ការឈឺខ្នងគឺជាបញ្ហាដែលមនុស្សយើងច្រើនតែជួបប្រទះញឹកញាប់បំផុត ហើយវាក៏ជាមូលហេតុមួយដែលមនុស្សភាគច្រើនតែងតែមិនចង់អោយពេទ្យពិនិត្យដែរ។ បើសិនជាអ្នកមិនអាចធ្វើការបង្ការការឈឺខ្នងនេះបានទេ ការព្យាបាលដោយខ្លួនឯង និងប្រើប្រាស់រាងកាយអោយបានត្រឹមត្រូវច្រើនតែអាចសម្រួលដល់ការឈឺខ្នងនេះវិញក្នុងរយៈពេលពីរទៅបីសប្តាហ៍។ ចំពោះការវះកាត់កម្រនឹងត្រូវការធ្វើចំពោះការឈឺខ្នងណាស់។
រោគសញ្ញា
រោគសញ្ញានៃការឈឺខ្នងអាចមានដូចជា៖
- ឈឺសាច់ដុំ
- ឈឺខ្ទោកៗ
- ឈឺចាប់ចាក់ទៅជើង
- មិនអាចធ្វើចលនាខ្នងបានគ្រប់គ្រាន់
- មិនអាចឈរត្រង់បាន
ការឈឺខ្នងភាគច្រើននឹងស្រួលបួលមកវិញតាមរយៈការព្យាបាលដោយខ្លួនឯង និងការថែរក្សារាងកាយ។ ទោះបីជាការឈឺចាប់ត្រូវការប្រើពេលច្រើនសប្តាហ៍ដើម្បីបាត់ទាំងស្រុងក៏ដោយ ក៏អ្នកគួរតែសម្គាល់មើលនូវភាពធូរស្រាលមួយចំនួនក្នុងរយៈពេល ៧២ម៉ោងដំបូងនៃការថែរក្សាខ្លួនឯងដែរ។ បើសិនជាមិនមានអ្វីធូរស្រាលទេ ចូរស្វែងរកគ្រូពេទ្យព្យាបាលភ្លាមទៅ។
ស្ថិតក្នុងករណីដ៏កម្រ ការឈឺខ្នងអាចជាសញ្ញាដ៏ធ្ងន់ធ្ងររបស់ជំងឺណាមួយ។ ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាការឈឺខ្នងរបស់អ្នក៖
- ធ្វើអោយមានបញ្ហាដល់ពោះវៀន ឬប្លោកនោម
- មានទំនាក់ទំនងនឹងការឈឺចាប់តិចៗក្នុងពោះ ឬក្តៅខ្លួន
- ធ្វើអោយដើរដួល ឬមានរបួសអ្វីផ្សេងៗទៀត
ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាការឈឺខ្នងរបស់អ្នក៖
- បន្តជាប់ ឬឈឺចាប់ខ្លាំង ជាពិសេសនៅពេលយប់ ឬពេលដេក
- ចាក់រាលទៅជើងម្ខាង ឬទាំងសងខាង ជាពិសេសការឈឺនៅក្រោមជង្គង់
- ធ្វើអោយខ្សោយ, ស្ពឹក ឬឈឺឈៀបៗនៅជើងម្ខាង ឬទាំងសងខាង
- កើតឡើងជាមួយនឹងការហើម ឬក្រហមខ្នង
ជាមួយគ្នានេះដែរ ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកចាប់ផ្តើមមានអាការៈឈឺខ្នងជាលើកដំបូងក្រោយពីអាយុបាន ៥០ឆ្នាំ ឬបើសិនជាអ្នកមានប្រវត្តិកើតជំងឺមហារីក, ជំងឺពុកឆ្អឹង, ប្រើថ្នាំ Steroid ឬញៀនគ្រឿងស្រវឹង។
មូលហេតុ
ការឈឺខ្នងច្រើនតែកើតឡើងដោយមិនដឹងមូលហេតុអ្វីច្បាស់ឡើយ ប៉ុន្តែបញ្ហាដែលច្រើនតែនាំអោយឈឺខ្នងញឹកញាប់ជាងគេនោះមានដូចជា៖
- មានសម្ពាធលើសាច់ដុំ ឬសរសៃចងឆ្អឹង៖ ការដែលឧស្សាហ៍លើករបស់ធ្ងន់ៗ ឬធ្វើចលនាមិនបានល្អភ្លាមៗប្រហែលជាដាក់សម្ពាធទៅលើសាច់ដុំ និងសរសៃចងសាច់ដុំនៅឆ្អឹងកងខ្នងបាន។ បើសិនជាអ្នកមិនសូវមានសុខភាពរាងកាយល្អ, មានសម្ពាធច្រើននៅខ្នង វាប្រហែលជាអាចនាំអោយសាច់ដុំរឹងជាប់ និងបង្កការឈឺចាប់ខ្លាំងបាន។
- រហែកទ្រនាប់ឆ្អឹងកងខ្នង៖ ទ្រនាប់នេះដើរតួនាទីជាអ្នកសម្រួលដល់ទម្ងន់រវាងឆ្អឹងកងខ្នងទាំងលើ និងខាងក្រោម។ ពេលខ្លះ សារធាតុទន់ៗក្នុងទ្រនាប់នេះហៀរចេញក្រៅ ឬទ្រនាប់នោះទៅជាហេតុ វានឹងធ្វើអោយសង្កត់ដល់សរសៃប្រសាទបាន។ ជំងឺទ្រនាប់ឆ្អឹងកងខ្នងនេះច្រើនតែរកឃើញដោយចៃដន្យ។
- រលាកសន្លាក់៖ ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់អាចប៉ះពាល់ទៅលើចង្កេះរបស់អ្នកជំងឺដែរ។ ពេលខ្លះ ការរលាកក្នុងឆ្អឹងកងខ្នងអាចនាំអោយប្រហោងនៅជុំវិញខួរឆ្អឹងខ្នងរួមតូចបាន ដែលនេះគេហៅថាជំងឺ Spinal Stenosis។
- គ្រោងឆ្អឹងមិនមានលក្ខណៈធម្មតា៖ ការឈឺខ្នងអាចកើតឡើងបានបើសិនជាឆ្អឹងកងខ្នងទៅជាកោងខុសពីទម្រងធម្មតា ជាពិសេសជំងឺ Scoliosis តែម្តង។
កត្តាប្រឈមមុខ
មនុស្សគ្រប់គ្នាអាចកើតបញ្ហាឈឺខ្នងបានទាំងអស់ មិនថាក្មេង ឬយុវវ័យឡើយ។ ទោះបីជាការធាត់, កង្វះការហាត់ប្រាណ និងការលើករបស់របរមិនបាល្អច្រើនតែធ្វើអោយឈឺខ្នងក៏ដោយ ក៏ការស្រាវជ្រាវទៅលើបញ្ហាទាំងនេះដូចជាមិនមានអ្វីជាអំណះអំណាងច្បាស់លាស់សោះ។
ក្រុមមនុស្សមួយក្រុមដែលមានការប្រឈមមុខនឹងការឈឺខ្នងច្រើនជាងគេនោះគឺអ្នកដែលមានបញ្ហាផ្លូវចិត្តដូចជា អ្នកបាក់ទឹកចិត្ត និងថប់អារម្មណ៍ ដូច្នេះហើតទើបមូលហេតុដែលនាំអោយប្រឈមមុខកាន់តែខ្លាំងនោះមិនទាន់បានដឹងនៅឡើយ។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ
ការធ្វើតេស្តដើម្បីកំណត់រោគវិនិច្ឆ័យច្រើនតែមិនមែនជារឿងសំខាន់ដើម្បីរកមើលមូលហេតុពិតប្រាកដរបស់ការឈឺខ្នងឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកពិតជាទៅពិគ្រោះជាមួយគ្រូពេទ្យមែននោះ គាត់នឹងធ្វើការពិនិត្យទៅលើខ្នង និងវាយតម្លៃទៅលើសមត្ថភាពនៃការអង្គុយ, ឈរ, ដើរ និងការលើកជើងរបស់អ្នកបន្ថែមទៀត។ គ្រូពេទ្យប្រហែលជាធ្វើតេស្តរេផ្លេចជាមួយនឹងការប្រើញញួររបស់គាត់។
ការវាយតម្លៃទាំងនេះអាចជួយកំណត់បានថា តើការឈឺចាប់កើតចេញពីណា, តើអ្នកអាចធ្វើចលនាបានច្រើនប៉ុណ្ណាមុនពេលការឈឺចាប់បញ្ឈប់អ្នក ព្រមទាំងមានការរឹងជាប់របស់សាច់ដុំឬក៏អត់។ គ្រូពេទ្យក៏នឹងធ្វើការទាត់ចោលនូវមូលហេតុធ្ងន់ៗដែលនាំអោយឈឺខ្នងផងដែរ។
បើសិនជាមានហេតុផលណាមួយសង្ស័យថាជាមូលហេតុនាំអោយឈឺខ្នងនោះ គ្រូពេទ្យប្រហែលជាធ្វើតេស្តមួយ ឬច្រើនដូចខាងក្រោមនេះ៖
- ថតកាំរស្មីអ៊ិច៖ តេស្តមួយនេះនឹងអាចបង្ហាញអំពីភាពត្រង់របស់ឆ្អឹង ព្រមទាំងដឹងទៀតថាតើមានការរលាក ឬឆ្អឹងបាក់បែកឬអត់។ ការថតកាំរស្មីអ៊ិចនឹងមិនបង្ហាញបញ្ហាដោយផ្ទាល់ក្នុងឆ្អឹងកងខ្នង, សាច់ដុំ, សរសៃប្រសាទ ឬទ្រនាប់ឆ្អឹងកងខ្នង។
- ការថត Magnetic Resonance Imaging (MRI) ឬ Computerized Tomography (CT) Scans៖ ការថតទាំងនេះអាចបង្កើតជារូបភាពជាច្រើនដែលបង្ហាញអំពីការលានរបស់ទ្រនាប់ឆ្អឹងខ្នង ឬបញ្ហារបស់ឆ្អឹង, សាច់ដុំ, ជាលិការ, សរសៃចងសាច់ដុំ, សរសៃប្រសាទ, សរសៃចងឆ្អឹង និងសរសៃឈាម។
- ការស្កេនឆ្អឹង៖ ស្ថិតក្នុងករណីដែលកម្រ គ្រូពេទ្យប្រហែលជាប្រើវិធីស្កេនឆ្អឹងដើម្បីរកមើលដុំសាច់របស់ឆ្អឹង ឬការបាក់ឆ្អឹងសង្កត់ដែលបណ្តាលមកពីជំងឺពុកឆ្អឹង។
- ការសិក្សាទៅលើសរសៃប្រសាទ (Electromyography, ឬ EMG)៖ តេស្តមួយនេះនឹងធ្វើការវាស់វែងទៅលើចរន្តអគ្គិសនីដែលបង្កើតចេញពីសរសៃប្រសាទ និងការឆ្លើយតបរបស់សាច់ដុំ។ តេស្តមួយនេះអាចបញ្ជាក់អំពីការគាបសរសៃប្រសាទដែលបណ្តាលមកពីការលានរបស់ទ្រនាប់ឆ្អឹងខ្នង ឬការរួមតូចរបស់ប្រហោងឆ្អឹងកងខ្នង (Spinal Stenosis)។
ការព្យាបាល
ការឈឺខ្នងភាគច្រើននឹងស្រួលបួលមកវិញក្នុងរយៈពេលពីរបីសប្តាហ៍តាមរយៈការព្យាបាលដោយខ្លួនឯង។ ថ្នាំបំបាត់ការឈឺចាប់ដែលទិញបានដោយមិនបាច់មានវេជ្ជបញ្ជាប្រហែលជាអ្នកត្រូវការដើម្បីបំបាត់ការឈឺចាប់ហើយ។ ការសម្រាកនៅលើគ្រែរយៈពេលខ្លួនក៏មិនមែនជាបញ្ហាចោទដែរ ប៉ុន្តែការដែលសម្រាកច្រើនជាងពីរថ្ងៃហើយ ពិតជាក្លាយទៅជារឿងអាក្រក់ជាងល្អជាមិនខានទេ។ ចូរបន្តសកម្មភាពប្រចាំថ្ងៃរបស់អ្នកអោយបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ការធ្វើសកម្មភាពតិចតួចដូចជាការដើរ និងសកម្មភាពរស់នៅប្រចាំថ្ងៃក៏មិនមែនមានអ្វីជាបញ្ហាចោទដែរ។ ប៉ុន្តែបើសិនជាមានសកម្មភាពណាមួយធ្វើអោយឈឺចាប់កាន់តែខ្លាំង ចូរឈប់ធ្វើវាទៀតទៅ។ បើសិនជាការព្យាបាលដោយខ្លួនឯងមិនទទួលបានជោគជ័យក្នុងរយៈពេលច្រើនសប្តាហ៍ទេ គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំ ឬវិធីព្យាបាលផ្សេងទៀតដែលមានសកម្មភាពខ្លាំងជាងមុន។
ការប្រើថ្នាំ
គ្រូពេទ្យទំនងជាណែនាំអោយអ្នកប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen (Tylenol) ឬ Nonsteroidal Anti-inflammatory Drugs ដូចជា Advil, Motrin ឬ ពពួកថ្នាំ Naproxen (Aleve)។ ថ្នាំទាំងនេះសុទ្ធតែមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺខ្នងទាំងអស់។ ចូរប្រើថ្នាំទាំងនេះតាមវេជ្ជបញ្ជាពីគ្រូពេទ្យទៅ ព្រោះការប្រើលើសកម្រិតអាចបណ្តាលអោយមានផលរំខានធ្ងន់ធ្ងរ។ បើសិនជាការឈឺខ្នងពីកម្រិតតិចតួចដល់មធ្យមមិនបានស្រួលបួលឡើងវិញជាមួយនឹងការប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាទេ គ្រូពេទ្យក៏ប្រហែលជាចេញថ្នាំដើម្បីបន្ធូរសាច់ដុំបន្ថែមទៀត។ ថ្នាំបន្ធូរសាច់ដុំអាចធ្វើអោយវិលមុខ និងមានអារម្មណ៍ងងុយដេក។
ថ្នាំប្រភេទ Narcotics ដូចជាពពួក Codeine ឬ Hydrocodone ប្រហែលជាអាចប្រើប្រាស់ក្នុងរយៈពេលខ្លីដែលស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យ។
ការប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្តក្នុងកម្រិតទាប ជាពិសេសថ្នាំប្រភេទ Tricyclic Antidepressant ដូចជា Amitriptyline ត្រូវបានគេដឹងថា ជួយបំបាត់អាការៈឈឺខ្នងរ៉ាំរ៉ៃដែរ។
ការព្យាបាលលើរាងកាយ និងហាត់ប្រាណ
ការព្យាបាលលើរាងកាយមូលដ្ឋានគ្រឹះនៃការព្យាបាលអាការៈឈឺខ្នង។ អ្នកព្យាបាលខាងរាងកាយអាចប្រើវិធីព្យាបាលជាច្រើនដូចជា ការប្រើកម្តៅ, អេកូ, ការភ្ញោចតាមចរន្តអគិ្គសនី និងវិធីបន្ធូរសាច់ដុំ ដើម្បីជួយអោយសាច់ដុំនៅខ្នង និងជាលិការទន់ៗបន្ថយការឈឺចាប់បាន។ នៅពេលដែលការឈឺចាប់ធូរស្រាលហើយ គ្រូពេទ្យអាចនឹងបង្រៀនពីវិធីហាត់ប្រាណពិសេសៗដែលជួយបង្កើនរេផ្លេចរបស់អ្នក, ពង្រឹងដល់សាច់ដុំខ្នង និងពោះ ព្រមទាំងជំហរផងដែរ។
ការចាក់ថ្នាំ
បើសិនជាការព្យាបាលផ្សេងៗមិនអាចបន្ថយការឈឺចាប់ទេ ហើយបើសិនជាការឈឺនោះចាក់ដល់ជើងទៀត គ្រូពេទ្យប្រហែលជាចាក់ថ្នាំ Cortisone ដែលជាថ្នាំប្រឆាំងនឹងការឈឺចាប់ ចូលជុំវិញប្រហោងឆ្អឹងក្នុង (Epidural Space)។ ការចាក់ថ្នាំបែបនេះអាចជួយបន្ថយការរលាកនៅជុំវិញឬសសរសៃប្រសាទបាន ប៉ុន្តែការបំបាត់ការឈឺចាប់នេះអាចប្រសិទ្ធភាពមិនដល់បីខែឡើយ។
ករណីខ្លះ គ្រូពេទ្យប្រហែលជាចាក់ថ្នាំស្ពឹក និងថ្នាំ Cortisone ចូលទៅក្នុងចរនាសម្ព័ន្ធដែលគេយល់ថាជាមូលហេតុនាំអោយឈឺខ្នងដូចជា ក្បាលសន្លាក់របស់ឆ្អឹងកងខ្នងជាដើម។
ការវះកាត់
មានមនុស្សតិចតួចណាស់ដែលត្រូវការការវះកាត់ដោយសារតែឈឺខ្នង។ បើសិនជាអ្នកមានការឈឺចាប់ហើយចាក់ទៅជើង ឬធ្វើអោយខ្សោយសាច់ដុំដែលបណ្តាលមកពីការសង្កត់សរសៃប្រសាទ អ្នកប្រហែលជាមានអាការៈស្រួលបួលឡើងវិញក្រោយពីធ្វើការវះកាត់រួច។
ការបង្ការ
ដើម្បីជួយអោយខ្នងអ្នកមានសុខភាពល្អ និងរឹងមាំ អ្នកគួរតែធ្វើរឿងដូចខាងក្រោមនេះ៖
- ហាត់ប្រាណ៖ ការធ្វើសកម្មភាពបែបអ៊ែរ៉ូប៊ិកជាទៀងទាត់អាចជួយពង្រឹងដល់ភាពរឹងមាំ និងជំរុញដល់សាច់ដុំខ្នងធ្វើចលនាបានកាន់តែល្អ។ ការដើរ និងហែលទឹកក៏ជាជម្រើសដ៏ល្អដែរ។ ចូរនិយាយជាមួយគ្រូពេទ្យអំពីសកម្មភាពទាំងឡាយណាដែលល្អបំផុតសម្រាប់អ្នកអាចអនុវត្តន៍បាន។
- ធ្វើអោយសាច់ដុំរឹងមាំ និងបត់បែនបានល្អ៖ ការហាត់ប្រាណលើសាច់ដុំពោះ និងខ្នងអាចជួយអោយសាច់ដុំទាំងនេះធ្វើការជាមួយគ្នាបានយ៉ាងល្អ។ ភាពបត់បែនក្នុងសន្លាក់ត្រគាក និងជើងផ្នែកខាងលើនឹងជួយតម្រងដល់ឆ្អឹងក្នុងអាងត្រគាក ដើម្បីអាចសម្រួលដល់អារម្មណ៍នៅខ្នងបាន។
- រក្សាទម្ងន់អោយមានសុខភាពល្អ៖ ការដែលធាត់ពេកនឹងដាក់សម្ពាធទៅលើសាច់ដុំខ្នងបាន។ បើសិនជាអ្នកធាត់មែន ចូរធ្វើយ៉ាងណាកាត់បន្ថយទម្ងន់ខ្លះដើម្បីកុំអោយឈឺខ្នងបាន។
ប្រើប្រាស់រាងកាយអោយបានល្អ៖
- ឈរដោយឆ្លាតវៃ៖ ចូររក្សាជំហរខ្លួនអោយត្រង់។ បើសិនជាអ្នកត្រូវការឈររយៈពេលយូរ ចូរធ្វើយ៉ាងណាឧស្សាហ៍ប្តូរជើងដើម្បីកុំអោយទម្ងន់សង្កត់តែលើជើងម្ខាងពេក។ ការឈរបានល្អអាចបន្ថយសម្ពាធលើសាច់ដុំខ្នងបាន។
- អង្គុយដោយឆ្លាតវៃ៖ ចូរជ្រើសរើសកន្លែងអង្គុយដែលមានការទ្រទ្រង់ចង្កេះ, ដាក់ដៃបានស្រួល និងស្រួលអង្គុយ។ អ្នកក៏អាចប្រើខ្នើយ ឬកន្សែងទ្រាប់អង្គុយបានដែរ។ ចូរឧស្សាហ៍ផ្លាស់ប្តូរជំហរនៃកាអង្គុយអោយបានយ៉ាងហោចណាស់ជារៀងរាល់កន្លះម៉ោងម្តង។
- លើករបស់ដោយឆ្លាតវៃ៖ ចំពោះរឿងនេះចូរអោយជើងរបស់អ្នកធ្វើ។ ចូរធ្វើចលនាត្រង់ឡើង ត្រង់ចុះ។ ចូរធ្វើយ៉ាងណាអោយខ្នងរបស់អ្នកត្រង់ និងបត់តែជង្គង់បានហើយ។ ចូរចូលទៅជិតរបស់ដែលត្រូវលើកហើយអោបលើកឡើងទៅ។ ចូរចៀសវាងការលើកហើយរមួលខ្លួនភ្លាមៗ។