ជំងឺលើសឈាម

​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​លើស​សម្ពាធ​ឈាម គ្រូពេទ្យ​ត្រូវធ្វើ​អ្វី​ខ្លះ​ទៅ​?

​ជំងឺ​លើស​សម្ពាធ​ឈាម​ច្រើនតែ​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ជា​ជំងឺ​ឈាម​ត្រជាក់ ដោយសារ​តែ​អ្នក​មិន​បាន​ដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​នេះឡើយ​។ វា​មិន​មាន​រោគសញ្ញា​បញ្ជាក់​ឡើយ​។ យ៉ាងណាមិញ វា​អាច​នឹង​បំផ្លាញ​រាងកាយ និង​បង្ក​បញ្ហា​ជាច្រើន​ដូចជា មាន​ជំងឺ​បេះដូង​ថែមទៀត​។ 

​ដូច្នេះហើយ យក​ល្អ​គួរតែ​ពិនិត្យ​សម្ពាធ​ឈាម​ជា​ទៀងទាត់ ជាពិសេស​បើសិន​ជា​សម្ពាធ​ឈាម​អ្នក​ឡើង​លើសពី​កម្រិត​ធម្មតា ឬ​មាន​គ្រួសារ​ធ្លាប់​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​។ 

​ការ​វាស់​សម្ពាធ​ឈាម​
​សម្ពាធ​ឈាម​ច្រើន​តែ​ត្រូវបាន​គេ​វា​ស់​ដោយ​ប្រើ​ឧបករណ៍ Sphygmomanometer ដែល​ខ្មែរ​យើង​ហៅ​ថា​ឧបករណ៍​វាស់​សម្ពាធ​ឈាម ដោយ​មាន​ប្រើ Stethoscope ប្រដាប់​រុំ​ដៃ នាឡិកា​វាស់​សម្ពាធ​ឈាម និង​ប្រដាប់​បន្ធូរ​ខ្យល់​។ 

​ការ​វាស់​សម្ពាធ​ឈាម​អាច​ធ្វើ​នៅ​ពេទ្យ ឬ​បន្ទប់​ពិគ្រោះ​ជំងឺ ឬ​អ្នក​ក៏​អាច​ទិញ​ឧបករណ៍​វាស់​សម្ពាធ​ឈាម​ដើម្បី​វាស់​នៅតាម​ផ្ទះ​ខ្លួនឯង​ក៏​បាន​។ ការ​វាស់​សម្ពាធ​ឈាម​នៅផ្ទះ​ដោយ​ខ្លួនឯង​អាចមាន​ប្រយោជន៍​ជា​ពិ​សស​ក្នុង​ការកំណត់​រោគវិនិច្ឆ័យ និង​តាមដាន​ជំងឺ​លើស​សម្ពាធ​ឈាម ដោយសារ​តែ​វា​អាច​ផ្តល់​លទ្ធផល​ដឹង​ដោយ​មិនបាច់​ជួប​គ្រូពេទ្យ​ឡើយ​។ លទ្ធផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​មាន​ចំនួន ២​លេខ​នោះ​គឺ សម្ពាធ Systolic និង Diastolic 

 

  • ​សម្ពាធ Systolic៖ គឺ​ជា​សម្ពាធ​ខ្ពស់បំផុត​ក្នុងពេល​បេះដូង​លោត នៅពេល​បេះដូង​កំពុងតែ​បញ្ជូន​ឈាម​ចេញទៅ​រាងកាយ​
  • សម្ពាធ Diastolic៖ ជា​សម្ពាធ​ទាប​បំផុត​នៅ​ចន្លោះ​បេះដូង​លោត នៅពេល​បេះដូង​ត្រូវ​បញ្ចូល​ឈាម​ក្នុង​ថត​នីមួយៗ​។ 

