យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា របបអាហារមានជាតិប្រៃច្រើនធ្វើឲ្យមនុស្សស្លាប់រហូតដល់ ១.៦លាននាក់ក្នុងមួយឆ្នាំៗទូទាំងពិភពលោក។ រឿងនេះរហូតដល់អ្នកស្រាវជ្រាវនិយាយថា វាស្ទើតែមានម្នាក់ស្លាប់ហើយក្នុងចំណោម១០នាក់ ដោយសារតែជំងឺបេះដូងសរសៃឈាមនៅជុំវិញពិភពលោក។
ថ្វីត្បិតតែរឿងនេះស្តាប់មើលទៅគួរឲ្យខ្លាចមែនក៏ដោយ តែបើយើងផ្អែកទៅតាមវិទ្យាសាស្ត្រវិញ គឺវាមិនបានអះអាងថា ជាតិប្រៃកំពុងតែធ្វើឲ្យមនុស្សស្លាប់ឡើយ។ តាមពិតទៅ ដំណឹងនេះគឺផ្ងែកទៅលើការសិក្សាគំរូមួយប៉ុណ្ណោះ។
ដើម្បីប៉ាន់ស្មានទៅលើឥទ្ធិពលនៃការញ៉ាំជាតិសូដ្យូមបច្ចុប្បន្នទៅលើអត្រានៃការស្លាប់ដោយសារបេះដូងសរសៃឈាមជុំវិញពិភពលោក អ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យដូចជា៖
• ការញ៉ាំអាហារសម្បូរជាតិប្រៃ
• ឥទ្ធិពលនៃការឆ្លើយតបលើការញ៉ាំជាតិសូដ្យូមចំពោះសម្ពាធឈាម
• ទំនាក់ទំនងរវាងសម្ពាធឈាម និងការស្លាប់ដោយសារតែជំងឺបេះដូងសរសៃឈាម
• ទិន្នន័យទៅលើការស្លាប់ពិសេស
សម្រាប់ទូទាំងពិភពលោក ការស្លាប់ប្រមាណ ១.៦៥លានករណី ដោយសារតែមូលហេតុជំងឺបេះដូងសរសៃឈាមក្នុងឆ្នាំ ២០១០ ហើយរឿងនេះត្រូវបានបង្កឡើងដោយសារតែការញ៉ាំជាតិសូដ្យូម ឬប្រៃច្រើនជាង ២ក្រាមក្នុងមួយថ្ងៃ។ ករណីខ្លះមានរហូតដល់ ៥ក្រាមឯណោះក្នុងមួយថ្ងៃ។
ប៉ុន្តែការសិក្សានេះមិនបានអះអាងថា ការតមជាតិសូដ្យូមអាចបន្ថយការស្លាប់ដោយសារតែជំងឺបេះដូងសរសៃឈាមទេ។ មានន័យថា ការរកឃើញនេះជាទូទៅគួរតែចាត់ទុកថា ការញ៉ាំជាតិប្រៃមិនគួរណាឲ្យច្រើនជាង ៦ក្រាមក្នុងមួយថ្ងៃឡើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk