តើនៅពេលណាកូនរបស់អ្នក អាចចាប់ផ្តើមបញ្ចប់ការទទួលរបបអាហាររាវ ដើម្បីញ៉ាំអាហាររឹង? តើពេលណាពួកគេ អាចញ៉ាំដោយខ្លួនឯងបាន? ហើយនៅពេលណា ដែលពួកគេនឹងបញ្ឈប់ការធ្វើឲ្យរញ៉េរញ៉ៃបែបនេះ?
ទារកអាយុចាប់ពីកើតដល់ ៤ ខែ
ចម្លើយ គឺមានតែមួយគត់ គឺបៅតែទឹកដោះម្តាយមួយមុខគត់។ ការបៅទឹកដោះម្តាយ គឺជារបបអាហារតែមួយ និងល្អបំផុតសម្រាប់កូនរបស់អ្នក។ បើគ្មានទឹកដោះ ឬអ្នកគ្មានពេលឲ្យកូនបៅ ទឹកដោះគោម្សៅ ទើបជាជម្រើសទីពីរ។
ចំណាំ ៖ ប្រសិនបើអ្នកសម្គាល់ឃើញថា កូនរបស់អ្នកមានសញ្ញា ឬបញ្ហាជាមួយនឹងការបៅ និងសារធាតុចិញ្ចឹមដែលគេនឹងទទួលបាន ដូចជាមិនទទួលបានទម្ងន់ដូចដែលបានរំពឹងទុក (ស្គម) ឬប្រសិនបើគេក្អួត ក្អក ឬមិនចង់បៅ សូមទាក់ទងគ្រូពេទ្យរបស់អ្នកភ្លាម។
ទារកអាយុចាប់ ៤ ទៅ ៦ ខែ
អាយុប៉ុននេះ អ្នកអាចចាប់ផ្តើមឲ្យគេញ៉ាំអាហាររឹងតិច នៅពេលគេបង្ហាញសញ្ញានៃការត្រៀមខ្លួនទាំងនេះ ៖
1. បានបង្កើនទម្ងន់ទ្វេដងពីទម្ងន់ពេលកើតរបស់គេ ហើយមានទំងន់យ៉ាងហោចណាស់ ៦ គីឡូក្រាម
2. បង្ហាញចំណាប់អារម្មណ៍នៅក្នុងម្ហូបអាហាររបស់អ្នក ហើយអាចព្យាយាមរកវា
3. អាចអង្គុយនៅកៅអី ហើយកត្រង់ល្អ
4. បើកមាត់របស់គេ នៅពេលអ្នកផ្តល់អាហារស្លាបព្រា
5. ប្រើអណ្តាតរបស់គេ ដើម្បីរុញអាហារទៅក្រោយមាត់ និងលេបវា (ជំនួសឲ្យការរុញវាចេញពីមាត់របស់គេ)។
គន្លឹះ ៖ បើទោះបីជាទឹកដោះម្តាយ ឬទឹកដោះគោផ្តល់ឲ្យកូនរបស់អ្នកនូវអាហារបំប៉នគ្រប់គ្រាន់ក៏ដោយ ក៏ការចាប់ផ្តើមអាហាររឹង ខ្លះមុនពេលគាត់មានអាយុ ៦ខែ អាចកាត់បន្ថយគ្រោះថ្នាក់នៃបញ្ហាអាឡែកហ្សីបាន៕