ការរមាស់រន្ធគូថគឺជាបញ្ហាដែលកើតមានជាញឹកញាប់។ កាលណាមនុស្សយើងមានបញ្ហារមាស់បែបនេះ វាតែងតែមានការអេស និងបង្កទៅជាមានស្នាមអេសយ៉ាងខ្លាំងនៅតំបន់រន្ធគូថនោះតែម្តង។ អ្នកប្រហែលជាយល់ថាខ្លួនឯងអាម៉ាស និងមិនមានផាសុខភាពសោះក្នុងពេលដែលមានបញ្ហារមាស់រន្ធគូថបែបនេះ។
ការរមាស់រន្ធគូថអាចបណ្តាលមកពីមូលហេតុច្រើនដូចជា បញ្ហាលើស្បែក, ការលាងសម្អាតច្រើនពេក ឬជំងឺឬសដូងបាត។
បើសិនជាការរមាស់កើតមានជាប់រហូតមែននោះ វាគួរតែដល់ពេលពិគ្រោះជាមួយគ្រូពេទ្យហើយ។ ជាមួយនឹងការព្យាបាល និងថែរក្សាខ្លួនឯងបានល្អនោះ អាការៈរមាស់រន្ធគូថនឹងបាត់ទៅវីញជាមិនខានអាស្រ័យទៅតាមមូលហេតុរបស់វា។
ពេលដែលត្រូវជួបពេទ្យ
អាការៈរមាស់រន្ធគូថភាគច្រើនមិនចាំបាច់ព្យាបាលឡើយ។ ប៉ុន្តែអ្នកគួរតែទៅអោយពេទ្យព្យាបាលបើសិនជា៖
- ការរមាស់រន្ធគូថមានលក្ខណៈធ្ងន់ធ្ងរ ឬមានរយៈពេលយូរជាងពីរខែ។
- ហូរឈាមតាមរន្ធគូថ។
- មិនអាចរកឃើញមូលហេតុដែលនាំអោយរមាស់គូថជាប់រហូតបាន។
ការរមាស់គូថជាប់រហូតប្រហែលជាមានជាប់ទាក់ទងនឹងបញ្ហាស្បែក ឬបញ្ហាសុខភាពផ្សេងៗទៀតដែលត្រូវការព្យាបាលពីគ្រូពេទ្យ។
មូលហេតុ
- រលាកស្បែក៖ ការកកិត និងមានសំណើមអាចធ្វើអោយស្បែកនៅតំបន់រន្ធគូថមានការរលាកបាន។ ការរលាកបែបនេះមានពេលខ្លះអាចធ្វើអោយរមាស់ដល់រន្ធគូថបាន។ ក្លិន, និងសារធាតុធ្វើអោយទន់ក្នុងផលិតផលផ្សេងៗដូចជាសាប៊ូដុសខ្លួន និងក្រដាសអនាម័យក៏ប្រហែលជាធ្វើអោយរលាក និងរមាស់រន្ធគូថបាន។ ការដែលប្រើផលិតផលទាំងនេះច្រើនហួសហេតុពេទ្យច្រើនដែលធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុនទៀត។
- បញ្ហាផ្លូវរំលាយអាហារ៖ ការដែលឧស្សាហ៍មានបញ្ហារាគរូសក៏អាចធ្វើអោយរលាក និងរមាស់រន្ធគូថបានដែរ។ ការលេចលាមកចេញពីរន្ធគូថដោយមិនដឹងខ្លួនក៏ជាកត្តានាំអោយរមាស់បានដែរ។
- ជំងឺឬសដូងបាត៖ ជំងឺឬសដូងបាតគឺជាការរីកធំនៃសរសៃវ៉ែនក្នុងភ្នាសរបស់ផ្នែកខាងក្រោមបំផុតនៃរន្ធគូថ និងចុងពោះវៀនធំ។ ជំងឺនេះច្រើនតែកើតឡើងដោយសារតែការប្រឹងជុះ។ ការរមាស់រន្ធគូថអាចជារោគសញ្ញាមួយរបស់ជំងឺនេះ។
- ការបង្ករោគ៖ ជំងឺកាមរោគប្រហែលជាមានចូលរួមដោយរន្ធគូថដែរ ហើយក៏ជាមូលហេតុនាំអោយរមាស់រន្ធគូថថែមទៀតផង។ ចំពោះក្មេងៗវិញ ពពួកប៉ារ៉ាស៊ីតប្រភេទអៀនអាចធ្វើអោយរមាស់ក្នុងរន្ធគូថជាប់រហូតបាន។ ចំណែកឯមនុស្សធំដែលរស់នៅក្នុងផ្ទះតែមួយក៏អាចឆ្លងពពួកប៉ារ៉ាស៊ីតនេះដែរ។ ចំពោះការបង្ករោគដោយពពួកផ្សិតវិញ ច្រើនតែកើតមានលើមនុស្សស្រី និងនាំអោយមានការរមាស់នៅតំបន់រន្ធគូថតែម្តង។
- ជំងឺស្បែក៖ ពេលខ្លះ ការរមាស់រន្ធគូថគឺជាផលវិបាករបស់ជំងឺស្បែកណាមួយដូចជាជំងឺ Psoriasis ឬជំងឺរលាកស្បែក។
- ដុំសាច់ក្នុងរន្ធគូថ៖ ដុំសាច់អាចជាមហារីក ឬមិនមែនមហារីក អាចកើតមាននៅជុំវិញរន្ធគូថ និងបង្កការរមាស់ដែរ ប៉ុន្តែវាគឺជាករណីមួយកម្រណាស់។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យប្រហែលជាអាចធ្វើរោគវិនិច្ឆ័យទៅលើមូលហេតុដែលនាំអោយរមាស់នៅរន្ធគូថតាមរយៈការសួរសំណួរទាក់ទងនឹងរោគសញ្ញារបស់អ្នក។
បើសិនជាមូលហេតុនៃការរមាស់នេះរកមិនឃើញទេ គ្រូពេទ្យប្រហែលជាត្រូវណែនាំអោយអ្នកទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគសើរស្បែក ឬអ្នកជំនាញខាងព្យាបាលបញ្ហាលើចុងពោះវៀនធំ និងរន្ធគូថដើម្បីធ្វើការវាយតម្លៃបន្ថែមទៀត។ ការពិនិត្យនៅរន្ធគូថប្រហែលជាអាចទទួលបានចម្លើយ និងដំណោះស្រាយគ្រប់គ្រាន់ចំពោះបញ្ហារមាស់រន្ធគូថអ្នក។
ការធ្វើតេស្តផ្សេងៗទៀតដូចជា ការឆ្លុះរន្ធគូថ ឬឆ្លុះពោះវៀនធំដើម្បីមើលក្នុងផ្លូវរំលាយអាហារអាចមានេលខ្លះចាំបាច់ដែរ ដើម្បីវាយតម្លៃទៅលើមូលហេតុនៃការរមាស់។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃការរមាស់នេះប្រហែលជាមិនអាចសម្គាល់ដឹងបានឡើយ។
ការព្យាបាល
ការព្យាបាលបញ្ហារមាស់រន្ធគូថអាស្រ័យទៅតាមមូលហេតុរបស់វា។ ការព្យាបាលក៏ត្រូវអោយមានរឿងច្រើនទៀតចូលរួមដែរដូចជា ការថែរក្សាខ្លួនប្រាណអោយបានស្អាតល្អ, ផ្លាស់ប្តូររបបអាហារ, ព្យាបាលការបង្ករោគ ឬធ្វើការវះកាត់ដើម្បីដោះស្រាយបញ្ហា (កម្រ)។
ការប្រើថ្នាំ
- ក្រែមមានជាតិ Hydrocortisone ដែលអាចទិញមិនបាច់មានវេជ្ជបញ្ជា (Cortaid, Preparation H Anti-Itch Cream)៖ចូរលាបក្រែមនេះនៅកន្លែងដែលមានបញ្ហាដើម្បីបន្ថយការរលាក និងរមាស់។
- ក្រែមលាបការពារដែលមានសារធាតុ Zinc Oxide (Desitin, Balmex)៖ ចូរលាបក្រែមនេះនៅតំបន់ដែលមានបញ្ហាព្រោះវាក៏អាចមានប្រយោជន៍ដែរ។
- ថ្នាំប្រឆាំងនឹងអាឡែហ្ស៊ី៖ បើសិនជារោគសញ្ញាអ្នកកាន់តែធ្ងន់ធ្ងរនៅពេលយប់ គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំប្រឆាំងនឹងអាឡែហ្ស៊ីហើយដើម្បីបន្ថយការរមាស់។ អ្នកអាចប្រើវាជាការលាបក៏បានដែរ។
