យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា រោគសញ្ញាជំងឺគាំងបេះដូងមានភាពខុសគ្នាលើមនុស្សស្រី។ រឿងនេះចង់និយាយថា ស្ត្រីដែលកំពុងតែមានជំងឺគាំងបេះដូងទំនងជាមិនសូវមានអាការៈឈឺចាប់នៅទ្រូងដូចមនុស្សប្រុសឡើយ។
ជំងឺគាំងបេះដូងអាចបង្កឲ្យមានអាការៈខុសៗគ្នាច្រើនចាប់ពី ការឈឺចុកក្នុងទ្រូងរហូតដល់ឈឺឈៀបៗនៅដៃជើង និងមានអារម្មណ៍ពិបាកដកដង្ហើម ឬចង្អោជាដើម។ ដើម្បីចង់ដឹងអំពីភាពប្រែប្រួលរបស់រោគសញ្ញាទាំងនេះ អ្នកស្រាវជ្រាវបានធ្វើការពិនិត្យថាតើការឈឺទ្រូង និងមិនស្រួលក្នុងខ្លួនកើតឡើងលើមនុស្សទាំងពីរភេទដូចម្តេចខ្លះ និងតើវាអាចបញ្ជាក់អំពីការប្រឈមនឹងការស្លាប់របស់អ្នកជំងឺដែរឬអត់។ ដើម្បីធ្វើបែបនេះបាន អ្នកស្រាវជ្រាវបានពិនិត្យទៅលើបុរស និងស្ត្រីជនជាតិអាមេរិកជាង ១លាននាក់ដែលមានជំងឺគាំងបេះដូងនៅច្លោះឆ្នាំ ១៩៩៤ និង ២០០៦។
សរុបមក បុរសដែលមានជំងឺគាំងបេះដូងប្រមាណ ៤២ភាគរយប្រាប់ថាមានការឈឺទ្រូង ចំណែកស្ត្រីវិញមានការឈឺទ្រូងតែ ៣០,៧ភាគរយទេ។ តាមការគិតបន្ថែមទៀតបានរកឃើញថា កាលណាស្ត្រីវ័យកាន់តែក្មេង ឱកាសមិនឈឺនៅទ្រូងកាន់តែខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺគាំងបេះដូងអាចនឹងមានរោគសញ្ញាច្រើនកើតឡើងជាមួយគ្នាដោយមិនមានការឈឺចាប់ផងក៏មានដែរដូចជា ពិបាកដកដង្ហើម បែកញើស និងចង្អោ។ ថ្វីបើការសិក្សាបញ្ជាក់ថា ជំងឺគាំងបេះដូងមិនមានការឈឺចាប់អ្វីសោះ (នៅទ្រូង ដៃ ក ឬថ្គាម) ប្រហែលជាកើតឡើងលើស្ត្រីញឹកញាប់ជាងបុរសក៏ដោយ ប៉ុន្តែការយល់ដឹងអំពីសញ្ញាខុសៗគ្នារបស់ជំងឺគាំងបេះដូងគឺជារឿងសំខាន់សម្រាប់មនុស្សទាំងពីរភេទ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk