ជំងឺដាច់សរសៃឈាមខួរក្បាលអាចប៉ះពាល់លើមនុស្សគ្រប់រូបទាំងអស់ដោយមិនរើសអាយុ ឬភេទឡើយ។ អ្នកប្រហែលជាគិតថា ខ្លួនឯងមានសុខភាពល្អហើយ តែមួយនាទីក្រោយ អ្នកអាចនឹងរងបញ្ហាលើបេះដូងក៏ថាបានដែរ។ ថ្វិបើអ្នកដែលឧស្សាហ៍ជក់បារី ញ៉ាំគ្រឿងស្រវឹង និងញ៉ាំអាហារមិនផ្តល់សុខភាពមានការប្រឈមខ្ពស់នឹងជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយ ក៏អ្នកមិនអាចច្បាស់១០០ភាគរយថា ពួកគេនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាលដែរ។
យ៉ាងណាមិញ បើសិនជាអ្នកចង់ចៀងវាងមិនកើជំងឺដាច់សរសៃឈាមខួរក្បាលមែននោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- បើសិនជាអ្នកឧស្សាហ៍បាក់ទឹកចិត្ត នោះអ្នកពិតជាប្រឈមខ្ពស់នឹងជំងឺនេះហើយ ដូច្នេះ ចូរធ្វើយ៉ាងណាលុបបំបាត់មូលហេតុ និងដោះស្រាយវាឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន
- គ្រូពេទ្យតែងតែណែនាំឲ្យអ្នកជំងឺគ្រប់រូបហាត់ប្រាណជាទៀតទាត់ ព្រោះវាអាចការពារខ្លួនពីជំងឺជាច្រើនមុខបាន ហើយក្នុងនោះក៏មានជំងឺដាច់សរសៃឈាមខួរក្បាលដែរ
- ការគេងជាមធ្យោបាយដ៏ល្អមួយក្នុងការជួយឲ្យរាងកាយទាំងមូលមានសុខភាពល្អ ហើយក៏បន្ថយការប្រឈមនឹងជំងឺលើសសម្ពាធឈាមដែលនាំឲ្យដាច់សរសៃឈាមខួរក្បាលដែរ។
- ចូរទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានហើយ ព្រោះកាលណាញ៉ាំច្រើនពេកវាមិនត្រឹមតែប៉ះពាល់ដល់ថ្លើមទេ តែកូឡេស្តេរ៉ុលក្នុងឈាមក៏ឡើងខ្ពស់រហូតដល់ឆាប់កើតជំងឺដាច់សរសៃឈាមខួរក្បាលទៀត
- ការដែលមានទម្លាប់ប្រើប្រេងអូលីវសម្រាប់ធ្វើជាម្ហូបញ៉ាំ គឺជារឿងល្អមួយ ព្រោះអ្នកនឹងទទួលបានជីវជាតិជាច្រើនដែលរាងកាយត្រូវការដើម្បីទប់ស្កាត់ជំងឺ ព្រមទាំងដាច់សរសៃឈាមខួរក្បាលផងដែរ
- វិធីសាស្ត្រមួយផ្សេងទៀតក្នុងការកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលគឺ សិក្សាពីរបៀបគ្រប់គ្រងទម្ងន់។ បើសិនជាអ្នកអាចគ្រប់គ្រងទម្ងន់ឲ្យស្ថិតក្នុងសភាពធម្មតាបាន ព្រមទាំងហាត់ប្រាណទៀងទាត់ទៀតនោះ អ្នកនឹងអាចបង្ការជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងជោគជ័យជាមិនខាន៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthdigezt