របកគំហើញសុខភាពថ្មីៗ

អាស៊ីតហ្វូលិក​ប្រហែល​ជា​ជួយ​បន្ថយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លើ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ថ្នាំ​បំប៉ន​អាច​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​របស់​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​កុំឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​រហូតដល់ ៧៥​ភាគរយ​ឯណោះ​។ ប៉ុន្តែ​អំណះអំណាង​ដែល​មាន​លើ​ការសិក្សា​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ការចុះផ្សាយ​ព័ត៌មាន​សោះ​។ 

​អាស៊ីតហ្វូលិ​កអាច​បន្ថយ​ចំនួន​របស់ Homocysteine ក្នុង​ឈាម​។ កាលណា​សារធាតុ​នេះ​មាន​ច្រើន គឺ​មាន​ជាប់ទាក់ទង​នឹង​ការបង្កើត​នូវ​កំណក​ឈាម​ច្រើន ហើយ​វា​ក៏​កើតមាន​នៅក្នុង​ជំងឺ​បេះដូង​សរសៃឈាម ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ អ្វី​ដែល​គេ​បារម្ភ​នោះ​គឺថា កំណក​ឈាម​អាច​នឹង​ស្ទះ​ដល់​ការផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល​បាន​។ 

​អ្នកស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ទៅលើ​ការ​ស្វែងយល់ថា​តើ ថ្នាំ​បំប៉ន​ជា​អាស៊ីតហ្វូលិ​កអាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នេះ​បាន​ឬ​អត់​។ ពួកគេ​បាន​ធ្វើ​ការសិក្សា​លើ​មនុស្ស​ចាស់​ច្រើនជាង ១០០០០​នាក់ ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ ប៉ុន្តែ​មិន​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​ឡើយ​។ អ្នកចូលរួម​ត្រូវបាន​គេ​ផ្តល់ឲ្យ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ទាំងអស់គ្នា ហើយ​ក្នុងនោះ​មាន និង​មិន​មាន​អាស៊ីតហ្វូលិក​ទៅ​ជាមួយ ព្រមទាំង​តាមដាន​រយៈពេល ៤​ឆ្នាំ​។ 

​អ្នកចូលរួម​ទាំងអស់​ត្រូវបាន​គេ​វាយតម្លៃ​ថា​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ឬ​អត់​បើសិន​ជា​ពួកគេ​មាន​ចំនួន​សារធាតុ Homocysteine ក្នុង​ឈាម​ខ្ពស់ និង​ប្លាកែ​ត​ទាប​។ ក្នុងចំណោម​អ្នកចូលរួម​ទាំងអស់​ដែល​មាន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាប វា​ក៏​មិនសូវ​មាន​អ្វី​ខុស​គ្នា​រវាង​អ្នក​ដែល​ប្រើ​ថ្នាំ​អាស៊ីតហ្វូលិ​ក និង​មិន​ប្រើ​ដែរ​។ 

​យ៉ាងណាមិញ​វា​មិនមែន​ជា​ការអនុវត្តន៍​តាម​ក្បួន​វេជ្ជសាស្ត្រ​ឡើយ​ក្នុង​ការវាយតម្លៃ​ទៅលើ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​របស់​មនុស្ស​ម្នាក់​ដោយ​ផ្អែក​ទៅលើ​កម្រិត​នៃ​សារធាតុ​ក្នុង​ឈាម​មួយ​ប្រភេទ​នេះ​ឡើយ​។ ដូច្នេះ តាមរយៈ​ការសិក្សា​មួយ​នេះ យើង​មិន​អាច​និយាយបាន​ថា វា​អាច​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ឡើយ ហើយក៏​មិន​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ថា ថ្នាំ​បំប៉ន​អាស៊ីតហ្វូលិ​កនឹង​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គេ​អះអាង​ថា​ជា​វិធី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​គឺ ការ​ញ៉ាំ​របប​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ​ទៀងទាត់ មិន​ជក់បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play