អាការៈបេះដូងរីកមិនមែនជាជំងឺទេ តែវាគ្រាន់តែជារោគសញ្ញារបស់ជំងឺណាមួយប៉ុណ្ណោះ។ អ្នកអាចមើលឃើញបេះដូងថារីកបានតាមរយៈការថតកំារស្មីអ៊ិចនៅទ្រូង។ អ្នកនឹងមានបញ្ហាបេះដូងរីកជាលក្ខណៈបណ្តោះអាសន្នដោយសារតែស្រ្តេសណាមួយក្នុងរាងកាយដូចជា ការមានផ្ទៃពោះ, ឬដោយសារតែជំងឺណាមួយដូចជា ខ្សោយសាច់ដុំបេះដូង, ជំងឺសរសៃឈាមបេះដូង, បញ្ហាប្រើសបេះដូង ឬចង្វាក់បេះដូងមិនធម្មតា។
ការរីកបេះដូងអាចព្យាបាលបានតាមយៈកែតម្រូវនូវមូលហេតុរបស់វា។ ការព្យាបាលអាចជាការប្រើថ្នាំ, ការធ្វើដំណើរការវេជ្ជសាស្រ្ត ឬការវះកាត់។
រោគសញ្ញា
បេះដូងរីកមានពេលខ្លះក៏មិនមានចេញជារោគសញ្ញាអ្វីដែរ ហើយខ្លះទៀតបានជាមានដូចជា៖
- ពិបាកដកដង្ហើម
- ចង្វាក់បេះដូងលោតមិនធម្មតា
- ហើម
អាការៈបេះដូងរីកកាន់តែងាយស្រួលព្យាបាលនៅពេលរកឃើញបានលឿន ដូច្នេះចូរអោយគ្រូពេទ្យពីនិត្យទៅបើសិនជាអ្នកបារម្ភអំពបេះដូងអ្នក។ បើសិនជាអ្នកមានរោគសញ្ញាថ្មីជាច្រើនដែលបញ្ជាក់ថាវាមានទំនាក់ទំនងនឹងបេះដូងនោះ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យទៅ។
ចូរស្វែងរកការព្យាបាលភ្លាមបើសិនជាអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ ព្រោះវាអាចបញ្ជាក់ថាអ្នកនឹងមានបញ្ហាគាំងបេះដូង៖
- ឈឺទ្រូង
- ពិបាកដកដង្ហើមខ្លាំង
- សន្លប់
មូលហេតុ
អាការៈបេះដូងរីកអាចបណ្តាលមកពីបញ្ហាជាច្រើនដែលធ្វើអោយបេះដូងច្របាច់កាន់តែខ្លាំងជាងធម្មតា ឬខូចដល់សាច់ដុំបេះដូង។ ពេលខ្លះការរីករបស់បេះដូងក៏មិនដឹងមូលហេតុដែរ។
ចំពោះជំងឺបេះដូងដែលមានពីកំណើត, ការខូចខាតបេះដូងដោយសារតែការគាំងបេះដូង ឬចង្វាក់បេះដូងលោតមិនធម្មតាអាចធ្វើអោយបេះដូងអ្នករីកធំបាន។ ចំពោះមូលហេតុផ្សេងៗទៀតមានដូចជា៖
- សម្ពាធឈាមឡើងខ្ពស់
- ជំងឺប្រើសបេះដូង
- ជំងឺរបស់សាច់ដុំបេះដូង
- សម្ពាធឈាមឡើងខ្ពស់ក្នុងសរសៃឈាមអាក់ទែដែលភ្ញាប់បេះដូង និងសួត
- ដកទឹកនៅស្រោមបេះដូង
- កង្វះគ្រាប់ឈាមក្រហម
- ជំងឺនៅក្រពេញទីរ៉ូអ៊ីត
- មានចំនួនជាតិដែកក្នុងខ្លួនច្រើនពេក
- ជំងឺ Amyloidosis
កត្តាប្រឈមមុខ
អ្នកប្រហែលជាប្រឈមកាន់តែខ្លាំងនឹងការរីកធំរបស់បេះដូងបើសិនជាអ្នកមានកត្តាប្រឈមមុខដូចខាងក្រោមនេះ៖
- សម្ពាធឈាមឡើងខ្ពស់
- គ្រួសារធា្លប់មានបញ្ហាបេះដូងរីក ឬជំងឺសាច់ដុំបេះដូង
- ស្ទះសរសៃឈាមបេះដូង
- ជំងឺបេះដូងពីកំណើត
- ជំងឺប្រើសបេះដូង
- គាំងបេះដូង
ផលវិបាក
ការប្រឈមនឹងផលវិបាករបស់បញ្ហាបេះដូងរីកអាស្រ័យទៅតាមផ្នែកនៃបេះដូងដែលរីក និងមូលហេតុរបស់វាតែម្តង។ ផលវិបាកអាចនឹងកើតមានដូចជា៖
- ខ្សោយបេះដូង៖ រឿងនេះតែងតែកើតមានច្រើនបំផុតនៅពេលការរីករបស់បេះដូងស្ថិតនៅថតបេះដូងឆ្វេងខាងក្រោម ព្រោះវានឹងធ្វើអោយសាច់ដុំរបស់បេះដូងនៅកន្លែងនេះខ្សោយ ហើយមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយទេ។
- កំណកឈាម៖ ការដែលមានបញ្ហាបេះដូងរីកប្រហែលជាធ្វើអោយអ្នកកាន់តែងាយមានបញ្ហាកំណកឈាមនៅភ្នាសកម្រាលក្នុងបេះដូង ដូច្នេះវានឹងហូរទៅក្នុងចរន្តឈាម និងបង្កការស្ទះលំហូរឈាមនៅសរីរាង្គសំខាន់បាន ដែលជាហេតុនាំអោយកើតជាជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលថែមទៀត។ នៅពេលកំណកឈាមកើតមាននៅបេះដូងថតខាងស្តាំ វានឹងធ្វើដំណើរទៅក្នុងសួត និងបង្កជំងឺដ៏ធ្ងន់ធ្ងរមួយគឺកំណកឈាមក្នុងសួត Pulmonary Embolism។
- បេះដូងលើសម្លេងមិនធម្មតា៖ អ្នកដែលមានបញ្ហាបេះដូងរីក អាចនឹងមានប្រើសពីរក្នុងចំណោមបួនរបស់បេះដូងបិទមិនបានជិតល្អទេ ដូច្នេះវានឹងនាំអោយមានលំហូរឈាមបញ្ច្រាសវិញ។ នៅពេលគ្រូពេទ្យស្តាប់បេះដូង វានឹងមានសម្លេងមិនធម្មតា។ ទោះបីជារឿងនេះមិនផ្តល់គ្រោះថ្នាក់ក៏ដោយ ក៏អ្នកគួរតែអោយគ្រូពេទ្យពិនិត្យដែរ។
- បេះដូងលែងដើរ ឬស្លាប់ភ្លាមៗ៖ ទម្រងនៃការរីករបស់បេះដូងមួយចំនួនអាចបណ្តាលអោយរំខានដល់ការច្របាច់របស់បេះដូងបាន។ កាលណាចង្វាក់បេះដូងធ្វើអោយលំហូរឈាមហូរយឺតពេក ឬលឿនពេក នឹងធ្វើអោយអ្នកជំងឺសម្លប់, ឬបេះដូងឈប់ដើរ ឬគាំងបេះដូងបាន។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ
បើសិនជាអ្នកមានរោគសញ្ញាជាច្រើននៃបញ្ហាបេះដូងណាមួយ គ្រូពេទ្យនឹងធ្វើការពិនិត្យទៅលើរាងកាយ និងធ្វើតេស្តបន្ថែមទៀតដើម្បីចង់ដឹងថាតើបេហដូងរបស់អ្នករីកឬអត់ ព្រមទាំងមូលហេតុរបស់វាផង។ តេស្តទាំងនេះមានដូចជា៖
- ថតកាំរស្មីអ៊ិចនៅទ្រូង
- Electrocardiogram៖ នេះគឺជាការធ្វើតេស្តទៅលើចង្វាក់អេឡិចត្រូនិចក្នុងបេះដូង។
- អេកូបេះដូង៖ នេះជាការធ្វើតេស្តដើម្បីវាយតម្លៃទៅលើថតទាំងបួនរបស់បេះដូង។
- Stress Test៖ នេះគឺជាការធ្វើតេស្តដោយអោយអ្នកហាត់ប្រាណបណ្តើរវាសចង្វាក់បេះដូង, សម្ពាធឈាម និងការដកដង្ហើមអ្នកបណ្តើរ។
