យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរបស់ BBC News បានឲ្យដឹងថា របៀបមួយដែលប្រព័ន្ធភាពស៊ាំធ្វើការ ឬឆ្លើយតបចំពោះរាងកាយគឺដើម្បីទប់ស្កាត់ជំងឺមហារីក ហើយវាក៏ត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកដែរ។
ប្រព័ន្ធភាពស៊ាំត្រូវបានបង្កើតឡើងដោយមិនមានការវាយប្រហារ ឬធ្វើទុក្ខចំពោះកោសិកាខ្លួនឯងឡើយ។ នៅពេលជំងឺមហារីកកើតឡើងចេញពីកោសិការបស់រាងកាយ ប្រព័ន្ធភាពស៊ាំប្រហែលជាមិនអាចសម្គាល់ដឹងថា វាមានការគម្រាមគំហែងអ្វីឡើយ ដូច្នេះហើយវាក៏មិនមានការវាយប្រហារបែបធ្ងន់ធ្ងរដូចអ្វីដែលវាគួរធ្វើឡើយ។ អ្នកស្រាវជ្រាវកំពុងតែធ្វើការក្នុងការបង្កើតវិធីសាស្ត្រឲ្យប្រព័ន្ធភាពស៊ាំដើម្បីវាយប្រហារដុំសាច់មហារីក ប៉ុន្តែមិនមែនជាកោសិកាមានសុខភាពល្អរបស់រាងកាយឡើយ។ វិធីសាស្ត្រព្យាបាលបែបនេះហៅថា Immunotherapy។
សេចក្តីរាយការណ៍នាពេលបច្ចុប្បន្ននេះត្រូវបានផ្អែកទៅលើការស្រាវជ្រាវភ្លាមៗមួយទៅលើសត្វកណ្តុរ ដែលណែនាំថា ការទប់ស្កាត់មុខងាររបស់កោសិកាប្រព័ន្ធភាពស៊ាំមួយឈ្មោះថា Foxp3+ Treg ក្នុងសត្វកណ្តុរអាចជួយបន្ថយការលូតលាស់របស់ដុំសាច់មហារីកបាន។
អ្នកស្រាវជ្រាវសង្ឃឹមថា ពួកគេនឹងអាចប្រើប្រាស់វិធីសាស្ត្រមួយនេះដើម្បីបង្កើតនូវការព្យាបាលថ្មីៗជាច្រើនសម្រាប់ជំងឺមហារីកលើមនុស្ស។ មុនពេលធ្វើតេស្តទៅលើមនុស្ស វាទំនងជាត្រូវការការសិក្សាកាន់តែច្រើនទៀតទៅលើសត្វសិនដើម្បីប្រាកដថា វិធីសាស្ត្រមួយនេះមានសុវត្ថិភាពគ្រប់គ្រាន់ទៅលើការធ្វើតេស្តចំពោះមនុស្ស៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk
– ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034