ជំងឺទូទៅ

សញ្ញា​គ្រោះថ្នាក់​របស់​ជំងឺ​រលាក​ទងសួត​

​ជំងឺ​រលាក​ទងសួត អាចជា​រឿង​មួយ​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​គួរ​ឲ្យ​អាណិត​ខ្លួនឯង ប៉ុន្តែ​វា​ជា​ជំងឺ​តិចតួច​មួយ​ដែល​បង្កឡើង​ដោយ​វីរុស​ប៉ុណ្ណោះ ជាពិសេស​វីរុស​បង្ក​ជំងឺ​ផ្តាសាយ ឬ​អ្នក​ជក់បារី​រ៉ាំរ៉ៃ​។ ជំងឺ​រលាក​ទងសួត​ក៏​អាច​បង្កឡើង​ដោយ​ការប៉ះពាល់​នឹង​ផ្សែង​បារី សារធាតុ​គីមី ឬ​បាក់តេរី​ផងដែរ​។ ការ​ក្អក ក្អកមាន​ស្លេស្ម និង​អារម្មណ៍​អស់កម្លាំង​គឺជា​សញ្ញា​ធម្មតា​នៃ​ជំងឺ​រលាក​ទងសួត ប៉ុន្តែ​ទាំង​នេះ​ក៏​ជា​រោគសញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត​ដែឬ​។ 

​នៅពេល​ទងសួត​ដែល​ដឹកនាំ​ខ្យល់​អុកស៊ីសែន​ទៅក្នុង​សួត​ទៅ​ជា​រលាក ភ្នាស់​ខាង​ក្នុងរ​បស់​ទងសួត​នេះ​ទៅ​ជា​ហើម ហើយ​ក៏​ឲ្យ​វា​កាន់តែ​ក្រាស​ទៅៗ រហូត​ដល់​ផ្លូវដង្ហើម​រួម​តូច​។ ករណី​បែប​នេះ​ក៏​អាច​ធ្វើឲ្យ​កើត​ជា​ទឹករំអិល​កាន់តែច្រើ​ន​ចេញមក រហូតដល់​ពេល​ខ្លះ​ស្ទះ​ផ្លូវដង្ហើម​ខ្លះ​ផង​។ ការ​ក្អក​គឺជា​វិធី​ដែល​រាងកាយ​ព្យាយាម​បញ្ចេញ​ជាតិ​ស្លេស្ម ឬ​ទឹករំអិល​ទាំងនេះ​មក​ខាងក្រៅ​ដើម្បី​ងាយស្រួល​ដកដង្ហើម​។ 

​សញ្ញា​សំខាន់ៗ​នៃ​ជំងឺ​រលាក​ទងសួត​គឺ​ការ​ក្អកមាន​ស្លេស្ម ដែល​អាច​បន្ត​ជាប់​ជាច្រើន​ថ្ងៃ​ដល់​ច្រើន​សប្តាហ៍​។ រោគ​សញ្ញា​ផ្សេងទៀត​អាច​កើតមាន​ដែរ​ដូចជា​៖
•​    ​អស់កម្លាំង​
•​    ​ដកដង្ហើម​លឺសូរ​ដូ​ចហួច​
•​    ​តឹង ឬ​ឈឺ​ក្នុង​ទ្រូង​
•​    ​ពិបាក​ដកដង្ហើម​

​ការ​ក្តៅខ្លួន​មិនមែន​ជា​សញ្ញា​ធម្មតា​ទេ ហើយ​វា​ច្រើន​តែ​បញ្ជាក់​អំពី​ជំងឺ​រលាក​សួត ឬ​ផ្តាសាយធំ​។​

​ជំងឺ​រលាក​ទងសួត​ស្រួចស្រាវ​ច្រើនតែ​កើតឡើង​ពី ៣ ទៅ​៤​ថ្ងៃ​ក្រោយ​ពី​ផ្តាសាយ​រួច​។ វា​ប្រហែលជា​ចាប់ផ្តើម​ជាមួយ​នឹង​ការ​ក្អក​ស្ងួត បន្ទាប់​មក​ពី​បី​ថ្ងៃក្រោយ ការ​ក្អក​ទៅ​ជា​មាន​ស្លេស្ម​វិញ​។ មនុស្ស​ភាគច្រើន​អាច​មាន​ភាព​ស្រួចស្រាវ​នៃ​ការ​រលាក​ទងសួត​រយៈ​ពេល ២ ទៅ​៣​សប្តាហ៍ ថ្វី​បើ​ការ​ក្អក​ពេលខ្លះ​អាច​បន្ត​ចាប់​ពី​៤​សប្តាហ៍​ឡើយ​ទៅ​ក៏មានដែរ​។ បើសិន​ជា​អ្នក​មាន​សុខភាព​ល្អ​ធម្មតា សួត​នឹង​ត្រឡប់​មក​សភាព​ធម្មតា​វិញ​ក្រោយពី​អ្នក​ជា​ពី​ការបង្ក​រោគ​ដំបូង​រួច​។ 

​គ្រូពេទ្យ​អាច​នឹង​សង្ស័យ​ថា​អ្នក​មាន​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​នៅ​ពេល​ក្អកមាន​ស្លេស្ម​ច្រើន​ថ្ងៃ​រយៈពេល​យ៉ាងហោចណាស់ ៣​ខែ​ក្នុង​មួយឆ្នាំ រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​។ ការ​រលាក​ទងសួត​រ៉ា​ម​រ៉ៃ​គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​ធ្វើឲ្យ​សួត​អ្នកងាយ​នឹង​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី ហើយ​ក៏​ត្រូវការ​ការព្យាបាល​ជាប់​យូរ​ដែរ​។ វា​គឺជា​ទម្ងន់​ជំងឺ​មួយ​របស់ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ដែល​ធ្វើឲ្យ​អ្នក​ជំងឺពិបាក​ដកដង្ហើម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play