ជំងឺក្រិនសរសៃឈាមកើតឡើងដោយសារសរសៃឈាមអាក់ទែប្រែក្លាយទៅជារឹង និងរួមតូច ហើយដំណើរការនៃជំងឺប្រភេទនេះមានលក្ខណៈស្ងៀមស្ងាត់ រួមទាំងបណ្តាលអោយស្ទះសរសៃឈាម និងលំហូរឈាម ។
ជំងឺក្រិនសរសៃឈាមជាធម្មតាបង្កអោយមានបញ្ហាគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺលើសរសៃឈាមចុងដៃចុងជើង ទាំងនេះត្រូវបានគេស្គាល់ថាជាជំងឺបេះដូង–សរសៃឈាម ។
ទោះបីជាយ៉ាងណាក៏ដោយ តើជំងឺក្រិនសរសៃឈាមកើតឡើងយ៉ាងដូចម្តេច? តើនរណាជាអ្នកកើតជំងឺនេះ ហេតុអ្វី? ជំងឺក្រិនសរសៃឈាមគឺជាពាក្យមួយឃ្លាដែលពិបាកនិយាយ ប៉ុន្តែវាមិនគួរត្រូវបានលាក់លៀមនោះទេ។ ដំណើរការនៃការស្លាប់គឺអាចការពារ និងព្យាបាលបាន ។ ចូរអានបន្តដើម្បីដឹងពីសកម្មភាពសត្រូវរបស់អ្នក ។
មូលហេតុ
ដំបូងយើងរំលឹកទៅដល់រូបរាងកាយធម្មតាសិន សរសៃឈាមអាក់ទែគឺជាសរសៃឈាមដែលមានតួរនាទីដឹកនាំឈាមពីបេះដូងទៅកាន់គ្រប់កន្លែងនៃរាងកាយ ។ សរសៃទាំងនេះក្រាលទៅដោយស្រទាប់កោសិការដ៏ស្តើងមួយមានឈ្មោះថា Endothelium ។ Endothelium មាននាទីរក្សានូវភាពរលោង និងកំលាំងកន្ត្រាក់តិចៗរបស់សរសៃឈាមអាក់ទែ ក្នុងការគ្រប់គ្រងចរន្តឈាម ។
វេជ្ជបណ្ឌិតជំនាញឯកទេសនិយាយថា “ជំងឺក្រិនសរសៃឈាមកើតឡើងនៅពេលដែលមានសម្ពាធឈាមខ្ពស់ ជក់បារី ឬកំរិតកូឡេស្តេរ៉ុលខ្ពស់ដែលវាជាហេតុធ្វើអោយខូចទៅដល់ស្រទាប់ Endothelium ។ នៅទីនោះ គេឃើញមានកំណកខ្លាញ់កូឡេស្ទេរ៉ុល” ។
ការឈ្លានពានរបស់កូឡេស្ទេរ៉ុល៖ កូឡេស្ទេរ៉ុលដែលអាក្រក់ ឬ LDL ជាអ្នកធ្វើអោយខូចខាតស្រទាប់ Endothelium ដោយសារតែវាចូលទៅក្នុងជញ្ជាំងរបស់សរសៃឈាមអាក់ទែ ។
ការករកើតកំណក៖ គ្រាប់ឈាមសរបស់អ្នកហូរចូលដើម្បីបំបែកកូឡេស្ទេរ៉ុល LDL ។ អស់រយៈពេលច្រើនឆ្នាំ ការផ្តុំគ្នានៃកំណករបស់កូឡេស្ទេរ៉ុល និងកោសិការវាបង្កើតបានទៅជាកំណកមួយនៅជាប់នឹងសរសៃឈាមអាក់ទែ ។
គ្រូពេទ្យជំនាញពន្យល់ថា “វាគឺជាសារធាតុរាវដ៏ច្របូកច្របល់មួយ ឬជាកូឡេស្ទេរ៉ុល និងកាកសំណល់កោសិការ ហើយវាធ្វើអោយប៉ះពាល់ទៅដល់ជញ្ជាំងសរសៃឈាមអាក់ទែដោយចៃដន្យ ។ ភាពចៃដន្យនោះក្លាយទៅជាធំទៅៗ ដែលអាចនឹងគ្រប់គ្រាន់ធ្វើអោយស្ទះសរសៃឈាមបាន” ។
ជំងឺក្រិនសរសៃឈាមជាធម្មតាមិនបង្កអោយមានរោគសញ្ញាអ្វីទេរហូតដល់មនុស្សនោះស្ថិតក្នុងវ័យកណ្តាល ឬវ័យចាស់ ។ នៅពេលមួយដែលភាពរួមតូចនៃសរសៃឈាមទៅជាធ្ងន់ធ្ងរហើយ វានឹងចុកជិតកុំអោយមានលំហូរឈាម ហើយបង្ករអោយមានការឈឺចាប់ ។
ជម្ងឺក្រិនសរសៃឈាម និងការបង្កបញ្ហារបស់កំណក
កំណកដែលបានមកពីការស្ទះសរសៃឈាមអាចមានសណ្ឋានខុសៗគ្នា ។
- វាអាចនៅខាងក្នុងជញ្ជាំងសរសៃឈាមអាក់ទែ ។ នៅទីនោះកំណកមានការលូតលាស់ក្នុងទំហំមួយពិតប្រាកដ ។ លោក Stein និយាយថា “ដោយសារតែពួកវាមិនធ្វើអោយស្ទះលំហូរឈាម កំណកទាំងនេះប្រហែលជាមិនបង្កអោយមានរោគសញ្ញាអ្វីនោះទេ” ។
- ពួកវាអាចលូតលាស់យឺត ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែបង្កអោយមានការស្ទះដដែល ។ ការឈឺចាប់នៅទ្រូង ឬជើងគឺជារោគសញ្ញាធម្មតាៗរបស់វា ។
- ក្នុងករណីដែលធ្ងន់ធ្ងរគឺ កំណកអាចនឹងដាច់ចេញភ្លាមៗ ដែលជាហេតុធ្វើអោយមានកំណកក្នុងសរសៃឈាមអាក់ទែ ។ នៅក្នុងខួរក្បាល បញ្ហានេះនឹងធ្វើអោយកើតជម្ងឺដាច់សរសៃឈាមខួរក្បាល ចំនែកបេះដូងវិញ ធ្វើអោយមានបញ្ហាគាំងបេះដូង ។
កំណករបស់ជំងឺក្រិនសរសៃឈាមបង្កអោយមានជំងឺបេះដូង–សរសៃឈាមចំនួនបីធំៗនោះគឺ៖
- ជំងឺសរសៃឈាមបេះដូង Coronary៖ កំណកដែលមានលំនឹងនៅក្នុងសរសៃឈាមបេះដូងអាចបង្កអោយមានការឈឺទ្រូង ។ ការរបេះភ្លាមៗនៃកំណក និងការករកើតកំណកឈាមធ្វើអោយសាច់ដុំបេះដូងស្លាប់បាន ។ ករណីនេះមានឈ្មោះថាគាំងបេះដូង ឬ Myocardial Infarction ។
- ជំងឺខួរក្បាល–សរសៃឈាម៖ ការរបេះកំណកនៅក្នុងសរសៃឈាមអាកទែរបស់ខួរក្បាលធ្វើអោយមានជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែមានកខូចខ្លាំងនៃកោសិការខួរក្បាល ។ ការស្ទះបណ្តោះអាសន្ននៅក្នុងសរសៃឈាមអាក់ទែក៏អាចបង្កអោយមានបញ្ហា Transient Ischemic Attack (TIAs) ដែរ ដែលវាជាសញ្ញាប្រកាសអាសន្នរបស់ជំងឺដាច់សរសៃឈាមខួរក្បាល ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានការគ្រោះថ្នាក់ទៅលើខួរក្បាលទេ ។
- ជំងឺសរសៃឈាមចុងដៃចុងជើង៖ ការរួមតូចនៅក្នុងសរសៃឈាមរបស់ជើងបង្កឡើងដោយការកើតកំណក ។ ជំងឺសរសៃឈាមចុងដៃចុងជើង ធ្វើអោយមិនមានចរន្តឈាមច្រើនទៅតំបន់នោះ ។ ករណីនេះធ្វើអោយមានការឈឺចាប់ក្នុងពេលដើរ និងអោយរបួសក្រជា ។ ចំពោះជំងឺដែលធ្ងន់ធ្ងរប្រហែលជាត្រូវការកាត់អវៈយវៈចេញទៀតផង ។
អ្វីទៅដែលធ្វើអោយអាចកើតជំងឺក្រិនសរសៃឈាមនេះ?
