សុខភាពស្ដ្រី

មាន​ដឹង​អត់​ថា កើត​ជំងឺ​មហារីក​សុដន់​ហើយ វា​អាច​រាលដាល​ទៅ​កន្លែង​ណាខ្លះ​?

​បើសិន​ជា​គ្រូពេទ្យ​ប្រាប់ថា ជំងឺមហារីក​សុដន់​របស់​អ្នក​បាន​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ហើយ រឿង​នេះ​អាច​និយាយថា វា​ជា​ដំណាក់កាល​ចុងក្រោយ​ច្រើន​ជាង​ដំណាក់កាល​ភ្លាមៗ​។ កាលណា​វា​រាលដាល​កាន់តែ​ឆ្ងាយ គ្រូពេទ្យ​នឹង​កំណត់​ថា​មហារីក​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ណា​ហើយ​។ សម្រាប់​ស្ត្រី​ខ្លះ វា​អាច​នឹង​ក្លាយទៅជា​រឿង​ដែល​ពួកគេ​ត្រូវ​រស់នៅ​ជាមួយ​រយៈពេល​យូរ​។ អ្នកខ្លះ​ទៀត គឺ​ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​ការឈឺចាប់ និង​គុណភាព​នៃ​ជីវិត​តែ​ប៉ុណ្ណោះ​។ 

​ដូច្នេះ​តើ​អ្នក​មាន​ដឹងថា នៅ​ពេល​កើត​ជំងឺមហារីក​សុដន់​ហើយ វា​នឹង​រាលដាល​ទៅ​កន្លែង​ណា​ខ្លះ​ដែរ​ទេ​?

​កូន​កណ្តុរ​
​កូនកណ្តុរ​នៅ​ខាងក្រោម​ឃ្លៀក ក្នុង​សុដន់ និង​ក្បែរ​ឆ្អឹង​ដង​កំបិត​គឺជា​កន្លែង​ដំបូង​គេ​ដែល​មហារីក​រាលដាល​។ នៅ​ពេល​អ្នក​ត្រូវបាន​គេ​កំណត់​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​សុដន់​ហើយ គ្រូពេទ្យ​គួរតែ​ពិនិត្យ​ទៅលើ​កូនកណ្តុរ​នៅក្បែ​ដុំ​សាច់​នោះ​ដើម្បី​ដឹង​ថា​តើ​វា​មាន​ការប៉ះពាល់​ឬ​អត់​។ ប្រព័ន្ធ​ទឹករងៃ​ជា​កន្លែង​ច្រោះ​បាក់តេរី និង​សារធាតុ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ចេញ​ពី​រាងកាយ​។ 

​ឆ្អឹង​
​នៅពេល​មហារីក​សុដន់​កើតឡើង​នៅក្នុង​ឆ្អឹង ការឈឺចាប់​ច្រើន​តែ​ជា​រោគសញ្ញា​ដំបូង​របស់​ជំងឺ​នេះ​។ វា​អាច​ប៉ះពាល់​ដល់​ឆ្អឹង​គ្រប់កន្លែង​រួមទាំង​ឆ្អឹង​កង​ខ្នង ដៃ និង​ជើង​ផងដែរ​។ ពេលខ្លះ ឆ្អឹង​ប្រហែលជា​ខ្សោយ​រហូត​ដល់​ងាយ​នឹង​បាក់​ទៀតផង ប៉ុន្តែ​ការព្យាបាល​ច្រើន​តែ​បង្ការ​រឿង​នេះ​បាន​។ បើសិនជា​មហារីក​កើត​ឡើង​នៅលើ​ឆ្អឹង​កង​ខ្នង​វិញ វា​ក៏​អាច​ធ្វើឲ្យមាន​បញ្ហា​ជា​ច្រើន​ជាមួយនឹង​ការលេច​នោម ឬ​លាមក​ដោយ​មិនដឹង​ខ្លួន​ផង​ដែរ​។ 

​ថ្លើម​
​បើសិនជា​មហារីក​សុដន់​រាលដាល​ទៅ​ថ្លើម អ្នក​ប្រហែលជា​មាន​ការឈឺចាប់​នៅក្នុង​ពោះ​ដែល​មិន​ព្រម​បាត់​ទៅ​វិញ​ទេ ឬ​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ហើមពោះ​ជាប់​។ អ្នក​ក៏​ប្រហែល​ជា​បាត់បង់​ចំណង់​អាហារ និង​ស្រក​ទម្ងន់​ទៀត​។ អ្នក​ប្រហែល​ជា​សម្គាល់ថា ស្បែក និង​ភ្នែក​ត្រង់​កន្លែង​ពណ៌​ស ប្រែ​ទៅជា​លឿង​ផងដែរ​។ 

​សួត​
​មហារីក​សុដន់​អាច​រាលដាល​ទៅ​សួត ឬ​ស្រោម​សួត​ផងដែរ​។ រោគសញ្ញា​របស់​វា​អាច​មាន​ដូចជា ពិបាក​ដកដង្ហើម ក្អក​ដែល​មិន​ព្រម​បាត់​ទៅ​វិញ និង​ឈឺ​ក្នុង​ទ្រូង​។ អ្នកខ្លះ​អាច​បាត់បង់​ការ​ឃ្លាន​អាហារ​រហូតដល់​ស្រក​ទម្ងន់​ទៀតផង​។ 

​ខួរក្បាល​
​វា​ពិតជា​អាចទៅរួច​ដែល​ជំងឺមហារីក​សុដន់​រាលដាល​ទៅ​ដល់​ខួរក្បាល​។ រឿង​នេះ​អាច​ធ្វើឲ្យ​ឈឺ​ក្បាល​រហូត​ដល់​ដួល​សន្លប់​ផង​ក៏​មាន​ដោយសារតែ​មិន​អាច​រក្សា​តុល្យភាព​រាងកាយ​បាន​។ អ្នក​ប្រហែលជា​មាន​ការ​ស្ពឹក ឬ​ខ្សោយ​ផ្នែក​ណាមួយ​នៃ​រាងកាយ​។ អ្នក​អាច​នឹង​មាន​ការពិបាក ឬ​មាន​អារម្មណ៍​វង្វេងវង្វាន់ ឬ​ប្រកាច់​បាន​។ 

​ការព្យាបាល​
​អ្នក​ប្រហែលជា​ត្រូវការ​ការវះកាត់ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​មហារីក ការបាញ់​កាំរស្មី និង​ការប្រើប្រាស់​ថ្នាំ​។ ថ្នាំ​ដែល​គ្រូពេទ្យ​ណែណាំ​ឲ្យប្រើ​នឹង​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ជំងឺមហារីក​សុដន់​ដែល​អ្នកមាន​ដែរ​។ ឧទាហរណ៍ បើសិនជា​មហារីក​នេះ​កើតឡើង​ដោយសារតែ​អ័រម៉ូន​អេ​ស្ត្រូ​ជែន គ្រូពេទ្យ​នឹង​ជ្រើសរើស​ការព្យាបាល​ផ្សេង​។ ការគ្រប់គ្រង​ការឈឺចាប់​ក៏​ជា​គន្លឹះ​ដ៏​សំខាន់​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play