ជំងឺមហារីក

ជំងឺមហារីក​បំពង់ក​រ​

​ជំងឺមហារីក​បំពង់ក​រ​ចង់​សម្តៅ​ទៅលើ​ការលូតលាស់​ដុំ​សាច់​មហារីក​ក្នុង​បំពង់​អាហារ បំពង់​សម្លេង ឬ​ក្រពេញ​អា​មី​ដា​ស​។ បំពង់ករ​គឺជា​បំពង់​សាច់ដុំ​មួយ​ប្រភេទ​ដែល​មាន​ចាប់ពី​នៅក្រោយ​ច្រមុះ និង​ចុងបញ្ចប់​នៃ​ករ​។ មហារីក​បំពង់ករ​ភាគ​ច្រើន​ចាប់ផ្តើម​នៅក្នុង​កោសិកា​សំ​ប៉ែត​ដែល​ក្រាល​នៅ​ខាងក្នុង​បំពង់ករ​។ 

​ចំណែកឯ​បំពង់​សម្លេង​វិញ​គឺ​នៅ​ខាងក្រោម​បំពង់ករ ហើយ​ក៏​ងាយ​នឹង​កើត​ជា​មហារីក​បំពង់ក​រ​ដែរ​។ បំពង់​សម្លេង​ត្រូវបាន​បង្កើតឡើង​ដោយ​ឆ្អឹងខ្ចី និង​ផ្ទុក​ទៅ​ដោយ​ខ្សែសម្លេង​ដែល​មាន​រំ​ញ័រ​ដើម្បី​បង្កើត​ជា​សម្លេង​នៅ​ពេល​និយាយ​។ 

​រោគសញ្ញា​
​រោគសញ្ញា​ជំងឺមហារីក​បំពង់ករ​មានដូចជា​៖
•​    ​ក្អក​
•​    ​សម្លេង​ប្រែប្រួល​ដូចជា​ស្អក ឬ​មិន​អាច​និយាយ​ច្បាស់​
•​    ​ពិបាក​លេប​អាហារ​
•​    ​ឈឺ​ត្រចៀក​
•​    ​មាន​ដុំ ឬ​ដំបៅ​ដែល​មិន​ព្រម​ជា​វិញ​
•​    ​ឈឺ​បំពង់ករ​
•​    ​ស្រក​ទម្ងន់​

​ពេល​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​
​ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​បើសិន​ជា​អ្នក​សម្គាល់​ឃើញ​មាន​អាការៈ​ថ្មីៗ​ដែល​កើតឡើង​ជាប់​រហូត​។ ភាគច្រើន​រោគសញ្ញា​ជំងឺមហារីក​បំពង់ករ​មិន​ច្បាស់លាស់​ថា​ជា​មហារីក​ឡើយ ដូច្នេះ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​ការតាមដាន​បន្ថែម​ដើម្បី​រក​មើល​មូលហេតុ​ដំបូង​របស់​វា​។ 

​មូលហេតុ​
​ជំងឺំហារីក​បំពង់ករ​កើតឡើង​នៅ​ពេល​កោសិកា​ក្នុង​បំពង់ករ​មានការ​បំ​បែកហ្សែន​។ ការ​បំ​បែកហ្សែន​ទាំងនេះ​ធ្វើឲ្យ​កោសិ​កាលូតលាស់​មិន​អាច​គ្រប់គ្រង​បាន ហើយ​ក៏​បន្ត​រស់នៅ​ទៀត​ក្រោយ​ពី​កោសិកា​ធម្មតា​ងាប់​ហើយ​ក៏​ដោយ​។ ការ​កកកុញ​កោសិកា​បែបនេះ​អាច​បង្កើតបាន​ជា​ដុំ​សាច់​ក្នុង​បំពង់ករ​បាន​។ 

​វា​នៅតែ​មិន​ទាប់​ច្បាស់​ថា អ្វី​ទៅជា​មូលហេតុ​ដែល​នាំឲ្យ​មាន​ការបំបែកហ្សែន​រហូត​ដល់​ទៅ​ជា​មហារីក​បំពង់ករ​នេះ​ដដែល​។ ប៉ុន្តែ​គ្រូពេទ្យ​បាន​សម្គាល់​ដឹង​នូវ​កត្តា​ជាច្រើន​ដែល​អាច​បង្កើន​ការប្រឈមមុខ​បាន​។ 

​ប្រភេទ​នៃ​ជំងឺមហារីក​បំពង់ករ​
​ថ្វី​បើ​ជំងឺំហារីក​បំពង់ករ​ភាគច្រើន​មាន​ការចូឡរួ​ម​ដោយ​កោសិការ​ប្រភេទ​ដូចៗ​គ្នា​ក៏​ដោយ ប៉ុន្តែ​លក្ខណៈពិសេស​ជាច្រើន​ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​ញែក​ឲ្យដាច់​ពី​គ្នា​លើ​ជំងឺមហារីក​បំពង់ករ​មានដូចជា​៖
•​    ​Nasopharyngeal Cancer៖ មហារីក​ដែល​ចាប់ផ្តើម​ចេញពី​បំពង់ករ​នៅ​ខាងក្រោម​ច្រមុះ​
•​    ​Oropharyngeal Cancer៖ មហារីក​ដែល​ចាប់ផ្តើម​ក្នុង​ផ្នែក​ខាងក្រោម​មាត់​ដែល​មាន​ក្រពេញ​អា​មី​ដាស​ដែរ​
•​    ​Hypohparyngeal Cancer៖ ជា​មហារីក​ដែល​កើតឡើង​នៅ​ខាងលើ​បំពង់​លើ​ក្រពះ និង​ដល់​ផ្លូវដង្ហើម​
•​    ​Glottic Cancer៖ ជា​មហារីក​ដែល​កើតឡើង​នៅ​ខ្សែ​បំពង់​សម្លេង​
•​    ​Supraglottic Cancer៖ ជា​មហារីក​ដែល​កើតឡើង​នៅ​ផ្នែក​ខាងលើ​នៃ​បំពង់​សម្លេង​
•​    ​Sublglottic Cancer៖​ជា​មហារីក​ដែឡ​កើតឡើង​នៅ​ផ្នែក​ខាងក្រោម​នៃ​បំពង់​សម្លេង​

​ការប្រឈមមុខ​
​កត្តា​ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​បំពង់ករ​បាន​មានដូចជា​៖
•​    ​ជក់បារី​
•​    ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ពេក​
•​    ​ឆ្លង​ជំងឺ​កាមរោគ​ដែល​បង្កឡើង​ដោយ​វីរុស Human Papillomavirus (HPV)
•​    ​របប​អាហារ​កង្វះ​ជាតិ​ផ្លែឈើ និង​បន្លែ​
•​    ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​

​ការបង្ការ​
​វា​មិន​មាន​មធ្យោបាយ​ណាមួយ​ធានា​ថា​អាច​បង្ការ​ជំងឺមហារីក​បំពង់ករ​មិន​ឲ្យ​កើតឡើង​នៅ​ទេ ប៉ុន្តែ​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​អ្នក​អាច​ធ្វើ​ដូចខាងក្រោម​៖
•​    ​ឈប់​ជក់បារី​
•​    ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ឬ​កុំ​ញ៉ាំ​តែម្តង​
•​    ​ជ្រើសរើស​របប​អាហារ​ដែល​មាន​បន្លែ​និង​ផ្លែឈើ​ញ៉ាំ​ឲ្យបាន​ច្រើន​
•​    ​ការពារ​ខ្លួន​ពី​វីរុស HPV ក្នុងពេល​រួមភេទ​

​ការកំណត់​រោគវិនិច្ឆ័យ​
​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺមហារីក​បំពង់ករ​បាន គ្រូពេទ្យ​អាច​ណែនាំ​ឲ្យធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​៖
•​    ​ការប្រើប្រាស់​បំពង់​ឆ្លុះ​បំពង់ករ​៖ គ្រូពេទ្យ​ប្រហែលជា​ប្រើ​បំពង់​ឆ្លុះ​ដ៏​ពិសេស​មួយ​ដើម្បី​មើលទៅ​ក្នុង​បំពង់ករ​របស់​អ្នក​។ បំពង់ករ​នេះ​មាន​កាមេរ៉ា​ដ៏​តូច​មួយ​នៅ​ខាងចុង​ដើម្បី​បង្ហាញ​រូបភាព​នៅ​កញ្ចក់​ទូរទស្សន៍​នៅ​ខាងក្រៅ ដើម្បី​គ្រូពេទ្យ​វាយ​តម្លៃ​ទៅលើ​ស្ថានភាព​នៅ​ក្នុង​បំពង់ករ​ដែលមាន​អាការៈ​។ 
•​    ​ការ​ច្រឹប​ជាលិកា​នៅ​បំពង់ករ​ទៅ​ពិនិត្យ​៖ បើសិនជា​ភាពមិនធម្មតា​ត្រូវបាន​រកឃើញ​តាមរយៈ​ការឆ្លុះ​បំពង់ករ គ្រូពេទ្យ​អាច​នឹង​ប្រើ​ឧបករណ៍​មួយ​ផ្សេង​ទៀត​ដើម្បី​ច្រឹប​យក​កោសិកា​នោះ​ទៅពិនិត្យ​បន្ថែម​។ គ្រូពេទ្យ​ក៏​អាច​ប្រើ​ម្ជុរចាក់​នៅ​កូនកណ្តុរ​នៅ​ហើម​ដើម្បី​យក​ជាលិកា​ទៅពិនិត្យ​ថែម​ទៀត​។ 
•​    ​ថត​រូបភាព​វេជ្ជសាស្ត្រ​៖ រូបភាព​វេជ្ជសាស្ត្រ​ដូចជា កាំរស្មីអ៊ិច CT ស្គេ​ន MRI និង PET ស្គេ​ន ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការកំណត់​អំពី​ភាព​រាលដាល​នៃ​មហារីក​បាន​។ 

​ការកំណត់​ចំណាត់ថ្នាក់​
​នៅពេល​មហារីក​បំពង់​ករ​ត្រូវបាន​គេ​កំណត់​ដឹង ជំ​ហ៊ាន​បន្ទាប់​គឺ​កំណត់​ថា​ទៅ​លើ​ដំណាក់កាល​របស់​វា​។ ការយល់ដឹង​អំពី​ដំណាក់កាល​របស់​ជំងឺមហារីក​នឹង​ជួយ​កំណត់​ដឹង​អំពី​ជម្រើស​នៃ​ការព្យាបាល​។ 

​ដំណាក់កាល​នៃ​ជំងឺមហារីក​បំពង់ករ​ត្រូវបាន​សម្គាល់​ដឹង​ជាមួយនឹង​លេខ​រ៉ូ​ម៉ាំង​ពី មួយ​ដល់​បួន​។ រាល់​ប្រភេទ​នី​មួយៗ​នៃ​ជំងឺមហារីក​បំពង់ករ​សុទ្ធតែ​មាន​គោលការណ៍​ផ្ទាល់​ខ្លួន​ទាំងអស់​។ ជាទូទៅ ដំណាក់កាល​ទី​មួយ​នៃ​ជំងឺមហារីក​បំពង់ករ​បញ្ជាក់ថា ដុំ​សាច់​មហារីក​នៅ​តូច ហើយ​ស្ថិត​នៅក្នុង​តំបន់​មួយ​នៃ​បំពង់ករ​។ សម្រាប់​ដំណាក់កាល​បន្ទាប់ៗ​អាច​ជា​ដំណាក់កាល​ធ្ងន់ធ្ងរ ឬ​ដំណាក់កាល​ចុងក្រោយ​។ 

​ការព្យាបាល​
​ជម្រើស​នៃ​ការព្យាបាល​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​ដូចជា ទីតាំង និង​ដំណាក់កាល​នៃ​មហារីក​បំពង់ករ ប្រភេទ​កោសិកា​ដែល​ចូលរួម សុខភាព​ទូទៅ និង​ការចង់បាន​របស់​អ្នកជំងឺ​ផ្ទាល់​។ ចូរ​ពិភាក្សា​ទៅលើ​អត្ថប្រយោជន៍ និង​ការប្រឈមមុខ​នៃ​រាល់​ជម្រើស​ដែល​អ្នក​រើស​ជាមួយ​គ្រូពេទ្យ​។ អ្នក​និង​គ្រូពេទ្យ​អាច​កំណត់​ដឹងថា ការព្យាបាល​អ្វីមួយ​ដែល​ស័ក្តិសម​នឹង​អ្នក​បំផុត​។ 

