ស្ត្រីគឺមានលក្ខណៈដូចៗគ្នាស្ទើរតែទាំងអស់នៅពេលមានអារម្មណ៍ឈឺចាប់ ជាពិសេសការឈឺចាប់ខ្លាំងនៅសុដន់ដែលបង្កការលំបាកដល់ពួកគេធ្វើការងារប្រចាំថ្ងៃ។ គ្មានអាវទ្រនាប់ ថ្នាំ ឬរបៀបគេងណាស់ដែលស្រួលដើម្បីបន្ថយការឈឺចាប់ឡើយ។ ប៉ុន្តែតើវាអាចមានអ្វីមួយដែលអ្នកគួរបារម្ភដែរទេ?
ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឲ្យស្ត្រីគ្រប់រូបមានការឈឺចាប់នៅសុដន់៖
ស្ថិតក្នុងស្ថានភាពត្រៀមមករដូវ
ការត្រៀមមករដូវនឹងធ្វើឲ្យស្ត្រីមានអារម្មណ៍មិនល្អ ឈឺចាប់បែបរមួលៗក្នុងពោះ និងឈឺសុដន់។ ការឈឺចាប់ជាប់ទាក់ទងនឹងភាពតឹងៗក្នុងសុដន់ ហើយក៏ច្រើនតែកើតឡើងនៅពាក់កណ្តាលចុងក្រោយនៃវដ្តរដូវដែរ។ ការឈឺចាប់នេះច្រើនតែឈឺបែបងំ និងអាចមានបាត់ៗ។ នៅពេលនេះ អ្នកអាចមានអារម្មណ៍ថា សុដន់គឺរឹងខ្លាំង។ រឿងនេះកើតឡើងដោយសារតែបម្រែបម្រួលអ័រម៉ូនដែលធ្វើឲ្យសុដន់ស្ត្រីហើមតឹងបែបនេះ។
មិនមានការទ្រទ្រង់គ្រប់គ្រាន់
បើសិនជាអ្នកមានសុដន់ដែលធំ ដូច្នេះអាវទ្រនាប់ប្រហែលជាមិនអាចផ្តល់ការទ្រទ្រង់គ្រប់គ្រាន់ឡើយ។ រឿងនេះភាគច្រើនបណ្តាលមកពីទម្ងន់របស់សុដន់ធ្វើឲ្យយារដល់សារសសៃចង និងជាលិកាក្នុងសុដន់ និងធ្វើឲ្យមានការឈឺចាប់។ ការឈឺចាប់នេះមិនត្រឹមតែកើតឡើងលើសុដន់ទេ វាក៏អាចធ្វើឲ្យឈឺដល់ក និងខ្នងទៀតផង។ យកល្អគួរតែស្វែងរកអាវទ្រនាប់ណាដែលមានទំហំត្រូវនឹងប្រភេទសុដន់របស់អ្នកផង។
ហាត់ប្រាណខ្លាំងក្លាពេក
បើសិនជាអ្នកចូលចិត្តហាត់ប្រាណ មានន័យថាអ្នកកំពុងតែធ្វើឲ្យខ្លួនឯងមានការលំបាកបន្តិចហើយ។ ការលើកទម្ងន់នឹងធ្វើឲ្យគ្រិចដល់សាច់ដុំនៅទ្រូង ដែលស្ថិតនៅជិតនឹងសុដន់។ រាល់ការឈឺចាប់នៅសាច់ដុំមួយនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ជាការឈឺនៅសុដន់ហើយ។ ការសិក្សាបានបង្ហាញថា ការដែលហាត់ប្រាណច្រើនពេក និងរត់កីឡាក៏អាចធ្វើឲ្យឈឺចាប់នៅសុដន់បានដែរ។
មានជំងឺ Fibrocystic Breast Disease
បើសិនជាអ្នកធ្លាប់ត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺ Fibrocystic Breast Disease កុំបាច់ភ្ញាក់ផ្អើលខ្លាំងអីនៅពេលចាប់ផ្តើមឈឺចាប់ក្នុងសុដន់ ជាពិសេសពេលជិតមករដូវ។ ថ្វីបើមូលហេតុនៃជំងឺនេះមិនទាន់ដឹងនៅឡើយ តែបម្រែបម្រួលអ័រម៉ូនគឺជាដើមហេតុដែលគេសង្ស័យបំផុត។ ករណីជំងឺបែបនេះ អ្នកនឹងមានអារម្មណ៍ថា ដូចមានដុំសាច់អ្វីមួយក្នុងសុដន់ ដែលធ្វើចលនាចុះឡើងនៅពេលអ្នកប៉ះពាល់វា។ ការឈឺចាប់នៅសុដន់អាចនឹងកាន់តែខ្លាំងទៅៗនៅពេលជិតដល់ថ្ងៃមករដូវ។
មានការបង្ករោគ
ខណៈពេលដែលវាមិនមែនជារឿងដែលកើតមានជាញឹកញាប់ តែការបង្ករោគនៅសុដន់ក៏អាចធ្វើឲ្យមានការឈឺចាប់ខ្លាំងដែរ។ ការបង្ករោគនេះកើតមានជាញឹកញាប់លើស្ត្រីបំបៅដោះកូន។ វាអាចបង្កឡើងដោយសារការស្ទះបំពង់ទឹកដោះ ឬការបង្ករោគដោយបាក់តេរី។ វាក៏អាចបង្កឡើងដោយសារតែការចេញទឹកដោះច្រើនពេក និងការរលាកផងដែរ។ ការបង្ករោគបែបនេះក៏អាចបង្កឡើងដោយការប្រេះបែករបស់ក្បាលសុដន់ ដែលនាំឲ្យបាក់តេរីងាយនឹងជ្រៀតចូលបង្ករោគណាស់។
ញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក
ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យអាការៈមុនពេលមករដូវកាន់តែធ្ងន់ធ្ងរបាន។ ដូច្នេះវានឹងធ្វើឲ្យឈឺសុដន់កាន់តែខ្លាំង។ ការសិក្សាបានបង្ហាញថា អ្នកជំងឺដែលមានជំងឺ Fibrocystic Breast Disease ដែលកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនឃើញថា មានការថយចុះការឈឺចាប់នៅសុដន់យ៉ាងគួរឲ្យកត់សម្គាល់។ ដូច្នេះ ចូរព្យាយាម និងផ្លាស់ប្តូរការញ៉ាំកាហ្វេជាមួយនឹងទឹកផ្លែឈើ ឬទឹកសាបធម្មតាជំនួសវិញបើសិនជាអ្នកកំពុងតែឈឺសុដន់ហើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ cure joy