យោងទៅតាមគេហទំព័ររបស់ Mail Online បានដាក់បម្រាមថា បុរសដែលចូលទៅក្នុងបន្ទប់សូណាទៀងទាត់អាចបំផ្លាញដល់មេជីវិតឈ្មោលពួកគេបាន។ រឿងនេះបានមកពីការសិក្សាដ៏តូចមួយដែលមានបុរសតែ ១០នាក់ប៉ុណ្ណោះ ដែលតម្រូវឲ្យចូលក្នុងកម្មវិធី Scandinavian-style Sauna។
អ្នកស្រាវជ្រាវចង់ដឹងថា តើឥទ្ធិពលនៃការសង្ងំក្នុងបន្ទប់សូណាយូរមានអ្វីប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោលខ្លះ ព្រោះថាការស្រាវជ្រាវមុនៗបានបញ្ជាក់ថា កាលណាសីតុណ្ហភាពក្នុងនៅថង់ពងស្វាសកាន់តែខ្ពស់អាចបណ្តាលឲ្យមេជីវិតឈ្មោលមានសុខភាពកាន់តែមិនល្អ។
ក្នុងពេលសិក្សា បុរសដែលមានមេជីវិតឈ្មោលសុខភាពល្អទាំងអស់ ត្រូវបានគេរកឃើញថា ចំនួនមេជីវិតឈ្មោលពួកគេចុះទាប ហើយក៏ថយចុះភាពមានចលនា (សមត្ថភាពហែលទៅរកមេជីវិតញី) ដែរក្រោយពីចូលក្នុងកម្មវីធីសង្ងំក្នុងបន្ទប់សូណា ប៉ុន្តែលក្ខណៈផ្សេងៗទៀតនៃសុខភាពមេជីវិតឈ្មោលគឺមិនបានប្រែប្រួលឡើយ។
យ៉ាងណាមិញ ឥទ្ធិពលអវិជ្ជមានទាំងនេះនឹងស្រួលបួលមកវិញក្រោយពីបុរសចៀសវាងការសង្ងំក្នុងបន្ទប់សូណារយៈពេល ៣ខែ ដូច្នេះរាល់ការខូចខាតដែលរកឃើញខាងលើគឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះ។
អ្នកជំនាញខាងសុខភាពបន្តពូជភាគច្រើនណែនាំថា បុរសដែលមានបញ្ហាពិបាកមានកូន គួរតែធ្វើយ៉ាងណារក្សាពងស្វាសរបស់ខ្លួនឲ្យស្ថិតក្នុងស្ថានភាពត្រជាក់។ ការងូតទឹកក្តៅ និងស្លៀកខោលីអូតឹងៗសុទ្ធតែអាចបង្កើនភាពក្តៅទៅដល់ពងស្វាសបានទាំងអស់៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk