យោងទៅតាមការព្រមានរបស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ថ្នាំជំងឺបេះដូងដែលអាចធ្វើឲ្យឆាប់ស្លាប់បាន។ ការវិភាគមួយរបស់ការស្រាវជ្រាវមុនៗទៅលើថ្នាំ Digoxin ដែលប្រើសម្រាប់ព្យាបាលជំងឺខ្សោយបេះដូង និងបេះដូងលោតខុសចង្វាក់ ដែលរឿងនេះអាចនឹងធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងការឆាប់ស្លាប់បាន។
ការវិភាគនេះធ្វើឡើងដោយមានលទ្ធផលនៃការសិក្សាខុសៗគ្នាចំនួន ១៩ ដោយស្រាវជ្រាវថាតើថ្នាំ Digoxin ដែលប្រើដើម្បីព្យាបាលជំងឺខ្សោយបេះដូង និងបេះដូងលោតខុសចង្វាក់នោះ ធ្វើឲ្យប្រឈមកាន់តែខ្ពស់ទៅនឹងការស្លាប់ដោយសារមូលហេតុគ្រប់យ៉ាងឬអត់។
ការស្រាវជ្រាវរកឃើញថា អ្នកដែលលេបថ្នាំ Digoxin មានការប្រឈមនឹងការស្លាប់កាន់តែខ្ពស់រហូតដល់ ២១ភាគរយដោយសារតែមូលហេតុគ្រប់យ៉ាងនៅពេលប្រៀបធៀបជាមួយអ្នកដែលមិនបានលេបថ្នាំនេះ។ ការប្រឈមមុខមានការកើនឡើងបន្តិចទៅលើអ្នកដែលលេបថ្នាំ នេះសម្រាប់ព្យាបាលជំងឺបេះដូងលោតខុសប្រក្រតី (21%) ជាងអ្នកព្យាបាលជំងឺខ្សោយបេះដូង (14%)។
ថ្វីបើថ្នាំនេះមានប្រសិទ្ធភាពហើយក៏ដោយ តែវាត្រូវបានគេស្គាល់យូរមកហើយចំពោះឥទ្ធិពល ក៏ដូចជាផលរំខានធ្ងន់ធ្ងររបស់វា ហើយក៏ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នដែរ។ យ៉ាងណាមិញ ក្នុងការវិភាគមយយនេះ វាពីបាកក្នុងការដឹងថា តើចំនួនថ្នាំប៉ុន្មានទើបធ្វើឲ្យប្រឈមខ្ពស់នឹងការស្លាប់ និងមានលក្ខណៈខុសគ្នាបែបណារវាងអ្នកដែលបានប្រើ និងមិនបានប្រើ។ អ្នកដែលត្រូវបានគ្រូពេទ្យចេញជាថ្នាំ Digoxin ឲ្យប្រើ ប្រហែលជាមានបញ្ហាសុខភាពច្រើន ហើយក៏ប្រហែលជាប្រឈមនឹងការស្លាប់កាន់តែខ្ពស់ដែរ។
បើសិនជាអ្នកកំពុងតែលេបថ្នាំនេះ ហើយបារម្ភច្រើន ឬមានអាការៈកាន់តែធ្ងន់ធ្ងរ ចូរកុំឈប់ប្រើវាដោយមិនមានការពិគ្រោះជាមួយគ្រូពេទ្យមុនឲ្យសោះ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk