អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ការវះកាត់​ផ្លាស់ប្តូរ​មុខ​មួយ​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​មាន​ជីវិត​ស្រស់ស្រាយ​ឡើងវិញ​

​លោក Pat Hardison  អាយុ​៤១​ឆ្នាំ ដែលជា​អ្នក​ពន្លត់អគ្គីភ័យ​ស្ម័គ្រចិត្ត​ម្នាក់ ត្រូវបាន​ភ្លើង​ឆេះ​រោលរាល​ខូច​មុខ​យ៉ាងខ្លាំង​កាលពី​ឆ្នាំ​២០០១​។ គាត់​បាន​ទទួល​ការវះកាត់​ប្តូរ​មុខ​កាលពី​ខែសីហា​កន្លងទៅនេះ ក្រោយ​ពី​គេ​បាន​រក​មុខ​របស់​អ្នកផ្តល់​ម្នាក់ ដែល​មាន​លក្ខណៈ​ត្រូវ​នឹង​រូប​គាត់​។


​ការវះកាត់​ប្រព្រឹត្តទៅ​អស់​ពេល​២៦​ម៉ោង ក៏​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​វះកាត់ Dr. Eduardo Rodriguez  និយាយថា​អ្វី​ដែល​ចំណាយ​ពេលវេលា​វែង​ជាង​នោះ​ទៅទៀត​នោះ គឺ​ការ​ស្វះស្វែង​រក​មុខ​របស់​អ្នកផ្តល់​ម្នាក់​ដែល​ត្រូវ​នឹង​គាត់​៖ "​យើង​ត្រូវ​រក​មុខ​អំណោយ​ដែល​ត្រូវ​នឹង​មុខ​របស់​គាត់ គឺ​ត្រូវ​វាស់វែង​តាំងពី​ប្រវែង​ចន្លោះ​ភ្នែក ច្រមុះ មាត់ និង​បបូរមាត់​ឡើងទៅ ដែល​ជាហេតុ​ធ្វើឱ្យ​ការវះកាត់​នេះ​វា​មាន​លក្ខណៈ​ជាក់លាក់​ខ្លាំងណាស់​"​។​


​អ្នកផ្តល់​មុខ​មានឈ្មោះ​ថា David Rodebaugh  អាយុ​២៦​ឆ្នាំ ដែល​បាន​ស្លាប់​ដោយសារ​ដួល​កង់​បែក​ក្បាល នៅឯ Brooklyn ។ ម្តាយ​របស់ David Rodebaugh  បាន​យល់ព្រម​ធ្វើ​អំណោយ​មុខ​របស់​សព​កូន​គាត់ ក្រោយពី​មាន​ការទាក់ទង​សុំ​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល LiveOnNY ដែល​បាន​ធ្វើ​ការតាមដាន​រក​មុខ​ជា​យូរណាស់​មកហើយ​។​


​ការវះកាត់​នេះ​មានសំណាង​៥០​លើ​៥០ ហើយ​ត្រូវ​ចំណាយ​សោហ៊ុយ​អស់​ប្រមាណ​ជា​១​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​មជ្ឈមណ្ឌល NYC Langone Medical Center រ៉ាប់រង​ចេញ​ចំណាយ​ទាំងអស់​។​


​លោក Pat Hardison  នៅ​មាន​ការឈឺចាប់​នៅលើ​មុខ​នៅ​ឡើយ ក៏​ប៉ុន្តែ​គាត់​មាន​អារម្មណ៍​រីករាយ​សប្បាយ ព្រោះ​មុខ​គាត់​លែង​ធ្វើឱ្យ​ក្មេងៗ​ខ្លាច​ទៀតហើយ​។​


​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play