យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Mail Online បានឲ្យដឹងថា ស្រ្តីវ័យក្មេងកំពុងតែកង្វះជីវជាតិសំខាន់ៗដូចជា ប៉ូតាស្យូម និងទងដែងក្នុងខ្លួន ដោយសារតែការតមអាហារចង់ឲ្យមានរាងស្គម។ វាគឺជាសេចក្តីរាយការណ៍មួយដែលបានមកពីការសង្កេតប្រចាំឆ្នាំរបស់ប្រទេសអង់គ្លេសទាក់ទងនឹងអាហារូបត្ថម្ភ។
នេះគឺជាការប្រើប្រាស់ទិន្នន័យចេញពីការសង្កេតរបស់មនុស្សពេញវ័យចំនួន ៣២៣៨នាក់ ដែលមានអាយុពី ២០ ទៅ ៥៩ឆ្នាំ ដែលគេបានពិនិត្យទៅលើការកង្វះវីតាមីន និងជាតិរ៉ែ ទៅតាមក្រុមអាយុ និងភេទ។ រាល់មនុស្សពេញវ័យម្នាក់ៗក្នុងការសិក្សានេះបានផ្តល់នូវការអធិប្បាយយ៉ាងច្រើនទៅលើអ្វីដែលពួកគេបានញ៉ាំ និងផឹក ក្នុងរយៈពេល ៤ ចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៤។ ក្រុមដែលមនុស្សប្រុសស្រីអាយុពី ២០ ទៅ២៩ឆ្នាំ គឺមានអត្រានៃការកង្វះជាតិប៉ូតាស្យូម (២៤.៧ភាគរយ) ស័ង្គសី (៨.៦ភាគរយ) និងកាលស្យូម (៩.៤ភាគរយ) ខ្ពស់ជាងគេ។
បើយើងគិតទៅលើក្រុមមនុស្សទាំងអស់វិញ បុរសគឺមានការប្រឈមនឹងការកង្វះសេឡេញ៉ូម ម៉ាញ៉េស្យូម និងវីតាមីន A ខ្ពស់ជាងគេ ដោយក្នុងនោះមាន ២៦ភាគរយ ១៤ភាគរយ និង ១៤ភាគរយ។ អ្វីដែលពិសេសនោះគឺថា ចំនួនដ៏ខ្ពស់របស់ស្រ្តីវិញគឺប្រឈមនឹងការកង្វះជាតិដែក សេឡេញ៉ូម និងប៉ូតាស្យូម ដោយក្នុងនោះមាន ២៥ភាគរយ ៥០ភាគរយ និង ២៤ភាគរយ។ ជាតិរ៉ែ និងវីតាមីនទាំងនេះអាចជួយថែរក្សារាងកាយឲ្យមានសុខភាពល្អ និងបង្ការជំងឺរ៉ាំរ៉ៃបាន។ ដូច្នេះលទ្ធផលទាំងនេះគឺរឿងដែលគួរឲ្យបារម្ភខ្លាំងណាស់។
ទោះបីជាយ៉ាងណាក៏ដោយ ការសង្កេតមួយនេះមិនបានសួរអ្នកចូលរួមថាពួកគេមានតាមដានទៅលើរបបអាហារពិសេសណាមួយឬអត់ឡើយ។ ដូច្នេះការទទួចថា អត្រានៃការកង្វះវីតាមីនដ៏ខ្ពស់របស់ស្រ្តីវ័យក្មេងគឺមិនសូវត្រឹមត្រូវឡើយ។ មនុស្សភាគច្រើនគួរតែអាចទទួលបានជីវជាតិទាំងអស់ទៅតាមតម្រូវការពួកកេតាមរយៈរបបអាហារជាច្រើន និងមានតុល្យភាព៕