- ការព្យាបាលដោយប្រើថ្នាំសម្លាប់ប៉ារ៉ាស៊ិត៖ មានឆ្នាំច្រើនណាស់ដែលអាចប្រើសម្រាប់ព្យាបាលការបង្ករោគដោយពពួកអៀនបាន។ ការប្រើថ្នាំតែម្តងប៉ុណ្ណោះក៏អាចព្យាបាលជំងឺនេះបានដែរ ប៉ុន្តែអ្នកគួរតែប្រើម្តងទៀតនៅរយៈពេលមួយ ទៅពីរសប្តាហ៍ក្រោយ។
ជាមួយនឹងការព្យាបាលបានត្រឹមត្រូវ ធ្វើអោយអ្នកជំងឺភាគច្រើននឹងមានការធូរស្បើយពីការរមាស់រន្ធគូថក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ ចំពោះការរមាស់រន្ធគូថដែលមានរយៈពេលច្រើនជាងមួយទៅពីរខែត្រូវតែអោយគ្រូពេទ្យវាយតម្លៃបន្ថែមទៀត។
របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯងនៅផ្ទះ
ការបង្ការកុំអោយរមាស់រន្ធគូថទៀតត្រូវតែមានការលាងសម្អាតអោយបានស្អាតល្អ និងចៀសវាងការរលាក។ បើសិនជាអ្នកមានបញ្ហារមាស់រន្ធគូថរួចហើយនោះ ចូរសាកល្បងប្រើវិធីថែរក្សាខ្លួនដូចខាងក្រោមនេះ៖
- លាងសម្អាតថ្នមៗ៖ ចូរលាងសម្អាតកន្លែងដែលរមាស់នោះភ្លាមៗក្រោយពីបន្ទោរបង់រួច។ មិនត្រូវដុសខ្លាំង និងប្រើសាប៊ូដុំឡើយ។ អ្នកគួរតែប្រើក្រណាត់ឡែនទន់ហើយសើម, ក្រដាសអនាម័យដែលសើម ឬប្រើទឹកដើម្បីលាងសម្អាតរន្ធគូថ។
- ធ្វើអោយស្ងួត៖ ក្រោយពីលាងសម្អាតរួច ចូរប្រើប្រាស់ក្រដាស់អនាម័យ ឬកន្សែង ឬម៉ាស៊ីនផ្លុំសក់ដើម្បីមកសម្ងួតរន្ធគូថរបស់អ្នក។
- កុំអេស៖ ការអេសរឹងតែធ្វើអោយមានការរលាកលើស្បែកកាន់តែខ្លាំង និងធ្វើអោយរលាកជាប់រហូតបាន។ បើសិនជាអ្នកមិនអាចស៊ូទ្រាំនឹងការរមាស់នេះទេ ចូរស្អំទឹកកក ឬត្រាំក្នុងទឹកក្តៅឧណ្ហៗដើម្បីបំបាត់បញ្ហានេះជាបណ្តោះអាសន្នបាន។
- ស្លៀកខោទ្រនាប់ដែលរលង់ៗ៖ ការធ្វើបែបនេះនឹងជួយអោយកន្លែងដែលរមាស់នោះស្ងួតបាន។ ចូរចៀសវាងការស្លៀកខោទ្រនាប់ណាដែលតឹងៗព្រោះវានឹងធ្វើអោយសើមជាប់បាន។
- ចៀសវាងការរលាក៖ ចូរចៀសវាងការងូតទឹកក្នុងពពុះសាប៊ូ និងប្រើផលិតផលបាញ់បំបាត់ក្លិននៅលើប្រដាប់ភេទ។ ចូរកាត់បន្ថយ ឬចៀសវាងភេសជ្ជៈដូចជា កាហ្វេ ឬកូកាកូឡា និងអហារដែលអ្នកដឹងថាធ្វើអោយមានជំងឺរាគបាន។ ចូរចៀសវាងការប្រើថ្នាំបន្ទន់លាមកច្រើនពេក។
- រក្សាទម្លាប់បន្ទោរបង់ទៀងទាត់៖ បើសិនជាលាមកទន់ ឬការបន្ទោរបង់ញឹកញាប់គឺជាបញ្ហានោះ អ្នកគួរតែបន្ថែមអាហារសរសៃបន្តិចបន្តួចទៅ ព្រោះវាអាចជារឿងមានប្រយោជន៍។