ក្នុងករណីដែលអ្នកមិនអាចប្តូរទម្លាប់ញ៉ាំអាហារហិរច្រើនៗ អាហារមានជាតិអាស៊ីត និងហ្គាសបាន ដូច្នេះអ្នកច្រើនតែអាចមានអារម្មណ៍ថាក្រហាយដើមទ្រូងជាញឹកញាប់ហើយ។ ដូច្នេះដើម្បីសម្រួលបញ្ហានេះ អ្នកទំនងជាត្រូវការប្រើថ្នាំបន្សាបជាតិអាស៊ីតនៅក្រពះហើយ។ តើអ្នកមានដឹងទេថា ការញ៉ាំថ្នាំប្រភេទនេះច្រើនពេក ត្រូវបានគេដឹងថា មានផលរំខានច្រើនដែរទេ? ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីផលរំខានមួយចំនួនដែលគួរឲ្យភ្ញាក់ផ្អើលនៃការប្រើថ្នាំបន្សាបអាស៊ីតក្រពះច្រើនពេក៖
ទល់លាមក
បើសិនជាជម្រើសថ្នាំបន្សាបអាស៊ីតអ្នកមានសារធាតុ Aluminium ឬ Calcium នោះវានឹងធ្វើឲ្យអ្នកមានបញ្ហាទល់លាមកបាន។ សារធាតុនេះត្រូវបានគេដឹងថា ជាមូលហេតុនាំឲ្យលាមករឹង រហូតដល់ពិបាកបន្ទោបង់។ អ្នកជំនាញនិយាយថា ការទល់លាមកប្រហែលជាកើតឡើងកាន់តែយូរកាលណាអ្នកប្រើថ្នាំបន្សាបអាស៊ីតកាន់តែច្រើនដែរ។
រាករូស
វាក៏អាចធ្វើឲ្យអ្នករាករូសញឹកញាប់ដែរបើសិនជាលេបថ្នាំបន្សាបអាស៊ីតច្រើនពេក។ រឿងនេះភាគច្រើនកើតឡើងលើថ្នាំបន្សាបអាស៊ីតដែលមានសារធាតុម៉ាញ៉េស្យូមតែម្តង។ ជាធម្មតា ការរាករូសគឺជាផលរំខានជាបណ្តោះអាសន្ននៃការញ៉ាំថ្នាំបន្សាបអាស៊ីត ប៉ុន្តែវាអាចកើតឡើងម្តងទៀតដែរនៅពេលប្រើថ្នាំនេះទៀត។
ខ្សោយសាច់ដុំ
អ្នកប្រហែលជាធ្លាប់មានអាការៈខ្សោយសាច់ដុំ ឬរមួលសាច់ដុំបើសិនជាមានទម្លាប់ញ៉ាំថ្នាំបន្សាបអាស៊ីតច្រើនក្រោយពីបាយរួចគ្រប់ពេល។ រឿងនេះអាចទាក់ទងនឹងការប្រែប្រួលយ៉ាងខ្លាំងទៅលើកម្រិតជាតិម៉ាញ៉េស្យូម និងកាលស្យូមក្នុងសាច់ដុំ ដែលវាទាំងពីរនេះជាអេឡិចត្រូលីត្រមាននាទីទទួលខុសត្រូវលើមុខងាររបស់សាច់ដុំ។
លើសជាតិកាលស្យូមក្នុងឈាម
ដោយសារតែធាតុផ្សំញឹកញាប់មួយនៃថ្នាំបន្សាបអាស៊ីតគឺជាជាតិកាលស្យូម ដូច្នេះវានឹងទំនងជាធ្វើឲ្យលើសជាតិកាលស្យូមក្នុងឈាមហើយបើសិនជាអ្នកប្រើថ្នាំនេះច្រើនពេក។ គ្រូពេទ្យនិយាយថា ការលើសជាតិកាលស្យូមក្នុងឈាមគឺជារឿងគ្រោះថ្នាក់។ នេះដោយសារតែកាលស្យូមក្នុងឈាមច្រើនពេក អាចធ្វើឲ្យកកជាប់ក្នុងជញ្ជាំងសរសៃឈាម ដែលវានឹងធ្វើឲ្យកង្វះការផ្គត់ផ្គង់ឈាមសម្បូរអុកស៊ីសែន និងជីវជាតិទៅចិញ្ចឹមសរីរាង្គ។
គ្រួសក្នុងតម្រងនោម
ក្រៅពីលើសជាតិកាលស្យូមក្នុងឈាម បញ្ហាមួយទៀតនៃការញ៉ាំថ្នាំបន្សាបអាស៊ីតក្រពះមានជាតិកាលស្យូមច្រើន វានឹងធ្វើឲ្យកើតគ្រួសក្នុងតម្រងនោមដែរ។ មនុស្សម្នាក់ដែលត្រូវបានគេរកឃើញថាមានជំងឺតម្រងនោមគួរតែចៀសឲ្យឆ្ងាយពីការលេបថ្នាំបន្សាបអាស៊ីតក្រពះច្រើន ដោយសារតែតម្រងនោមមិនអាចច្រោះសារធាតុក្នុងថ្នាំនេះបានយ៉ាងល្អចេញពីក្នុងឈាមទេ។
ពុកឆ្អឹង
តើជាតិអាលុយមីញ៉ូមគឺជាធាតុផ្សំមួយដែលអ្នកត្រូវការក្នុងថ្នាំបន្សាបអាស៊ីតក្នុងក្រពះមែនទេ? បើមែន នោះអ្នកប្រហែលជាប្រឈមនឹងការខ្សោយឆ្អឹង ឬជំងឺពុកឆ្អឹងនៅថ្ងៃណាមួយហើយ។ គ្រូពេទ្យនិយាយថា ជាតិអាលុយមីញ៉ូមងាយនឹងធ្វើឲ្យបាត់បង់កំហាប់របស់ឆ្អឹងណាស់ ជាពិសេសជាតិកាលស្យូម និងផូស្វ័រក្នុងឆ្អឹងតែម្តង៕