ការសម្រកទម្ងន់ប្រហែល ៦ខែក្រោយពីសម្រាលកូនរួចអាចជួយកាត់បន្ថយការប្រឈមនឹងភាពធាត់ជ្រុលរបស់ស្រ្តីនៅថ្ងៃអនាគត់បាន។ វិធីសាស្រ្តដ៏ល្អបំផុតដើម្បីត្រឡប់ទៅភាពដើមវិញក្រោយពីសម្រាលកូនរួចគឺត្រូវតែផ្សំគ្នារវាងរបបអាហារ និងហាត់ប្រាណ ចៀសជាងប្រើប្រាស់របបអាហារតែមួយមុខ។ នេះដោយសារតែ ការហាត់ប្រាណនឹងជួយបង្កើនសុខភាពបេះដូង និងជួយថែរក្សាសាច់ដុំនៅពេលអ្នកមិនអាចញ៉ាំអ្វីបានច្រើន។ វាក៏ត្រូវការកាឡូរីច្រើនដែរក្នុងការថែរក្សាសាច់ដុំជាងថែរក្សាជាតិខ្លាញ់ មានន័យថា អ្នកនឹងរំលាយជាតិខ្លាញ់កាន់តែច្រើននៅពេលសម្រាក។
នៅពេលគ្រូពេទ្យអនុញ្ញាតិឲ្យហាត់ប្រាណហើយ យកល្អគួរតែត្រឡប់ទៅរកទម្លាប់ហាត់ប្រាណរបស់អ្នកវិញទៅ។ ចូរធ្វើវាបន្តិចម្តងៗ ប៉ុន្តែត្រូវធ្វើវាឲ្យជាប់។ រាល់ថ្ងៃ ចូរញ៉ាំអាហារតិច និងហាត់ប្រាណច្រើនបន្តិច។ អ្នកប្រហែលជាចាប់ផ្តើមបានតាមរយៈការរុញរទេះដើរលេងជាមួយកូន។ យ៉ាងណាមិញចូរចាំថា ការសម្រកទម្ងន់លឿនពេកមិនមែនជាវិធីផ្តល់សុខភាពទេ ជាពិសេសបើសិនជាអ្នកកំពុងតែបំបៅដោះកូនតែម្តង។
ដោយសារតែស្រ្តីដែលបំបៅដោះកូនអាចប្រឈមនឹងការបាត់បង់កំហាប់ឆ្អឹងបណ្តោះអាសន្ន ដូច្នេះចូរធ្វើការហាត់ប្រាណដោយការទ្រទម្ងន់ ជាពិសេសលំហាត់ប្រាណដែលជួយបង្កើនភាពរឹងមាំរបស់រាងកាយ។ រឿងនេះនឹងជួយកាត់បន្ថយបានច្រើនបំផុតចំពោះការបាត់បង់កំហាប់ឆ្អឹង និងបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹងនៅថ្ងៃក្រោយផងដែរ។
ការសិក្សាមួយបានរកឃើញថា ការផ្សំចូលគ្នានៃការហាត់ប្រាណបែបពង្រឹងភាពរឹងមាំរបស់រាងកាយ និងលំហាត់ប្រាណបែបអ៊ែរ៉ូបិក ចំនួន ៣ថ្ងៃក្នុងមួយសប្តាហ៍ រយៈពេល ១៦សប្តាហ៍ អាចបន្ថយចំនួនជាតិខ្លាញ់រាងកាយ និងបង្កើនទំហំសាច់ដុំបាន ដោយមិនបាច់តមចំណីអាហារអ្វីឡើយ។
យ៉ាងណាមិញ ចូរមានការប្រុងប្រយ័ត្នបន្តិចបន្តួចផងក្នុងការហាត់ប្រាណ។ ចូរចៀសវាងការហាត់ប្រាណក្នុងអាកាសធាតុដែលក្តៅខ្លាំង និងមានសំណើមខ្ពស់។ ចូរញ៉ាំអាហារសម្រន់ដែលមានជីវជាតិប្រហែលមួយម៉ោងមុនធ្វើសកម្មភាពហាត់ប្រាណ និងញ៉ាំទឹកខ្លះផងមុនពេលហាត់ ក្នុងពេល និងក្រោយពេលហាត់រួច ដើម្បីមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់។
អ្នកនឹងមានអារម្មណ៍កាន់តែមានផាសុកភាពបើសិនជាស្លៀកសម្លៀកបំពាក់ដែលអាចឲ្យរាងកាយធ្វើចលនាបានពេញលេញខណៈពេលដែលមានការទ្រទ្រង់ដល់រាងកាយបានគ្រប់គ្រាន់។ រឿងនេះគួរតែមាន អាវទ្រនាប់ដែលផ្តល់ការទ្រទ្រង់គ្រប់គ្រាន់ បើសិនជាសុដន់អ្នកមានការប្រែប្រួលក្រោយសម្រាលកូនរួច ហើយអ្នកក៏ប្រហែលជាត្រូវការប្រើអាវទ្រនាប់ថ្មីមួយដែលមានទំហំខុសពីមុនដែរ៕