ការវៀចមុខមួយចំហៀងបែបនេះបណ្តាលមកពីការខ្សោយសាច់ដុំនៅមុខភ្លាមៗតែម្តង ដូច្នេះវានឹងធ្វើអោយស្នាមញញឹមរបស់អ្នកមានតែមួយចំហៀង ហើយភ្នែកក៏អាចបិទជិតតែមួយចំហៀងដែរ។ ជំងឺមួយប្រភេទនេះអាចកើតលើមនុស្សគ្រប់វ័យ។ ចំពោះមូលហេតុពិតប្រាកដរបស់វាវិញគឺគេមិនទាន់ដឹងនៅឡើយទេ តែគេជឿវាបណ្តាលមកពីការហើម និងរលាកសរសៃប្រសាទដែលគ្របគ្រងលើសាច់ដុំមួយចំហៀងមុខ។ វាប្រហែលជាប្រតិ្តកម្មមួយដែលកើតឡើងក្រោយពីមានការបង្ករោគពីវីរុសមួយក៏មានដែរ។
ជំងឺមួយប្រភេទនេះ ភាគច្រើនកើតឡើងជាលក្ខណៈបណ្តោះអាសន្នទេ។ ចំណែករោគសញ្ញារបស់វាវិញច្រើនតែចាប់ផ្តើមស្រួលបួលមកវិញក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយ ហើយក៏ជាមកវិញទាំងស្រុងក្នុងរយៈពេល ៦ខែ។ មានចំនួនអ្នកជំងឺតិចតួចណាស់ដែលមានរោគសញ្ញានេះជាប់មួយជីវិតតែម្តង។ ហើយការកើតឡើងម្តងទៀតក៏កម្រនឹងមានដែរ។
រោគសញ្ញា
- ខ្សោយមុខមួយចំហៀងភ្លាម ដែលកើតឡើងចាប់ពីច្រើនម៉ោងរហូតដល់ច្រើនថ្ងៃ ហើយធ្វើអោយពិបាកក្នុងញញឹម ឬបិទភ្នែកមួយចំហៀងដែលមានបញ្ហា។
- ធ្លាក់មុខមួយចំហៀង និងពិបាកបង្ហាញទឹកមុខ
- ឈឺចាប់នៅជុំវិញថ្គាម ឬក្រោយត្រចៀកដែលមានបញ្ហា
- មានប្រតិកម្មកាន់តែខ្លាំងទៅលើសម្លេង
- ឈឺក្បាល
- សមត្ថភាពនៃការដឹងរសជាតិថយចុះ
- ផ្លាស់ប្តូរចំនួនទឹកភ្នែក និងទឹកមាត់ដែលផលិតបាន
អ្វីដែលកម្រនោះគឺថា ជំងឺវៀចមុខមួយចំហៀងអាចប៉ះពាល់ទៅលើសរសៃប្រសាទនៃមុខទាំងសងខាងតែម្តង។
ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាអ្នកធ្លាប់មានបញ្ហាស្ពឹក ឬងាប់មួយចំហៀងខ្លួនដោយសារតែមានជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺវៀចមុខមួយចំហៀងមិនមែនបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាលទេ។ ហើយអ្នកគួរតែស្វែងរកការពិនិត្យជាមួយគ្រូពេទ្យបើសិនជាអ្នកធ្លាប់មានបញ្ហាខ្សោយមុខ ឬមុខធ្លាក់មួយចំហៀង ដើម្បីស្វែងរកមូលហេតុ និងភាពធ្ងន់ធ្ងរនៃជំងឺនេះផង។
មូលហេតុ
ទោះបីហេតុផលពិតប្រាកដរបស់ជំងឺវៀចមុខមួយចំហៀងមិនទាន់រកឃើញច្បាស់លាស់នៅឡើយ តែវាច្រើនតែមានជាប់ទាក់ទងនឹងការបង្ករោគដោយវីរុសណាមួយដែរ។ ចំពោះវីរុសដែលមានទំនាក់ទំនងនឹងជំងឺនេះមានដូចជា៖
- ពងបែកមាត់ និងពងបែកនៅប្រដាប់ភេទ (វីរុស Herpes Simplex)
- ជំងឺអ៊ុតស្វាយ និងរើម (វីរុស Herpes Zoster)
- ជំងឺ Mononucleosis (វីរុស Epstein-Barr)
- ជំងឺ Cytomegalovirus Infections
- ជំងឺផ្លូវដង្ហើម (វីរុស Adenovirus)
- ស្អូច
- វីរុសបង្កជំងឺស្រឡាតែន
- ផ្តាសាយ (វីរុស Influenza B)
- ជំងឺនៅដៃជើង និងមាត់ (វីរុស Coxakievirus)
កត្តាប្រឈមមុខ
ជំងឺវៀចមុខមួយចំហៀងច្រើនតែកើតមានជាញឹកញាប់លើមនុស្សដែល៖
- មានផ្ទៃពោះ ជាពិសេសនៅត្រីមាសទីបី ឬសប្តាហ៍ដំបូងក្រោយសម្រាលកូនរួច
- មានការបង្ករោគនៅផ្លូវដង្ហើមខាងលើដូចជា ផ្តាសាយ
ផលវិបាក
ទោះបីជាករណីជំងឺវៀចមុខមួយចំហៀងកម្រិតស្រាលនឹងជាទៅវិញធម្មតាក្នុងរយៈពេលមួយខែក៏ដោយ ក៏ការជាឡើងវិញនោះនៅបន្សល់ផលវិបាកមួយចំនួនទៀតដែរដូចជា៖
- ការខូចខាតលើសរសៃប្រសាទនៅមុខមិនជាមកវិញ
- ការលូតលាស់សរសៃប្រសាទឡើងវិញមិនត្រឹមត្រូវ ដែលជាហេតុនាំអោយមានការកន្ត្រាក់សាច់ដុំដោយខ្លួនឯងនៅពេលអ្នកព្យាយាមធ្វើចលនាអ្វីផ្សេង (Synkinesis) ឧទាហរណ៍ នៅពេលអ្នកញញឹម ភ្នែកដែលមានជំងឺនោះបែរជាបិទជិតទៅវិញ។
- ភ្នែកដែលងងឹតតិចតួច រឬខ្វាក់តែម្តងនោះនឹងមិនអាចបិទជិតទេ ដោយសារតែមានភាពស្ងួតខ្លាំងពេក។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ
មិនមានតេស្តណាពិសេសសម្រាប់ធ្វើលើជំងឺវៀចមុខមួយចំហៀងឡើយ។ គ្រូពេទ្យនឹងធ្វើការវាយតម្លៃទៅលើមុខ និងប្រាប់អោយអ្នកធ្វើចលនាមុខដោយបិទភ្នែក, ញ៉ាក់ចិញ្ចើម, ស្ញេញធ្មេញ និងហារមាត់។
ជំងឺផ្សេងៗទៀតដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល, ការបង្ករោគ, ជំងឺ Lyme និងដុំសាច់ក្នុងខ្លួន ក៏អាចធ្វើអោយសាច់ដុំមុខខ្សោយ និងបង្ករោគសញ្ញាដូចជំងឺវៀចមុខមួយចំហៀងដែរ។ បើសិនជាមិនច្បាស់ថា អ្នកកំពុងតែមានរោគសញ្ញាអ្វីទេនោះ គ្រូពេទ្យប្រហែលជាធ្វើតេស្តដូចខាងក្រោមនេះ៖
- Electromyography (EMG)៖ តេស្តនេះអាចបញ្ជាក់អំពីវត្តមាននៃការខូចខាតរបស់សរសៃប្រសាទ និងកំណត់ដឹងអំពីភាពធ្ងន់ធ្ងររបស់វាទៀត។ EMG អាចវាស់ដឹងនូវសកម្មភាពអេឡិចត្រូនិចរបស់សាច់ដុំដែលទទួលខុសត្រូវលើការភ្ញោច។
- ការថតរូបភាពវេជ្ជសាស្រ្ត៖ រូបភាពកាំរស្មីអ៊ិច, Magnetic Resonance Imaging (MRI) ឬ Computerized Tomography (CT) ប្រហែលជាអាចប្រើប្រាស់ម្តងម្កាលដែរដើម្បីធ្វើការទាត់ចោលនូវមូលហេតុផ្សេងៗដែលសង្កត់ទៅលើសរសៃប្រសាទនៅមុខដូចជា ដុំសាច់ ឬការបាក់បែកលលាក្បាល។
ការព្យាបាល
អ្នកជំងឺវៀចមុខមួយចំហៀងភាគច្រើននឹងជាមកវិញទាំងស្រុងដោយការព្យាបាល ឬមិនបាច់ព្យាបាលទេ។ គ្មានការព្យាបាលណាដែលសាកសមនឹងធ្វើលើជំងឺនេះទេ ប៉ុន្តែគ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំ ឬការព្យាបាលដោយចលនាដើម្បីជួយពន្លឿនការជាសះស្បើយ។ ការវះកាត់កម្រនឹងធ្វើលើករណីជំងឺបែបនេះណាស់។
ការប្រើប្រាស់ថ្នាំ
- ថ្នាំ Corticosteroid ដូចជា Prednisone គឺជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា។ បើសិនជាវាអាចបន្ថយការហើមនៃសរសៃប្រសាទនៅមុខបាន វានឹងសាកសមបំផុតសម្រាប់ការព្យាបាលនេះ។ ថ្នាំប្រភេទនេះប្រហែលជាមានប្រសិទ្ធភាពល្អបំផុតបើសិនជាចាប់ផ្តើមប្រើរយៈពេលច្រើនថ្ងៃនៅពេលចាប់ផ្តើមមានរោគសញ្ញា។
- ថ្នាំប្រឆាំងនឹងវីរុស ដូចជា Acyclovir (Zovirax) ឬ Valacyclovir (Valtrex) ប្រហែលជាទៅបញ្ឈប់ដំណើរការនៃការបង្ករោគបានបើសិនមូលហេតុរបស់ជំងឺនេះបង្កដោយវីរុស។ ការព្យាបាលមួយនេះប្រហែលជាអាចប្រើបានលុះត្រាតែការវៀចមុខមួយចំហៀងនោះមានលក្ខណៈធ្ងន់ធ្ងរ។
ការព្យាបាលដោយចលនា
សាច់ដុំដែលស្ពឹកឬងាប់ អាចនឹងរួច និងស្វិត ដែលជាហេតុនាំអោយមានការកន្ត្រាក់ជាប់រហូតបាន។ គ្រូពេទ្យព្យាបាលដោយចលនាអាចបង្រៀនអ្នកពីរបៀបម៉ាស្សា និងហាត់ប្រាណលើសាច់ដុំមុខដើម្បីជួយបង្ការកុំអោយជំងឺនេះកើតឡើងម្តងទៀតបាន។
ការវះកាត់
កាលពីមុន ការវះកាត់យកវះដើម្បីបន្ធូសម្ពាធលើសរសៃប្រសាទមុខត្រូវបានគេធ្វើឡើងតាមរយៈការចោះបើកឆ្អឹងនៅកន្លែងដែលសរសៃប្រសាទនោះរត់កាត់។ ប៉ុន្តែបច្ចុប្បន្ននេះ ការវះកាត់នេះមិនត្រូវបានគេណែនាំអោយធ្វើទៀតឡើយព្រោះវានឹងប្រឈមមុខនឹងការមានរបួសលើសរសៃប្រសាទមុខ និងថ្លង់ជាប់រហូតកាន់តែច្រើន។
ចំពោះករណីដ៏កម្រនោះគឺថា ការវះកាត់កែសម្ផស្សប្រហែលជាត្រូវធ្វើដើម្បីជួយកែសម្រួលនូវបញ្ហាសរសៃប្រសាទនៅមុខ។
របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯង
- ការពារភ្នែកដែលអ្នកមិនអាចបិទជិត៖ ការប្រើប្រាស់ទឹកបន្តក់ភ្នែកនៅងពេលថ្ងៃ និងថ្នាំភ្នែកនៅពេលយប់នឹងជួយអោយភ្នែកមានសំណើមបាន។ ការពាក់វ៉ែនតានៅពេលថ្ងៃ និងប្រើបង់បិទភ្នែកនៅពេលយប់ក៏អាចការពារភ្នែកបានដែរ។
- ប្រើថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជា៖ ថ្នាំ Aspirin, Ibuprofen (Advil, Motrin) ឬ Acetaminophen (Tylenol) ប្រហែលជាជួយបំបាត់ការឈឺចាប់បាន។
- ស្អំអ្វីដែលក្តៅនិងមានសំណើម៖ ការប្រើក្រណាត់ជ្រលួកទឹកក្តៅឧណ្ហៗមកស្អំនៅមុខរាល់ថ្ងៃប្រហែលជាជួយបន្ថយការឈឺចាប់បានខ្លះ។
- ព្យាបាលដោយចលនាដោយខ្លួនឯង៖ ការម៉ាស្សា និងហាត់ប្រាណលើមុខរបស់អ្នកទៅតាមការបង្ហាញរបស់គ្រូពេទ្យប្រហែលជាជួយអោយសាច់ដុំមុខធូរបាន។