សុខភាពកុមារ

របៀបស្វែងរក និងអភិវឌ្ឍ “ទេពកោសល្យ” ឬដុងពីកំណើតកូនរបស់អ្នក

មិនថាកូនរបស់អ្នកស្រឡាញ់ ឬស្អប់សកម្មភាពដែលអ្នកចង់ឲ្យគាត់ធ្វើ វាមិនមែនជាការឆ្លុះបញ្ចាំងពីរូបអ្នកទេ។ ការពិត វាមិនមែនទាក់ទងនឹងអ្នកឡើយ។

ជាសំណាងល្អ អ្នកមិនត្រូវការការធ្វើតេស្តថ្លៃៗ ដើម្បីតាមដានការយកចិត្តទុកដាក់របស់កូនអ្នក ថាតើគេមានការស្រមើលស្រមៃ ឬចាប់អារម្មណ៍ខ្លាំងទៅលើអ្វី ហើយមិនចូលចិត្តធ្វើអ្វីខ្លះ។ អ្នកគ្រាន់តែសង្កេតមើលដោយខ្លួនឯង គឺអាចដឹងបានខ្លះៗហើយ។

“ឪពុកម្តាយគ្រប់រូបចង់ឲ្យកូនៗរបស់ពួកគេ ទទួលបានជោគជ័យតាមរបៀបផ្សេងៗគ្នា ហើយកុមារទាំងនោះក៏ចង់បានអ្វីលើសពីអ្វីដែលគេអាចធ្វើបាន ដើម្បីបំពេញចិត្តឪពុកម្តាយវិញ ដែលកត្តានេះហើយគឺជាមូលហេតុធ្វើឲ្យពួកគេនៅតែផ្តោតអារម្មណ៍ ឬចង់ធ្វើការងារទាំងនោះក្នុងរយៈពេលយូរណាមួយ បើទោះជាពួកគេមិនចូលចិត្តវាក៏ដោយ” នេះជាប្រសាសន៍របស់អតីតនាយកសាលា លោក ជេនីហ្វាហ្វក (Jennifer Fox) ដែលអ្នកនិពន្ធសៀវភៅ “កម្លាំងរបស់កូនអ្នក Your Child's Strengths”។
យោងតាមលោក Fox បានឲ្យដឹងថា រឿងនេះពិតជាធ្វើឲ្យក្មេងៗមិនអាចអភិវឌ្ឍទេពកោសល្យ និងចំណាប់អារម្មណ៍របស់ពួកគេបានល្អឡើយ។ ដូច្នេះ ដើម្បីថែរក្សាជំនាញធម្មជាតិរបស់ពួកគេ “ឪពុកម្តាយគ្រប់រូបត្រូវយកចិត្តទុកដាក់លើអ្វីដែលកូនៗរបស់ពួកគេសម្រេចចិត្តធ្វើ នៅពេលដែលពួកគេមិនត្រូវផ្គាប់ចិត្តអ្នកណាម្នាក់”។

នៅទីនេះ មានវិធីសាស្រ្តចំនួនប្រាំដើម្បីរកឲ្យឃើញ ចិញ្ចឹមបីបាច់ និងអភិវឌ្ឍទេពកោសល្យធម្មជាតិរបស់កូនអ្នក។

១. មើលគេលេង

តើកូនរបស់អ្នកនឹងងាកទៅរកសកម្មភាពជាក្រុម ឬចង់នៅម្នាក់ឯង? តើគេចូលចិត្តរត់ជុំវិញ ឬអង្គុយស្ងាត់ស្ងៀម? តើគេនឹងចង់ធ្វើរឿងណាមុនគេ ៖ គូរគំនូរ មើល iPad ឬជិះកង់លេង? ការមើលឃើញនូវអ្វីដែលកូនរបស់អ្នកជ្រើសរើសសម្រាប់ខ្លួនឯង នឹងផ្តល់ឲ្យអ្នកនូវគំនិតដ៏ល្អ ថាតើកន្លែងណា ឬអ្វីទៅដែលជាទេពកោសល្យរបស់កូនមានពីកំណើត។

២. ផ្តល់ឲ្យគាត់នូវជម្រើសពិតប្រាកដ

វាជាការងាយយល់ណាស់ ៖ អ្នកចង់ឲ្យកូនលេងតន្ត្រី ដូច្នេះ អ្នកចុះឈ្មោះឲ្យកូនរៀនព្យាណូ។ ប៉ុន្តែ តើវាពិតជាកន្លែងដែលគេចំណាប់អារម្មណ៍ ហើយសមនឹងសមត្ថភាពរបស់គេដែរឬទេ? តើមានអ្វីកើតឡើង ប្រសិនបើគេមិនចង់ចូលរួមនឹងសកម្មភាពទាំងនេះ? លោកហ្វកបាននិយាយថា “កុមារនឹងក្លាយជាមនុស្សម្នាក់ដែលពួកគេចង់ក្លាយជា បើទោះជាអ្នកចង់បង្កើតវាផ្សេងក៏ដោយ។ គន្លឹះសំខាន់នោះគឺអនុញ្ញាតឲ្យកូនរបស់អ្នកស្វែងយល់ពីសកម្មភាពផ្សេងៗ ហើយកត់សម្គាល់ពីអ្វីដែលពិតជាធ្វើគេយកចិត្តទុកដាក់បំផុត។ ប្រសិនបើអ្នកគិតថា កូនរបស់អ្នកចូលចិត្តលេងព្យាណូ សូមចាប់ផ្តើមមេរៀនព្យាណូ ប៉ុន្តែ ចូរប្រាប់គាត់ថា ប្រសិនបើគេមិនចូលចិត្តលេងទេ បន្ទាប់ពី ៦ ខែ គេអាចបន្តទៅឧបករណ៍ផ្សេងទៀត ឬរៀនអ្វីៗខុសពីនេះក៏បាន។

៣. ធ្វើឲ្យការចាប់អារម្មណ៍របស់កូនត្រឹមត្រូវជាងមុន

អ្នកប្រហែលជាគិតថា ការលេងហ្គេមវីដេអូ គឺជាពេលវេលាខ្ជះខ្ជាយមួយ ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកចាប់ចិត្តក្នុងក្រាហ្វិកចលនាគំនូរ ការនិទានរឿង ឬការដោះស្រាយបញ្ហា វាអាចបង្កើនទេពកោសល្យពីធម្មជាតិរបស់គេបានយ៉ាងអស្ចារ្យ។ ឪពុកម្តាយភាគច្រើនតែងមានទម្លាប់គិតជ្រៅៗពេក ប៉ុន្តែ ដោយការធ្វើដូច្នេះញឹកញាប់ ពួកគេអាចនឹងបាត់បង់ ឬមើលរំលងសកម្មភាព ឬព័ត៌មានលម្អិត។ ជំនួសឲ្យការជេរស្តី ឬរិះគន់ជំនាញកូនរបស់អ្នក អ្នកអាចបញ្ជាក់ប្រាប់គេថា “អស្ចារ្យណាស់ ប៉ាម៉ាក់ដឹងថាកូនចូលចិត្តលេងហ្គេម ហើយកូនពិតជាបានល្អមែន ឈ្នះរហូត! ប៉ុន្តែ បើកូនលេងច្រើនពេក វាអាចខ្ជះខ្ជាយពេលវេលា និងធ្វើឲ្យខកខានធ្វើការងារសំខាន់ផ្សេងៗទៀតណាកូន”។

៤. លើកទឹកចិត្តចំពោះការសម្តែង និងអ្វីដែលគេបានធ្វើ

ប្រសិនបើកូនរបស់អ្នកត្រលប់ពីសាលារៀន ដកសៀវភៅកត់ត្រារបស់គេ ហើយចាប់ផ្តើមសរសេររឿងខ្លីមួយដើម្បីភាពសប្បាយរីករាយ អ្នកអាចនឹងមានអារម្មណ៍រំភើបត្រេកអរ។ ប៉ុន្តែ ចុះយ៉ាងណាវិញ បើគេអង្គុយចុះ ហើយគូររូបតុក្កតា? ឬសរសេរកំប្លែង? តើមានអ្វីកើតឡើង ប្រសិនបើគេចំណាយពេលមួយម៉ោងក្នុងការលេងល្បែងផ្គុំរូបភាព? ចូរលើកទឹកចិត្តគេឲ្យកាន់តែខ្លាំង! បើគេស្រឡាញ់ការសរសេរ លើកទឹកចិត្តឲ្យគេសរសេរ បើគេស្រឡាញ់អ្វីផ្សេង អ្នកក៏គួរលើកទឹកចិត្តបន្ថែមផងដែរ។ ផ្ទុយពីនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ ឬគេមានអារម្មណ៍ថា អ្នកកំពុងគ្រប់គ្រង ឬមិនខ្វល់ពីគេនោះទេ គេប្រហែលជាអាចនឹងឈប់បញ្ចេញសកម្មភាព ឬការច្នៃប្រឌិតរបស់គេទៀតហើយ។

៥. បំភ្លេចខ្លួនឯង

មិនថាកូនរបស់អ្នកស្រឡាញ់ ឬស្អប់សកម្មភាពដែលអ្នកចង់ឲ្យគេធ្វើ វាមិនមែនជាការឆ្លុះបញ្ចាំងពីអ្នកទេ។ ការពិត វាមិនមែនអំពីអ្នកឡើយ។ ចូរដាក់ចំណាប់អារម្មណ៍ ការយល់ឃើញ និងការគិតទុកជាមុនរបស់អ្នកចុះ។ ប្រសិនបើអ្នកខកចិត្ត ពេលកូនរបស់អ្នកមិនធ្វើ ឬមិនចូលចិត្តអ្វីដែលអ្នកចង់ឲ្យគេធ្វើលោក Fox បានណែនាំអ្នកឲ្យសួរខ្លួនឯងថា "តើនឹងមានអ្វីកើតឡើងចំពោះជីវិតរបស់កូនខ្ញុំ បើគាត់មិនរៀនតន្រ្តី ឬបើគាត់ឈប់រៀន ហើយទៅរៀនអ្វីផ្សេង?" ជាការពិត គេអាចនឹងរីកចម្រើនជាងនេះ បើគេរៀនអ្វីដែលគេចូលចិត្ត។ ពេលខ្លះ ឱកាស គឺផលវិបាក ហើយវាមិនមានតម្លៃ ដើម្បីធ្វើឲ្យព្រួយបារម្ភនោះទេ។
លោក Fox និយាយបន្ថែមទៀតថា “យើងនិយាយអំពីការដែលអាចមានជម្រើស ហើយការផ្តល់សេរីភាព និងការលើកទឹកចិត្ត ក្មេងៗនឹងអាចធ្វើការជ្រើសរើសបានល្អដោយខ្លួនឯង"៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play