ស្រ្តីដែលមិនបានមករដូវយ៉ាងហោចណាស់ បីខែជាប់គ្នាគឺត្រូវបានចាត់ទុកថាមិនមករដូវ ដែលវាមានលក្ខណៈដូចគ្នានឹងស្រ្តីពេញវ័យអាយុ ១៥ឆ្នាំ មិនទាន់ចាប់ផ្តើមមករដូវអញ្ចឹង។
មូលហេតុដែលកើតមានជាញឹកញាប់បំផុតដែលធ្វើអោយស្រ្តីមិនមករដូវនោះគឺការមានផ្ទៃពោះតែម្តង។ មូលហេតុផ្សេងៗទៀតមានដូចជា បញ្ហាទាក់ទងនឹងសរីរាង្គប្រដាប់ភេទ ឬក្រពេញដែលជួយសម្រួលដល់កម្រិតអ័រម៉ូន។ ការព្យាបាលលើមូលហេតុច្រើនតែដោះស្រាយលើបញ្ហាមិនមករដូវនេះបាន។
រោគសញ្ញា
សញ្ញាដ៏សំខាន់នៃការមិនមករដូវគឺអត់មានការមករដូវ ឬធ្លាក់ឈាមរដូវសោះតែម្តង។ បើយោងទៅតាមមូលហេតុនៃការមិនមករដូវនោះគឺថា អ្នកប្រហែលជាធ្លាប់មានរោគសញ្ញាផ្សេងទៀតជាមួយនឹងការមិនមករដូវហើយដូចជា៖
- ហូរទឹកដូចទឹកដោះតាមក្បាលសុដន់
- ជ្រុះសក់
- ឈឺក្បាល
- ប្រែប្រួលគំហើញ
- ដុះរោមមុខច្រើន
- ឈឺចាប់ក្នុងអាងត្រគៀក
- កើតមុន
ពេលដែលត្រូវជួបគ្រូពេទ្យ
ចូរពិគ្រោះជាមួយគ្រូពេទ្យ បើសិនជាអ្នកបាត់រដូវយ៉ាងហោចណាស់ បីខែជាប់គ្នា ឬមិនធ្លាប់មករដូវសោះនៅពេលអាយុចាប់ពី ១៥ឆ្នាំឡើងទៅ។
មូលហេតុ
ការមិនមករដូវអាចកើតឡើងដោយសារតែហេតុផលច្រើនប្រភេទ។ អ្នកកើតមានបញ្ហានេះដោយខ្លួនឯង តែខ្លះទៀតអាចដោយសារតែផលរំខានរបស់ថ្នាំ ឬសញ្ញានៃជំងឺណាមួយ។
ការមិនមករដូវដោយសារតែធម្មជាតិ
ក្នុងពេលធម្មតានៃជីវិត អ្នកប្រហែលជាធ្លាប់មានបញ្ហាមិនមករដូវដោយសារតែហេតុផលធម្មជាតិហើយដូចជា៖
- ការមានផ្ទៃពោះ
- បំបៅដោះកូន
- រាំងរដូវ
ការពន្យាកំណើត
ស្រ្តីខ្លះដែលប្រើថ្នាំពន្យាកំណើតប្រហែលជាមិនមករដូវនោះទេ។ ទោះបីជាក្រោយឈប់ប្រើថ្នាំគ្រាប់ពន្យាកំណើតក៏ដោយ វាប្រហែលជាមានពេលខ្លះមុនពេលផ្ទុះអូវុលជាទៀងទាត់ និងការមករដូវត្រឡប់មកវិញដែរ។ ចំណែកឯការពន្យាកំណើតដោយការចាក់ថ្នាំ ឬដាក់ឧបករណ៍ក្នុងស្បូនក៏អាចធ្វើអោយមិនមករដូវបានដែរ។
ការប្រើប្រាស់ថ្នាំ
ថ្នាំមួយចំនួនអាចធ្វើអោយរដូវលែងមកបានដូចជា៖
- ថ្នាំសរសៃប្រសាទ
- ថ្នាំព្យាបាលជំងឺមហារីក
- ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
- ថ្នាំបញ្ចុះសម្ពាធឈាម
- ថ្នាំអាឡែហ្ស៊ី
កត្តាទាក់ទងនឹងរបៀបរស់នៅ
ពេលខ្លះកត្តាទាក់ទងនឹងរបៀបរស់នៅក៏នាំអោយមិនមករដូវដែរដូចជា៖
- ស្គម៖ ការដែលស្គមពេក ឬមានទម្ងន់ទាបជាងទម្ងន់ធម្មតា ១០ភាគរយ អាចនឹងរំខានដល់មុខងារអ័រម៉ូនជាច្រើនក្នុងរាងកាយ ជាពិសេសដំណើរការណ៍នៃការផ្ទុះអូវុលតែម្តង។ ស្រ្តីដែលមានបញ្ហានៃការទទួលទានដូចជា មិនឃ្លានអាហារ ឬញ៉ាំច្រើនតែក្អួតមកវិញ ច្រើនតែមានបញ្ហាមិនមករដូវដោយសារតែការប្រែប្រួលអ័រម៉ូនមិនធម្មតា។
- ហាត់ប្រាណច្រើនពេក៖ ស្រ្តីដែលចូលរួមធ្វើសកម្មភាពទាំងឡាយណាដែលត្រូវការប្រើកម្លាំងខ្លាំងៗពេកដូចជា ការរាំរបាំបាឡេ ប្រហែលជាយល់ថារដូវរបស់ពួកគេរងការប៉ះពាល់ហើយ។ មានកត្តាច្រើនណាស់ដែលនាំអោយមិនមករដូវក្នុងពេលលេងកីឡាអត្តពលកម្មដូចជា ជាតិខ្លាញ់ក្នុងខ្លួនតិច, ស្រ្តេស និងប្រើកម្លាំងខ្លាំងពេក។
- ស្រ្តេស៖ ការដែលមានភាពតានតឹងក្នុងអារម្មណ៍អាចធ្វើអោយប្រែប្រួលមុខងាររបស់ Hypothalamus ដែលជាកន្លែងមួយក្នុងខួរក្បាលសម្រាប់គ្រប់គ្រងលើអ័រម៉ូនធ្វើអោយមានរដូវ ជាបណ្តោះអាសន្នបាន។ ការផ្ទុះអូវុល និងការមករដូវប្រហែលជាត្រូវឈប់ ប៉ុន្តែវានឹងមកធម្មតាវិញពេលដែលលែងមានស្រ្តេស។
អតុល្យភាពអ័រម៉ូន
ជំងឺច្រើនប្រភេទណាស់ដែលអាចធ្វើអោយអតុល្យភាពអ័រម៉ូនបានដូចជា៖
- ចង្កោមរោគសញ្ញាពងទឹកច្រើនក្នុងក្រពេញអូវ៉ែ (Polycystic Ovary Syndrome, PCOS)៖ ជំងឺមួយនេះនឹងធ្វើអោយកម្រិតអ័រម៉ូនឡើងខ្ពស់ជាងធម្មតា ជាពិសេសដំណើរការវដ្តរដូវតែម្តង។
- ក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ៖ ក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក (Hyperthyroidism) ឬ ធ្វើការមិនល្អ (Hypothyroidism) អាចបណ្តាលអោយការមករដូវមិនទៀងទាត់ ហើយក៏មិនមករដូវទៀតក៏មានដែរ។
- ដុំសាច់ក្នុងក្រពេញ Pituitary៖ ដុំសាច់មិនមែនមហារីក (Benign) ក្នុងក្រពេញ Pituitary អាចនឹងរំខានដល់ការសម្របសម្រួលអ័រម៉ូនសម្រាប់មករដូវបាន។
- ឆាប់រាំងរដូវពេក៖ ការរាំងរដូវច្រើនតែចាប់ផ្តើមនៅអាយុជាង ៥០ឆ្នាំ។ ប៉ុន្តែមានស្រ្តីខ្លះ ក៏អាចរាំងរដូវមុនអាយុ ៤០ឆ្នាំបានដែរ។
បញ្ហារចនាសម្ព័ន្ធ
បញ្ហាដែលទាក់ទងនឹងសរីរាង្គភេទក៏អាចធ្វើអោយរាំងរដូវបានដែរដូចជា៖
- ការមានស្លាកស្នាមនៅស្បូន៖ ចង្កោមរោគសញ្ញា Asherman’s Syndrome ជាជំងឺមួយប្រភេទដែលកើតមានសន្លាកជាលិការក្នុងស្បូន ហើយពេលខ្លះអាចកើតឡើងក្រោយពីការគៀរក្នុងស្បូន, សម្រាលដោយការវះកាត់ ឬព្យាបាលជំងឺដុំសាច់ក្នុងស្បូន។
- កង្វះសរីរាង្គភេទ៖ ពេលខ្លះ បញ្ហាអាចកើតមានក្នុងពេលវិវឌ្ឈន៍របស់កូនដែលធ្វើអោយកូនស្រីកើតមកគ្មានផ្នែកសំខាន់ណាមួយនៃប្រដាប់បន្តពូជដូចជា ស្បូន, មាត់ស្បូន ឬទ្វារមាស។ ដោយសារតែប្រព័ន្ធប្រដាប់ភេទរបស់នាងមិនលូតលាស់ដូចធម្មតា នាងក៏មិនអាចមានរដូវដូចស្រ្តីធម្មតាបានដែរ។
- រចនាសម្ព័ន្ធមិនធម្មតារបស់ទ្វារមាស៖ ការស្ទះណាមួយរបស់ទ្វារមាសប្រហែលជាមិនអាចអោយមើលឃើញលំហូរឈាមរដូវបានទេ។ ភ្នាសឬជញ្ជាំងប្រហែលជាអាចកើតមានក្នុងទ្វារមាស និងបណ្តាលអោយស្ទះដល់លំហូរឈាមចេញពីស្បូន និងមាត់ស្បូនបាន។
កត្តាប្រឈមមុខ
កត្តាប្រឈមមុខដែលធ្វើអោយមានបញ្ហារាំងរដូវនោះមានដូចជា
- ប្រវត្តិគ្រួសារ៖ បើសិនជាស្រ្តីណាផ្សេងក្នុងគ្រួសាររបស់អ្នកធ្លាប់មានបញ្ហាមិនមករដូវ អ្នកប្រហេលជាត្រៀមខ្លួននឹងមានបញ្ហានេះដែរហើយ។
- ការទទួលទានអាហារមិនធម្មតា៖ បើសិនជាអ្នកមានបញ្ហាញ៉ាំអាហារមិនធម្មតាដូចជា មិនឃ្លានអាហារ ឬញ៉ាំអាហារច្រើនស្រាប់ក្អួតមកវិញ មានន័យថាអ្នកមានការប្រឈមមុខខ្ពស់នឹងការមិនមករដូវហើយ។
- ការហាត់ប្រាណបែបអត្តពលកម្ម៖ ការហាត់ប្រាណបែបអត្តពលកម្មដោយប្រើកម្លាំងខ្លាំងៗពេកអាចនឹងបង្កើនការប្រឈមនឹងការមិនមករដូវបាន។
ផលវិបាក
- មិនអាចមានកូនបាន៖ បើសិនជាអ្នកមិនមានការផ្ទុះអូវុលទេ ហើយក៏មិនមករដូវទៀតនោះ មានន័យថា អ្នកមិនអាចមានផ្ទៃពោះបានឡើយ។
- ជំងឺពុកឆ្អឹង៖ បើសិនជាការមិនមករដូវរបស់អ្នកមិនបណ្តាលមកពីការចុះទាបរបស់អ័រម៉ូនអេស្ត្រូជែនទេ អ្នកក៏ប្រហែលជាប្រឈមមុខនឹងជំងឺពុកឆ្អឹងហើយ។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ
ការមិនមករដូវអាចជាសញ្ញាមួយនៃបញ្ហាអ័រម៉ូនដ៏ច្រើន។ ការស្វែងរកមូលហេតុរបស់វាអាចប្រើពេលយូរ ហើយប្រហែលជាត្រូវធ្វើតេស្តច្រើនផងដែរ។
តេស្តក្នុងមន្ទីរពិសោធន៍
តេស្តឈាមជាច្រើនដែលសំខាន់នោះមានដូចជា៖
- តេស្តរកមើលការមានផ្ទៃពោះ៖ នេះប្រហែលជាតេស្តដំបូងគេដែលគ្រូពេទ្យសុំអោយអ្នកធ្វើដើម្បីទាត់ចោលបញ្ហានៃការមានផ្ទៃពោះចេញ។
- តេស្តមើលមុខងារក្រពេញទីរ៉ូអ៊ីត៖ ការវាស់ចំនួនអ័រម៉ូន Thyroid-stimulating Hormone (TSH) ក្នុងឈាមអាចកំណត់បានថាតើក្រពេញទីរ៉ូអ៊ីតអ្នកកំពុងតែធ្វើការល្អឬក៏អត់។
- តេស្តមើលមុខងារក្រពេញអូវ៉ែ៖ ការវាស់ចំនួនអ័រម៉ូន Follicle-stimulating Hormone (FSH)ក្នុងឈាមអាចកំណត់បានថាតើក្រពេញអូវ៉ែអ្នកកំពុងតែធ្វើការល្អឬអត់។
- តេស្តមើលអ័រម៉ូនប្រូឡាក់ទីន៖ ការថយចុះរបស់អ័រម៉ូនប្រូឡាក់ទីនប្រហែលជាសញ្ញានៃដុំសាច់ក្នុងក្រពេញ Pituitary ។
- តេស្តរកមើលអ័រម៉ូនមនុស្សប្រុស៖ បើសិនជាអ្នកកំពុងតែមានបញ្ហាដុះរោមមុខច្រើន និងសម្លេងមិនសូវបាននោះ គ្រូពេទ្យប្រហែលជាចង់ពិនិត្យទៅលើអ័រម៉ូនមនុស្សប្រុសក្នុងឈាមអ្នកហើយ។
តេស្តអ័រម៉ូន
សម្រាប់តេស្តមួយនេះ អ្នកនឹងត្រូវលេបថ្នាំជាប្រភេទអ័រម៉ូនរយៈពេល ៧ ទៅ១០ថ្ងៃដើម្បីធ្វើអោយហូរឈាមរដូវតែម្តង។ ចំពោះលទ្ធផលនៃការធ្វើតេស្តនេះអាចប្រាប់ដល់គ្រូពេទ្យថាតើរដូវរបស់អ្នកឈប់មកដោយសារតែកង្វះអ័រម៉ូនអេស្ត្រូជែនឬក៏អត់។
តេស្តដោយថតរូបភាពវេជ្ជសាស្រ្ត
អាស្រ័យទៅលើរោគសញ្ញារបស់អ្នក និងលទ្ធផលនៃការធ្វើតេស្ត គ្រូពេទ្យអាចនឹងណែនាំអោយធ្វើតេស្តដោយថតរូបភាពវេជ្ជសាស្រ្តមួយ ឬច្រើនបន្ថែមទៀតដូចខាងក្រោម៖
