វេបសាយ www.health.com.kh និងមជ្ឈមណ្ឌលធនធានវេជ្ជសាស្ត្រមានដំណើរការដោយក្រុមវេជ្ជបណ្ឌិតសិក្សានៅបរទេសមួយក្រុមដែលមានការប្តេជ្ញាចិត្តខ្ពស់ចង់ឲ្យប្រជាជនកម្ពុជាមានសុខភាពល្អនិងផ្នែកវេជ្ជសាស្ត្រនៅកម្ពុជាមានការរីកចម្រើនជាងនេះ។ ក្រុមអ្នកនិពន្ធនេះមាន:
វេជ្ជបណ្ឌិត ងួន សេរ័ត្ន
វេជ្ជបណ្ឌិត ងួន សេរ័ត្ន ជាអ្នកគ្រប់គ្រងនិងនិពន្ឋនាយករបស់គេហទំព័រនេះ។លោកបានទទួលសញ្ញាប័ត្រវេជ្ជបណ្ឌិតនៅឆ្នាំ១៩៩៨និងក្រោយមកទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសារព័ត៌មាននៅប្រទេសហ្វីលីពីននៅឆ្នាំ២០០9។
ដោយមានបទពិសោធន៍ចំនួន១០ឆ្នាំជាអ្នកនិពន្ធរបស់សារព័ត៌មានរស្មីកម្ពុជា និងក្នុងនាមលោកជាវេជ្ជបណ្ឌិតម្នាក់ដែលបានទទួលការបណ្តុះបណ្តាលពីមហាវិទ្យាល័យវវិទ្យាសាស្ត្រសុខាភិបាល លោកងួន សេរ័ត្នបានផ្តួចផ្តើមគំនិតបង្កើតគេហទំព័រនេះឡើង ដើម្បីជាការចូលរួមចំណែកធ្វើឲ្យប្រជាជនកម្ពុជាមានសុខភាពល្អប្រសើរឡើង។
ដោយហេតុនោះហើយទើបបានជាទស្សនវិជ្ជារបស់វេបសាយនេះគឺ “សុខភាពសម្រាប់ទាំងអស់គ្នា” ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តខ្ពស់របស់គាត់នៅក្នុងការនាំយករឿងរ៉ាវទាក់ទងទៅនឹងបញ្ហាសុខភាពដែលត្រឹមត្រូវ មានអត្ថប្រយោជន៍ និងអាចឲ្យជឿទុកចិត្តបាន និងបច្ចុប្បន្នភាពវេជ្ជសាស្ត្រមកជូនវេជ្ជបណ្ឌិត និស្សិតពេទ្យ អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ក៏ដូចជាសាធារណជនទូទៅ ដោយមិនមានចំណាយប្រាក់។ ការជឿជាក់នៅលើទស្សន: ដែលថា “កាលណាប្រជាជនទទួលព័ត៌មានកាន់តែប្រសើរពួកគេនឹងកាន់តែមានសុខភាពល្អ” បានជម្រុញលើកទឹកចិត្តគាត់ឲ្យបង្កើតគេហទំព័រនេះឡើង ដែលអាចនឹងធ្វើឲ្យប្រជាជនកម្ពុជានិងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រមានលទ្ធភាពទទួលបាននូវព័ត៌មានស្តីពីសុខភាព ជំងឺ និងបច្ចុប្បន្នភាពវេជ្ជសាស្ត្រ។ ហើយអ្វីដែលកាន់តែសំខាន់ទៅទៀតនោះ គឺលោកផ្តួចផ្តើមវេបសាយ www.health.com.kh សម្រាប់ផ្តល់ជូននូវការពិគ្រោះសុខភាពដោយមិនមានចំណាយប្រាក់ ផងដែរ។
វេជ្ជបណ្ឌិត ស៊ិក ធីរ:
វេជ្ជបណ្ឌិត ស៊ិក ធីរ: ជាអ្នកនិពន្ធទទួលបន្ទុកជំងឺវះកាត់ (surgical diseases)។ លោកវេជ្ជបណ្ឌិត ស៊ិក ធីរ:បានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីបានបម្រើការងារនៅមន្ទីរពេទ្យព្រះកុសុម:បានចំនួនជាង៣ឆ្នាំលោកត្រូវបានបញ្ជូនឲ្យទៅធ្វើការសិក្សាបន្តនៅ ប្រទេស កូរ៉េខាង ត្បូង ចំនួន២ឆ្នាំ អំពីការវះកាត់សន្លាក់ និងឆ្អឹងនៅមន្ទីរពេទ្យរបស់សាកលវិទ្យាល័យស៊ុនជុនយ៉ាង (Soon Chun Yang)។ ដោយហេតុនេះគាត់មានជំនាញពិសេសនៅក្នុងការព្យាបាល និងវះកាត់ឆ្អឹងនិងជំងឺសន្លាក់ (bone and joint diseases) ការផ្លាស់សន្លាក់ (joint replacement) និងការព្យាបាលការឈឺខ្នង (back pain management)។ល។
វិភាគទានរបស់លោកវេជ្ជបណ្ឌិត ធីរ:ចំពោះគេហទំព័រនេះរួមមានអត្ថបទទាក់ទងទៅនឹងមុខជំនាញរបស់គាត់ ជាមួយនឹងការពិគ្រោះវេជ្ជសាស្ត្រតាមអាំងទែរណិតអំពីការគ្រប់គ្រងការឈឺខ្នង ជំងឺសន្លាក់និងឆ្អឹង ក៏ដូចជាជំងឺឯទៀតៗ ផងដែរ។ សព្វថ្ងៃនេះ លោកគឺជាគ្រូពេទ្យវះកាត់ដ៏ល្បីល្បាញនៅក្នុងពហុគ្លីនិកនាំមុខគេចំនួន៥ និងជាគ្រូឧទ្ទេសនាមមុខវិជ្ជាវះកាត់នៅសាកលវិទ្យាល័យអន្តរជាតិ(International University) ផងដែរ។ អ្នកដែលចង់ពិគ្រោះជំងឺជាមួយនឹងលោកធីរ:អាចសរសេរសំណួរដាក់នៅក្នុងគេហទំព័រ www.health.com.kh បានដោយមិនបាច់់បង់ប្រាក់ឡើយ។
វេជ្ជបណ្ឌិត លីម វណ្ណនិត
វេជ្ជបណ្ឌិត លីម វណ្ណនិត ជាគ្រូពេទ្យឯកទេសផ្នែកជំងឺកុមារ (pediatrician-neonatologist) នៅមន្ទីរពេទ្យកាល់ម៉ែត។ លោកមានជំនាញនៅក្នុងការព្យាបាលជំងឺកុមារ។ ដូច្នេះលោកទទួលខុសត្រូវផ្នែកជំងឺកុមារសម្រាប់វេបសាយនេះ។ លោកបានទទួលសញ្ញាប័ត្រផ្នែកជំងឺកុមារពីសាកលវិទ្យាល័យណង់ (Nantes University) ប្រទេសបារាំង។ សព្វថ្ងៃនេះ លោកកំពុងបម្រើការនៅក្នុងផ្នែក Neonatal Intensive Care Unit នៃមន្ទីរពេទ្យកាល់ម៉ែត។ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ដ៏ទូលំទូលាយដល់យុវជនជំនាន់ក្រោយ លោកបានស្ម័គ្រចិត្ត ជួយបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកវេជ្ជបណ្ឌិតលីម វណ្ណនិត ចង់ចូលរួមចំណែកនៅក្នុងការលើកកំពស់សុខភាពកុមារកម្ពុជា។ លោកជាសមាជិកម្នាក់របស់សមាគមគ្រូពេទ្យជំងឺកុមារកម្ពុជា (Cambodian Pediatric Association)។ មាតាបិតានិងអ្នកដែលមានការចាប់អារម្មណ៍លើបញ្ហាសុខភាពកុមារអាចចោទសំណួរទាក់ទងទៅនឹងបញ្ហានេះនៅក្នុងវេបសាយ www.health.com.kh បាន។
វេជ្ជបណ្ឌិត ម៉ែន បញ្ញារតន៍
វេជ្ជបណ្ឌិត ម៉ែន បញ្ញារតន៍ បានទទួលសញ្ញាប័ត្រពីមហាវិទ្យាល័យវិទ្យាសាស្ត្រសុខភាពនៅក្នុងឆ្នាំ១៩៩៨ ហើយមានបទពិសោធន៍ជាច្រើននៅក្នុងការព្យាបាលវេជ្ជសាស្ត្រ ជាពិសេសអំពីមេរោគនិងជម្ងឺអេដស៍ ការព្យាបាលការឈឺចាប់ (pain management) និងការព្យាបាលសម្រន់ (palliative care)។
បន្ទាប់ពីបានបម្រើការងារចំនួនជាង១០ឆ្នាំនៅក្នុងវិស័យវេជ្ជសាស្ត្រលោកបញ្ញារតន៍បានស្ម័គ្រចិត្តចូលរួមនៅក្នុងក្រុមអ្នកនិពន្ធរបស់គេហទំព័រ www.health.com.kh ដើម្បីចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានស្តីពីសុខភាពនិងវេជ្ជសាស្ត្រដ៏មានអត្ថប្រយោជន៍ចំពោះប្រជាជនកម្ពុជា។ អ្នកផ្ទុកមេរោគអេដស៍និងអ្នកជម្ងឺអេដស៍ អ្នកដែលមានការឈឺចាប់រ៉ាំរ៉ៃ និងសាធារណជនអាចទាក់ទងគាត់តាមរយៈទូរស័ព្ទលេខ ០១២ ៨៧០ ៧៥៦ ឬអ៊ីម៉ែលរបស់គាត់ mpagnaroat@yahoo.com / mpagnaroat@gmail.com។ លោកក៏ផ្តល់ជូនផងដែរនូវការពិគ្រោះជម្ងឺតាមអាំងទែរណិត តាមរយ:គេហទំព័ររបស់យើង។
វេជ្ជបណ្ឌិត ង៉ូវ បូរ៉ា
វេជ្ជបណ្ឌិត ង៉ូវ បូរ៉ា បច្ចុប្បន្នជាអនុប្រធានអង្គភាពថែទាំអ្នកជម្ងឺអេដស៍ (AIDS Care Unit) នៅក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ (National Center for HIV/AIDS, Dermatology and STDs) របស់ក្រសួងសុខាភិបាល។ លោកបានទទួលបរិញ្ញាប័ត្រអនុបណ្ឌិតពីវិទ្យាស្ថានវេជ្ជសាស្ត្រតំបន់ត្រូពិក (Institute of Tropical Medicine) នៅប្រទេសបែលហ្ស៊ិក។
លោកមានបទពិសោធន៍ជាច្រើនអំពីការព្យាបាល ថែទាំ និងព្យាបាលមេរោគអេដស៍និងជម្ងឺអេដស៍។ លោកក៏បានចូលរួមនៅក្នុងការបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រផងដែរ អំពីការបង្ការ ការថែទាំ និងការព្យាបាលមេរោគអេដស៍និងជម្ងឺអេដស៍។ គេអាច ទាក់ទងលោកបានដើម្បីសាកសួរសំណួរទាក់ទងទៅនឹងការបង្ការ ការថែទាំ និងការព្យាបាល មេរោគអេដស៍និងជម្ងឺអេដស៍តាមរយ:នេះ។
វេជ្ជបណ្ឌិត ហោ សុខឃី
វេជ្ជបណ្ឌិត ហោ សុខឃី ជានិស្សិតខ្មែរទីមួយដែលបានទៅសិក្សាវេជ្ជសាស្ត្រនៅប្រទេសវៀតណាម។ គាត់បានទទួលសញ្ញាប័ត្រ PhD នៅទីនោះ។ ក្នុងនាមជាអ្នកជំនាញខាងផ្នែកក្រពះពោះវៀន (gastro-enterologist) លោកពូកែខាងការព្យាបាលរោគដំបៅក្រពះ (gastric ulcer) ជម្ងឺថ្លើម (hepatitis) និងជម្ងឺផ្សេងៗទៀតដែលទាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារ ដូចជាក្រពះ ថ្លើម និងលំពែង ជាដើម។ លោកស្មគ្រចិត្តចូលរួមនៅក្នុងគម្រោងវេបសាយនេះដោយលោកចង់រួមវិភាគទាននៅក្នុងការចែករំលែកចំណេះដឹងរបស់លោកនៅក្នុងការលើកកម្ពស់សុខភាពនៅកម្ពុជា។លោករីករាយនឹងផ្តល់ប្រឹក្សាសុខភាពតាមរយ:ការឆ្លើយសំនួរចោទសួរតាមរយ:វេបសាយនេះ។
វេជ្ជបណ្ឌិត សៀវ យូសៀង
វេជ្ជបណ្ឌិត Siow Yew Siong គឺជាគ្រូពេទ្យជំនាញផ្នែកវះកាត់ឆ្អឹងខ្នងនៅមន្ទីរពេទ្យ Sime Darby Medical Centre Subang Jaya។ វេជ្ជបណ្ឌិត Siow បានទទួលសញ្ញាប័ត្រវេជ្ជសាស្ត្រផ្នែកវះកាត់កែតំរូវសន្លាក់ឆ្អឹងឬរបួសសន្លាក់ឆ្អឹងពីមហាវិទ្យាល័យម៉ាលាយ៉ា (University of Malaya)។ គាត់ធ្លាប់បានធ្វើការនៅផ្នែកវះកាត់កែតំរូវសន្លាក់ឆ្អឹងឬរបួសសន្លាក់ឆ្អឹងនៅមហាវិទ្យាល័យហុងកុង (University of Hong Kong) ក្នុងនាមជា Honorary Clinical Associate។ វេជ្ជបណ្ឌិត Siow គឺជាប្រធាននៃ AO Spine Board Malaysia ដំបូងគេ ហើយអត្ថបទរបស់គាត់មួយចំនួនត្រូវបានចេញផ្សាយជាអន្តរជាតិ។ បន្ថែមពីលើនេះទៀត វេជ្ជបណ្ឌិត Siow ក៏បានបង្ហាញការស្រាវជាច្រើនក្នុងការប្រជុំអន្តរជាតិមួយចំនួន។ គាត់និងក្រុមការងាររបស់គាត់ធ្លាប់បានវះកាត់ករណីឆ្អឹងខ្នង (minimally invasive spinal surgery) ច្រើនជាង ២០០ករណី។ គាត់គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក SOLAS ទៅមួយ នៅអាស៊ី។
លោករីករាយនឹងឆ្លើយរាល់សំនួរទាក់ទងនឹងជំនាញរបស់លោកផ្នែកឆ្អឹងនិងសន្លាក់។
វេជ្ជបណ្ឌិត តាន ស៊ូន សេង
គ្រូពេទ្យឯកទេស/គ្រូពេទ្យជំនាញផ្នែកក្រពះនិងពោះវៀន
Sime Darby Medical Centre Subang Jaya
វេជ្ជបណ្ឌិត Tan Soon Seng គឺជាគ្រូពេទ្យជំនាញ/គ្រូពេទ្យជំនាញផ្នែកក្រពះនិងពោះវៀនដែលផ្តោតលើវិបត្តិក្រពះ-ពោះវៀន (gastroenterological ) និងវិបត្តិថ្លើម (hepatological)។ វេជ្ជបណ្ឌិត Tan បានទទួលការសិក្សាថ្នាក់អនុបណ្ឌិតនៅមន្ទីរពេទ្យរបស់មហាវិទ្យាល័យរ៉ូយ៉ាល់លីវើភូល (Royal Liverpool University Hospital)។ នៅឆ្នាំ ១៩៩៥ គាត់បានចូលធ្វើការក្នុងនាមជាបញ្ជីការជាន់ខ្ពស់នៅ Division of Gastroenterology នៅមន្ទីរពេទ្យកូឡាឡាំពួរ (Kuala Lumpur Hospital)។ គាត់មានបទពិសោធន៍ជាច្រើនក្នុងផ្នែកវេជ្ជសាស្ត្រតាំងពីឆ្នាំ ១៩៩៣។ វេជ្ជបណ្ឌិត Tan ធ្លាប់ធ្វើជា Honorary Lecturer of Primary medicine នៅមហាវិទ្យាល័យ Kebangsaan Malaysia។
វេជ្ជបណ្ឌិត លី ប៊ូន ឆឹក
គ្រូពេទ្យឯកទេសផ្នែកមូត្រសាស្ត្រ
Sime Darby Medical Centre Subang Jaya
វេជ្ជបណ្ឌិត Lee Boon Cheok គឺជាវេជ្ជបណ្ឌិតឯកទេសខាងមូត្រសាស្ត្រ នៅមន្ទីរពេទ្យ at Sime Darby Medical Centre Subang Jaya និងមន្ទីពេទ្យ Sime Darby Specialist Centre Megah នៅ Selangor ប្រទេសម៉ាលេស៊ី។ គាត់ធ្លាប់ជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិនៃមជ្ឈមណ្ឌលឯកទេសនិងវេជ្ជសាស្ត្រម៉ាឡេស៊ី (National University of Malaysia Medical and Specialist Centre)។ វេជ្ជបណ្ឌិត Lee គឺជាសមាជិកនៃសមាគមន៍មូត្រសាស្ត្រប្រទេសសាំងហ្គាពួរ (Singapore Urological Association) នៅឆ្នាំ ២០០៥។ គាត់ធ្លាប់ត្រូវបានបណ្តុះបណ្តាលនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងចន្លោះឆ្នាំ ២០០៦ រហូតដល់ ២០០៨។ គាត់គឺជាសមាជិកនៃ European Board of Urology។
លោកលីនឹងឆ្លើយរាល់សំនួរទាក់ទងនឹងប្រព័ន្ខបង្ហូរនោមនិងបញ្ហាផ្លូវភេទ។
វេជ្ជបណ្ឌិត ហ៊ូ ហ្វឹន លី
គ្រូពេទ្យឯកទេស និង គ្រូពេទ្យជំនាញផ្នែកក្រពេញបញ្ចេញក្នុង
Sime Darby Medical Centre Subang Jaya
វេជ្ជបណ្ឌិត Hew Fen Lee គឺជាគ្រូពេទ្យឯកទេស និង គ្រូពេទ្យជំនាញផ្នែកក្រពេញបញ្ចេញក្នុង (Endocrinologist) នៅមន្ទីរពេទ្យ Sime Darby Medical Centre Subang Jaya តាំងពីឆ្នាំ ២០០២ មកម្ល៉េះ។ គាត់បានទទួលសញ្ញាប័ត្រ MBBS ពីមហាវិទ្យាល័យញូខាសល (University of Newcastle) ប្រទេសអង់គ្លេស នៅឆ្នាំ ១៩៨៧។ វេជ្ជបណ្ឌិត Hew បានធ្វើការក្នុងមន្ទីរពេទ្យជាច្រើននៅអង់គ្លេស ក្នុងពេលដែលគាត់កំពុងសិក្សាផ្នែកវេជ្ជសាស្ត្រ។ នៅឆ្នាំ ១៩៩២ គាត់បានធ្វើការនៅមន្ទីរពេទ្យ St Vincent’s Hospital នៅម៉ែលបន (Melbourne) ប្រទេសអូស្ត្រាលី ដែលគាត់បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកឱសថពីសាកលវិទ្យាល័យម៉ែលបន (University of Melbourne )។ បច្ចុប្បន្ន វេជ្ជបណ្ឌិត Hew ស្ថិតក្នុងក្រុមអ្នកជំនាញណែនាំការព្យាបាលPractice Guidelines and Consensus Statementsដែលក្នុងនោះរួមមានសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមនិងទីរ៉ូអ៊ីត។ គាត់បានចូលរួមយ៉ាងសកម្មក្នុងផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ ដែលមកទល់បច្ចុប្បន្ននេះគាត់មានអត្ថបទស្រាវជ្រាវ (research paper) ចំនួន ៤១ និងអត្ថបទសង្ខេបចេញផ្សាយក្នុងសារព័ត៌មានវេជ្ជសាស្ត្រ (abstracts published in medical journals) ចំនួន ៨០។ គាត់គឺជាសមាជិកនៃ Conjoint Board Examination ផ្នែកក្រពេញបញ្ចេញក្នុង នៅប្រទេសម៉ាលេស៊ី។
លោករីករាយនឹងទទួលសំនួរដែលទាក់ទងនឹងទឹកនោមផ្អែមនិងជំងឺទាក់ទងនឹងក្រពេញក្នុង។
វេជ្ជបណ្ឌិត ប៉ិច សុធី
លោកវេជ្ជបណ្ឌិតប៉ិចសុធីគឺជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល។លោកគឺជាវេជ្ជបណ្ឌិតឯកទេសខាងរោគស្ត្រីនិងសម្ភពដោយបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងនាឆ្នាំ២០០៣និង២០០៤បន្ទាប់ពីលោកបានសញ្ញាប័ត្រជាវេជ្ជបណ្ឌិតកាលពីឆ្នាំ១៩៩៩ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។បច្ចុប្បន្នលោកបម្រើការងារនៅមជ្ឈមណ្ឌលជាតិគាំពារសុខភាពទារកនិងមាតា។ក្នុងគោលបំណងចូលរួមជាមួយវេបសាយwww.health.com.kh ដើម្បីលើកកម្ពស់ការយល់ដឹងសុខភាពប្រជាជន លោកវេជ្ជបណ្ឌិតចូលរួមចំណែកនៅក្នុងការពិនិត្យនិងសរសេរខ្លឹមសារអត្ថបទផ្នែករោគស្ត្រីគ្រប់ប្រភេទដូចជាជំងឺមហារីកសុដន់ មហារីកស្បូននិងរោគស្ត្រីផ្សេងៗទៀតនិងបញ្ហាទាក់ទងនឹងការមានផ្ទៃពោះនិងការរក្សាគភ៌។លោកវេជ្ជបណ្ឌិតអាចទំនាក់ទំនងបានតាមទូរស័ព្ទលេខ ០២៣២២៣៨៧២។