ជំងឺទូទៅ

ជំងឺថ្លើម​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​

​តើ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​មាន​ភាពខុស​គ្នា​អ្វី​ខ្លះ​ទៅ​?
​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ហើយ​វា​ក៏​ជា​រឿង​ដែល​កើតឡើង​ញឹកញាប់​ដែរ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​អាច​ការពារ​។ សម្រាប់​មនុស្ស​ភាគច្រើន ការ​ញ៉ាំ​គ្រឿង​ស្រវឹង​កម្រិត​មធ្យ​នឹងមិន​នាំឲ្យ​មាន​ជំងឺ​ឡើយ​។ ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​មាន​បី​ប្រភេទ​សំខាន់ៗ​ដូចជា​៖

​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ឬ​ហៅ​ថា Steatosis ដែល​ជា​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ដំណាក់កាល​ដំបូង​បំផុត ហើយ​ក៏​កើតឡើង​ញឹកញាប់​ដោយសារតែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​។ ជំងឺ​នេះ​ត្រូវបាន​សម្គាល់​ដឹង​តាមរយៈ​ការ​មាន​កោសិកា​ខ្លាញ់​ក្នុង​សាច់​ថ្លើម​ច្រើន​ជ្រុល ដែល​វា​ធ្វើឲ្យ​ថ្លើម​បំពេញ​មុខងា​ររបស់​វា​កាន់តែ​ពិបាក​។ ជាធម្មតា​ជំងឺ​នេះ​មិន​មាន​រោគសញ្ញា​អ្វីខ្លះ ថ្វី​បើ​ថ្លើម​អាច​រីក​ធំ ហើយ​អ្នក​ប្រហែលជា​មាន​ការ​មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាងលើ និង​ខាងស្តាំ​ខ្លះ​ក៏ដោយ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​កើតឡើង​លឿន​លើ​អ្នក​ទាំងឡាយ​ណា​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​។ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​បើសិន​ជា​អ្នក​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀត​។ 

​ជំងឺ​រលាក​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង គឺជា​ការ​ហើម​របស់​សាច់​ថ្លើម​ដែល​ជាប់​ទាក់ទង​នឹង​ការខូចខាត​របស់​កោសិកា​ថ្លើម​។ សម្រាប់​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​រហូត​ដល់​រលាក​នេះ​គឺ​មាន​រហូត​ដល់ ៣៥​ភាគរយ ដែល​មាន​លក្ខណៈ​តិចតួច ឬ​ធ្ងន់ធ្ងរ​។ រោគសញ្ញា​អាច​មាន​ដូចជា ក្តៅខ្លួន ឡើង​លឿង​ស្បែក ច​ង្អោ ក្អយត ឈឺ​ពោះ និង​ឈឺ​តឹង​ក្នុង​ពោះ​។ ករណី​តិចតួច វា​អាច​មាន​រយៈពេល​យូរ​រហូតដល់​ច្រើន​ឆ្នាំ និង​បន្ត​ខូចខាត​ដល់​ថ្លើម​ទៀត​ថ្វើបើ​ការខូចខាត​នេះ​អាច​ស្រួលបួល​មកវិញ​បើសិនជា​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀត​។ ករណី​ធ្ងន់ធ្ងរ ឬ​ហៅ​ថា​ស្រួចស្រាវ​ដែល​កើតឡើង​ភ្លាម ក្រោយ​ពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​រយៈពេល​យូរ គឺ​អាច​មាន​ការ​គម្រាម​គំហែង​ដល់​អាយុជីវិត​ដោយសារតែ​ផលវិបាក​របស់​វា​។ ជំងឺ​ក្រិន​ថ្លើម​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ក៏​ជា​ប្រភេទ​ជំងឺថ្លើម​ដែល​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែរ​។ 