​សម្ពាធ​ឈាម​ត្រូវបាន​គេ​វាស់​ជា​ខ្នាត មី​លី​ម៉ែត្រ​បា​រ៉​ត ឬ​ហៅ​ថា mm Hg  និង​សរសេរ Systolic លើ Diastolic (​ឧទាហរណ៍ ១២០/៨០ mm Hg ឬ ១២០ លើ ៨០)​។ យោង​ទៅ​តាម​ក្បួន​ណែនាំ​ញឹកញាប់​បំផុត​ដែល​គេ​ប្រើប្រាស់ សម្ពាធ​ឈាម​ធម្មតា​គឺ​តិចជាង ១២០/៨០ mm Hg​។ សម្ពាធ​ឈាម​ដែល​លើស​គឺ ១២០ ទៅ ១២៩ និង តិចជាង ៨០​។ ដូច្នេះ​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​មាន​លទ្ធផល ធំ​ជាង ១៣០/៨០​។ សម្ពាធ​ឈាម​ប្រហែល​ជា​កើនឡើង ឬ​ថយចុះ អាស្រ័យ​ទៅតាម​អាយុ ស្ថានភាព​បេះដូង ផ្លូវចិត្ត សកម្មភាព និង​ថ្នាំ​ដែល​អ្នក​ប្រើ​ដែរ​។ ការ​ដែល​ទទួលបាន​លទ្ធផល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ម្តង​មិនមែន​មានន័យថា អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ឡើយ​។ យក​ល្អ​គួរ​វាស់​សម្ពាធ​ឈាម​ទៅតាម​ពេលវេលា​ខុសៗ​គ្នា ខណៈពេល​ដែល​អ្នក​កំពុងតែ​សម្រាក​យ៉ាង​ស្រួល​យ៉ាងហោចណាស់ ៥​នាទី​សិន​។ ដើម្បី​ជួយ​ដល់​ការ​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​លើស​សម្ពាធ​ឈាម លទ្ធផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​គួរតែ​ឡើង​ខ្ពស់​យ៉ាងហោចណាស់ ៣​ដង​ដែរ​។ 

​ក្រៅ​ពី​ការ​វាស់​សម្ពាធ​ឈាម គ្រូពេទ្យ​នឹង​សួរ​អ្នក​អំពី​ប្រវត្តិ​ជំងឺ (​តើ​អ្នក​មាន​បញ្ហា​បេះដូង​ពីមុន​ឬ​អត់​) វាយ​តម្លៃ​ទៅលើ​កត្តា​ប្រឈមមុខ​របស់​អ្នក (​តើ​អ្នក​ជក់បារី លើសកូ​ឡេ​ស្តេ​រ៉ុល មាន​ជំងឺ​ទឹកនោម​ផ្អែម​ឬ​អត់​) និង​និយាយ​អំពី​ប្រវត្តិ​គ្រួសារ (​តើ​សមាជិក​គ្រួសារ​អ្នក​មាន​អ្នក​កើត​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ​បេះដូង​ឬ​អត់​)​។ គ្រូពេទ្យ​ក៏​នឹង​ធ្វើការ​ពិនិត្យ​លើ​រាងកាយ​បន្ថែមទៀតដែឬ​។ ក្នុង​ពេល​ពិនិត្យ​នេះ គាត់​ប្រហែលជា​ត្រូវការ​ប្រើប្រាស់ Stethoscope ដើម្បី​ស្តាប់​បេះដូង​រកមើល​សម្លេង​មិន​ធម្មតា ដែល​អាច​បញ្ជាក់​ទៅ​លើ​បញ្ហា​ណាមួយ​ក្នុង​ប្រើស​បេះដូង​ដែរ​។​

​បើសិន​ជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​កំណត់​ថា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យធ្វើ​តេស្ត​ផ្សេងៗ​ទៀត​ដូចជា​៖

 

  • ថត​ចង្វាក់បេះដូង Electrocardiogram (ECG or EKG)៖ ជា​តេស្ត​ដែល​គេ​វាស់​ទៅលើ​សកម្មភាព ចង្វា​ក់ និង​ចង្វាក់​អេឡិចត្រូនិក​របស់​ការ​លោត​របស់​បេះដូង តាមរយៈ​ការចាប់​អេឡិចត្រូដ​នៅលើ​ដៃ ជើង និង​ទ្រូង​។ លទ្ធផល​នឹង​បង្ហាញ​ក្នុង​ក្រដាស​។ 
  • អេកូ​បេះដូង​៖ នេះ​គឺជា​តេស្ត​មួយ​ដែល​ប្រើ​ការថត​អេកូ​ដើម្បី​ផ្តិត​រូបភាព​ប្រើស​របស់​បេះដូង និង​ថត​របស់​បេះដូង ដូច្នេះ​វា​នឹង​បង្ហាញ​នូវ​សកម្មភាព​របស់​បេះដូង​ថា​មាន​បញ្ហា​ឬ​អត់ ជាពិសេស​ការឡើង​ក្រាស​របស់​សាច់ដុំ​បេះដូង​តែម្តង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play