ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានបន្លែ និងផ្លែឈើច្រើនជាងអាហារដទៃ គឺល្អប្រសើរណាស់ចំពោះសុខភាព ខណៈដែលបន្លែផ្លែឈើជាប្រភពដ៏អស្ចារ្យនៃវីតាមីន ជាតិរ៉ែ រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដែលរាងកាយត្រូវការ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកប្រហែលជាមិនធ្លាប់ដឹងទេថាការទទួលទានបន្លែផ្លែឈើពណ៌លឿងទៀងទាត់អាចផ្ដល់អត្ថប្រយោជន៍កាន់តែប្រសើរចំពោះសុខភាព។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរចាប់ផ្ដើមទទួលទានអាហារពណ៌លឿងឱ្យបានកាន់តែច្រើន ៖
១. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
បន្លែផ្លែឈើពណ៌លឿងភាគច្រើន គឺមានផ្ទុកជាតិប៉ូតាស្យូមដែលជាជាតិរ៉ែមួយជួយកាត់បន្ថយសម្ពាធឈាម។ ហើយដូចដែលធ្លាប់បានដឹងសម្ពាធឈាមឡើងខ្ពស់ជាកត្តាចម្បងមួយដែលបង្កបញ្ហានៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។ បន្លែផ្លែឈើពណ៌លឿងក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អផងដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថាកម្រិតកូឡេស្តេរ៉ូលមិនល្អខ្ពស់ជាកត្តាហានិភ័យគួរឱ្យព្រួយបារម្ភនៃជំងឺបេះដូង។
២. ទប់ស្កាត់រោគឆ្លង
ផ្លែឈើ និងបន្លែផ្សេងៗដែលមានពណ៌លឿង គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា វីតាមីន C គឺចាំបាច់ណាស់ជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំឡើង និងសកម្មទប់ស្កាត់រោគឆ្លងដូចជា ផ្ដាសាយ ឬគ្រុនផ្ដាសាយ។ វីតាមីន C ក៏មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងកម្ចាត់ពពួកមេរោគបាក់តេរី និងវីរុសមុនពេលពួកវាបង្កជាបញ្ហាសុខភាពផ្សេងៗបានផងដែរ។
៣. សុខភាពស្បែក
ការទទួលទានបន្លែផ្លែឈើពណ៌លឿងកាន់តែច្រើនក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសម្រស់គួរឱ្យកត់សម្គាល់។ បន្លែ និងផ្លែឈើពណ៌លឿងអាចជួយឱ្យស្បែកមានសុខភាពល្អមើលទៅក្មេងជាងវ័យ និងស្រស់ស្អាតតាមរយៈបរិមាណខ្ពស់នៃវីតាមីន C ដែលមានផ្ទុក។ ក្នុងនាមជាសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមិន C កម្ចាត់នូវរាល់រ៉ាឌីកាល់សេរីមុនពេលពួកវាបំផ្លាញកោសិកាស្បែក។ វីតាមីន C ក៏ជួយជម្រុញឱ្យរាងកាយផលិតកូឡាជែនកាន់តែច្រើនឡើងទប់ស្កាត់ស្នាមជ្រួញផងដែរ។
៤. កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង
ភាគច្រើននៃបន្លែផ្លែឈើដែលមានពណ៌លឿងក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមផងដែរ។ ដូចដែលគ្រប់គ្នាបានដឹង កាល់ស្យូម គឺជាជាតិរ៉ែមួយប្រភេទដែលសំខាន់សម្រាប់រក្សាសុខភាពឆ្អឹងល្អប្រសើររឹងមាំ។ ដូច្នេះការទទួលទានបន្លែផ្លែឈើពណ៌លឿងនឹងជួយឱ្យអ្នកជៀសផុតពីជំងឺពុកឆ្អឹង ជាពិសេសប្រសិនបើបានហាត់ប្រាណជាប្រចាំថែមទៀត។
៥. សុខភាពភ្នែកកាន់តែល្អប្រសើរ
ភាគច្រើននៃបន្លែផ្លែឈើពណ៌លឿង គឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម lutein និង zeaxanthin ដែលចាំបាច់ជួយរក្សាសុខភាពភ្នែកមើលឃើញបានកាន់តែច្បាស់។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងពីរនេះក៏ជួយទប់ស្កាត់ជំងឺភ្នែកផ្សេងៗមិនឱ្យកើតឡើងផងដែរ។
៦. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
នោះក៏ព្រោះតែបន្លែនិងផ្លែឈើពណ៌លឿងមួយចំនួនធំជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយ គឺវីតាមីន C។ សារធាតុប្រឆាំងអុកសីតកម្មនេះជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ ឧទាហរណ៍ផ្លែឈើពណ៌លឿងដូចជាំម្នាស់ថែមទាំងមានផ្ទុកសម្បូរទៅដោយសារធាតុ bromelain អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកនិងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ផងដែរ ជាពិសេសជំងឺមហារីកពោះវៀនធំ៕