​ការព្យាបាល​ដោយ​បាញ់​កាំរស្មី​
​ការព្យាបាល​ដោយ​កាំរស្មី​គឺជា​ការប្រើប្រាស់​កម្លាំង​ថាមពល​កម្រិត​ខ្ពស់​ដែល​មាន​ប្រភព​ចេញពី​កាំរស្មីអ៊ិច និង​ប្រូ​តុង​ដែល​បញ្ជូន​បាញ់​ទៅ​កោសិកា​មហារីក​ដើម្បី​ឲ្យ​វា​ងាប់​។ សម្រាប់​ដំណាក់កាល​ដំបូងៗ ការ​ព​ញ​យាបា​លដោយ​បាញ់​កាំរស្មីអាច​ជា​ជម្រើស​តែមួយគត់​ដែល​សំខាន់​។ សម្រាប់​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ ការព្យាបាល​ដោយ​បាញ់​កាំរស្មី​ប្រហែលជា​ត្រូវ​ផ្សំគ្នា​នឹង​ថ្នាំ​មហារីក ឬ​វះកាត់​ហើយ​។ សម្រាប់​ដំណាក់កាល​ធ្ងន់ធ្ងរ ការព្យាបាល​ដោយ​បាញ់​កាំរស្មី​ប្រហែលជា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គ្រាន់តែ​បន្ថយ​រោគសញ្ញា និង​ធ្វើឲ្យ​មាន​អារម្មណ៍ល្អ​ប៉ុណ្ណោះ​។ 

​ការវះកាត់​
​ប្រភេទ​នៃ​ការវះកាត់​ដែល​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺមហារីក​បំពង់ករ​អាស្រ័យ​ទៅតាម​ទីតាំង និង​ដំណាក់កាល​របស់​វា​ដែរ​ដូចជា​៖
•​    ​Surgery for early-stage throat cancer៖ វា​គឺជា​ការវះកាត់​លើ​ករណី​ជំងឺមហារីក​បំពង់ករ​ស្ថិត​ក្នុង​ដំណាក់កាល​ភ្លាមៗ​។ គ្រូពេទ្យ​អាច​ប្រើ​ឧបករណ៍​វះកាត់​ពិសេស ឬ​ឡា​ហ្ស៊ែ​ដើម្បី​កាត់​ផ្តាច់​ដុំ​សាច់​ដែល​រកឃើញ​នោះ​ចោល​។ 
•​    ​Surgery to Remove all or Part of the Voice Box (Laryngectomy)៖ សម្រាប់​ដុំ​សាច់​តូចៗ គ្រូពេទ្យ​អាច​នឹង​កាត់​ផ្នែក​ណាមួយ​នៃ​បំពង់​សម្លេង​ដែល​ប៉ះពាល់​ដោយ​មហារីក​ចោល ហើយ​អ្នក​នៅ​តែ​អាចនិយាយបាន​ធម្មតា​ដដែល​។ តែ​បើ​សិន​ជា​ដុំ​សាច់​នោះ​ធំ គ្រូពេទ្យ​អាច​នឹង​ត្រូវការ​កាត់​បំពង់​សម្លេង​ទាំងមូល​ចោល តែ​នៅ​អាច​ដកដង្ហើម​បាន​។ 
•​    ​Surgery to remove part of the throat (Pharyngectomy)៖ វា​គឺជា​ការ​កាត់​បំពង់​អាហារ​ចោល​។ ដោយ​ក្នុង​នោះ​អាច​កាត់​តិចតួច ឬ​ទាំងអស់​អាស្រ័យ​ទៅតាម​មហារីក​ធំ​ឬ​តូច​ដូច​ការ​កាត់​បំពង់​សម្លេង​ដែរ​។ 
•​    ​Surgery to remove Cancerous Lymph Nodes (Neck Dissection)៖ បើសិនជា​មហារីក​បំព​ង់ករ​រាលដាល​ទៅ​ជ្រៅ​ក្នុង​ករ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យធ្វើ​ការវះកាត់​កូនកណ្តុរ​មួយចំនួន ឬ​ទាំងអស់​ចោល​ដើម្បី​ចង់​ដឹង​ថា​វា​មាន​កោសិកា​មហារីក​ក្នុងនោះ​ដែរ​ឬ​អត់​។ 

​ការវះកាត់​អាច​ប្រឈម​នឹង​ការ​ហូរឈាម និង​ការបង្ក​រោគ​ដែរ​។ ផលវិបាក​របស់​វា​អាច​មាន​ដូចជា ពិបាក​ក្នុង​ការនិយាយ ឬ​លេប​អាហារ អាស្រ័យ​ទោ​តាម​ប្រភេទ​នៃ​ការវះកាត់​ដែល​បាន​ធ្វើ​រួច​។ 

​ការប្រើ​ថ្នាំ​មហារីក​
​ការប្រើ​ថ្នាំ​មហារីក​នេះ​គឺ​ដើម្បី​សម្លាប់​កោសិកា​មហារីក ហើយ​ច្រើន​តែ​ត្រូវបាន​ប្រើប្រាស់​ជាមួយនឹង​ការព្យាបាល​ដោយ​កាំរស្មី​ក្នុង​ការព្យាបាល​មហារីក​បំពង់ករ​។ ថ្នាំ​មហារីក​អាច​ធ្វើឲ្យ​កោសិកា​មហារីក​ងាយ​នឹង​ងាប់​ដោយ​ប្រើ​កាំរស្មី​។ ប៉ុន្តែ​ការ​ផ្សំគ្នា​វិធី​ព្យាបាល​ទាំងពីរ​នេះ​នឹង​បង្កើន​ផល​រំខាន​កាន់តែច្រើន​ដល់​អ្នកជំងឺ​។ 

​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​តម្រង់ទិស​
​ថ្នាំ​តម្រង​ទិស​ដែល​ប្រើ​ដើម្បី​ព្យាបាល​មហារីក​បំពង់ករ​នេះ​គឺជា​ការប្រើប្រាស់​គុណសម្បត្តិ​នៃ​ការ​ខូច​ពិសេស​ណាមួយ​ក្នុង​កោសិកា​មហារីក​ដែល​ជម្រុញ​ដល់​ការលូតលាស់​របស់​វា​។ ថ្នាំ​នេះ​មានដូចជា Cetuximab ដែល​វា​ទៅ​បញ្ឈប់​សកម្មភាព​របស់​ប្រូតេអ៊ីន​មួយ​ក្នុង​កោសិកា​ធម្មតា តែ​ធ្វើឲ្យ​កោសិកា​មហារីក​បំពង់ករងា​ប់​បាន​។ 

​ការស្តា​លទ្ធិ​ពលកម្ម​ក្រោយពី​ព្យាបាល​រួច​
​ការព្យាបាល​ជំងឺមហារីក​បំពង់ករ​ច្រើន​តែ​ធ្វើឲ្យ​មាន​ផលវិបាក​ដែល​ទាមទា​រ​ឲ្យ​ត្រូវ​ធ្វើការ​បន្ថែម​ទៀត​ជាមួយ​អ្នកជំនាញ​ខាង​បំពង់ករ​ទៀត​។ ក្នុងពេល និង​ក្រោយពេល​ព្យាបាល​ជំងឺមហារីក​បំពង់ករ គ្រូពេទ្យ​ប្រហែលជា​ជួយ​អ្នក​ដើម្បី​រក​ជំនួយ​បន្ថែម​លើ​ករណី​ដូច​ខាងក្រោម​នេះ​៖
•​    ​ពិបាក​ញ៉ាំ​អាហារ​
•​    ​ពិបាក​លេប​អាហារ​
•​    ​គាំង និង​ឈឺចាប់​ក្នុង​ករ​
•​    ​មាន​បញ្ហា​ក្នុង​ការនិយាយ​

​គ្រូពេទ្យ​អាច​ពិភាក្សា​ទៅលើ​ផល​រំខាន និង​ផលវិបាក​នៃ​ការព្យាបាល​ជាមួយ​អ្នក​បន្ថែមទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Mayo Clinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី05  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play