គ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរយើងសព្វថ្ងៃនេះ គឺមានច្រើនណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនរបស់វា ក៏កំពុងតែកើនឡើងផងដែរ។ លទ្ធផលជាច្រើនក្រោយរងគ្រោះថ្នាក់ចរាចរណ៍នេះ អាចធ្វើឲ្យជនរងគ្រោះពិការ រហូតដល់ស្លាប់បាត់បង់ជីវិតតែម្តង។ មានហេតុផលច្រើនណាស់ ដែលធ្វើឲ្យចំនួននៃការស្លាប់របស់ប្រជាជនយើង នៅតាមដងផ្លូវនេះកើនឡើង ហើយអ្វីដែលគេជួបញឹកញាប់នោះគឺ យើងខ្វះវិធីជួយគ្រប់គ្រងស្ថានភាពរបស់ជនរងគ្រោះ ជាពិសេស ការបាក់បែកឆ្អឹងតែម្តង។
ជាទូទៅ មនុស្សយើងមិនសូវដឹងថា ខ្លួនឯងដែលកំពុងតែធ្វើដំណើរ តាមដងផ្លូវដូចគ្នានោះ គួរតែជួយជនរងគ្រោះដូចម្តេច និងគួរធ្វើអ្វីខ្លះ ដើម្បីអាចឲ្យពួកគាត់ ទៅដល់មន្ទីរពេទ្យដោយសុវត្ថិភាព។ ដូច្នេះ ក្រុមការងារគេហទំព័រ www.health.com.kh នឹងណែនាំនូវចំណុចសំខាន់ៗ ដែលបងប្អូនអាចធ្វើបាន ដើម្បីសង្គ្រោះជីវិតប្រជាជនយើង ដូចខាងក្រោមនេះ ៖
ពេលវេលាដ៏សំខាន់មួយម៉ោងដំបូង
យកល្អ គួរតែចាំថា រយៈពេលមួយម៉ោងដំបូង ក្រោយពីជួបគ្រោះថ្នាក់រួច គឺជារឿងមួយសំខាន់បំផុត។ ចូរប្រាកដថា ជនរងគ្រោះអាចទៅដល់មន្ទីរពេទ្យ លឿនបំផុតតាមតែអាចធ្វើទៅបាន។ គ្រូពេទ្យនិយាយថា ការស្ទះផ្លូវដង្ហើម ហូរឈាមច្រើន និងពន្យារពេលវះកាត់ គឺជាមូលហេតុចំបងមួយនៃការស្លាប់ ដោយសារតែការបាក់បែកឆ្អឹង។ ដូច្នេះ ចូរប្រាកដថា អ្នកបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យរដ្ឋយើង ដែលមានសម្ភារៈសង្គ្រោះគ្រប់គ្រាន់ សម្រាប់ជួយដល់ការដកដង្ហើម និងកាត់បន្ថយការហូរឈាមរបស់អ្នកជំងឺភ្លាមៗ។ ចូរនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យណា ដែលនៅជិតបំផុត។ ក្រៅពីការបាត់បង់ឈាម ការមានរបួស និងកង្វះអុកស៊ីសែន ក៏ជាមូលហេតុនាំឲ្យអ្នកជំងឺស្លាប់តាមផ្លូវដែរ។
ពិនិត្យមើលការដកដង្ហើមរបស់ជនរងគ្រោះ
ចូរប្រាកដថា ជនរងគ្រោះដកដង្ហើមបាន និងមិនមានអ្វីស្ទះឡើយ។ ចូរយករបស់គ្រប់យ៉ាង ចេញពីមាត់របស់ជនរងគ្រោះដូចជា ធ្មេញដែលបាក់ជាដើម។ ចុះបន្ធូរសម្លៀកបំពាក់ត្រង់តំបន់ក ទ្រូង និងចង្កេះ។ ចូរប្រើវិធីសង្កត់ដើមទ្រូង និងផ្លុំដង្ហើមតាមមាត់ (CPR) បើសិនជាករណីចាំបាច់។
បញ្ឈប់ការហូរឈាម
ការបង្ការការហូរឈាម គឺជាកត្តាដ៏សំខាន់មួយទៀត ក្នុងការសង្គ្រោះជីវិតជនរងគ្រោះ។ ចូរបញ្ឈប់ការហូរឈាម តាមរយៈការសង្កត់លើរបួសនោះដោយផ្ទាល់។ ចូរប្រើកន្សែង ឬសម្លៀកបំពាក់ក្រាស់បន្តិចគ្រប់ និងរុំនៅកន្លែងដែលហូរឈាមនោះ។
កាត់បន្ថយការខូចខាតដល់ឆ្អឹងកងខ្នង
យកល្អ អ្នកគួរតែកាត់បន្ថយ ការមានរបួសដល់ឆ្អឹងកងខ្នង និងក្បាល ក្នុងករណីដែលការគ្រោះថ្នាក់នោះ មានការខូចខាតដល់ឆ្អឹងកងខ្នង ព្រោះវាអាចនាំឲ្យមាន ពិការភាពមួយជីវិតបាន។ ចូរប្រាកដថា ក្បាល និងឆ្អឹងខ្នងរបស់អ្នកជំងឺ ស្ថិតក្នុងបន្ទាត់មួយស្មើរគ្នា។ ចូរទ្រក្បាល និងករបស់ជនរងគ្រោះផង បើសិនជាករណីចាំបាច់៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite