ជំងឺទឹកនោមផ្អែម

ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ឬ​ជំងឺ​ទឹកនោម​ផ្អែម ប៉ះពាល់​ដល់​រាងកាយ​ដូច​ម្តេចទៅ​?

​នៅ​ពេល​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ជាតិ​ស្ករ​ក្នុង​ឈាម​ប្រហែលជា​អាច​បន្ត​ឡើង​ខ្ពស់​ទៀត​។ រយៈពេល​យូរៗ​ទៅ រឿង​នេះ​អាច​បំផ្លាញ​រាងកាយ និង​នាំឲ្យមាន​បញ្ហា​ផ្សេងៗ​ទៀត​បាន​។ ដូច្នេះ​តើ​ជាតិ​ស្ករ​ក្នុង​ឈាម​ប៉ុន្មាន​ហៅថា​ច្រើនពេក​? ហេតុអ្វី​បានជា​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ផ្តល់​ផល​អាក្រក់​ដល់​អ្នក​? 

​តើ​ជាតិ​ស្ករ​ក្នុង​ឈាម​ប៉ុន្មាន​ហៅ​ថា​ធម្មតា​?
​ជាតិ​ស្ករ​ក្នុង​ឈាម​គឺ​មិន​ឲ្យ​ច្រើនជាង ១០០mg/dL ទេ​ក្រោយពី​មិន​បាន​ញ៉ាំ​អ្វី​សោះ​យ៉ាងហោចណាស់ ៨​ម៉ោង​។ ហើយ​វា​ក៏​ត្រូវ​តិចជាង ១៤០mg/dL ដែរ​ក្រោយពី​ញ៉ាំ​អាហារ​រួច ២​ម៉ោង​។ នៅ​ពេល​ថ្ងៃ កម្រិត​ជាតិ​ស្ករ​ងាយ​នឹង​ចុះ​ទាប​បំផុត​មុន​ពេល​ញ៉ាំ​អាហារ​។ សម្រាប់​មនុស្ស​ភាគច្រើន​ដែល​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម ជាតិ​ស្ករ​ក្នុង​ឈាម​មុន​ញ៉ាំ​អាហារ​អាច​មាន​ពី ៧០ ទៅ​៨០mg/dL​។ អ្នកខ្លះ​ទៀត​អាច​ត្រឹមតែ ៦០ ក៏​ធម្មតា​ដែរ ឬ​ខ្លះ​ទៀត​អាច​ដល់ ៩០ ក៏​ធម្មតា​ដែរ​។ 

​តើ​ជាតិ​ស្ករ​ក្នុង​ឈាម​ប៉ុន្មាន​ទើប​ហៅ​ថា​ទាប​? ចំពោះ​រឿង​នេះ​ក៏​មាន​ការប្រែប្រួល​ច្រើន​ដែរ​។ ជាតិ​ស្ករ​ក្នុង​ឈាម​របស់​មនុស្ស​ភាគច្រើន​នឹង​មិន​អាច​ធ្លាក់ចុះ​រហូត​ដល់​ក្រោម ៦០​ឡើយ ទោះបីជា​មិន​បាន​ញ៉ាំ​អ្វី​ក៏ដោយ​។ នៅ​ពេល​អ្នក​តម​អាហារ ថ្លើម​នឹង​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​មក​នៅ​ធម្មតា​ដដែល​តាមរយៈ​ការរំលាយ​ជាតិ​ខ្លាញ់ និង​សាច់ដុំ​ទៅ​ជា​ស្ករ​។ 

​រោគ​វិនិច្ឆ័យ​
​គ្រូពេទ្យ​ប្រើប្រាស់​តេស្ត​ខាងក្រោម​នេះ​ដើម្បី​ចង់ដឹងថា​តើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ឬ​អត់​៖
•​    ​Fasting Plasma Glucose Test៖ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នក​របៀប​នេះ​ក្រោយពី​មិន​បាន​ញ៉ាំ​អ្វី​សោះ ៨​ម៉ោង និង​អាច​ឃើញ​ខ្ពស់ជាង ១២៦ mg/dL 
•​    ​Oral Glucose Tolerance Test៖ ក្រោយ​ពី​មិន​បាន​ញ៉ាំ​អាហារ ៨​ម៉ោង​រួច អ្នកនឹង​តម្រូវ​ឲ្យ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ពិសេស​។ ២​ម៉ោង​ក្រោយ ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នឹង​ឡើង​ខ្ពស់ជាង ២០០​។ 
•​    ​Random Check៖ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នក ហើយ​វា​នឹង​ខ្ពស់ជាង ២០០ បូករួម​នឹង​អ្នក​នោម​ច្រើន ស្រេង​ទឹក​ជាប់ ហើយ​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​។ បន្ទាប់មក គាត់​នឹង​ធ្វើ​តេស្ត Fasting Sugar Level ម្តងទៀត ឬ​តេស្ត Oral Glucose Tolerance ដើម្បី​បញ្ជាក់​រោគវិនិច្ឆ័យ​។ 

​រាល់​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ទាំងអស់​សុទ្ធតែ​ជា​រឿង​មិន​ផ្តល់​សុខភាព​ឡើយ​។ ការ​លើស​ជាតិ​ស្ករ​ខុសពី​ធម្មតា តែ​មិន​ទាន់​ដល់​ចំណុច​មួយ​ខ្ពស់ គេ​ហៅថា​ជា​ករណី​ត្រៀម​នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម​។ យោង​ទោ​តាម​សមាគមន៍​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក​បានឲ្យដឹងថា ប្រជាជន​អាមេរិក ៨៦​លាន​នាក់​មាន​ជំងឺ​នេះ ដែល​អាច​នាំឲ្យ​កើត​ជា​ជំងឺ​ទឹកនោម​ផ្អែម​បាន​បើសិនជា​មិន​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដែល​គ្រូពេទ្យ​បាន​ណែនាំ​។ វា​ក៏​ធ្វើឲ្យ​កើនឡើង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ដែរ​ថ្វីបើ​មិន​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​រហូត​ដល់​ជំងឺ​ទឹកនោម​ផ្អែម​ក៏ដោយ​។ 

​ជាតិ​ស្ករ និង​រាងកាយ​
​ហេតុអ្វី​បានជា​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​មិន​ល្អ​សម្រាប់​អ្នក​អ៊ីចឹង​? ជាតិ​ស្ករ​គឺជា​ប្រភព​ថាមពល​សម្រាប់​កោសិកា​ទាំងអស់​នៃ​រាងកាយ​នៅពេល​វា​ស្ថិត​ក្នុង​កម្រិត​ធម្មតា​។ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ជា​ថ្នាំ​ពល​វិញ​ដរាបណា​៖
•​    ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​វា​នឹង​បន្ថយ​សមត្ថភាព​របស់​កោសិកា​ក្នុង​លំពែង​ដើម្បី​ផលិត​អាំង​ស៊ុយ​លីន​បន្តិច​ម្តងៗ​។ ក្រោយមក សរីរាង្គ​មួយ​នេះ​នឹង​ធ្វើការ​ច្រើន​ជ្រុល​បន្ថែម​វិញ​រហូត​ដល់​ផលិត​អាំង​ស៊ុយ​លីន​ច្រើនពេក ដែល​រឿង​នេះ​នឹង​ធ្វើឲ្យ​វា​មាន​ការខូចខា​តជាប់​បាន​។ 
•​    ​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​អាច​ធ្វើឲ្យ​មាន​ការប្រែប្រួល​ជាច្រើន​ដែល​នាំ​ឲ្យ​រឹង​ដល់​សរសៃឈាម​បាន​។ 

​ភាគច្រើន​នៃ​ផ្នែក​ទាំងឡាយ​នៃ​រាងកាយ​អាច​រង​គ្រោះ​ថ្នាក់​តាមរយៈ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើនពេក​។ ការខូចខាត​របស់​ស​រសៃ​ឈាម​នឹង​ធ្វើឲ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា​៖
•​    ​ជំងឺ​តម្រងនោម ឬ​ខ្សោយតម្រងនោម ដែល​ត្រូវ​ការលាង​ឈាម​
•​    ​ដាច់​សរសៃឈាម​ខួរក្បាល​
•​    ​គាំងបេះដូង​
•​    ​ស្រវាំងភ្នែក ឬ​ខ្វាក់ភ្នែក​
•​    ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ជាមួយ​ការ​ប្រឈម​ការបង្ក​រោគ​កាន់តែខ្លាំង​
•​    ​លិង្គ​មិន​ឡើង​រឹង​
•​    ​ខូច​សរសៃប្រសាទ ដែល​ធ្វើឲ្យ​ឈឺ​ឈៀបៗ ឈឺចាប់ ឬ​មិន​សូវ​ដឹង​នៅ​ប្រអប់ជើង ជើង និង​ប្រអប់ដៃ​
•​    ​របួស​ក្រ​ជា និង​អាច​ប្រឈម​ខ្លាំង​នឹង​ការ​កាត់​អាវៈ​យ​វៈ តែ​ជា​ករណី​កម្រ​។​

​ចូរ​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យមក​នៅ​សភាព​ធម្មតា​ដើម្បី​ចៀសវាង​ផលវិបាក​ដូច​ខាងលើ​នេះ​។ សមាគមន៍​ជំងឺ​ទឹកនោម​ផ្អែម​អាហារ​មេរិក​បាន​កំណត់​គោលដៅ​ជាតិ​ស្ករ​ក្នុង​ឈាម​ថា ធ្វើ​យ៉ាងណា​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​ត្រូវមាន​ជាតិ​ស្ករ ៧០ ទៅ ១៣០ mg/dL មុន​ពេល​ញ៉ាំ​អាហារ និង​មិន​ឲ្យ​ច្រើនជាង ១៨០mg/dL ក្រោយ​ញ៉ាំ​អាហារ​រួច​ទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play