សុខភាពបុរស

តើ​អ្នក​ធ្លាប់​ដឹង​អ្វី​ខ្លះ​អំពី​ជំងឺមហារីក​លិង្គ​?

​ជំងឺមហារីក​លិង្គ​ចាប់ផ្តើម​ចេញពី​កោសិកា​ស្បែក​របស់​លិង្គ ហើយ​វា​ក៏​រីក​រាលដាល​នៅ​ខាងក្នុង​នោះ​តែម្តងទៅ​។ មហា​រី​លិង្គ​គឺ​ជា​ជំងឺ​ដែល​កម្រ​មួយ ប៉ុន្តែ​វា​អាច​ព្យាបាល​បាន ជាពិសេស​នៅ​ពេល​រក​ឃើញ​លឿន​។ នៅ​សហរដ្ឋអាមេរិក គ្រូពេទ្យ​រកឃើញ​ជំងឺ​នេះ​ប្រហែល ២១០០​ករណី​ជា​រៀងរាល់ឆ្នាំ​។ បើសិន​ជា​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់​មាន​ជំងឺ​នេះ អ្នកនឹង​ចង់ដឹងថា វា​មាន​លក្ខណៈ​សំខាន់​អ្វីខ្លះ​ហើយ​។ 

មូលហេតុ
​អ្នកជំនាញ​ជាច្រើន​មិន​បានដឹង​ច្បាស់លាស់​ថា​ជំងឺ​នេះ​បណ្តាលមកពី​អ្វី​ឡើយ​។ ការ​មិន​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​អាច​ជា​ដើមហេតុ​មួយ​របស់​ជំងឺ​នេះដែរ​។ បើសិនជា​ទឹក​សរីរៈ​ស្ទះ​ជាប់​នៅក្នុង​ស្បែក​គ្រប​ក្បាល​លិង្គ និង​មិន​បាន​លាង​សម្អាត​ចេញ​ទេ វា​ប្រហែលជា​នាំ​ឲ្យ​កោសិកា​លិង្គ​លូតលាស់​បាន​។ 

​ការស្រាវជ្រាវ​មួយ​ចំនួន​បាន​ណែនាំ​ថា បុរស​ដែល​ប៉ះពាល់​នឹង​វីរុស Human Papillomavirus (HPV) ក៏​ប្រហែលជា​ទំនង​ជា​នាំ​ឲ្យ​ងាយ​នឹង​កើត​មហារីក​លិង្គ​បានដែរ​។ ជំងឺមហារីក​ប្រភេទ​នេះ​កើតឡើង​ជា​ញឹកញាប់​លើ​បុរស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង អ្នក​ជក់បារី និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ 

​រោគសញ្ញា​
​ការប្រែប្រួល​ស្បែក​លិង្គ​គឺជា​អាការៈ​ញឹកញាប់​បំផុត​នៃ​ជំងឺមហារី​កលិង្គ​។ វា​អាច​បង្ហាញ​នៅលើ​ស្បែក​គ្រប​ក្បាល​លិង្គ ឬ​នៅ​ចុង​លិង្គ ឬ​ដង​លិង្គ​ដែរ​។ សម្រាប់​អា​ការៈព្រមាន​នៃ​ជំងឺ​នេះ​វិញ​មាន​ដូចជា​៖
•​    ​ការប្រែប្រួល​កម្រាស ឬ​ពណ៌​របស់​ស្បែក​លិង្គ​
•​    ​មាន​ដុំ​នៅលើ​លិង្គ​
•​    ​មាន​កន្ទួលរ​មាស់​នៅ​លើ​លិង្គ ឬ​អាចជា​ដំបៅ​មិន​ជា​
•​    ​មាន​ដំ​ណាមួយ​ដែល​ដុះ​លើ​លិង្គ​មើលទៅ​ពណ៌​ខៀវ​លាយ​ត្នោត​
•​    ​ទឹករំអិល​ចេញ​ពី​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​មាន​ក្លិនស្អុយ​
•​    ​ដំបៅ​នៅលើ​លិង្គ​ដែល​អាច​ហូរឈាម​
•​    ​ហើម​ចុង​លិង្គ​
•​    ​មាន​ដុំ​នៅក្រោម​ស្បែក​នៅ​តំបន់​គ្រលាន​

​បុរស​ភាគច្រើន​ដែល​មាន​អាការៈ​ទាំងនេះ​គឺ​មិន​មាន​ជំងឺ​មហារី​ក​លិង្គ​ឡើយ​។ ផ្ទុយទៅវិញ វា​គឺជា​ការបង្ក​រោគ ឬ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​អី​វិញ​ទេ​។ ទោះបីជា​អ៊ីចឹង​ក៏ដោយ យក​ល្អ​គួរតែ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ភ្លាម​នៅ​ពេល​អ្នក​មាន​រោគសញ្ញា​មិនធម្មតា​កើតឡើង​។ ការព្យាបាល​ទាន់ពេល​គឺជា​រឿង​ល្អ​បំផុត​។ 

​ការកំណត់​រោគវិនិច្ឆ័យ​
​គ្រូពេទ្យ​នឹង​ធ្វើ​ការពិនិត្យ​រាងកាយ និយាយ​អំពី​រោគសញ្ញា​របស់​អ្នក និង​ណែនាំ​ឲ្យធ្វើ​តេស្ត​ផ្សេងៗ​ទៀត​ដូចជា​៖
•​    ​ច្រឹប​សាច់​ទៅ​វិភាគ​
•​    ​តេស្ត​ដោយ​ថត​រូបភាព​វេជ្ជសាស្ត្រ​ដូចជា កាំរស្មីអ៊ិច​, CT Scan អេកូ និង Magnetic Resonance Imaging (MRI)​។ 

​ការព្យាបាល​
​បើសិនជា​ជំងឺមហារីក​របស់​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ការព្យាបាល​អាច​មាន​ដូចជា​៖
•​    ​ប្រើ​ថ្នាំលាប​ជា​ប្រភេទ​ក្រែម​
•​    ​ប្រើ​ឧបករណ៍​ដុត​សម្លាប់​ជាលិកា​ដែលមាន​មហារីក​នោះ​ចោល​
•​    ​ការវះកាត់​ចោល​នូវ​ស្បែក​ដែល​ជា​មហារីក​នោះ​ចោល​
•​    ​ការប្រើ​កាំរ​ស្មីឡេ​ហ្ស៊ែ​កាត់ និង​បំផ្លាញ​ស្បែក​ដែលមាន​មហារីក​
•​    ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចោល​នៅពេល​មហារីក​កើតឡើង​នៅលើ​ស្បែក​នេះ​

​បើសិនជា​មហារីក​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ ឬ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ការ​រាលដាល​ទៅ​កន្លែង​ផ្សេង ការព្យាបាល​ប្រហែលជា​ត្រូវ​មាន​ចំណុច​ទាំងអស់ និង​ខាងក្រោម​នេះ​ទៀត​៖
•​    ​ការវះកាត់​ដើម្បី​យក​កូនកណ្តុរ​ខ្លះ ឬ​ទាំងអស់​ចេញពី​គ្រលាន​ចេញ​បើសិណ​ជា​មហា​រីក​រាលដាល​ដល់​វា​
•​    ​ការបាញ់​កាំរស្មី​ឬ​ថ្នាំ​មហារីក​ដើម្បី​កំចាត់​កោសិកា​មហារីក​ចេញពី​ក្នុង​ខ្លួន​
•​    ​កាត់​លិង្គ​មួយ​កង់ ឬ​ទាំងអស់​ចោល​

​ការព្យាបាល​ភាគច្រើន​សម្រាប់​ដំណាក់កាល​ដំបូង គឺ​មិន​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ​ឡើយ ប៉ុន្តែ​ការព្យាបាល​ដោយ​ប្រើ​កាំរស្មី និង​ថ្នាំ​មហារីក​ប្រហែលជា​ប៉ះពាល់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play