អាការៈទឹកភ្លោះចូលក្នុងចរន្តឈាមគឺជាជំងឺដ៏កម្រមួយ ប៉ុន្តែធ្ងន់ធ្ងរ ដែលវាកើតឡើងក្នុងពេលសម្រាលកូន។ អាការៈជំងឺបែបនេះពិបាកនឹងធ្វើរោគវិនិច្ឆ័យដឹងណាស់។ បើសិនជាគ្រូពេទ្យសង្ស័យថាអ្នកប្រហែលជាមានជំងឺនេះហើយ អ្នកនឹងត្រូវបានព្យាបាលភ្លាមៗដើម្បីបង្ការកុំអោយមានផលវិបាកដែលអាចគំរាមហែងដល់អាយុជីវិតបាន។
រោគសញ្ញា
រោគសញ្ញានៃអាការៈទឹកភ្លោះចូលក្នុងសរសៃឈាមអាចមានដូចជា៖
- ដង្ហក់ភ្លាមៗ
- មានទឹកក្នុងសួតច្រើន (ហើមសួត)
- សម្ពាធឈាមថយចុះភ្លាមៗ
- របត់ឈាមរត់ឈប់ធ្វើការភ្លាមៗ
- បញ្ហាគំរាមកំហែងដល់ជីវិតជាមួយនឹងការកកឈាម
- ប្រែប្រួលអារម្មណ៍ដូចជាថប់អារម្មណ៍ជាដើម
- ក្អួត ឬចង្អោរ
- គ្រុនញាក់
- ចង្វាក់បេះដូងដើរញ៉ាប់ ឬចង្វាក់បេះដូងមានបញ្ហា
- គំរាមហែងដល់កូនក្នុងផ្ទៃ ដូចជាចង្វាក់បេះដូងលោតយឺត
- ប្រកាច់
- សន្លប់
មូលហេតុ
អាការៈទឹកភ្លោះចូលសរសៃឈាមកើតឡើងនៅពេលដែលទឹកភ្លោះ ឬសរីរាង្គរបស់កូនក្នុងផ្ទៃចូលទៅក្នុងចរន្តឈាមរបស់ម្តាយបានតាមរយៈការរហែកក្នុងភ្នាសណាមួយរបស់កូន។ រឿងនេះទំនងជា ទឹកភ្លោះដែលផ្ទុកទៅដោយសារធាតុជាច្រើននោះធ្វើអោយមានប្រតិកម្មរលាក និងបង្កអោយមានការកកឈាមក្នុងសួត និងសរសៃឈាមរបស់ម្តាយ។
ទោះបីជាយ៉ាងណាក៏ដោយ អាការៈទឹកភ្លោះចូលសរសៃឈាមគឺកម្រនឹងកើតមានណាស់ ហើយរឿងដែលទំនងនោះគឺថា ទឹកភ្លោះមួយចំនួនក៏អាចចូលទៅក្នុងសរសៃឈាមរបស់ម្តាយក្នុងពេលសម្រាលដែរ តែគ្មានបញ្ហាអ្វីនោះទេ។ រឿងនេះដូចជាមិនច្បាស់សោះដែលថាហេតុអ្វីបានជាមានករណីខ្លះវាធ្វើអោយមានទឹកភ្លោះចូលទៅក្នុងសរសៃឈាមបង្កជំងឺធ្ងន់ធ្ងរកើត ដូច្នេះហើយគួរតែមានការសិក្សាស្រាវជ្រាវបន្ថែមទៀត។
កត្តាប្រឈមមុខ
អាការៈទឹកភ្លោះចូលសរសៃឈាមគឺជារឿងកម្រមួយ ដូច្នេះវាក៏ពិបាកនឹងកំណត់ថាមានអ្វីជាកត្តាប្រឈមមុខរបស់វាដែរ។ ការស្រាវជ្រាវបានអោយដឹងថា មានកត្តាច្រើនណាស់ដែលមានទំនាក់ទំនងនឹងអាការៈទឹកភ្លោះចូលសរសៃឈាមដូចជា៖
- ម្តាយអាយុច្រើន៖ បើសិនជាអ្នកមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅទើបតែមានកូន អ្នកប្រហែលជាប្រឈមមុខកាន់តែខ្លាំងនឹងអាការៈទឹកភ្លោះចូលសរសៃឈាមបាន។
- បញ្ហាសុក៖ បើសិនជាមានភាពមិនធម្មតាក្នុងសុក អ្នកប្រហែលជាប្រឈមមុខកាន់តែខ្ពស់ទៅនឹងអាការៈទឹកភ្លោះចូលសរសៃឈាមបាន។ ភាពមិនធម្មតានោះមានដូចជា សុកបាំងមាត់ស្បូន ឬរបើកសុកមុនពេលសម្រាល។
- ត្រៀមក្រឡាភ្លើង៖ បើសិនជាអ្នកមានអាការៈត្រៀមក្រឡាភ្លើង (សម្ពាធឈាមឡើងខ្ពស់ និងប្រូតេអ៊ីនក្នុងទឹកនោមច្រើនក្រោយពីគក៌អាយុបាន ២០សប្តាហ៍) អ្នកប្រហែលជាប្រឈមកាន់តែខ្លាំងនឹងបញ្ហាទឹកភ្លោះចូលសរសៃឈាមបាន។
- ការប្រើវិធីជំរុញអោយឈឺពោះសម្រាល៖ តាមការស្រាវជ្រាវបានអោយដឹងថា ការប្រើវិធីសាស្រ្តជំរុញអោយឈឺពោះសម្រាលមានទំនាក់ទំនងនឹងការប្រឈមមុខកាន់តែខ្លាំងនឹងបញ្ហាទឹកភ្លោះចូលក្នុងសរសៃឈាម។ ប៉ុន្តែការស្រាវជ្រាវមួយនេះនៅមានការខ្វែងគំនិតគ្នានៅឡើយទេ។
- ការសម្រាលកូនដោយការវះកាត់៖ ការសម្រាលកូនដោយវះកាត់ ឬសម្រាលកូនដោយបូមប្រហែលជាធ្វើអោយអ្នកប្រឈមមុខកាន់តែខ្លាំងនឹងអាការៈទឹកភ្លោះចូលក្នុងសរសៃឈាម។ ដំណើរការទាំងនេះអាចនឹងរំខានដល់កន្លែងការពាររាងកាយរវាងកូន និងអ្នកបាន។ ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនច្បាស់លាស់នៅឡើយថា ការសម្រាលកូនដោយវះកាត់មានការប្រឈមមុខពិតប្រាកដឬយ៉ាងណានោះទេ។
- ហ្សែន៖ អ្នកឯកទេសមួយចំនួនជឿជាក់ថា ហ្សែនប្រហែលជាដើរតួនាទីមួយក្នុងការកំណត់ទៅលើការប្រឈមមុខនឹងអាការៈទឹកភ្លោះចូលក្នុងសរសៃឈាមបាន។
ផលវិបាក
អាការៈទឹកភ្លោះចូលក្នុងសរសៃឈាមអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរចំពោះម្តាយ និងកូន។ បើសិនជាអ្នកមានបញ្ហាបែបនេះមែន អ្នកនឹងប្រឈមមុខកាន់តែខ្លាំង៖
- របួសខួរក្បាល៖ អុកស៊ីសែនទៅខួរក្បាលចុះទាបរហូតដែលជាហេតុនាំអោយខូចសរសៃប្រសាទធ្ងន់ធ្ងរ ឬស្លាប់ខួរក្បាលបាន។
- ត្រូវនៅក្នុងមន្ទីរពេទ្យយូរ៖ ស្រ្តីដែលមានជីវិតពីអាការៈទឹកភ្លោះចូលសរសៃឈាមច្រើនតែត្រូវការព្យាបាលក្នុងបន្ទប់សង្គ្រោះកម្រិតធ្ងន់ (អាស្រ័យទៅតាមផលវិបាកដែលកើតមានដែរ) រយៈពេលចាប់ពីច្រើនសប្តាហ៍ រហូតដល់ច្រើនខែ។
បើសិនជាអ្នកមានបញ្ហានេះមែន កូនដែលមិនទាន់កើតក៏ប្រឈមមុខខ្ពស់នឹងការគ្រោះថ្នាក់ក្នុងខួរក្បាលដែរដោយសារតែកង្វះអុកស៊ីសែន។ ដូច្នេះវានឹងអាចធ្វើអោយទារកស្លាប់បាន។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ
មិនមានតេស្តនៅមន្ទីរពិសោធន៍ណាអាចកំណត់រោគវិនិច្ឆ័យអាការៈទឹកភ្លោះចូលក្នុងសរសៃឈាមបានទេ។ ការធ្វើរោគវិនិច្ឆ័យច្រើនតែធ្វើឡើងក្រោយពីជំងឺផ្សេងៗទៀតត្រូវបានទាត់ចោលហើយ។ ករណីខ្លះ រោគវិនិច្ឆ័យគ្រាន់តែអាចធ្វើបានក្រោយពីម្តាយស្លាប់ហើយប៉ុណ្ណោះ។
ការព្យាបាល
អាការៈទឹកភ្លោះចូលសរសៃឈាមទាមទារអោយមានការព្យាបាលលឿនដើម្បីដឹងថាអុកស៊ីសែនក្នុងឈាមទាប និងសម្ពាធឈាមចុះទាប។ ការព្យាបាលបន្ទាន់មានដូចជា៖
- ចាក់ម្ជុលក្នុងសរសៃឈាម៖ ក្រុមគ្រូពេទ្យនឹងចាក់ម្ជុលចូលក្នុងសរសៃឈាមអាកទែរអ្នកដើម្បីតាមដានសម្ពាធឈាម។ អ្នកក៏ត្រូវចាក់ម្ជុលមួយទៀតតាមសរសៃវ៉ែននៅទ្រូងដែរ (Central Venous Catheter) ដើម្បីអាចបញ្ចូលជាតិទឹក, ថ្នាំ, ឈាម ព្រមទាំងបូមឈាម។
- អុកស៊ីសែន៖ អ្នកប្រហែលជាត្រូវការដាក់បំពង់អុកស៊ីសែននៅផ្លូវដង្ហើមដើម្បីជាជំនួយដល់ការដកដង្ហើម។
- ការប្រើថ្នាំ៖ គ្រូពេទ្យប្រហែលជាអោយអ្នកប្រើថ្នាំដើម្បីពង្រឹង និងទ្រទ្រង់មុខងាររបស់បេះដូង។ ថ្នាំផ្សេងៗទៀតអាចនឹងប្រើសម្រាប់បន្ថយសម្ពាធដែលបណ្តាលមកពីជាតិទឹកចូលក្នុងបេះដូង និងសួតច្រើន។
- ការបញ្ចូលឈាម៖ បើសិនជាអ្នកមានបញ្ហាហូរឈាមមិនឈប់ អ្នកនឹងត្រូវបញ្ចូលឈាម, ផលិតផលឈាម និងជាតិទឹកជំនួសការបាត់បង់ឈាមវិញ។
បើសិនជាអ្នកមានអាការៈទឹកភ្លោះចូលសរសៃឈាមមុនពេលសម្រាល គ្រូពេទ្យនឹងព្យាបាលអ្នកដោយយកចិត្តទុកដាក់ដើម្បីអាចសម្រាលកូនបានយ៉ាងមានសុវត្ថិភាព និងលឿនតាមតែអាចធ្វើទៅបាន។ ដូច្នេះត្រូវធ្វើការសម្រាលដោយវះកាត់ជាបន្ទាន់។