លោកវេជ្ជបណ្ឌិត Tsigiris ឯកទេសខាងផ្នែកសម្ភពនិងរោគស្ត្រី បានធ្វើការសម្រាលទារកឲ្យ ស្ត្រីម្នាក់នៅក្នុងក្រុង Marousi ភាគខាងឥសាននៃទីក្រុងអាតែនប្រទេសក្រិច។ លោកវេជ្ជបណ្ឌិតបានសរសេរជាភាសាក្រិចថា នេះគឺជាទារកដ៏មានសុខភាពល្អម្នាក់ ដែលបានសម្រាលដោយការវះកាត់ ប៉ុន្តែគេនៅតែអាចស្ថិតក្នុងថង់ទឹកភ្លោះដែលមានជាប់ជាមួយនឹងសុកនៅខាងក្នុងបានយ៉ាងល្អ ។
លោកវេជ្ជបណ្ឌិត Tsigiris បានពន្យល់ថានេះគឺជាករណីនៃការសម្រាល ដែលកម្រកើតមានបំផុត ពីព្រោះថាទារកម្នាក់នេះនៅតែមានអារម្មណ៍ និងធ្វើចលនាហាក់ដូចជាគេកំពុងតែស្ថិតក្នុងផ្ទៃពោះម្តាយនៅឡើយ ដោយមិនដឹងថាខ្លួនឯងបានកើតចេញមកក្រៅទេ ។
អ្នកវិទ្យាសាស្ត្របានពន្យល់ថា អំឡុងពេលនៃការមានផ្ទៃពោះ ទារកដែលមិនទាន់កើតត្រូវអណ្តែតនៅក្នុងស្រោមទឹកភ្លោះ ឬអាចថាគេហែលនៅក្នុងទឹកភ្លោះ ដែលការពារ និងចិញ្ចឹមទារកក្នុងអំឡុងពេលនៃការវិវត្តនៅក្នុងផ្ទៃរបស់ម្តាយ។
ជាទូទៅ ស្រោមទឹកភ្លោះនេះនឹងចាប់ផ្តើមបែក នៅពេលដែលស្ត្រីចាប់ផ្តើមឈឺពោះសម្រាល ដែលគេហៅថាការបែកទឹកភ្លោះ ហើយទឹកភ្លោះនឹងចាប់ផ្តើមហូរចេញពីផ្លូវសម្រាល ដែលនេះជាសញ្ញាបញ្ជាក់ថា ទារកនឹងត្រូវសម្រាលចេញមកក្នុងពេលឆាប់ៗនេះហើយ ។
នៅក្នុងករណីដ៏កម្របំផុត ដូចជាករណីនេះ ស្រោមទឹកភ្លោះនឹងមិនបែកដោយខ្លួនវានោះទេ។ លោកវេជ្ជបណ្ឌិត Tsigiris បានពន្យល់បន្ថែមទៀតថា ការសម្រាលទារកមកបែបនេះគឺអាចកើតមាន ប៉ុន្តែនៅតែជាករណីកម្របំផុត ចំពោះការសម្រាលមុនកំណត់៕
ប្រែសម្រួល៖ ម៉ារ៉ាណែត