- ថតអេកូ៖ តេស្តមួយនេះគឺជាការប្រើរលកសម្លេងដើម្បីបង្កើតជារូបភាពនៃសរីរាង្គក្នុងពោះមនុស្ស។ បើសិនជាអ្នកមិនធ្លាប់មករដូវសោះ គ្រូពេទ្យនឹងធ្វើតេស្តនេះដើម្បីពិនិត្យរកមើលភាពមិនធម្មតាក្នុងសរីរាង្គបន្តពូជរបស់អ្នក។
- ថត Computerized Tomography (CT)៖ ការថតរូបភាពវេជ្ជសាស្រ្តមួយនេះគឺជាការផ្សំគ្នានៃរូបភាពកាំរស្មីអ៊ិចជាច្រើនដែលបានមកពីកន្លែងខុសៗគ្នាដើម្បីបង្កើតបានជារូបភាពកាត់ទទឹងនៃសរីរាង្គក្នុងខ្លួន។ វាអាចបញ្ជាក់អោយដឹងថាតើស្បូន, ក្រពេញអូវ៉ែ និងតម្រងនោមមានលក្ខណៈធម្មតាឬក៏អត់។
- ការថត Magnetic Resonance Imaging (MRI)៖ MRI គឺជាការប្រើប្រាស់រលកវិទ្យុសកម្មដែលមានដែនម៉ាញ៉េទិចខ្លាំងដើម្បីបង្កើតបានជារូបភាពដ៏ច្បាស់ជាច្រើននៃជាលិការទន់ៗក្នុងរាងកាយមនុស្ស។ គ្រូពេទ្យអាចនឹងធ្វើតេស្តបែបនេះដើម្បីពិនិត្យរកមើលដុំសាច់ក្នុងក្រពេញ Pituitary។
ការព្យាបាល
ការព្យាបាលអាស្រ័យទៅលើមូលហេតុនៃការមិនមករដូវ។ ករណីខ្លះ ថ្នាំគ្រាប់ពន្យាកំណើត ឬការព្យាបាលដោយអ័រម៉ូនផ្សេងៗទៀតអាចជួយអោយវដ្តរដូវអ្នកត្រឡប់មកធម្មតាវិញបាន។ ការមិនមករដូវអាចបណ្តាលមកពីភាពមិនធម្មតានៃក្រពេញទីរ៉ូអ៊ីត ឬក្រពេញ Pituitary។ បើសិនជាមានដុំសាច់ ឬការស្ទះក្នុងរចនាសម្ព័ន្ធណាមួយ ការវះកាត់ប្រហែលជាត្រូវធ្វើក្នុងករណីចាំបាច់។
របៀបរស់នៅ និងការព្យាបាលនៅតាមផ្ទះដោយខ្លួនឯង
កត្តារបៀបរស់នៅមួយចំនួនដូចជា ការហាត់ប្រាណច្រើនពេក ឬញ៉ាំអាហារតិចពេកក៏អាចធ្វើអោយមិនមករដូវបានដែរ។ ដូច្នេះ ចូរធ្វើយ៉ាងណាផ្តល់តុល្យភាពដល់រឿងនេះ។ ចូរធ្វើការដោះស្រាយទៅលើអ្វីដែលនាំអោយអ្នកស្រ្តេស និងជម្លោះនានាក្នុងជីវិត។ បើសិនជាអ្នកមិនអាចបន្ថយស្រ្តេសដោយខ្លួនឯងទេ ចូរសុំជំនួយពីគ្រួសារ, មិត្តភក្តិ ឬគ្រូពេទ្យ។
ចូរយល់ដឹងអំពីការប្រែប្រួលចំពោះវដ្តរដូវរបស់អ្នក និងអោយពេទ្យពិនិត្យបើសិនជាអ្នកមានការព្រួយបារម្ភ។ ចូរធ្វើការកត់ត្រាទុកថាតើពេលណាអ្នកមករដូវ។ ចូរធ្វើការសម្គាល់ទៅលើថ្ងៃខែដែលអ្នកចាប់ផ្តើមមករដូវដូចជា តើវាមានរយៈពេលយូរប៉ុណ្ណា និងមានរោគសញ្ញាធ្វើទុក្ខអ្វីខ្លះ។