អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

វះកាត់​កូនភ្លោះ​ជាប់​គ្នា​បានសម្រេច​ដោយ​ប្រើ CT Imaging និង 3D Printing

​គ្រូពេទ្យ​វះកាត់​ជា​ច្រើន​បាន​វះកាត់​កូនភ្លោះ​ដែល​ជាប់​គ្នា​បាន​យ៉ាង​ជោគជ័​ដោយ​ប្រើ​ឧបករណ៍  3D- Printed Models និង CT Image​។

3D Printing ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍​វេជ្ជសាស្ត្រ​ជាច្រើន​ប្រភេទ​សម្រាប់​ដំណើរការ​វេជ្ជសាស្ត្រ​នា​ពេល​ថ្មីៗ​នេះ ចាប់ពី​ប្រើ​សម្រាប់​ផ្តល់​ជា​លលាដ៍ក្បាល​ថ្មី​ដល់​ក្មេងស្រី​អាយុ ៣​ឆ្នាំ រហូត​ដល់​បង្កើតជា​គ្រោង​ឆ្អឹងជំនី​ថ្មី​សម្រាប់​អ្នក​ជំងឺមហារីក​។ វា​ក៏​អាច​ឱ្យ​គ្រូពេទ្យ​ប្រើ​ដើម្បី​សម្រាលកូន​ដែលមាន​ផលវិបាក​ច្រើន​ក្នុងពេល​សម្រាល​ផងដែរ​។ បច្ចុប្បន្ននេះ ការសិក្សា​មួយ​ដែល​បាន​បង្ហាញ​នៅ​ឯ​កិច្ចប្រជុំ សង្គម​សិក្សា​វិទ្យុសកម្ម​នៃ​អាមេរិក​ខាងជើង (Radiological Society of North America, RSNA) ប្រចាំ​ឆ្នាំ​នោះ អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់ 3D Printing ដើម្បី​ជួយ​ធ្វើការ​វះកាត់​កូនភ្លោះ​ដែល​កើត​មក​ជាប់​គ្នា​។

កូនភ្លោះ​កើត​ជាប់​គ្នា​មាន​ការលូតលាស់​តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ជាពិសេស​នៅពេល​អំប្រ៊ីយ៉ុង​ធម្មតា​បំបែក​ខ្លួន​ជា​ពីរ​តែម្តង​។ ប៉ុន្តែ​នៅពេល​វា​បំបែក​ខ្លួន វា​បែរជា​នៅ​ជាប់​គ្នា​នៅឡើយ ដោយ​ទ្រូង និង​គូថ​ដាច់ពីគ្នា តែ​សរីរាង្គ​ជាច្រើន និង​សរសៃឈាម​នៅ​ជាមួយគ្នា​ទៅវិញ​។ នៅ​សហរដ្ឋអាមេរិក​ក្នុងចំណោម​កូន​ដែល​កើតមក​ភ្លោះ ២០០,០០០​នាក់ មាន​មួយ​ដែល​កើតមក​ភ្លោះ​ជាប់​គ្នា ហើយ​ក៏​ពិបាក​នឹង​ការវះកាត់​ចេញ​ពី​គ្នា​ដែរ ដោយ​យ៉ាងហោច​ណាស់​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​មាន​ជីវិត​រស់​។

ចំពោះ​ប្រធានបទ​ដែល​ពួកគេ​បាន​ធ្វើ​ការសិក្សា​ថ្មីៗ​នេះ​គឺ Knatalye Hope និង Adeline Faith Mata ដែល​ជា​បងប្អូន​ភ្លោះ​កើត​មក​ជាប់​គ្នា​ពី​ទ្រូង​ដល់​អាង​ត្រគៀក ហើយ​ពួកគេ​កើត​នៅ​ថ្ងៃទី ១១ ខែ​មេសា ឆ្នាំ ២០១៤​។ វេជ្ជបណ្ឌិត Rajesh Krishnamurthy ប្រធាន​ខាង​ស្រាវជ្រាវ​វិទ្យុសកម្ម​វេជ្ជសាស្ត្រ និង​រូបភាព​វេជ្ជសាស្ត្រ​បេះដូង នៅ​ឯ​មន្ទីរពេទ្យ​កុមារ Texas បានចេញ​សេចក្តីថ្លែងការណ៍​ថា “​ករណី​នេះ​គឺជា​ករណី​កូន​កើត​មក​ជាប់​គ្នា​ពិសេស​មួយ វា​គឺជា​ការជាប់​គ្នា​មួយ​ដែល​មាន​ភាពស្មុគស្មាញ​បំផុត​ចំពោះ​កូនភ្លោះ​”​។

ដើម្បី​រៀបចំ​សម្រាប់​ការវះកាត់​ដ៏​គ្រោះថ្នាក់​នេះ គ្រូពេទ្យ​វះកាត់ បាន​ប្រើប្រាស់​ឧបករណ៍ CT Imaging ជាមួយនឹង 32-detector Scanner ដែល​វា​អាច​ផ្តល់​ជា​ភាព​សុ​ក្រិត និង​រូបភាព​នៅ​កន្លែង​ជ្រៅៗ​របស់​ទារក​ជាប់​គ្នា​ទាំងពីរ ល្អ​ជាង​ឧបករណ៍ CT scans ធម្មតា​។ ជា​ចុងក្រោយ ពួកគេ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ឈ្មោះថា Target Mode Prospective EKG ដើម្បី​បញ្ឈប់​ការ​ធ្វើ​ចលនា​របស់​បេះដូង​ដោយ​ធ្វើឱ្យ​វា​កក់ ដើម្បី​ងាយស្រួល​មើល​រូបរាងរ​បស់​ប្រព័ន្ធ​បេះដូង​សរសៃឈាម និង​កាត់បន្ថយ​ការប៉ះពាល់​នឹង​កម្ម​រស្មី​។

វេជ្ជបណ្ឌិត Krishnamurthy និយាយថា “​ក្នុង​រូបភាព​ចេញពី CT Scans បង្ហាញថា បេះដូង​របស់​ទារក​គឺ​ស្ថិត​ក្នុង​ប្រហោង​ដូចគ្នា ប៉ុន្តែ​វា​មិន​ជាប់​គ្នា​ឡើយ​។ ហើយ​យើង​ក៏​អាច​រកឃើញ​កន្លែង​ដែល​អាច​ញែក​ថ្លើម​ចេញ​ពី​គ្នា​ផងដែរ​”​។

បន្ទាប់មក គ្រូពេទ្យ​វះកាត់​បាន​ប្រើប្រាស់​រូបភាព​រចនាសម្ព័ន្ធ​គ្រោង​ឆ្អឹង និង​សរីរាង្គ របស់​កូនភ្លោះ​ទាំងពីរ ដែល​បង្កើត​ចេញ​ពី​ឧបករណ៍ 3D Printed Models ដើម្បី​ញែក​សរីរាង្គ​នោះ​ចេញ​ពី​គ្នា​។ រឿង​នេះ​មិន​ត្រឹមតែ​មាន​ប្រយោជន៍​ក្នុង​ការអប់រំ​គ្រូពេទ្យ​អំពី​រាងកាយ​របស់​កូនភ្លោះ​មុន​ពេល​ថត​ទេ តែ​វា​ក៏​ជួយ​ពួកគេ​ក្នុង​ការ​និយាយប្រាប់​អំពី​ដំណើរការ​នេះ​ទៅ​ដល់​ឪពុក​ម្តាយ​កូនភ្លោះ​ដែរ​។

​ការវះកាត់​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០១៥​។ តាមរយៈ 3D Printed Models គ្រូពេទ្យ​វះកាត់ បាន​រកឃើញ ចំណុច​សម្គាល់​សម្រាប់​ថ្លើម បេះដូង និង​សរីរាង្គ​ក្នុង​អាង​ត្រគៀក​។ រយៈពេល ៦​ម៉ោង​ក្រោយ ការវះកាត់​ត្រូវបាន​បញ្ចប់ និង​ទទួលបាន​ជោគជ័យ​ផងដែរ​។ នៅ​ខែ​ឧសភា ឆ្នាំ ២០១៥ Knatalye បាន​ត្រឡប់ទៅផ្ទះ​មុន ចំណែកឯ Adeline ត្រូវបាន​បញ្ជូន​ទៅ​ផ្ទះ​ដែរ​នៅ​រយៈពេល​មួយ​ខែ​បន្ទាប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play