យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ជំងឺគាំងបេះដូងធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងការកើតជំងឺមហារីក។ រឿងនេះធ្វើឡើងក្រោយពីការសិក្សាមួយដែលបានពិនិត្យទៅលើការប្រឈមនឹងជំងឺមហារីកលើអ្នកជំងឺខ្សោយបេះដូងរួច។
អ្នកស្រាវជ្រាវបានរកឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំក្រោយពីរកឃើញថាមានជំងឺខ្សោយបេះដូងហើយ អ្នកជំងឺគឺមានការប្រឈមកាន់តែខ្ពស់នឹងការកើតជំងឺមហារីកជាងអ្នកដែលមិនមានជំងឺនេះរហូតដល់ ៦៨ភាគរយ។ អ្វីដែលមិនគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ការសិក្សាមិនបានរកឃើញថា អ្នកដែលមានជំងឺខ្សោយបេះដូង ដែលកើតជំងឺមហារីកគឺឆាប់ស្លាប់។
មូលហេតុអាចទៅរួចមួយសម្រាប់ទំនាក់ទំនងនេះប្រហែលជាកត្តាប្រឈមមុខដែលអាចឲ្យទៅជាខ្សោយបេះដូងនិងជំងឺមហារីកផងដូចជា ប្រវត្តិជក់បារី ធាត់ជ្រុល និងជំងឺរ៉ាំរ៉ៃដូចជាជំងឺលើសសម្ពាធឈាម។ ប៉ុន្តែទោះបីជាក្រោយពេលបញ្ចូលកត្តាទាំងនេះទៅក្នុងការវិភាគក៏ដោយ ក៏អ្នកស្រាវជ្រាវនៅតែរកឃើញអត្រានៃជំងឺមហារីកចំពោះអ្នកជំងឺខ្សោយបេះដូងកើនឡើងខ្ពស់ដដែល។
យ៉ាងណាមិញ វាប្រហែលជាមានកត្តាប្រឈមមុខផ្សេងៗទៀតដែលមិនត្រូវបានរាប់បញ្ចូលដូចជា ការញ៉ាំគ្រឿងស្រវឹង ដែលអាចជាមូលហេតុនៅពីក្រោយទំនាក់ទំនងនេះ។ ការសិក្សានេះបានបង្កើតជាសំណួរច្រើនជាងការឆ្លើយចម្លើយ ហើយក៏ត្រូវការការស្រាវជ្រាវអំពីរឿងនេះកាន់តែច្រើនដែរមុនពេលបង្កើតបានជាសេចក្តីសន្និដ្ឋានចុងក្រោយ។
បើសិនជាអ្នកកំពុងតែរស់នៅក្នុងសភាពខ្សោយបេះដូង ការបារម្ភច្រើនអំពីការសិក្សានេះក៏មិនមានផលប្រយោជន៍អ្វីល្អដែរ។ ការហាត់ប្រាណប្រាណទៀងទាត់ និងរបបអាហារផ្តល់សុខភាពអាចជួយបង្ការជំងឺទាំងនេះបាន៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk
– ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034