វាប្រហែលជាសំនួរស្រួលនឹងសួរទេថា តើនរណាទៅដែលមិនអាចកើតជំងឺក្រិនសរសៃឈាម?
ការសិក្សាក្នុងឆ្នាំ ២០០១ ទៅលើប្រជាជនដែលមានសុខភាពបេះដូងល្អចំនួន ២៦២នាក់ធ្វើអោយមានការភ្ញាក់ផ្អើលដូចជា៖
- ៥១,៩%មានជំងឺក្រិនសរសៃឈាម
- ជំងឺក្រិនសរសៃឈាមបានកើតឡើងប្រមាណ ៨៥%ទៅលើមនុស្សមានអាយុច្រើនជាង ៥០ឆ្នាំ
- ១៧%នៃយុវវ័យមានជំងឺក្រិនសរសៃឈាម
គ្មាននរណាម្នាក់មានរោគសញ្ញាទេ ហើយភាគតិចណាស់ដែលសរសៃឈាមរបស់ពួកគេរួមតូច ។ បែបនេះគឺជាដំណាក់កាលជំងឺដំបូង ដែលមានតែការស្រាវជ្រាវដោយការធ្វើតេស្តពិសេសទេទើបរកឃើញ ។
ប្រសិនបើអ្នកអាយុដល់ ៤០ឆ្នាំ ហើយសុខភាពទូទៅល្អធម្មតា អ្នកប្រហែលជាមានឱកាស ៥០%ក្នុងការវិវត្តន៍ទៅជាជំងឺក្រិនសរសៃឈាមយ៉ាងធ្ងន់ធ្ងរក្នុងឆាកជីវិត ។ ការប្រឈមមុខនឹងកើនឡើងនៅពេលដែលអ្នកមានអាយុកាន់តែច្រើន ។ ចំនុចសំខាន់នៃអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅគឺត្រូវតែមានជំងឺក្រិនសរសៃឈាមខ្លះហើយ ប៉ុន្តែពួកគេមិនដែលបានសំគាល់មើលរោគសញ្ញារបស់វានោះទេ ។
មានដំណឹងល្អមួយថា អត្រានៃការស្លាប់ដោយសារជំងឺក្រិនសរសៃឈាមត្រូវបានធ្លាក់ចុះរហូតដល់ ២៥% ចាប់តាំងពី ៣០ឆ្នាំមុនមកម្លេះ ។ ប្រការនេះគួរតែអរគុណទៅដល់របៀបរស់នៅ និងការរីកចំរើននៃការព្យាបាលបានល្អជាងមុន ។
ការបង្ការ
ជំងឺក្រិនសរសៃឈាមគឺជាជំងឺវិវត្តន៍ ប៉ុន្តែវាក៏អាចបង្ការបានដែរ ។ ឧទាហរណ៍ កត្តាប្រឈមមុខចំនួន ៩ដែលធ្វើអោយមានបញ្ហាគាំងបេះដូងរហូតដល់ ៩០%ដូចជា៖
- ការជក់បារី
- ឡើងកំរិតកូឡេស្ទេរ៉ុលខ្ពស់
- ឡើងសម្ពាធឈាមខ្ពស់
- ជំងឺទឹកនោមផ្អែម
- ដុះក្បាលពោះ
- Stress
- មិនទទួលទានផ្លែឈើ និងបន្លែ
- មិនហាត់ប្រាណអោយទៀងទាត់
អ្នកប្រហែលជាចំណាំឃើញថាបញ្ហាអស់ទាំងនេះគឺជាបញ្ហារួមទាំងអស់ ហើយអ្នកអាចធ្វើការកែប្រែវាបាន ។ អ្នកជំនាញជាច្រើនយល់ស្របថា ការកាត់បន្ថយកត្តាប្រឈមមុខធ្វើអោយថយចុះនៃការប្រឈមនឹងជម្ងឺបេះដូង–សរសៃឈាមបាន ។
សម្រាប់អ្នកដែលមានការប្រឈមមុខពីកម្រិតមធ្យមទៅខ្ពស់ ពួកគេអាចនឹងមានបញ្ហាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ឬមានការឈឺចាប់ដោយសារតែការឈឺទ្រូង ដូច្នេះត្រូវតែប្រើថ្នាំ Aspirin ក្នុងកំរិតមួយតិចក្នុងមួយថ្ងៃដើម្បីបន្ថយការឈឺចាប់ ។ ថ្នាំ Aspirin ជួយការពារការកើតមានកំណកឈាម ។ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យមុននឹងចាប់ផ្តើមប្រើថ្នាំ Aspirin ដោយសារតែថ្នាំនេះផ្តល់ផលរំខានច្រើន ។
