ការហើមបណ្តាលមកពីការស្ទះលំហូរជាតិទឹកច្រើនពេកនៅក្នុងជាលិការរាងកាយ។ ទោះបីជាការហើមអាចប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយក៏ដោយ ក៏វាភាគច្រើនតែងតែកើតមាននៅប្រអប់ដៃ, ដៃ, ប្រអប់ជើង, កែងជើង និងជើងដែរ។
ការហើមអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំ, ការមានផ្ទៃពោះ ឬជំងឺណាមួយ ដូចជាជំងឺខ្សោយបេះដូង, ជំងឺតម្រងនោម ឬក្រិនថ្លើម។
ការប្រើថ្នាំដើម្បីបញ្ចេញជាតិទឹក និងបន្ថយចំនួនជាតិប្រៃក្នុងរបបអាហារច្រើនតែអាចបន្ថយអាការៈហើមបាន។ នៅពេលការហើមគឺជារោគសញ្ញាមួយនៃជំងឺ ជំងឺនោះត្រូវតែព្យាបាលអោយជាសិន។
រោគសញ្ញា
- ការហើមជាលិការនៅក្រោមស្បែក
- ធ្វើអោយស្បែកទៅជាយឺត ឬរលោង
- ស្បែកនៅតែទ្រុតរយៈពេលយូរក្រោយពីសង្កត់រួច
- ហើមពោះ
ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យទៅបើសិនជាអ្នកសម្គាល់ឃើញរោគសញ្ញាអស់ទាំងនេះ។ ចូរស្វែងរកការព្យាបាលភ្លាមបើសិនជាអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ៖
- ពិបាកដកដង្ហើម
- ដកដង្ហើមខ្លីៗ
- ឈឺទ្រូង
មូលហេតុ
ការហើមកើតមាននៅពេលដែលសរសៃឈាមតូចៗក្នុងរាងកាយ (កាពីឡារី) ជ្រាបទឹកចេញ ហើយជាតិទឹកនោះប្រមូលផ្តុំគ្នាកាន់តែច្រើននៅជាលិការជុំវិញ ដែលជាហេតុនាំអោយទៅជាហើមដូច្នេះ។
មូលហេតុតិចតួចមានដូចជា៖
- ការអង្គុយ ឬនៅតែមួយកន្លែងរយៈពេលយូរ
- ការញ៉ាំអាហារប្រៃច្រើនពេក
- រោគសញ្ញានៃការត្រៀមមករដូវ
- ការមានផ្ទៃពោះ
ការហើមអាចបណ្តាលមកពីផលរំខាននៃការប្រើថ្នាំដូចជា៖
- ថ្នាំបើកសរសៃឈាម
- ថ្នាំបញ្ចុះសម្ពាធឈាម Calcium Channel Blockers
- ថ្នាំ Nonsteroidal Anti-inflammatory Drugs
- ថ្នាំ Estrogens
- ថ្នាំជំងឺទឹកនោមផ្អែមដូចជា Thiazolidinediones
ទោះបីជាយ៉ាងណាក៏ដោយ ករណីខ្លះ ការហើមប្រហែលជារោគសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរផ្សេងមួយទៀត។ ជំងឺនោះមានដូចជា៖
- ជំងឺខ្សោយបេះដូងដែលធ្វើអោយច្រាលជាតិទឹកក្នុងខ្លួន
- ជំងឺក្រិនថ្លើម
- ជំងឺតម្រងនោម
- ជំងឺខូចតម្រងនោម
- សរសៃវ៉ែននៅជើងខូចខាត ឬខ្សោយ
- ប្រព័ន្ធទឹករង៉ៃធ្វើការមិនបានល្អ
កត្តាប្រឈមមុខ
ដោយសារតែសុក និងកូនក្នុងផ្ទៃត្រូវការជាតិទឹក ធ្វើអោយរាងកាយរបស់ស្រ្តីមានផ្ទៃពោះត្រូវរក្សាជាតិសូដ្យូម និងជាតិទឹកច្រើនជាងធម្មតា ដូច្នេះក៏ជាកត្តានាំអោយប្រឈមនឹងការហើមដែរ។
ផលវិបាក
បើសិនជាការហើមមិនបានព្យាបាលតេ វាអាចនឹងបណ្តាលអោយមានផលវិបាកដូចខាងក្រោមនេះ៖
- ការហើមធ្វើអោយឈឺចាប់កាន់តែខ្លាំង
- ពិបាកដើរ
- តឹងអវៈយវៈ
- ស្បែកយឺត ដែលជាហេតុនាំអោយរមាស់ និងមិនមានផាសុខភាព
- មានសម្លាកនៅចន្លោះស្រទាប់របស់ជាលិការ
- បន្ថយរបត់ឈាមរត់
- បន្ថយភាពយឺតរបស់សរសៃឈាមអាក់ទែ, វ៉ែន, សន្លាក់ និងសាច់ដុំ
- បង្កើនការប្រឈមនឹងបញ្ហាដំបៅស្បែក
តេស្ត និងការកំណត់រោគវិនិច្ឆ័យ
ដើម្បីដឹងថាអ្វីទៅជាមូលហេតុនៃការហើម គ្រូពេទ្យនឹងធ្វើការពិនិត្យលើរាងកាយ និងសួរសំនួរទាក់ទងនឹងប្រវត្តិជំងឺរបស់អ្នក។ ព័ត៌មានប៉ុណ្ណេះច្រើនតែគ្រប់គ្រាន់ហើយក្នុងការកំណត់អំពីមូលហេតុរបស់វា។ ករណីខ្លះ ការថតកាំរស្មីអ៊ិច, ការថតអេកូ, ការធ្វើតេស្តឈាម ឬវិភាគទឹកនោមប្រហែលជាអាចធ្វើដែរ បើសិនជាករណីចាំបាច់។
ការព្យាបាល
ចំពោះការហើមតិចតួចច្រើនតែជាទៅវិញដោយខ្លួនឯង ជាពិសេសនៅពេលដែលអ្នកលើកអវៈយវៈដែលកំពុងតែហើមនោះអោយខ្ពស់ជាបេះដូង។ ការហើមដែលធ្ងន់ធ្ងរប្រហែលជាអាចព្យាបាលដោយប្រើថ្នាំបញ្ចេញជាតិទឹកតាមទឹកនោមបាន។ ថ្នាំបញ្ចុះទឹកនោមប្រភេទ Furosemide (Lasix) ច្រើនតែជាជម្រើសដ៏ល្អសម្រាប់រឿងនេះ។ ចំពោះការគ្រប់គ្រងការហើមរយៈពេលយូរច្រើនតែផ្តោតសំខាន់ទៅលើការព្យាបាលចំពោះមូលហេតុរបស់វាតែម្តង។
របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯង
ខាងក្រោមនេះប្រហែលជាអាចជួយបន្ថយការហើម និងធ្វើអោយការហើមនោះបាត់ទៅវិញបាន។ មុនពេលព្យាយាមប្រើវិធីសាស្រ្តថែរក្សាសុខភាពខ្លួនឯងទាំងនេះ ចូរពិគ្រោះជាមួយគ្រូពេទ្យសិនថាមួយណាជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។
- ការធ្វើចលនា៖ ការធ្វើចលនា និងការប្រើប្រាស់សាច់ដុំនៅកន្លែងណាមួយដែលហើមនោះ ប្រហែលជាជួយច្របាច់ជាតិទឹកដែលដក់នៅកន្លែងនោះអោយចូលទៅក្នុងបេះដូងវិញបាន។
- ការលើកអវៈយវៈអោយខ្ពស់៖ ចូរធ្វើយ៉ាងណាលើកអវៈយវៈដែលហើមនោះអោយខ្ពស់ជាងបេះដូងអោយបានយ៉ាងហោចណាស់ ៣០នាទី ចំនួន ៣ទៅ៤ដងក្នុងមួយថ្ងៃ។ ករណីខ្លះ ការធ្វើបែបនេះក៏មានប្រយោជន៍ដែរ។
- ការម៉ាស្សា៖ ការច្របាច់រឹតៗនៅកន្លែងដែលមានបញ្ហាក៏អាចធ្វើអោយជាតិទឹកដែលដក់នោះហូរទៅបេះដូងវិញដែរ។
- ការសង្កត់៖ បើសិនជាអវៈយវៈណាមួយរបស់អ្នកកំពុងតែហើមហើយ គ្រូពេទ្យប្រហែលជាណែនាំអោយពាកស្រោមជើង, ឬស្រោមដៃដែលរឹងៗ ដើម្បីកុំអោយមានការដកជាតិទឹកនៅកន្លែងនោះទៀត។