​ជំងឺ​ក្រិន​ថ្លើម​គឺ​ចង់​សម្តៅ​ទៅលើ​កោសិកា​ថ្លើម​ធម្មតា​ត្រូវបាន​ជំនួស​មកវិញ​ដោយ​ជាលិកា​សម្លាក​ដែល​មិន​មាន​ជីវិត​។ ១០​ទៅ​២០​ភាគរយ​នៃ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​នឹង​ទៅ​ជា​មាន​ជំងឺ​ក្រិន​ថ្លើម ហើយ​ជា​ធម្មតា​គឺ​ញ៉ាំ​គ្រឿង​ស្រវឹង​១០​ឆ្នាំ​ឡើង​ទៅ​។ រាល់​រឿង​គ្រប់យ៉ាង​ដែល​ធ្វើឲ្យ​ខូចខា​តដល់​ថ្លើម​រយៈពេល​ច្រើន​ឆ្នាំ​គឺ​អាច​នាំ​ឲ្យ​ថ្លើម​បង្កើតជា​ជាលិកា​សម្លាក​បាន​។ ការ​ក្រិន​ជា​លក្ខណៈ Fibrosis គឺជា​ដំណាក់កាល​ដំបូង​នៃ​ការ​សម្លាក​របស់​ថ្លើម​។ នៅពេល​ជាលិកា​សម្លាក​កកកុញ​គ្នា ហើយ​កើតឡើង​ស្ទើរតែ​ពេញ​ថ្លើម​ហើយ​នោះ​គឺ​ហៅ​ថា​ក្រិន​ពេញលេញ​ហើយ​។ 

​រោគសញ្ញា​របស់​ជំងឺ​ក្រិន​ថ្លើម​រួម​ទាំង​ការ​រលាក​ថ្លើម​ដោយសា​រគ្រឿង​ស្រវឹង​ដែរនោះ​មានដូចជា​៖
•​    ​ទាច​ទឹក​
•​    ​លើស​សម្ពាធ​ក្នុង​សរសៃវែន​ធំ​មួយ​មុន​ចូល​ថ្លើម (Portal Hypertension)
•​    ​ការ​ហូរឈាម​ចេញពី​សរសៃវែន​ក្នុង​បំពង់លើ​ក្រពះ​
•​    ​វង្វេងវង្វាន់ 
•​    ​អណ្តើក​រីក​ធំ​

​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា ជំងឺ​ក្រិន​ថ្លើម​អាច​ត្រឡប់​មក​ភាព​ដើម​វិញ​ថ្វី​បើ​រឿង​នេះ​ប្រហែលជា​មិន​កើត​ឡើង​លើ​អ្នកជំងឺ​គ្រប់​គ្នា​ទាំងអស់​ក៏​ដោយ​។ ជំងឺ​ក្រិន​ថ្លើម​ដែល​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​អាចជា​ជំងឺ​ដែល​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន​។ 

​តើ​គ្រឿង​ស្រវឹង​ប៉ះពាល់​ដល់​ថ្លើម​ដូច​ម្តេចទៅ​?
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ទាំង​ញ៉ាំ​ម្តង តែ​ម្តងម្កាល ក៏ដោយ តែ​ជា​ស្រា​គោ​ញាក់ ឬ​ស្រា​ខ្លាំង ឬ​ញ៉ាំ​គ្រៀង​ស្រវឹង​ច្រើន សុទ្ធ​តែ​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​ប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​។ លើស​ពី​ការ​មាន​របួស​ដល់​ថ្លើម គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​ជាច្រើន​ទៀត​ទៅលើ​រាងកាយ​ដែរ​ដូចជា​៖
•​    ​បន្ថយ​សមត្ថភាព​ក្នុង​ការគិត​ច្បាស់លាស់ និង​ការធ្វើ​ចលនា ដែល​រឿង​នេះ​អាច​ផ្លាស់ប្តូរ​អារម្មណ៍ និង​អាកប្បកិរិយា​រស់នៅ​បាន​។​
•​    ​រំខាន​ដល់​ដំណើរ​ការណ៍​នៃ​ការរំលាយ​អាហារ ដែល​នាំ​ឲ្យ​កង្វះ​អាហារូបត្ថម្ភ និង​ស្រក​ទម្ងន់​
•​    ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ងាយ​ឆ្លង​ជំងឺ​។ រឿង​នេះ​ក៏​ងាយ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​ដែរ ដូចជា មហារីក​ពោះវៀនធំ ថ្លើម បំពង់​លើ​ក្រពះ មាត់ និង​សុដន់​។​

​តើ​មាន​ទេ​សុវត្ថិភាព​ក្នុងការ​ញ៉ាំ​គ្រឿង​ស្រវឹង​?
​សម្រាប់​មនុស្ស​ភាគច្រើន ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​នឹង​មិន​នាំឲ្យ​មាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ឡើយ​។ យោងទៅតាម Dietary Guidelines for Americans ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យ​គឺ​ស្ត្រី​អាច​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង​ក្នុង​មួយថ្ងៃ ខណៈពេលដែល​បុរស​អាច​ញ៉ាំ​បាន​ពីរ​ដង​ក្នុង​មួយថ្ងៃ​។ ខាងក្រោម​នេះ​គឺជា​ប្រភេទ​គ្រឿង​ស្រវឹង​ដែល​អាច​ញ៉ាំ​ក្នុង​កម្រិត​ខុសៗ​គ្នា​ដោយ​ផ្អែកទៅលើ​ភាពខ្លាំង​របស់​វា ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ស្មើ​នឹង​ញ៉ាំ​ម្តង​៖
•​    ​ស្រា​បៀរ​មួយ​កំប៉ុង​ចំណុះ ៣៥៤.៨៨​មី​លី​លីត្រ 
•​    ​ស្រា​មួយ​កែវ​ចំណុះ ១១៨.៣០​មី​លី​លីត្រ​
•​    ​ស្រា​គោ​ញាក់ ឬ​ស្រា​ខ្លាំង​ចំណុះ ២៩.៥០​មី​លី​លីត្រ​

​យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​ជំងឺថ្លើម​រ៉ាំរ៉ៃ​ហើយ ទោះបីជា​គ្រឿង​ស្រវឹង​តិចតួច​ក៏​អាច​ធ្វើឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បានដែរ​។ អ្នក​ដែឡ​មាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង និង​អ្នក​ក្រិន​ថ្លើម​ដោយសារតែ​មូលហេតុ​គ្រប់យ៉ាង​គួរតែ​តម​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទាំងស្រុង​តែម្តងទៅ​។ 

​តើ​កត្តា​អ្វីខ្លះ​ដែល​បង្កើន​ការ​ប្រឈម​នឹង​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​?
​ចំនួន​គ្រឿង​ស្រវឹង​ដែល​អ្នក​ញ៉ាំ​គឺជា​កត្តា​ប្រឈម​មុខ​ដ៏​សំខាន់​សម្រាប់​ការកើត​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​។ ការ​ប្រឈម​នឹង​កើតឡើង​នៅ​ពេល​អ្នក​ញ៉ាំ​រយៈពេល​កាន់តែ​យូរ និង​ចំនួន​កាន់តែច្រើន​។ យ៉ាងណាមិញ ដោយសារតែ​មនុស្ស​ភាគ​ច្រើន​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​មិនកើត​ជំងឺថ្លើម​ដោយសារ​តែ​គ្រឿង​ស្រវឹង ដូច្នេះ​យើង​ដឹងថា វា​ក៏​មាន​កត្តា​ផ្សេងៗ​ទៀត​ប៉ះពាល់​ដល់​រឿង​នេះ​ដែរ​។ ក្រៅ​ពី​កត្តា​ប្រឈមមុខ​ដែល​នាំ​ឲ្យ​មនុស្ស​ម្នាក់​កើត​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​នោះ​មានដូចជា​៖
•​    ​ធាត់​ជ្រុល​៖ ការ​ធាត់​ជ្រុល​គឺជា​កត្តា​មួយ​នាំឲ្យ​កើត​ជំងឺខ្លាញ់​រុំ​ថ្លើម​។ ការ​ផ្សំ​ចូល​គ្នា​នៃ​ការ​ធាត់​ជ្រុល និង​គ្រឿង​ស្រវឹង​ចូលគ្នឹង​គឺជា​រឿង​ដែល​ផ្តល់​ផល​ប៉ះពាល់​អាក្រក់​ជាង​តែមួយ​មុខៗ​ទៅទៀត​។ 
•​    ​កង្វះ​អាហារូបត្ថម្ភ​៖ មនុស្ស​ភាគច្រើន​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​គឺ​កង្វះ​អាហារូបត្ថម្ភ​ហើយ ដោយសារតែ​ពួកគេ​មិនសូវ​ញ៉ាំ​អាហារ និង​ក្អួត ឬ​ដោយសារតែ​គ្រឿង​ស្រវឹង និង​ជាតិពុល​ដែល​វា​ធ្វើឲ្យ​រាងកាយ​មិន​អាច​បឺត​ស្រូប​ជីវជាតិ​បាន​គ្រប់គ្រាន់​។ ករណី​ទាំងនេះ​ទើប​ធ្វើឲ្យ​កោសិកា​ថ្លើម​ខូចខា​តដោយសារតែ​កង្វះ​ជីវជាតិ​ប្រើប្រាស់​។ 
•​    ​កត្តា​ហ្សែ​ន​៖ ហ្សែ​ន​អាច​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​រាងកាយ​រំលាយ​គ្រឿង​ស្រវឹង ហើយក៏​អាច​ជា​កត្តា​ប្រឈម​មុខ​សម្រាប់​មនុស្ស​ម្នាក់​ទៅ​ជា​ប្រមឹក និង​មាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ដែរ​។ 
•​    ​ជាតិ​សាសន៍​៖ កត្តា​ប្រឈម​នឹង​របួស​ដល់​ថ្លើម​កាន់តែ​ខ្ពស់​គឺ​កើតឡើង​លើ​មនុស្ស​មាន​ជាតិ​សាសន៍​ពិសេស​សម្រាប់​ជំងឺ​នេះ​តែម្តង​។ ឧទាហរណ៍ អត្រា​នៃ​ជំងឺ​គ្រិន​ថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង​គឺ​កើតឡើង​កាន់តែ​ខ្ពស់​លើ​ជាតិ​សាសន៍ អាមេរិក​កាត់​អាហ្វ្រិក និង បុរស​អំបូរ​ពូជ Hispanic ព្រមទាំង Caucasian​។ 
•​    ​ភេទ​៖ ស្ត្រី​គឺ​ងាយ​នឹង​កើត​ជំងឺថ្លើម​ដោយសារ​តែ​គ្រឿង​ស្រវឹង​ជាង​បុរស ដោយសារតែ​ឥទ្ធិពល​របស់​វា​។ របៀប​នៃ​ការ​ញ៉ាំ​៖ វា​គឺ​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​ដែល​ស្ត្រី​ញ៉ាំ​នៅ​ខាងក្រៅ និង​ញ៉ាំ​ស្រា​ដែល​ខ្លាំង ឬ​អាច​ញ៉ាំ​រហូតដល់ ៤​ដង​ក្នុង​មួយថ្ងៃ និង​បុរស​អាច​ដល់ ៥​ដង​ក្នុង​មួយថ្ងៃ​។ 
•​    ​ជំងឺ​រលាក​ថ្លើម​ដោយសារ​តែ​វីរុស​រ៉ាំរ៉ៃ ជាពិសេស​ជំងឺ​រលាក​ថ្លើម​ប្រភេទ C៖ ការ​ផ្សំ​ចូល​គ្នា​នៃ​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការ​រលាក​ថ្លើម​ដោយសារតែ​វីរុស​ទៅលើ​ថ្លើម​ទៀត នាំ​ឲ្យ​ជំងឺ​នេះ​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ជា​ជំងឺ​ដែល​បង្ក​ដោយ​ជំងឺ​មួយៗ​ទៅទៀត​។ 

​តើ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​មាន​ការវិវត្តន៍​ដូច​ម្តេចទៅ​?
​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ភាគច្រើន​នឹង​វិវត្តន៍​ពី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទៅជា រលាក​ថ្លើម​ដោយសារ​តែ​គ្រឿង​ស្រវឹង ហើយ​ទៅ​ជា​ក្រិន​ថ្លើម​តែម្តង​។ យ៉ាងណាមិញ អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​មួយ​ចំនួន​ប្រហែល​ជា​កើត​បញ្ហា​ក្រិន​ថ្លើម​ដោយ​មិន​មាន​ការ​រលាក​ថ្លើម​មុន​ឡើយ ខណៈពេល​ដែល​ខ្លះ​ទៀត​មានការ​រលាក​ថ្លើម​មុន ប៉ុន្តែ​មិន​ចេញ​រោគសញ្ញា​អ្វី​សោះ​។ លើសពីនេះទៅទៀត ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ប្រហែលជា​ធ្វើឲ្យ​ថ្លើម​មាន​ការខូចខាត​កាន់​តែ​ខ្លាំង ដោយសារ​តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឬ​ជំងឺថ្លើម​ដែល​មិន​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ផ្សេងៗ​ទៀត​។ 

​ចាប់តាំងពី​មនុស្ស​ម្នាក់​ងាយ​នឹង​រង​ឥទ្ធិពល​ពុល​ដោយសារ​តែ​គ្រឿង​ស្រវឹង​មក តែ​វា​ប្រហែល​ជា​ប្រែប្រួល​ដែរ ទៅតាម​កត្តា​ជាច្រើន​ដូចជា អាយុ ភេទ ហ្សែ​ន និង​ជំងឺ​ដែលមាន ហើយ​វា​ក៏​ជា​ហេតុផល​មួយ​ដែល​អ្នក​ត្រូវ​ប្រាប់​អំពី​ទម្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​ជាមួយ​គ្រូពេទ្យ​។ 

​តើ​ផលវិបាក​នៃ​ជំងឺថ្លើម​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​មាន​អ្វី​ខ្លះ​ទៅ​?
​ផលវិបាក​ដោយសារ​តែ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ច្រើន​តែ​កើត​ឡើង​ក្រោយ​ពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​រយៈពេល​ច្រើន​ឆ្នាំ​។ ផលវិបាក​ទាំងអស់​នេះ​អាច​ជា​រឿង​គ្រោះថ្នាក់​ណាស់​។ វា​ប្រហែលជា​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​ថ្លើម ជា​ផលវិបាក​មួយ​នៃ​ជំងឺ Portal Hypertension ដូចជា​៖
•​    ​ទាច​ទឹក​
•​    ​ហូរឈាម​ចេញ​ពី​សរសៃឈា​មវែន​ក្នុង​បំពង់លើ​ក្រពះ ឬ​ក្រពះ​
•​    ​អណ្តើក​រីក​
•​    ​ជំងឺ​ខួរក្បាល និង​សន្លប់​
•​    ​ខ្សោយ​តម្រងនោម​
•​    ​ខ្សោយ​ថ្លើម​

​ក្រៅពី​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង វា​ប្រហែលជា​មាន​ជាប់ទាក់ទង​ដោយសារតែ​ជំងឺ​លើ​សរីរាង្គ​ជាច្រើន​ទៀត​ក្នុង​ខ្លួន​ដែរ​។ 

​តើ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​គេ​ធ្វើ​រោគវិនិច្ឆ័យ​ដូច​ម្តេចទៅ​?
​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ប្រហែលជា​ត្រូវបាន​គ្រូពេទ្យ​សង្ស័យ​ដោយ​ផ្អែក​ទៅលើ​ប្រវត្តិ​របស់​អ្នកជំងឺ​ក្នុងកា​រញ៉ាំ​គ្រឿង​ស្រវឹង ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរពិសោធន៍ ឬ​លទ្ធផល​ថត​រូបភាព​វេជ្ជសាស្ត្រ​ឃើញ​មិន​ធម្មតា ឬ​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​។ ការ​ធ្វើតេស្ត​ឈាម​ប្រហែលជា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ទាត់ចោល​ជំងឺថ្លើម​ផ្សេងៗ​ទៀត​។ គ្រូពេទ្យ​ក៏​ប្រហែលជា​ត្រូវ​ប្រើ​វិធី​ច្រឹប​សាច់​ថ្លើម​ទៅពិនិត្យ​ទៀត​។ ក្នុងពេល​ច្រឹប​សាច់​ទៅពិនិត្យ​នេះ គឺ​គេ​យក​សាច់​ថ្លើម​ទៅ​ធ្វើការ​វិភាគ​ក្នុង​មន្ទីរពិសោធន៍​។ 

​តើ​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ព្យាបាល​ដូច​ម្តេចទៅ​?
​តម​
​បើសិន​ជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​រកឃើញថា​មាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ហើយ រឿង​សំខាន់​បំផុត​មួយ​ដែល​អ្នក​អាចធ្វើ​បាន​សម្រាប់​ខ្លួនឯង​គឺ​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង​។ ការ​តម​គ្រឿង​ស្រវឹង​នេះ​គឺជា​មធ្យោបាយ​តែ​មួយគត់​ក្នុង​ការស្តារ​ភាព​ខូចខាត​របស់​ថ្លើម​ឡើងវិញ ឬ​ករណី​ដែល​ធ្ងន់ធ្ងរ វា​ក៏​បង្ការ​កុំឲ្យ​មាន​ការខូចខាត​បន្ថែមទៀ​ត​ដែរ​។ ចូរ​ពិភាក្សា​ជម្រើស​ព្យាបាល​ជា​មួយ​គ្រូពេទ ដែល​វា​អាច​មាន​ជា​ការពិគ្រោះ​ជំងឺ ការ​ឲ្យ​ថ្នាំលេប កម្មវិធី​ឲ្យ​ថ្នាំ​លេប​ហើយ​ទៅ​ផ្ទះ​វិញ ឬ​ការទទួលឲ្យ​សម្រាក​ក្នុ​ង​មន្ទីរពេទ្យ​តែម្តង​។ បើសិនជា​ញៀន​គ្រឿង​ស្រវឹង​តែ​ម្តងនោះ ការ​តាម​ដាម​ជំងឺ​ក្នុង​កម្មវិធី​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន ប្រហែលជា​ត្រូវ​ធ្វើ​ដែរ​ដើម្បី​កាត់បន្ថយ​កម្រិត​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​មួយ​សុវត្ថិភាព​។ វា​អាច​គ្រោះ​ថ្នាក់​ក្នុង​ការឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​ភ្លាមៗ​ពេក​។ ការបន្ថយ​គ្រឿង​ស្រវឹង​លឿន​ពេក​ក៏​អាច​នាំឲ្យ​មាន​រោគសញ្ញា​ញៀន​ដែរ​ដូចជា ថប់​អារម្មណ៍ ឆេវឆាវ វង្វេវង្វាន់ និង​ប្រកាច់​។ 

​ការព្យាបាល​ដោយ​អាហារូបត្ថម្ភ​
​ការ​កង្វះ​អាហារូបត្ថម្ភ​គឺជា​រឿង​ញឹកញាប់​បំផុត​លើ​អ្នក​ដែល​មាន​ជំងឺថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​។ គ្រូពេទ្យ​ទំនងជា​ណែ​នាំឲ្យ​ទទួល​បាន​របប​អាហារ​ពិសេស ព្រមទាំង​វីតាមីន និង​ជីវជាតិ​ដែល​ត្រូវការ​ដើម្បី​លុបបំបាត់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​ជួយ​ឲ្យ​ឡើង​ទម្ងន់​វិញ​បើសិន​ជា​ចាំបាច់​។ អ្នក​ប្រហែលជា​ត្រូវបាន​គេ​ណែនាំ​ឲ្យទៅ​ជួប​អ្នកជំនាញខាង​អាហារូបត្ថ​ម្ភ​ផង​ព្រោះ​គាត់​អាច​ជួយ​ដល់​ការរៀបចំ​គម្រោង​ញ៉ាំ​អាហារ​អ្នក​បាន​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ក្នុងការ​ញ៉ាំ​អាហារ​ដើម្បី​ទទួលបាន​ជីវជាតិ​តាម​តម្រូវការ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យប្រើ​វិធីចាក់​ថ្នាំ​ដែល​មាន​ជីវជាតិ​ពិសេ​ស​តាម​សរសៃ ឬ​តាម​ការ​សុង​ក្រពះ​។ 

​ការប្រើប្រាស់​ថ្នាំ​
​ដោយ​យោង​ទៅតាម​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ គ្រូពេទ្យ​អាច​ណែនាំ​ថ្នាំ​ជាច្រើន​ដើម្បី​ជួយ​បន្ថយ​ការ​រលាក​របស់​ថ្លើម​។ ថ្នាំ​ទាំង​នេះ​អាច​មាន​ប្រសិទ្ធភាព​រយៈពេល​ខ្លី​ក្នុង​ការបង្កើន​ភាព​មានជីវិត​។ ការព្យាបាល​ដោយ​ថ្នាំ Steroid ជាមួយនឹង Prednisolone គឺជា​ជម្រើស​ដំបូង​គេ បន្ទាប់មក​គឺ Pentoxifyline បើសិនជា​ការព្យាបាល​ដោយ Steroid មិន​មាន​ប្រសិទ្ធភាព​ទេ​។ ការព្យាបាល​ផ្សេង​ពី​នេះ​គឺ​មិន​ត្រូវបាន​គេ​រកឃើញ​ថា​អាច​ព្យាបាល​ការ​រលាក​ថ្លើម​ដោយសារ​តែ​គ្រឿង​ស្រវឹង​ឡើយ​។ 

​ការ​ផ្សាំ​ថ្លើម​ថ្មី​
​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម​ដោយសារ​តែ​គ្រឿង​ស្រវឹង​ដំណាក់កាល​ធ្ងន់ធ្ងរ ជម្រើស​ព្យាបាល​តែមួយកត់​ប្រហែល​ជា​ការ​ផ្សាំ​ថ្លើម​ថ្មី​ហើយ​។ យ៉ាងណាមិញ អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ដ៏​សកម្ម​ច្រើនតែ​មិន​ស័ក្តិសម​នឹង​ទទួលយក​ការព្យាបាល​នេះឡើយ​។ សម្រាប់​អ្នក​ដែល​ត្រូវការ​ការព្យាបាល​បែបនេះ គឺ​ត្រូវការ​តម​គ្រឿង​ស្រវឹង ៦​ខែ​ជាប់​សិន ហើយ​ក៏​យល់ព្រម​ថា​មិន​ញ៉ាំ​គ្រឿង​ស្រវឹង​បន្តទៀត​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ liverfoundation.org

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play