ការព្យាបាល
នៅពេលមួយដែលមានការស្ទះនៅក្នុងសរសៃឈាមអាក់ទែ ជាទូទៅទីនោះត្រូវតែមានបញ្ហា ។ ការប្រើថ្នាំ និងការផ្លាស់ប្តូររបៀបរស់នៅ ត្រូវបានយកជាការថាធ្វើអោយកំណកនោះលូតលាស់យឿត ឬបញ្ឈប់ការលូតលាស់ ។ វាប្រហែលជាជួយធ្វើអោយកំណកនោះតូចជាងមុនបន្តិចដោយការព្យាបាលបានខ្លាំង និងត្រឹមត្រូវ ។
- ផ្លាស់ប្តូររបៀបរស់នៅ៖ ការកាត់បន្ថយកត្តាប្រឈមរបស់របៀបរស់នៅដែលអាចធ្វើអោយកើតជំងឺក្រិនសរសៃឈាម នឹងអាចបន្ថយដំណើរ ឬបញ្ឈប់វាបាន ។ នោះមានន័យថា របបអាហារដែលមានសុខភាព ការហាត់ប្រាណ និងមិនជក់បារីដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ ។ ការផ្លាស់ប្តូររបៀបរស់នៅទាំងនេះនឹងមិនអាចលុបំបាត់ការស្ទះបានទេ ប៉ុន្តែវាធ្វើអោយការប្រឈមនឹងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលថយចុះ ។
- ការប្រើថ្នាំ៖ ការប្រើថ្នាំសំរាប់បញ្ចុះកូឡេស្ទើរ៉ុល និងសម្ពាធឈាមនឹងអាចបន្ថយដំណើរការនៃការកកើតជំងឺក្រិនសរសៃឈាម ហើយប្រហែលជាជួយកាត់បន្ថយរហូតដល់ពាក់កណ្តាលទៀតផង ព្រមទាំងបន្ថយការប្រឈមនឹងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ។
ការប្រើប្រាស់វិធីសាស្រ្តវេជ្ជសាស្រ្តក៏អាចទំលាយការស្ទះដោយសារជម្ងឺក្រិនសរសៃឈាមនេះបាន៖
- ការថតសរសៃឈាម (Angiography) និង Stenting៖ ការប្រើបំពង់ចាក់ចូលទៅក្នុងបេះដូងជាមួយនឹងការថតសរសៃឈាមបេះដូង Coronary គឺជាវិធីសាស្រ្តដែលគេច្រើនតែធ្វើ ។ ការប្រើបំពង់ដ៏តូចមួយដាក់បញ្ចូលទៅក្នុងសរសៃឈាមអាក់ទែរបស់ដៃ ឬជើង ធ្វើអោយគ្រូពេទ្យអាចវាយតម្លៃទៅលើជំងឺរបស់សរសៃឈាមអាក់ទែបាន ។ ការស្ទះត្រូវបានមើលឃើញតាមរយៈកញ្ចក់កាំរស្មីអ៊ីច ។ ការវះកាត់សរសៃឈាម (Angioplasty) ដើម្បីឆ្លុះមើលសរសៃឈាម និងការដាក់ ស្តេន (Stenting) អាចទំលាយការស្ទះរបស់សរសៃឈាមអាក់ទែបាន ។
- ការវះកាត់បែប Bypass៖ គឺជាការយកសរសៃឈាមដែលមានសុខភាពល្អនៅជើង ឬក្នុងទ្រូងទៅធ្វើការតបង្វៀងផ្លូវសរសៃឈាមណាដែលស្ទះដោយសារជំងឺក្រិនសរសៃឈាម ។
វិធីសាស្រ្តទាំងនេះមានបញ្ចូលនូវការប្រឈមនឹងផលវិបាកជាច្រើន ។ ជាធម្មតាវាតែងតែជួយសង្គ្រោះជីវិតអ្នកដែលមានរោគសញ្ញាដែលបង្កឡើងដោយជំងឺក្រិនសរសៃឈាមបានច្រើន ។