អាការៈខ្សោយថ្លើមស្រួចស្រាវគឺជាការបាត់បង់មុខងារថ្លើមយ៉ាងលឿន (អាចរយៈពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍) ដែលវាច្រើនតែកើតមានលើមនុស្សដែលគ្មានជំងឺថ្លើមទេ។
អាការៈខ្សោយថ្លើមស្រួចស្រាវមិនសូវជាកើតមានច្រើនដូចជាការខ្សោយថ្លើមរ៉ាំរ៉ៃទេ។
ការខ្សោយថ្លើមស្រួចស្រាវអាចមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា ការហូរឈាមខ្លាំងក្លា និងឡើងសម្ពាធក្នុងខួរក្បាល។ ជំងឺនេះត្រូវការព្យាបាលជាបន្ទាន់ និងត្រូវសម្រាកក្នុងមន្ទីរពេទ្យ។
បើយោងទៅតាមមូលហេតុរបស់វា ការខ្សោយថ្លើមស្រួចស្រាវមានពេលខ្លះអាចនឹងព្យាបាលជាមកវិញ។ ប៉ុន្តែមានករណីច្រើនហើយដែលជំងឺនេះត្រូវការដូរថ្លើមថ្មីដើម្បីព្យាបាលអោយជា។
រោគសញ្ញា
សញ្ញារបស់ជំងឺខ្សោយថ្លើមស្រួចស្រាវមានដូចជា៖
- ស្បែក និងភ្នែកឡើងលឿង
- ឈឺចាប់នៅពោះផ្នែកខាងលើ និងស្តាំ
- ហើមពោះ
- ចង្អោរ
- ក្អួត
- មានអារម្មណ៍ថាអស់កម្លាំងតែម្តង ឬមិនស្រួលខ្លួន
- វង្វេងវង្វាន់
- ងងុយដេក
ពេលត្រូវជួបគ្រូពេទ្យ
ជំងឺខ្សោយថ្លើមស្រួចស្រាវអាចកើតឡើងយ៉ាងលឿនលើមនុស្សមានសុខភាពល្អបាន ហើយក៏អាចគំរាមកំហែងដល់អាយុជីវិតគេដែរ។ បើសិនជាអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កើតមានអាការៈស្បែក ឬភ្នែកទៅជាពណ៌លឿង, ឈឺតឹងនៅផ្នែកខាងលើនៃពោះ ឬមានការប្រែប្រួលសតិអារម្មណ៍មិនធម្មតា ចូរស្វែងរកការព្យាបាលភ្លាម។
មូលហេតុ
ជំងឺខ្សោយថ្លើមស្រួចស្រាវកើតឡើងនៅពេលដែលកោសិកាថ្លើមមានការខូចខាត ហើយក៏មិនអាចបំពេញមុខងារបានទៀតដែរ។ ចំពោះមូលហេតុរបស់វាមានដូចជា៖
- ប្រើថ្នាំ Acetaminophen លើសកម្រិត៖ ការប្រើប្រាស់ថ្នាំ Acetaminophen (Tylenol) ច្រើនពេកគឺជាមូលហេតុដែលនាំអោយកើតជំងឺខ្សោយថ្លើមស្រួចស្រាវញឹកញាប់បំផុត។ ការខ្សោយថ្លើមស្រួចស្រាវអាចកើតឡើងក្រោយពីមនុស្សម្នាក់បានប្រើថ្នាំ Acetaminophen ច្រើនលើសកម្រិតណែនាំរបស់គ្រូពេទ្យរយៈពេលច្រើនថ្ងៃ។
- ថ្នាំតាមវេជ្ជបញ្ជា៖ ថ្នាំតាមវេជ្ជបញ្ជាមួយចំនួនដូចជាថ្នាំផ្សះ, ថ្នាំ Nonsteroidal Anti-inflammatory និងថ្នាំប្រឆាំងការប្រកាច់ សុទ្ធតែអាចធ្វើអោយខ្សោយថ្លើមស្រួចស្រាវបានទាំងអស់។
- ថ្នាំបំប៉នបែបឬសឈើ៖ គ្រាប់ និងថ្នាំបំប៉នបែបឬសឈើក៏ធ្វើអោយខ្សោយថ្លើមបានដែរ។
- វីរុសរលាកថ្លើម និងវីរុសផ្សេងៗទៀត៖ វីរុសបង្កជំងឺរលាកថ្លើមប្រភេទ A, B និង E អាចធ្វើអោយខ្សោយថ្លើមស្រួចស្រាវបាន។ វីរុសផ្សេងៗទៀតដែលអាចធ្វើអោយខ្សោយថ្លើមដែរនោះមានដូចជា Epstein-Barr Virus, Cytomegalovirus និង Herpes simplex Virus។
- ជាតិពុល
- ជំងឺប្រព័ន្ធភាពស៊ាំខុសប្រក្រតី៖ ខ្សោយថ្លើមអាចបណ្តាលមកពីជំងឺរលាកថ្លើមដោយសារតែប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី ដែលជាហេតុនាំអោយថ្លើមរលាក និងមានរបួស។
- ជំងឺលើសរសៃឈាមវ៉ែនក្នុងថ្លើម៖ ជំងឺសរសៃឈាមដូចជា Budd-Chiari Syndrome អាចធ្វើអោយស្ទះក្នុងសរសៃវ៉ែនរបស់ថ្លើម ដែលជាហេតុនាំអោយកើតជំងឺខ្សោយថ្លើមស្រួចស្រាវបាន។
- ជំងឺមហារីក៖ ជំងឺមហារីកដែលចាប់ផ្តើមកើតមាន ឬសាយភាយទៅថ្លើមអាចធ្វើអោយថ្លើមខ្សោយបានដែរ។
ផលវិបាក
ការខ្សោយថ្លើមស្រួចស្រាវច្រើនតែបណ្តាលអោយមានផលវិបាកច្រើនដូចជា៖
- មានជាតិទឹកក្នុងខួរក្បាលច្រើន (ហើមខួរក្បាល)៖ ការដែលមានជាតិទឹកច្រើនអាចធ្វើអោយឡើងសម្ពាធក្នុងខួរក្បាល និងបង្កើតទៅជាក្លនក្នុងខួរក្បាលទៀតផងដោយសារតែជាតិទឹករុញកោសិកាខួរក្បាល។ ការហើមខួរក្បាលក៏អាចធ្វើអោយខួរក្បាលខ្វះអុកស៊ីសែនបានដែរ។
- ការហូរឈាមឈាមមិនធម្មតា៖ ថ្លើមដែលខ្សោយហើយគឺមិនអាចផលិតសារធាតុផ្តល់កំណកឈាមបានគ្រប់គ្រាន់ឡើង។ អ្នកដែលមានអាការៈខ្សោយថ្លើមស្រួចស្រាវច្រើនតែមានបញ្ហាហូរឈាមមិនធម្មតាចេញពីផ្លូវក្រពះពោះវៀន។ ការហូរឈាមនេះប្រហែលជាពិបាកនឹងគ្រប់គ្រងណាស់។
- ការបង្ករោគ៖ អ្នកដែលមានបញ្ហាខ្សោយថ្លើមស្រួចស្រាវគឺមានការប្រឈមមុខកាន់តែខ្ពស់ទៅនឹងការបង្ករោគច្រើនប្រភេទ ជាពិសេសការបង្ករោគតាមឈាម, ផ្លូវដង្ហើម និងផ្លូវទឹកនោម។
- ខ្សោយតម្រងនោម៖ ការខ្សោយតម្រងនោមច្រើនតែកើតមានក្រោយពីខ្សោយថ្លើមរួច ជាពិសេសករណីប្រើថ្នាំ Acetaminophen លើសកម្រិត ព្រោះវានឹងទៅបំផ្លាញទាំងថ្លើម និងតម្រងនោម។
តេស្ត និងរោគវិនិច្ឆ័យ
- តេស្តឈាម៖ ការធ្វើតេស្តឈាមអាចកំណត់ដឹងថាតើថ្លើមអ្នកកំពុងតែបំពេញមុខងារបានយ៉ាងល្អឬអត់។ ការធ្វើតេស្តឈាមអាចរកមើលរយៈពេលកកឈាមបានដែរ។ ក្នុងករណីខ្សោយថ្លើមស្រួចស្រាវ ឈាមរបស់អ្នកនឹងមិនអាចមានការកកលឿនដូចធម្មតាឡើយ។
- តេស្តដោយថតរូបភាពវេជ្ជសាស្រ្ត៖ គ្រូពេទ្យប្រហែលជាណែនាំអោយថតរូបភាពវេជ្ជសាស្រ្តដូចជា ថតអេកូដើម្បីវាយតម្លៃលើថ្លើម។
- ការពិនិត្យលើជាលិការថ្លើម៖ គ្រូពេទ្យប្រហែលជាណែនាំអោយដឹងអំពីដំណើរការនៃការច្រឹបសាច់ថ្លើមទៅវិភាគហើយ។ តេស្តមួយនេះអាចជួយអោយគ្រូពេទ្យដឹងថាហេតុអ្វីបានជាថ្លើមទៅជាខ្សោយបាន។
ដោយសារតែអ្នកជំងឺខ្សោយថ្លើមស្រួចស្រាវមានការប្រឈមមុខខ្ពស់ទៅនឹងការហូរឈាមក្នុងពេលច្រឹបសាច់ទៅវិភាគ គ្រូពេទ្យប្រហែលជាប្រើវិធី Transjugular Liver Biopsy ជំនួសវិញ។
ការព្យាបាល
អ្នកដែលមានបញ្ហាខ្សោយថ្លើមស្រួចស្រាវច្រើនតែព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយបើសិនជាអាច គេនឹងត្រូវធ្វើការវះកាត់ដូរថ្លើមថែមទៀតក្នុងករណីចាំបាច់។ គ្រូពេទ្យប្រហែលជាព្យាយាមព្យាបាលសាច់ថ្លើមដែលខូច ប៉ុន្តែភាគច្រើនការព្យាបាលគឺមានការចូលរួមដោយការគ្រប់គ្រងផលវិបាក និងផ្តល់ពេលវេលាអោយសាច់ថ្លើមជាដោយខ្លួនឯង។
- ការប្រើថ្នាំសម្រាប់លុបបំបាត់ភាពពុល៖ ការខ្សោយថ្លើមស្រួចស្រាវដែលបណ្តាលមកពីប្រើថ្នាំ Acetaminophen លើសកម្រិត ឬការទទួលទានផ្សិតពុល គឺអាចព្យាបាលដោយប្រើថ្នាំបន្សាបជាតិពុល និងកាត់បន្ថយការខូចខាតរបស់ថ្លើមបាន។
- ការប្តូរថ្លើមថ្មី៖ នៅពេលការខ្សោយថ្លើមមិនអាចជាមកវិញ ជម្រើសព្យាបាលតែមួយគត់នោះគឺជាការប្តូរថ្លើមថ្មី។
ការព្យាបាលផលវិបាក
- បន្ថយសម្ពាធដែលបណ្តាលមកពីការឡើងជាតិច្រើនក្នុងខួរក្បាល៖ ការហើមខួរក្បាលដែលបណ្តាលមកពីការខ្សោយថ្លើមអាចនឹងធ្វើអោយឡើងសម្ពាធក្នុងខួរក្បាលបាន។ ការប្រើថ្នាំអាចនឹងដោះស្រាយរឿងនេះបាន។
- ការពិនិត្យរកមើលការបង្ករោគ៖ គ្រូពេទ្យនឹងយកឈាម និងទឹកនោមអ្នកដើម្បីធ្វើតេស្តរកមើលការបង្ករោគ។ បើសិនជាគ្រូពេទ្យសង្ស័យថាអ្នកមានការបង្ករោគហើយ អ្នកនឹងត្រូវប្រើថ្នាំដើម្បីព្យាបាល។
- ការបង្ការការហូរឈាមធ្ងន់ធ្ងរ៖ គ្រូពេទ្យអាចនឹងអោយថ្នាំអ្នកប្រើដើម្បីបន្ថយការប្រឈមនឹងការហូរឈាមខ្លាំង។ បើសិនជាអ្នកបាត់បង់ឈាមច្រើន គ្រូពេទ្យនឹងធ្វើតេស្តដើម្បីរកមើលប្រភពនៃការបាត់បង់ឈាមនោះ ហើយក៏ត្រូវចាក់បញ្ចូលឈាមទៀតដែរ។
ការបង្ការ
- ប្រើថ្នាំតាមការណែនាំ៖ បើសិនជាអ្នកប្រើថ្នាំ Acetaminophen ឬថ្នាំផ្សេងៗទៀត ចូរធ្វើទៅតាមការណែនាំដែលមានមានក្នុងកញ្ចប់របស់វាផង ហើយក៏មិនត្រូវប្រើអោយលើចំណុះដែរ។
- ប្រាប់គ្រូពេទ្យអំពីថ្នាំទាំងអស់ដែលអ្នកកំពុងតែប្រើប្រាស់៖ ទោះបីជាថ្នាំគ្មានវេជ្ជបញ្ជា និងថ្នាំឬសឈើក៏ដោយក៏អាចរំខានដល់ការប្រើថ្នាំមានវេជ្ជបញ្ជាដែលអ្នកកំពុងតែប្រើប្រាស់ដែរ។
- ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម៖ ចូរកាត់បន្ថយចំនួននៃការទទួលទានគ្រឿងស្រវឹងកុំអោយច្រើនជាងម្តងក្នុងមួយថ្ងៃចំពោះស្រ្តីគ្រប់អាយុ និងបុរសអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និងមិនអោយច្រើនជាងពីរដងក្នុងមួយថ្ងៃសម្រាប់បុរសក្មេងជាង ៦៥ឆ្នំា។
- ចៀសវាងអាកប្បកិរិយាដែលប្រឈមមុខ៖ មិនត្រូវប្រើម្ជុលរួមគ្នា។ ចូរប្រើស្រោមអនាម័យក្នុងពេលរួមភេទ។ បើសិនជាអ្នកសាក់រូបលើរាងកាយ ចូរប្រាកដថា ហាងនោះមានអនាម័យល្អ និងមានសុវត្ថិភាព។ កុំជក់បារី។
- ចាក់វ៉ាក់សាំង៖ បើសិនជាអ្នកមានការប្រឈមនឹងជំងឺរលាកថ្លើមខ្ពស់ ឬមានជំងឺថ្លើមរ៉ាំរ៉ៃ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ។
- ចៀសវាងការប៉ះពាល់ឈាម និងទឹកសរីរៈរបស់មនុស្សផ្សេង៖ ការមុតម្ជុល ឬប៉ះពាល់នឹងឈាម ឬទឹកសរីរៈរបស់នរណាម្នាក់ដោយចៃដន្យអាចចម្លងវីរុសរលាកថ្លើមបាន។ ការប្រើឡាមកោរពុកមាត់ ឬច្រាស់ដុសធ្មេញក៏អញ្ចឹង។
- មិនត្រូវញ៉ាំផ្សិតព្រៃទេ ព្រោះវាអាចនាំអោយពុលបាន។