យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា មនុស្សវ័យកណ្តាលដែលមានអារម្មណ៍វិលមុខពេលក្រោកពីគេង ហើយឈរ ប្រហែលជាប្រឈមកាន់តែខ្លាំងនឹងភាពភ្លេចភ្លាំង ឬជំងឺដាច់សរសៃឈាមខួរក្បាលនៅថ្ងៃអនាគត់។ រឿងនេះធ្វើឡើងក្រោយពី អ្នកស្រាវជ្រាវបានតាមដានទៅលើមនុស្សជាច្រើនក្នុងសហរដ្ឋអាមេរិករយៈពេលរហូតដល់ ២៥ឆ្នាំ។
ការសិក្សានេះបានពិនិត្យទៅលើអាការៈមួយឈ្មោះថា Postural Hypotension មានន័យថា សម្ពាធឈាមរបស់មនុស្សនឹងធ្លាក់ចុះបើសិនជាគេក្រោកពីគេងហើយឈរ ឬអង្គុយរយៈពេលយូរ លឿនពេក។ វាអាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍វិលមុខ និងប្រឈមការសន្លប់កាន់តែខ្ពស់។
អ្នកស្រាវជ្រាវជាច្រើនបានពិនិត្យទៅលើមនុស្សវ័យកណ្តាលច្រើនជាង ១១០០០នាក់ ដែលបានធ្វើតេស្តរកមើលអាការៈ Postural Hypotension កាលពីចុងឆ្នាំ ១៩៨០។ មនុស្សទាំងនេះត្រូវបានតាមដានសុខភាពរហូតដល់ឆ្នាំ ២០១៣ ដើម្បីចង់ដឹងថា ពួកគេបានកើតជំងឺភ្លេចភ្លាំង ឬដាច់សរសៃឈាមខួរក្បាលឬអត់។ អ្នកដែលមានបញ្ហា Postural Hypotension ទំនងជាងាយនឹងកើតបញ្ហាភ្លេចភ្លេចភ្លាំង ១.៥ដង និងដាច់សរសៃឈាមខួរក្បាលច្រើនជាងអ្នកដែលមិនធ្លាប់មាន Postural Hypotension រហូតដល់ ២ដងឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចបញ្ជាក់បានថា Postural Hypotension ធ្វើឲ្យប្រឈមនឹងបញ្ហាទាំងអស់នោះដោយផ្ទាល់ឡើយ។ Postural Hypotension អាចមានមូលហេតុរបស់របស់វាច្រើនដូចជា ជំងឺបេះដូង និងផលលរំខានរបស់ថ្នាំបញ្ចុះសម្ពាធឈាម។ ទាំងជំងឺបេះដូង និងការលើសសម្ពាធឈាម សុទ្ធតែជាកត្តាប្រឈមនឹងជំងឺភ្លេចភ្លាំង ជាពិសេសភាពភ្លេចភ្លាំងដោយសារតែសរសៃឈាមទៅខួរក្បាលត្រូវបានកាត់បន្ថយ។
មនុស្សភាគច្រើននឹងធ្លាប់មានបញ្ហា Postural Hypotension ជាពិសេស បើសិនជាពួកគេអង្គុយ ឬគេងរយៈពេលយូរ។ ប៉ុន្តែបើសិនជាអ្នកយល់ថា ខ្លួនឯងកំពុងតែមានបញ្ហាខាងលើនេះញឹកញាប់ អ្នកគួរតែទៅជួបគ្រូពេទ្យ។ ការវិលមុខនេះអាចជាសញ្ញានៃជំងឺណាផ្សេង ដែលអាចព្យាបាលបាន៕