សុខភាពស្ដ្រី

​អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ការ​មក​រដូវ​របស់​ម​នុស្ស​ស្រី​

​មនុស្ស​យើង​គឺ​និយាយ​ច្រើន​អំពី​ការ​មក​រដូវ ជាពិសេស​មនុស្ស​ស្រី​ខ្លួនឯង​តែ​ម្តង​។ ប៉ុន្តែ​ការ​មក​រដូវ​គឺជា​អ្វី​កើត​ឡើង​ឲ្យ​ប្រាកដ​ទៅ​?

​ការ​មក​រដូវ​ដំបូង​របស់​មនុស្ស​ហៅថា Menarche ជា​សញ្ញា​ដែល​បញ្ជាក់ថា នាង​កំពុង​តែ​លូតលាស់ ហើយ​រាងកាយ​នាង​កំពុង​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​មាន​ផ្ទៃពោះ​នៅ​ថ្ងៃ​ណាមួយ​ហើយ​។ ការ​មក​រដូវ​មាន​រយៈពេល ២ ទៅ​៧​ថ្ងៃ​ដែល​ក្មេងស្រី ឬ​មនុស្ស​ស្រី​មាន​ការធ្លាក់​ឈាមរដូវ​តាម​ទ្វារមាស​។ សម្រាប់​ក្មេងស្រី​ភាគច្រើន ចំនួន​ឈាម​ដែល​ធ្លាក់​មក​នោះ​មាន​ប្រហែល ៣០​មី​លី​លីត្រ​ទេ​។ ដើម្បី​ការពារ​កុំឲ្យ​ប្រឡាក់​ដល់​សម្លៀកបំពាក់ ស្ត្រី​ត្រូវ​ការប្រើ​សម្លី​អនាម័យ​ដើម្បី​ជួយ​ទប់ស្កាត់​លំហូរ​ឈាមរដូវ​នេះ​។ 

​តើ​មាន​អ្វី​កើតឡើង​នៅ​ខាងក្នុង​ទៅ​?
​ឈាម និង​ជាលិកា​របស់​ស្បូន​នឹង​ចេញពី​រាងកាយ​ដោយសារ​តែ​វា​ជា​របស់​ដែល​លែង​ត្រូវការ​ទៀង​ហើយ​។ វា​កើតចេញ​ពី​ស្បូន ដែល​ជា​សរីរាង្គ​មួយ​ក្នុង​ខ្លួន​មនុស្ស​ស្រី​សម្រាប់​ការលូតលាស់​របស់​កូន​។ ជា​រៀងរាល់​ខែ ឈាម និង​ជាលិកា​នឹង​កើនឡើង​ក្នុង​ស្បូន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ក្លាយទៅជា​មាន​ផ្ទៃពោះ​។ ភ្នាស់​នេះ​នឹង​ត្រូវការ​បើសិនជា​មាន​ការបង្ក​កំណើត​រវាង​មេ​ជីវិត​ញី និង​ឈ្មោល​កើត​ឡើយ​។  វា​គឺជា​កន្លែង​សម្រាប់​អំប្រ៊ីយ៉ុង​កាច់​សម្បុក​ទៅជា​ទារក​។ 

​ប៉ុន្តែ​ភាគច្រើន មេ​ជីវិត​ញី​មិន​ទទួលបាន​ការបង្ក​កំណើត​ជា​មួយ​មេ​ជីវិត​ឈ្មោល​ឡើយ ដូច្នេះ​ភ្នាស់​ដែល​ត្រៀម​សម្រាប់​កាច់​សម្បុករ​បស់​កូន​ក៏​ត្រូវ​ជ្រុះ​ចេញ​តាម​ឈាមរដូវ​ដែរ​។ ភ្នាស់​ចេញ​ជា​ឈាមរដូវ​នេះ​នឹង​កើនឡើង​ម្តង​ទឿត​ប្រហែលជា ២​សប្តាហ៍​ក្រោយ​ដើម្បី​ត្រៀម​ខ្លួន​ទទួលយក​មេ​ជីវិត​ញី​ថ្មី​ម្តងទៀត​។ 

​អ្វី​ទៅ​ជា​វដ្ត​រដូវ​?
​នៅពេល​មនុស្ស​យើង​និយាយ​អំពី​វដ្ត​រដូវ ពួកគេ​ច្រើន​តែ​យល់ថា ថ្ងៃ​ដែល​ឈាម​របស់​ពួកគេ​ហូរ​ចេញពី​ក្នុង​ទ្វារមាស​។ នេះ​គឺជា​ផ្នែក​មួយ​ដែល​អាច​មើលឃើញ​បំផុត ហើយក៏​ជា​អ្វី​ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​គ្រប់គ្រង​ឲ្យបាន​ដែរ​។ 

​ប៉ុន្តែ​វដ្ដ​រដូវ​រាល់​ខែ​គឺថា ជា​ដំណើរកា​រណ៍​មួយ​ដែល​ត្រូវការ​ស៊ីពេល​មួយខែ​។ វដ្ត​រដូវ​ធម្មតា​របស់​ស្ត្រី​គឺ​ពី ២១ ទៅ​៤៥​ថ្ងៃ​។ ភាគច្រើន ការធ្លាក់​ឈាមរដូវ​យូរ​បំផុត​ពី ២ ទៅ​៧​ថ្ងៃ​ប៉ុណ្ណោះ​។ 

​ពេលណា​ដែល​រដូវ​ចាប់ផ្តើម​?
​ស្ត្រី​ភាគច្រើន​ចាប់ផ្តើម​មក​រដូវ​នៅ​ចន្លោះ​អាយុ ១០ ទៅ ១៥​ឆ្នាំ​។ ជា​មធ្យម​អាយុ ១២​ឆ្នាំ ប៉ុន្តែ​រាងកាយ​ស្ត្រី​គ្រប់រូប​មាន​លក្ខណៈ​ខុសៗ​គ្នា​ដែរ​។ ថ្វីបើ​មិន​មាន​អាយុ​ណាមួយ​ត្រឹមត្រូវ​ថា​ត្រូវ​មក​រដូវ​ដំបូង​មែន​ក៏ដោយ តែ​វា​មាន​លក្ខណៈ​សម្គាល់ថា រដូវ​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់ៗ​។ ជាធម្មតា ក្មេងស្រី​អាច​នឹង​មក​រដូវ​ប្រហែល ២​ឆ្នាំ​ក្រោយ​ពេល​សុដន់​របស់​នាង​ចាប់ផ្តើម​លូតលាស់​។ អាការៈ​ផ្សេង​មួយទៀត​គឺថា មាន​ការហូរ​ទឹករំអិល​តាម​ទ្វារមាស ដែល​អាច​ឃើញ ឬ​មាន​អារម្មណ៍​ដឹង​នៅលើ​ខោ​ក្នុង​របស់​ពួកគេ​។ ការហូរ​ទឹករំអិល​ច្រើន​តែ​ចាប់ផ្តើម​ប្រហែល ៦​ខែ ទៅ​មួយ​ឆ្នាំ​មុន​ពេល​ក្មេងស្រី​មក​រដូវ​ជា​លើកដំបូង​។ 

​តើ​អ្វី​ទៅ​ជា​រឿង​ធម្មតា​?
​ជាពិសេស​នៅពេល​ការ​មក​រដូវ​ជា​រឿង​ថ្មី​សម្រាប់​ក្មេងស្រី វា​អាច​ជា​រឿង​ដែល​ត្រូវ​ដឹង​ថា​អ្វី​ទៅជា​រឿង​ធម្មតា និង​មិនធម្មតា​។ ការនិយាយ​ជា​មួយ​ម្តាយ ឬ​ស្ត្រី​ដែល​ចាស់ៗ​ជាង​គឺជា​រឿង​ល្អ​មួយ​ដោយសារតែ​ពួកគេ​ធ្លាប់​ឆ្លងកាត់​រួច​។ 

​ប៉ុន្តែ​សម្រាប់​បញ្ហា​ខ្លះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​គួរ​លើក​មក​និយាយ​៖
•​    ​វដ្ត​រដូវ​មាន​រយៈពេល​យូរ​ជាង​មួយ​សប្តាហ៍​
•​    ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​សម្លី​អនាម័យ​ញឹកញាប់​ជា​រៀង​រាល់​មួយ​ទៅ​ពីរ​ម៉ោង​ម្តង​
•​    ​មាន​រដូវ​យូរ​ជាង ៣​ខែ​
•​    ​ការ​ធ្លាក់ឈាម​ចន្លោះ​ពេល​មក​រដូវ​
•​    ​មាន​ចំនួន​ឈាម​ខុសធម្មតា​ទាំង​មុន ឬ​ក្នុង​ពេល​មក​រដូវ​
•​    ​រដូវ​មក​ទៀង​បែរ​ជា​ទៅ​មិន​ទៀង​វិញ​

​តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​រដូវ​មក​មិន​ទៀង​?
​សម្រាប់​ក្មេងស្រី​ដែល​ធំៗ និង​ស្ត្រី​តែម្តង រដូវ​របស់​ពួកគេ​អាច​នឹង​មក​ទៀង​ច្រើន​។ វដ្ត​រដូវ​ទាំងមូល​អាច​មាន​រយៈពេល​ដូចៗ​គ្នា​ពី​២១ ទៅ​៣៤​ថ្ងៃ​ហើយ​វា​ក៏​ត្រូវ​ធ្លាក់ឈាម​ក្នុង​ថ្ងៃ​ដដែលៗ​ដែរ​។ សម្រាប់​ឆ្នាំ​ដំបូង រដូវ​របស់​ក្មេងស្រី​ច្រើន​តែ​មិន​ទៀង​ទេ ហើយ​ក៏​ពិបាក​ស្មាន​ទុក​មុន​ដែរ​។ 

​ដ​យក​ល្អ​គួរតែ​តាមដាន​រដូវ​របស់​អ្នក​តាម​កាលបរិច្ឆេទ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​បារម្ភ​អំពី​រយៈពេល​នៃ​ការ​មក​រដូវ​របស់​អ្នក​។ ប្រហែល ៦​ឆ្នាំ​ក្រោយ​ពី​រដូវ​ដំបូង រដូវ​របស់​ពួកគេ​ច្រើន​តែ​ខ្លី​ទៅៗ និង​កាន់តែ​ទៀងទាត់​។ 

​តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិន​ជា​ខ្ញុំ​ឈឺពោះ​បែប​រមួលៗ​?
​សម្រាប់​ការឈឺចាប់​តិចតួច អ្នក​អាច​ប្រើ​ថ្នាំ​មិន​បាច់​មាន​វេជ្ជបញ្ជា​បាន​ដូច​ជា Ibuprofen​។ រឿង​ផ្សេងៗ​ទៀត​ដែល​អ្នក​អាច​ធ្វើ​សម្រាប់​ដោះ​ស្រា​ការឈឺចាប់​ពេល​មក​រដូវ​មានដូចជា​៖
•​    ​ហាត់ប្រាណ​ទៀងទាត់​
•​    ​ស្អំ​ទឹ​កក្តៅ​
•​    ​តាំង​សមាធិ ឬ​ប្រើ​វិធី​បន្ធូរ​អារម្មណ៍​

​ចូរ​ពិគ្រោះ​ជា​មួយ្រូ​ពេទ្យ​ថា​បើសិន​ជា​វិធី​ទាំងនេះ​មិន​មាន​ប្រសិទ្ធ​ផាព​សម្រាប់​អ្នក ជាពិសេស​ការ​មក​រដូវ​ធ្វើឲ្យ​អ្នក​មិន​អាច​ទៅ​សាលារៀន​បាន​។ 

​តើ​ការ​ធ្លាក់ឈាម​ច្រើន​ប៉ុណ្ណា​ទើប​ហៅ​ថា​ច្រើន​?
​ឈាមរដូវ​អាច​ហាក់បីដូច​ជា​មើលទៅ​ច្រើន ប៉ុន្តែ​វា​មិន​អញ្ចឹង​ឡើយ​។ ស្ត្រី​ភាគច្រើន​ផ្លាស់ប្តូរ​សម្លី​អនាម័យ​ប្រហែល ៣ ទៅ​៦​ដង​ក្នុង​មួយ​ថ្ងៃ​រយៈពេល​មក​រដូវ​ម្តងៗ​។ ជាធម្មតា ការធ្លាក់​ឈាមរដូវ​អាច​មាន​ចំនួន​ច្រើនៗ​នៅ​ពេល​ដំបូងៗ​តែ​វា​នឹង​តិច​ទៅៗ​វិញ​នៅ​ពេល​ជិត​អស់​។ 

​តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិន​ជា​ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ជុំវិញ​ការ​មក​រដូវ​របស់ខ្ញុំ​?
​បម្រែបម្រួល​អ័រម៉ូន​អាច​ធ្វើឲ្យ​ក្មេងស្រី​មានអារម្មណ៍​ពិបាកចិត្ត​កាន់តែខ្លាំង ឆេវឆាវ មុន​ពេល​រដូវ​ចាប់ផ្តើម​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​រឿង​នេះ​កើតឡើង​ចំពោះ​អ្នក​។ ការ​ដែល​មាន​ភាព​សក​ម្មខាង​រាងកាយ​គឺជា​វិធី​ជួយ​សម្រួល​ដល់​អារម្មណ៍​បែប​ធម្មជាតិ ដូច្នេះ​ការ​ហាត់ប្រាណ​ទៀងទាត់​ច្រើនតែ​ជួយ​ដល់​រឿង​នេះ​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ kidshealth.org

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play