ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់រស់នៅក្នុងតំបន់ កាហ្សាក់ស្ថាន (Kazakhstan) បានស្ថិតក្នុងស្ថានភាពធូរស្រាលមកវិញ បន្ទាប់ពីនាងបានទទួលការវះកាត់យកដុំសក់ដែលជាប់ពេញនៅក្នុងក្រពះរបស់នាង ដែលលាតសន្ធឹងនៅក្នុងសិរីរៈនេះរហូតដល់ទៅប្រវែងជាង៣៣សង់ទីម៉ែត្រ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានមជ្ឈមណ្ឌលអឺរ៉ុប (Central European News) ដែលមិនបានបញ្ចេញឈ្មោះក្មេងស្រីនោះ បានបញ្ជាក់ថានាងបានរងគ្រោះពីស្ថានភាព រោគសញ្ញានៃការញាំសក់ ( Rapunzel syndrome )។ យោងតាមវិទ្យាស្ថានជាតិផ្នែកសុខភាព នេះគឺជាស្ថានភាពមួយដែលកើតឡើងដោយសារតែ ការបរិភោគអាហារដែលមិនមានជាតិសសៃ ឬមិនរលាយបានល្អ ហើយបន្ទាប់មកវាក៏បានប្រមូលផ្តុំជាដុំមួយនៅក្នុងពោះ ដែលត្រូវបានគេហៅថា bezoar ។ ប្រភេទដុំ bezoar ដែលកើតមានចំពោះក្មេងៗ ភាគច្រើនគឺជាប្រភេទដុំសក់ជាប់នៅក្នុងក្រពះពោះវៀន ដែលត្រូវបានគេហៅថា trichobezoar ហើយវាអាចលាតសន្ធឹងពីក្នុងក្រពះ ទៅដល់ពោះវៀនតូច ឬផ្នែកខាងក្រោមទៀត។
យោងតាមវិទ្យាស្ថានជាតិផ្នែកសុខភាព បានបញ្ជាក់ថាស្ថានភាពនៃការកកើតដុំសក់នេះ គឺកើតឡើងដោយសារតែការលេបសក់ក្បាល, សក់តុក្កតា ឬពីក្រាស់សិតសក់។ នៅក្នុងករណីខាងលើនេះ ក្មេងស្រីម្នាក់នេះបានលេបសក់ក្បាលរបស់ខ្លួនឯង ហើយបានបង្កើតបានជាដុំមួយប្រវែងជិតដល់ទៅ៣៣សង់ទីម៉ែត្រ ដែលលាតសន្ធឹងនៅក្នុងក្រពះ និងបន្តរហូតដល់៣៥ សង់ទីម៉ែត្រទៅក្នុងពោះវៀនរបស់នាង។
ឳពុកម្តាយរបស់នាងបានប្រាប់ភ្នាក់ងារសារព័ត៌មានមជ្ឈមណ្ឌលអឺរ៉ុបថា ពួកគេបានសម្គាល់ឃើញកូនស្រីរបស់ខ្លួនតែងទំពារសក់របស់នាង តែពួកគេមិនបានគិតថាវាជាទម្លាប់ដែលមានគ្រោះថ្នាក់យ៉ាងនេះនោះទេ រហូតដល់ពេលដែលពួកគេត្រូវនាំនាងទៅជួបនឹងគ្រូពេទ្យ ដោយសារតែនាងឈឺពោះខ្លាំង មិនឃ្លានបាយ និងមិនអាចផឹកបានសូម្បីតែទឹក។ វេជ្ជបណ្ឌិតបានធ្វើការវះកាត់យកដុំសក់នេះចេញ ហើយសង្ឈឹមនាងនឹងបានជាសះស្បើយ ហើយបរិភោគអាហារបានដូចធម្មតាវិញ ៕