ជំងឺទូទៅ

ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​

​ជំងឺ​ផ្តាសាយ​មិន​មាន​ការព្យាបាល​ណា​ដែល​ជា​សះស្បើយ​ឡើយ​។ ប៉ុន្តែ​តើ​ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់តែ​ល្អ​លឿន​ដែរ​ទេ​?

​ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​គឺ​មិន​ខុស​គ្នា​នឹង​ជំងឺ​ផ្តាសាយធំ​ឡើយ គឺ​មិន​មាន​ការព្យាបាល​ណា​ដែល​ជា​សះស្បើយ​ឡើយ ដោយ​គ្រាន់ទែ​ជួយ​បំបាត់​រោគ​សញ្ញា​មួយ​ចំនួន និង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​វិញ​ប៉ុណ្ណោះ​។

​ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​ដែល​មាន​ប្រសិទ្ធភាព​
​បើសិន​ជា​អ្នក​មាន​ជំងឺ​ផ្តាសាយ អ្នក​អាច​រំពឹងថា​មិន​ស្រួល​ខ្លួន​រយៈពេល​មួយ​ទៅ​ពីរ​សប្តាហ៍​។ រឿង​នេះ​ចង់​មានន័យ​ថា អ្នក​អាច​នឹង​មើលទៅ​គួរឲ្យ​អាណិត​ណាស់​។ ក្រៅ​ពី​ការ​សម្រាក​បាន​គ្រប់គ្រាន់ ការព្យាបាល​ដោយ​ខ្លួនឯង​ខាងក្រោម​នេះ​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​បាន​៖
•​    ​ការ​បង្គ្រប់​ជាតិ​ទឹក​៖ ទឹក​ធម្មតា ទឹក​ផ្លែឈើ ទឹក​ក្រូចឆ្មា​ក្តៅ​ឧ​ណ្ហៗ​ជាមួយ​ទឹកឃ្មុំ​អាច​ជួយ​បន្ធូរ​ភាព​តឹង​ច្រមុះ និង​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​បាន​។ ចូរ​ចៀសវាង គ្រឿង​ស្រវឹង កាហ្វេ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន ដែល​វា​កាន់តែ​ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹ​កកាន់តែខ្លាំង​។
•​    ​សម្រាក​៖ រាងកាយ​ត្រូវការ​ពេលវេលា​សម្រាក​ដើម្បី​ជាសះស្បើយ​
•​    ​សម្រួល​ដល់​ការ​ឈឺបំពង់ករ​៖ ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ក្តៅ​ឧណ្ហៗ អាច​ជួយ​បំពាត់​អា​ការៈឈឺ ឬរ​មាស់​ក្នុង​បំពង់ករ​បាន​។ ក្មេង​ដែល​មាន​អាយុ​តិចជាង ៦​ឆ្នាំ​ទំនងជា​មិន​អាច​ខ្ពុរមាត់​បានល្អ​ឡើយ​។
•​    ​បំបាត់​ការ​តឹង​ច្រមុះ​៖ ទឹក​បន្តក់​ក្នុង​ច្រមុះ និង​ស្ព្រាយ​បាញ់​ច្រមុះ​អាច​បំបាត់​អា​ការៈតឹង​ក្នុង​ច្រមុះ​បាន​។ សម្រាប់​ទាក​ទើប​នឹង​កើត អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ​ឲ្យប្រើ​ទឹក​បន្តក​សេរ៉ូម​ប្រៃ​ចូលទៅក្នុង​ច្រមុះ បន្ទាប់មក បូម​វា​ចេញ​ដោយ​ប្រើ​សឺ​រ៉ាង​ថ្នមៗ​។ សម្រាប់​ស្ព្រាយ​បាញ់​វិញ អាច​ប្រើ​លើ​ក្មេង​ធំៗ​បាន​។
•​    ​បំបាត់​ការឈឺចាប់​៖ សម្រាប់​ក្មេង​អាយុ​ចាប់ពី ៦​ខែ​ចុះក្រោម គឺ​អាច​ប្រើប្រាស់​បាន​តែ​ថ្នាំ Acetaminophen ប៉ុណ្ណោះ​។ សម្រាប់​ក្មេង​អាយុ​ច្រើនជាង ៦​ខែ អាចឲ្យ Acetaminophen ឬ Ibuprofen​។
•​    ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​៖ វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង ដែល​គេ​ធ្លាប់​តែ​ប្រើប្រាស់​ជា​យូរ​មក​ហើយ​នោះ​គឺ​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ដូចជា ស៊ុប​មាន់ តែ ឬ​ទឹក​ផ្លែ​ប៉ោម ព្រោះ​វា​អាចជួយ​សម្រួល​ដល់​ការ​តឹង​ច្រមុះ​ដោយ​ការ​ពង្រា​វ​ស្លេស្ម​។​
•​    ​បន្ថែម​សំណើម​ដល់​ខ្យល់​៖ ការប្រើ​ម៉ាស៊ីន​ផ្តល់​សំណើម​ក្នុងផ្ទះ អាចជួយ​សម្រួល​ដល់​ការ​តឹង​ច្រមុះ​បាន​។
•​    ​សាកល្បង​ប្រើ​ថ្នាំ​ព្យាបាល​ផ្តាសាយ និង​ថ្នាំ​ក្អក​ដែល​មិន​មាន​វេជ្ជបញ្ជា​៖ សម្រាប់​មនុស្ស​ធំ និង​កុមារ​អាយុ​ចាប់ពី ៥​ឆ្នាំ​ឡើង​ទៅ ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ ថ្នាំ​ប្រឆាំង​អាឡែ​ហ្ស៊ី និង​បំបាត់​ការឈឺចាប់​អាច​បំបាត់​រោគ​សញ្ញា​មួយ​ចំនួន​បាន​។ យ៉ាងណាមិញ ថ្នាំ​ទាំង​នេះ​នឹង​មិន​អាច​បង្ការ​ជំងឺ​ផ្តាសាយ ឬ​ពន្លឿន​ដល់​អាការៈ​ជំងឺ​ទេ​។ អ្នកជំនាញ​ជាច្រើន​ជឿថា ថ្នាំ​ទាំង​នេះ​មិនគួរណា​ឲ្យប្រើ​លើ​ក្មេង​អាយុ​តិច​ជាង​នេះ​ឡើយ​។

​ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​ដែល​មិន​មាន​ប្រសិទ្ធភាព​
​ខាងក្រោម​នេះ​គឺជា​តារាង​របស់​ព្យាបាល​ជំងឺ​ផ្តាសាយ​ដែល​មិន​មាន​ប្រសិទ្ធភាព​។
•​    ​ថ្នាំ​ផ្សះ​៖ ថ្នាំ​ទាំង​នេះ​គឺ​សម្រាប់​សម្លាប់​បាក់តេរី​ទេ ហើយក៏​មិន​អាច​ជួយ​អ្វី​ដល់​ជំងឺ​ផ្តាសាយ​ដែល​បង្កឡើង​ដោយ​វីរុស​ដែរ​។ ចូរ​ចៀសវាង​ការសុំ​គ្រូពេទ្យ​ប្រើ​ថ្នាំ​ផ្សះ​លើ​ករណី​ជំងឺ​ផ្តាសាយ ឬ​ប្រើ​ថ្នាំ​ផ្សះ​ចាស់ៗ​ដែល​អ្នក​ធ្លាប់មាន​។
•​    ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ​ដែល​មិន​មាន​វេជ្ជបញ្ជា និង​ថ្នាំ​ក្អក​លើ​កុមារ​តូចៗ​៖ ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ និង​ថ្នាំ​ក្អក​ដែល​គ្មាន​វេជ្ជបញ្ជា​ប្រហែល​ជា​បង្ក​បញ្ហា​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​នៅពេល​ប្រើ​លើ​ក្មេងៗ​។

​ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​ដែល​មាន​អំណះអំណាង​ខ្វែងគំនិត​គ្នា​នៅឡើយ​
​ស្ថិត​ក្នុង​ការសិក្សា ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​នៅតែ​ផ្តល់​នូវ​ការព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​ដ៏​ពេញនិយម​មួយចំនួន​ដដែល​ដូចជា វីតាមីន C និង Echinacea​។ ខាងក្រោម​នេះ​គឺជា​បច្ចុប្បន្នភាព​លើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​បែប​ផ្សេង​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់​៖

​វីតាមីន C
​ការ​ញ៉ាំ​វីតាមីន C នឹង​មិន​អាច​ជួយ​បង្ការ​ជំងឺ​ផ្តាសាយ​បានឡើយ​។ យ៉ាងណាមិញ ការ​លេបថ្នាំ​វីតាមីន​មួយ​នេះ​មុនពេល​កើត​ជំងឺ​ផ្តាសាយ​ប្រហែល​ជា​បន្ថយ​រយៈពេល​នៃ​ការចេញ​រោគសញ្ញា​បាន​។ វីតាមីន C ប្រហែលជា​មាន​ប្រយោជន៍​ច្រើន​ដល់​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ផ្តាសាយ ជាពិសេស​ឧស្សាហ៍​ប៉ះពាល់​នឹង​ជំងឺ​នេះ​តែម្តង ដូច​ជា​ក្មេងៗ​ដែល​រស់​នៅ​ជុំៗ​គ្នា ឬ​ក្នុង​រដូវរងារ​។

Echinacea
​ការសិក្សា​បាន​បង្ហាញថា​សារធាតុ Echinacea អាច​បង្ការ ឬ​បន្ថយ​រយៈពេល​នៃ​ការកើត​ជំងឺ​ផ្តាសាយ​បាន​។ ការសិក្សា​ខ្លះ​បង្ហាញថា វា​មិន​មាន​ប្រយោជន៍​ឡើយ​។ ការសិក្សា​ផ្សេងៗ​ទៀត​បង្ហាញថា មាន​ការថយចុះ​នូវ​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​នៃ​ការចេញ​រោគសញ្ញា​ជំងឺ​ផ្តាសាយ​មួយចំនួន​នៅ​ពេល​ប្រើប្រាស់​ក្នុង​ដំណាក់កាល​ភ្លាមៗ​នៃ​ជំងឺ​ផ្តាសាយ​។ Echinacea ហាក់បីដូចជា​មាន​ប្រសិទ្ធភាព​បំផុត​បើសិន​ជា​អ្នក​ប្រើប្រាស់​វា​នៅពេល​សម្គាល់​ឃើញ​រោគសញ្ញា​ផ្តាសាយ និង​បន្ត​ប្រើ​រយៈពេល ៧ ទៅ​១០​ថ្ងៃ​។

​ជាតិ​ស័ង្គសី​
​ទាក់ទង​នឹង​ជាតិ​ស័ង្គសី វា​ត្រូវ​បាន​គេ​លើក​ឡើង​ច្រើន​មកហើយ​ដែល​អាច​ប្រើ​ក្នុង​ជំងឺ​ផ្តាសាយ​បាន​ចាប់តាំងពី​ឆ្នាំ ១៩៨៤​មក​ម្លេស​។ ចាប់ពីពេលនោះ​មក ការស្រាវជ្រាវ​បាន​ទទួល​នូវ​លទ្ធផល​ច្រើន​ចូល​គ្នា​អំពី​ជាតិ​ស័ង្គសី និង​ជំងឺ​ផ្តាសាយ​។

​ការសិក្សា​ខ្លះ​បង្ហាញថា ជាតិ​ស័ង្គសី ឬ​សេរ៉ូ​ស័ង្គសី​អាច​បន្ថយ​រយៈពេល​ជំងឺផ្តាសាយបាន​មួយថ្ងៃ ជាពិសេស​នៅពេល​ប្រើ​ក្នុង​រយៈពេល ២៤​ម៉ោង​នៃ​ការចេញ​រោគសញ្ញា​ដំបូង​។ ជាតិ​ស័ង្គសីក៏​មានផល​រំខាន​គ្រោះថ្នាក់​ផង​ដែរ​។


​ការថែទាំ​ខ្លួនឯង​
​ថ្វី​បើ​ជំងឺ​ផ្តាសាយ​ច្រើន​តែ​មាន​លក្ខណៈ​តិចតួច​ក៏​ដោយ តែ​ជំងឺ​ផ្តាសាយ​អាចធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អាណិត​ខ្លួនឯង​ណាស់​។ ប៉ុន្តែ​អ្នក​អាច​ព្យាយាម​ព្យាបាល​វា​ដោយ​ខ្លួនឯង​បាន​តាមរយៈ​ការ​សម្រាក​ឲ្យបាន​ច្រើន ញ៉ាំ​ទឹក​ច្រើន និង​ផ្តល់​សំណើម​ដល់​បរិយាកាស​ក្នុង​បន្ទប់​។ ចូរ​ចាំ​ថា លាង​សម្អាត​ដៃ​ជា​ញឹកញាប់​៕

 

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ mayoclinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play