ការពិតជាពិសេសមួយសម្រាប់ភាពអាចមានកូនបានរបស់បុរសនោះគឺថា រាងកាយរបស់ពួកគេមានតុល្យភាពនៃអ័រម៉ូន និងប្រូតេអ៊ីន ទើបអាចជួយបង្កើតជាមេជីវិតឈ្មោលដែលផ្តល់សុខភាពល្អ ហើយក៏អាចបង្កើតជាកូនបានដែរ។ សំណាងដែរ មានវិធីច្រើនណាស់ដែលគេអាចជួយឲ្យបុរសមានសមត្ថភាពបង្កើនភាពមានកូនបាន។
ដំបូងឡើយ ចូរចៀសឲ្យឆ្ងាយពីការប៉ះពាល់ប្រដាប់ភេទជាមួយនឹងកម្តៅ ដូចជា ការងូតទឹកក្តៅ ត្រាំទឹកក្តៅ ឬនៅក្នុងបន្ទប់សូណា។ ចូរកុំដាក់កុំព្យូទ័រឡេបថប់លើភ្លៅ និងដាក់ទូរស័ព្ទដៃឲ្យឆ្ងាយពីខ្លួន។ បើសិនជាអ្នកត្រូវការប្រើថ្នាំដោយមានវេជ្ជបញ្ជា ចូរនិយាយជាមួយគ្រូពេទ្យថាតើថ្នាំទាំងនេះអាចប៉ះពាល់ដល់មេជីវិតឈ្មោលឬអត់។
ជាទូទៅ បើសិនជាបេះដូង ឬខួរក្បាលមានសុខភាពល្អហើយ វាក៏ល្អចំពោះពងស្វាសមនុស្សប្រុសដែរ។ របៀបរស់នៅដែលមានការជក់បារី ញ៉ាំគ្រឿងស្រវឹង និងធាត់ជ្រុលពេកមិនមែនជារឿងល្អសម្រាប់សុខភាពទូទៅឡើយ ហើយវាក៏មិនល្អចំពោះសមត្ថភាពនៃការមានកូនដែរ។
អ្នកជំនាញបានណែនាំថា របបអាហារដែលមានអង់ទីអុកស៊ីដង់ខ្ពស់ ដូចជា បន្លែ និងផ្លែឈើដែលមានពណ៌ខុសៗគ្នា គឺជាជីវជាតិដ៏សំខាន់សម្រាប់ជម្រុញដល់សុខភាព ហើយបង្កើនសមត្ថភាពមានកូនរបស់មនុស្សប្រុសថែមទៀត។ ក្រៅពីនេះវាក៏មានជីវជាតិផ្សេងៗទៀតដែលជួយដល់ការមានកូនរបស់បុរសដែរដូចជា៖
- វីតាមីន C៖ វាគឺជាវីតាមីនដែលរលាយក្នុងទឹក ហើយក៏បង្កើនគុណភាពមេជីវិតឈ្មោល ព្រមទាំងបន្ថយការខូចខាតរបស់កោសិកាជាច្រើននៃរាងកាយផងដែរ។
- វីតាមីន E៖ គឺជាអង់ទីអុកស៊ីដង់មួយប្រភេទដែលធ្វើការយ៉ាងល្អជាមួយនឹងវីតាមីន C ក្នុងការបោសសម្អាតសារធាតុអាក្រក់ៗចោល និងបង្កើនគុណភាពមេជីវិតឈ្មោល។
- Co Enzyme Q10៖ វាគឺជាសារធាតុដ៏សំខាន់មួយសម្រាប់មុខងាររបស់កោសិកាទាំងអស់ក្នុងខ្លួន ហើយក៏ត្រូវបានគេបង្ហាញថា ជួយពង្រឹងដល់ចំនួន និងការធ្វើចលនារបស់មេជីវិតឈ្មោលផងដែរ។
- ជាតិស័ង្គសី៖ គឺជាជាតិរ៉ែដ៏សំខាន់មួយដែលអាចជួយដល់មេជីវិតឈ្មោល និងបង្កើនអត្រានៃការមានផ្ទៃពោះដែរ។
- សេឡេញ៉ូម៖ គឺជាជាតិរ៉ែមួយប្រភេទដែលត្រូវបានរាងកាយប្រើប្រាស់ក្នុងការប្រឆាំងការខូចខាតដោយសារអង់ស៊ីតកម្ម និងពង្រឹងដល់លទ្ធភាពនៃការមានកូន និងសុខភាពទូទៅ។
- តែបៃតង៖ មានសារធាតុផ្តល់សុខភាពច្រើនដែលបង្កើនសមត្ថភាពមានកូនបាន។ ការញ៉ាំតែបៃតងគឺជារឿងសំខាន់មួយចំពោះរឿងនេះ។
- ទំពាំងបាយជូរពណ៌ក្រហម ទឹកទំពាំងបាយជូរក្រហម និងស្រាក្រហម៖ គឺមានសារធាតុ Resveratrol ខ្ពស់ ហើយក៏ត្រូវបានគេបង្ហាញថា ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលអាចពង្រឹងដល់គុណភាពមេជីវិតឈ្មោលបាន។
- សារធាតុ Lycopene៖ វាមានមិនច្រើនឡើយលើបុរសដែលមិនអាចមានកូនបាន ប៉ុន្តែអ្នកអាចរកបានយ៉ាងល្អពីធម្មជាតិ ដែលមានក្នុងផ្លែឈើ និងបន្លែពណ៌ក្រហម ជាពិសេសផ្លែឪឡឹកតែម្តង។
- វីតាមីន D៖ បុរសដែលកង្វះវីតាមីននេះ ត្រូវបានគេរកឃើញទៀតថា មានចំនួនមេជីវិតឈ្មោលចុះទាប និងមិនងាយមានកូនឡើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ Web MD