យោងទៅតាមសេចក្តីរាយការណ៍ពី Daily Mail បានឲ្យដឹងថា បុរសដែលទំពែកក្បាលនៅអាយុ ៤០ឆ្នាំទំនងជាអាចកើតមហារីកក្រពេញប្រូស្តាតកាន់តែខ្លាំង។ ប៉ុន្តែមុនពេលបុរសគ្រប់គ្នាដែលកំពុងតែទំពែកក្បាលបារម្ភខ្លាំងពំពីការជ្រុះសក់ ហើយប្រឈមខ្ពស់នឹងការស្លាប់ដោយសារមហារីកទៀតនោះ ការសិក្សានេះមិនបានពិនិត្យទៅលើអត្រានៃការស្លាប់នៅឡើយទេ។ ករណីជំងឺមហារីកក្រពេញប្រូស្តាតភាគច្រើនគឺមិនមែនជាលក្ខណៈធ្ងន់ធ្ងរទេ (លូតលាស់យឺត) ហើយបុរសភាគច្រើនស្លាប់ជាមួយនឹងមហារីកក្រពេញប្រូស្តាត មិនមែនដោយសារតែវាឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ រោគវិនិច្ឆ័យជំងឺមហារីកក្រពេញប្រូស្តាតអាចជារឿងគ្រោះថ្នាក់ ហើយក៏មានចំនួនបុរសស្លាប់ច្រើនដោយសារតែជំងឺនេះជារៀងរាល់ឆ្នាំដែរ។
រឿងនេះគឺបានមកពីការស្រាវជ្រាវមួយដែលបង្ហាញអំពីទំនាក់ទំនងរវាងបុរសដែលទំពែងកក្បាល និងការរកឃើញជំងឺមហារីកក្រពេញប្រូស្តាតទៅតាមអាយុ។ អ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា កាលណាអ័រម៉ូនតេស្តូស្តេរ៉ូនមានកាន់តែខ្ពស់ ប្រហែលជាធ្វើឲ្យកើតជាកោសិកាមហារីក ខណៈពេលដែលការទប់ស្កាត់ការលូតលាស់របស់សក់ដែរនោះ ក៏បានផ្តល់នូវការពន្យល់ដ៏ល្អមួយសម្រាប់ទំនាក់ទំនងនេះដែរ។
ថ្វីបើសារព័ត៌មាននិយាយថា តេស្តូស្តេរ៉ូនប្រហែលជាមូលហេតុនៃទំនាក់ទំនងទាំងពីរនេះក៏ដោយ តែការសិក្សាមិនបានវាស ឬវាយតម្លៃទៅលើកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនអ្វីទាំងអស់។ វានឹងមានប្រយោជន៍វិញបើសិនជាការសិក្សាបានវាស់ទៅលើកម្រិតអ័រម៉ូនមួយនេះដើម្បីចង់ដឹងថា វាពិតជាផ្នែកមួយនៃមូលហេតុដែលគេកំពុងតែសង្កេតឬអត់៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk