រឿងនេះអាចជាដំណឹងអាក្រក់មួយសម្រាប់អ្នកចូលចិត្តញ៉ាំស្រាបៀរ ព្រោះថារុក្ខជាតិដែលគេប្រើដើម្បីផ្តល់ជារសជាតិដល់ស្រាបៀរនោះ (Hops) អាចធ្វើឲ្យដោះមនុស្សប្រុសរីកធំដូចមនុស្សស្រីបាន។ មិនមានមនុស្សច្រើនបានដឹងអំពីរឿងនេះទេ ប៉ុន្តែ សារធាតុដែលមានក្នុងស្រាបៀរពិតជាដើរតួនាទីជាថ្នាំដ៏អស្ចារ្យមួយសម្រាប់ស្ត្រីរ៉ាំងរដូវ និងការគេងមិនលក់ដោយសារតែសារធាតុ Phytoestrogen របស់វាមានខ្ពស់។ សារធាតុមួយនេះត្រូវបានគេស្គាល់ថាមានលក្ខណៈដូចអ័រម៉ូនភេទមនុស្សស្រីអញ្ចឹង។
ការសិក្សាជាច្រើនបានបង្ហាញថា ស្រាបៀរដែលមានសារធាតុដូចជាអេស្ត្រូជែនគឺមានឥទ្ធិពលមួយលើរាងកាយបុរស មានន័យថា វានឹងបង្កើនចំនួនអ័រម៉ូនភេទស្រីក្នុងខ្លួន។ អ្វីដែលល្អគឺវាត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលបញ្ហារ៉ាំងរដូវដូចជា បន្ថយការបែកញើសពេលយប់ ក្តៅពេញខ្លួន ស្ងួតទ្វារមាស អារម្មណ៍មិនល្អ និងអាការៈផ្សេងៗទៀត។
ប៉ុន្តែសម្រាប់បុរសវិញ កាលណាអ័រម៉ូនអេស្ត្រូជែនមានច្រើនអាចធ្វើឲ្យដោះគេរីកធំដូចមនុស្សស្រីបាន។ យ៉ាងណាមិញករណីបុរសមានដោះរីកធំ អាចដោយសារតែការកើនឡើងជាលិកាខ្លាញ់ ឬអតុល្យភាពអ័រម៉ូនជុំវិញតំបន់ដោះតែម្តង។ អ្វីដែលជាមូលហេតុធំបំផុតនៃអតុល្យភាពអ័រម៉ូននេះគឺក្នុងខ្លួនមានអ័រម៉ូនអេស្ត្រូជែនច្រើនពេក។
រុក្ខជាតិ Hops ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺជាច្រើនដូចជា ការគេងមិនលក់ រ៉ាំងរដូវ និងជាឱសថបញ្ចុះទឹកនោមតាមបែបធម្មចាតិដើម្បីពង្រឹងដល់លំហូរទឹកនោម។ Hops ក៏អាចជួយភ្ញោចដល់លំហូរទឹកដោះ និងព្យាបាលការលើងរឹងរបស់លិង្គដែលមានការឈឺចាប់យុរពេកផងដែរ ដោយសារតែវាមានសមាសធាតុអ័រម៉ូនភេទស្រី៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ 1mhealthtips