អស់រយៈពេលច្រើនឆ្នាំមកហើយដែលអ្នកស្រាវជ្រាវបានចាត់ទុកថាជំងឺទឹកនោមផ្អែមគឺជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូងសរសៃឈាម ដូច្នេះវាទំនងជាមានទំនាក់ទំនងគ្នារវាងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមដែរ។ អ្នកស្រាវជ្រាវបានរកមើលទិន្នន័យលើមនុស្សប្រមាណច្រើនជាង ៤លាននាក់ក្នុងប្រទេសអង់គ្លេសដែលមិនមានជំងឺសរសៃឈាម ឬទឹកនោមផ្អែមអ្វីទាំងអស់។ បន្ទាប់មក ពួកគេបានវិភាគទៅលើប្រវត្តិជំងឺរបស់ពួកគេរយៈពេល៧ឆ្នាំ និងតាមដានរកមើលករណីថ្មីៗនៃជំងឺទឹកនោមផ្អែម និងការប្រែប្រួលរបស់សម្ពាធឈាម។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលមានសម្ពាធឈាមខ្ពស់ត្រូវបានគេរកឃើញថា បង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២រហូតដល់ ៥០ភាគរយឯណោះ។ បន្ទាប់មកអ្នកស្រាវជ្រាវបានត្រឡប់ទៅមើលការស្រាវជ្រាវមុនៗវិញ ហើយក៏ឃើញថា កាលពីមុនមានការប្រឈមមុខដូចគ្នាអញ្ចឹងដែរ ប៉ុន្តែច្រើនជាង ៧០ភាគរយទៅទៀត។
ខណៈពេលដែលការសិក្សាប្រភេទនេះមិនទាន់អះអាងថា ការលើសសម្ពាធឈាមធ្វើឲ្យកើតជំងឺទឹកនោមផ្អែមទេ ប៉ុន្តែវាអាចជាដំបូន្មានដ៏ល្អមួយក្នងុការបន្ថយសម្ពាធឈាមបើសិនជាវាកំពុងតែខ្ពស់ស្រាប់ដើម្បីកុំឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមទៀត។
ជាមួយគ្នានេះដែរ ការកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម និងការកើនឡើងសម្ពាធឈាមអាចធ្វើបានតាមមធ្យោបាយដូចៗគ្នាដូចជា៖
• រក្សាទម្ងន់ឲ្យមានសុខភាពល្អ
• ហាត់ប្រាណជាទៀងទាត់
• ឈប់ជក់បារី
• ញ៉ាំអាហារផ្តល់សុខភាព៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk