យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sun បានឲ្យដឹងថា ការញ៉ាំសាច់បៃជាន់ សាច់ក្រក និងសាច់កៃឆ្នៃផ្សេងៗទៀតធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកសុដន់លើមនុស្សស្រីវ័យចំណាស់បាន។ ការសិក្សាទ្រង់ទ្រាយធំមួយនេះបានរកឃើញថា សាច់កៃឆ្នៃ តែមិនមែនសាច់ក្រហមដែលមិនបានកៃឆ្នៃទេ គឺជាប់ទាក់ទងនឹងការប្រឈមខ្ពស់នឹងមហារីកសុដន់ក្រោយពីស្ត្រីរ៉ាំងរដូវរួច។
សាច់កៃឆ្នៃមានដូចជា សាច់ប្រឡាក់ សាច់ដែលត្រូវបានគេប្រើប្រាស់សារធាតុគីមីដើម្បីរក្សាគុណភាពបានយូរ។ សាច់កៃឆ្នៃនៅស្រុកយើងអាចមានដូចជា សាច់បីជាន់ សាច់ក្រក និងសាច់ហែមជាដើម។ សាច់កៃឆ្នៃត្រូវបានគេចាត់ទុកថាមានការប្រឈមខ្ពស់នឹងជំងឺមហារីកដោយសារតែសារធាតុមួយចំនួនដែលគេប្រើដើម្បីពង្រឹងដល់ពណ៌ និងរសជាតិរបស់វា ហើយវាក៏ប្រហែលជាបង្កើតបាននូវសារធាតុបង្កជំងឺមហារីកផងដែរ។
ទំនាក់ទំនងរវាងសាច់កៃឆ្នៃ និងមហារីកជាច្រើននៃប្រព័ន្ធរំលាយអាហារត្រូវបានគេដឹងខ្លះៗដែរហើយ។ អ្វីដែលមិនទាន់ច្បាស់នោះគឺថា តើវាមានទំនាក់ទំនងខ្លាំងឬអត់រវាងសាច់កៃឆ្នៃ និងមហារីកសុដន់ឬអត់។ ការសិក្សានេះ បានផ្សំចូលគ្នានូវការសិក្សាថ្មីមួយទៅលើស្ត្រីជនជាតិអង់គ្លេស ២៦២១៩៥នាក់ ជាមួយនឹងលទ្ធផលបានមកពីការស្រាវជ្រាវមុន។ លទ្ធផលនៃការច្របាច់ចូលគ្នានេះបានបង្ហាញថា ស្ត្រីក្រោយរ៉ាំងរដូវរួច ហើយញ៉ាំសាច់កៃឆ្នៃគឺមានឱកាសកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្ត្រីដែលមិនបានញ៉ាំសាច់កៃឆ្នៃ ៩ភាគរយ។ ការសិក្សាថ្មីរបស់អង់គ្លេសទៅលើរឿងនេះបានបង្ហាញថា ស្ត្រីក្រោយរ៉ាំងរដូវដែលបានញ៉ាំសាច់កៃឆ្នៃច្រើន ឬច្រើនជាង ៩ក្រាមក្នុងមួយថ្ងៃ មានការប្រឈមខ្ពស់នឹងជំងឺមហារីកសុដន់ជាងស្ត្រីមិនបានញ៉ាំ ២១ភាគរយ។
ដោយសារតែប្រភេទនៃការសិក្សាមួយនេះ យើងមិនអាចច្បាស់ថា សាច់កៃឆ្នៃពិតជាធ្វើឲ្យកើតជំងឺមហារីកសុដន់ដោយផ្ទាល់នោះទេ។ ប៉ុន្តែការតមអាហារបែបនេះ និងញ៉ាំវាម្តងម្កាល អាចនឹងមានប្រយោជន៍ច្រើនចំពោះសុខភាពវិញ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk
– ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034