ជំងឺទូទៅ

​មាន​ដឹង​អត់​ថា ជំងឺ​អ៊ុត​ស្វាយ​អាច​បង្ក​ជា​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

​ផលវិបាក​អាចមាន ហើយ​ក៏​កើតឡើង​ដែរ​ក្រោយពី​មាន​ជំងឺ​អ៊ុត​ស្វាយ ហើយ​វា​ប្រហែល​ជា​ប៉ះពាល់​ដល់​អាយុជីវិត​ទៀតផង​។ ការបង្ក​រោគ​ទៅលើ​ដំបៅ​បើកមុខ​ដោយសារតែ​បាក់តេរី អាច​បង្ក​បញ្ហា​លើ​ស្បែក​ដែរ ពេល​ខ្លះ​ធ្វើ​ឲ្យទៅ​ជា​សម្លាក ជាពិសេស​បើសិនជា​អ្នកជំងឺ​អេស​នៅ​កន្លែង​ដែល​រលាក​នោះ​។ ការបង្ក​រោគ​ដោយ​បាក់តេរី​លើ​ស្បែក ជាមួយនឹង Streptococcus (Stretp ឬ Impetigo) គឺជា​ផលវិបាក​ញឹកញាប់​បំផុត​នៃ​ជំងឺ​អ៊ុត​ស្វាយ​លើ​កុមារ​។ 

​ផលវិបាក​ផ្សេងៗ​ទៀត​មិន​សូវ​កើតមាន​ជា​ញឹកញាប់​ឡើយ​។ សម្រាប់​ក្មេង ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​ប្រហែល​ជា​រង​ការប៉ះពាល់​ដែរ​។ ការ​រលាក​ខួរក្បាល​ក្នុង​តំបន់​ធំៗ ឬ​ហៅ​ថា Cerebelitis ប្រហែល​ជា​កើត​ឡើង​ជាមួយ​នឹង​ការ​វិលមុខ មិន​អាច​មាន​លំនឹង​រាងកាយ ញ័រ និង​ប្រែប្រួល​ការនិយាយ​។ ការ​រលាក​ខួរក្បាល ប្រហែល​ជា​កើត​ឡើង​ជាមួយ​គ្នា​នឹង​ការ​ខូច​សរសៃប្រសាទ​ផង​។ ចង្កោម​រោគសញ្ញា Reye ដែល​ជា​ការ​ផ្សំ​ចូល​គ្នា​មួយ​នៃ​ជំងឺ​ខួរក្បាល និង​ថ្លើម ទៅ​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លាំង​មួយ ក៏​ប្រហែលជា​កើតឡើង​លើ​ក្មេង​ដែល​លេបថ្នាំ​អាស្ពីរីន ឬ Salicylate ។ ផលវិបាក​ផ្សេងៗ​ទៀត​រួមមាន ការបង្ក​រោគ​ក្នុង​ចរន្តឈាម និង​ការ​ខ្សោះ​ជាតិ​ទឹក​។ ការស្លាប់​ដោយសារ​តែ​ជំងឺ​នេះ​ប្រហែលជា​អាច​កើតឡើង​លើ​កុមារ​ដែល​មាន​សុខភាព​ល្អ​ផង​ដែរ​។ 

​ការ​រលាក​សួត​គឺជា​ផលវិបាក​ញឹកញាប់​មួយ​លើ​យុវវ័យ ហើយ​អាច​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន​។ មនុស្ស​ធំ​ភាគច្រើន​ដែល​ស្លាប់​ដោយសារ​តែ​ជំងឺ​អ៊ុត​ស្វាយ​គឺ​ឆ្លង​ជំងឺ​នេះ​ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​កាលពី​ក្មេង​។ 

​ក្រោយ​ពី​ជំងឺ​នេះ​ជា​វិញ​ហើយ នៅ​ថ្ងៃក្រោយ ពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ វីរុស​បង្ក​ជំងឺ​នេះ​ប្រហែលជា​បង្ក​ជា​ជំងឺ​មួយ​ផ្សេង​ទៀត​ហៅ​ថា​រើម​វិញ ដែល​វា​មាន​ផលវិបាក​មួយចំនួន​កើតឡើង​ដែឬ​។ អ្នក​ដែល​មាន​ជំងឺ​នេះ​គឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ផលវិបាក​ធ្ងន់ធ្ងរ និង​ការស្លាប់​ដូចជា​៖
•​    ​ជំងឺអេដស៍​
•​    ​ជំងឺ Lupus និង​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​ផ្សេងៗ​ទៀត​
•​    ​ជំងឺមហារីក​គ្រាប់​ឈាម​ស និង​មហារីក​ផ្សេងៗ​ទៀត​
•​    ​អ្នក​ដែល​លេបថ្នាំ​ទប់ស្កាត់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា Cortisone, Tumor Necrosis Factor Inhibitors និង​ថ្នាំ​មហារីក​
•​    ​អ្នក​ដែល​បាន​ផ្សាំ​សរីរាង្គ​ក្នុង​ខ្លួន​
•​    ​អ្នក​មាន​ផ្ទៃពោះ​
•​    ​ទារក​ទើបនឹង​កើត យុវវ័យ និង​មនុស្ស​ធំ​

​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មិន​ធ្លាប់​មាន​ជំងឺ​អ៊ុត​ស្វាយ ឬ​ចាក់​វ៉ាក់សាំង​ទេ គួរតែ​ចៀសវាង​ការប៉ះពាល់​អ្នក​ដែល​សង្ស័យ​ថា​មាន​ជំងឺ​អ៊ុត​ស្វាយ ឬ​នរណា​ដែល​សង្ស័យ​ថា​មាន​ជំងឺ​អ៊ុត​ស្វាយ​ឡើយ​។ រឿង​នេះ​មិន​ត្រឹមតែ​ធ្វើឲ្យ​នាង​ប្រឈម​នឹង​ជំងឺ​រលាក​សួត​ដោយសារ​តែ​ជំងឺ​អ៊ុត​ស្វាយ​ទេ តែ​ទារក​ក្នុង​ផ្ទៃ​ក៏​ប្រឈម​នឹង​ការបង្ក​រោគ​ផងដែរ រហូត​ដល់​សប្តាហ៍​ទី ២០​នៃ​ការ​ពរ​ពោះ​។ ទារក​ដែល​ឆ្លង​ជំងឺ​អ៊ុត​ស្វាយ​តាំង​ពី​កំណើត​ប្រឈម​ខ្ពស់​នឹង​ការ​ខូច​អវៈយវៈ​ដូចជា សម្លាក​នៅ​ស្បែក និង​មាន​ដៃជើង​មិន​គ្រប់ តែ​សំណាង​ដែរ​ព្រោះ​វា​ជា​រឿង​កម្រ​បំផុត​។ ទារក​ទាំង​នេះ​ប្រហែលជា​ចេញ​ជា​រោគសញ្ញា​រយៈពេល ២​សប្តាហ៍​នៃ​ការ​សម្រាល​។ នេះ​ដោយសារ​តែ មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ម្តាយ​បង្កើត​ជា​អង់ទីគ័រ​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​កូន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  ឧសភា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play