​ស និង​បាក់​ទឹកចិត្ត​ក៏​អាច​ប្រឈម​មុខ​ដូចគ្នា​ដែរ​។ 

​ការបង្ការ​
​បើសិន​ជា​អ្នក​ជក់បារី យក​ល្អ​អ្នក​ត្រូវ​តែ​ឈប់​។ វា​នឹង​ជួយ​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​គាំងបេះដូង​រហូតដល់​មួយ​ភាគ​បី​ឯណោះ​។ ចូរ​ហាត់ប្រាណ និង​ញ៉ាំ​អាហារ​ឲ្យបាន​ត្រឹមត្រូវ​។ សមាគមន៍​ជំងឺ​បេះដូង​អាមេរិក​បាន​ណែនាំ​ថា មនុស្ស​យើង​គួរតែ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម ៣០​នាទី​ក្នុង​មួយថ្ងៃ និង​ចំនួន ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ចូរ​ញ៉ាំ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យបាន​ច្រើន​ដើម្បី​សរសៃឈា​មអាក់​ទែ​មាន​សុខភាព​ល្អ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play