- Cardiac Computerized Tomography (CT) ឬ Magnetic Resonance Imaging (MRI)
- តេស្តឈាម៖ គ្រពេទ្យនឹងធ្វើតេស្តនេះដើម្បីពិនិត្យទៅលើសារធាតុដែលបញ្ចេញពីបេះដូងនៅពេលបេះដូងមានបញ្ហា។
- Cardiac Catheterization និង ការច្រឹបសាច់បេះដូងទៅពិនិត្យ។
ការព្យាបាល
ការព្យាបាលលើអាការៈបេះដូងរីកគឺផ្តោតសំខាន់ទៅលើមូលហេតុរបស់វាតែម្តង។
ការប្រើថ្នាំ
បើសិនជាជំងឺសាច់ដុំបេះដូង ឬប្រភេទនៃជំងឺបេះដូងណាមួយធ្វើអោយរីកបេះដូង គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំដូចខាងក្រោមនេះ៖
- ថ្នាំបញ្ចុះទឹកនោម៖ ថ្នាំនេះប្រើដើម្បីបញ្ចុះសម្ពាធនៅក្នុងសរសៃឈាមអាក់ទែ និងបេះដូងរបស់អ្នក។
- ថ្នាំ Angiotensin-converting Enzyme (ACE) Inhibitors៖ ថ្នាំនេះប្រើសម្រាប់បញ្ចុះសម្ពាធឈាម និងពង្រឹងដល់សមត្ថភាពនៃការច្របាច់ឈាមរបស់បេះដូង។
- ថ្នាំ Angiotensin Receptor Blocker (ARBs)៖ ថ្នាំនេះត្រូវបានគេប្រើនៅពេលអ្នកជំងឺមិនអាចប្រើថ្នាំ ACE inhibitors បាន។
- ថ្នាំ Beta Blockers៖ ថ្នាំនេះត្រូវបានប្រើសម្រាប់បញ្ចុះសម្ពាធឈាម និងពង្រឹងដល់មុខងារបេះដូង
- ថ្នាំ Digoxin៖ ថ្នាំនេះប្រើដើម្បីពង្រឹងដល់មុខងារនៃការច្របាច់ឈាមរបស់បេះដូង និងបន្ថយតម្រូវការនៃការសម្រាក់ពេទ្យនៅពេលបេះដូងខ្សោយ។
- ថ្នាំរំលាយកំណកឈាម៖ ថ្នាំនេះប្រើដើម្បីបន្ថយការប្រឈមនឹងកំណកឈាមដែលអាចធ្វើអោយគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
- ថ្នាំសម្រួលដល់បេះដូងលោតមិនធម្មតា
ដំណើរការព្យាបាល និងការវះកាត់
បើសិនជាថ្នាំមិនអាចព្យាបាលបញ្ហាបេះដូងរីកទេ ដំណើរការព្យាបាល ឬវះកាត់ប្រហែលជាត្រូវធ្វើបន្ថែមទៀត។
- ឧបករណ៍វេជ្ជសាស្រ្តដើម្បីសម្រួលដល់បេះដូងលោត៖ រឿងនេះអាចនិយាយអោយខ្លីថា ជាឧបករណ៍ជំនួយដល់បេះដូងលោត ឬ Implantable Cardioverter-defibrillator (ICD)។ ជម្រើសមួយនេះច្រើនតែប្រើលើអ្នកជំងឺណាដែលប្រឈមនឹងបញ្ហាបេះដូងដើរខុសចង្វាក់ធ្ងន់ធ្ងរ។ វាគឺជាឧបករណ៍ដ៏តូចមួយសម្រាប់ដាក់ភ្ជាប់នឹងទ្រូងដើម្បីជំនួយដល់ការតាមដានចង្វាក់បេះដូង និងបញ្ជូនចរន្តអគ្គិសនីនៅពេលដែលមានតម្រូវការគ្រប់គ្រងភាពមិនធម្មតា ឬបេះដូងដើរញ៉ាប់ពេក។ វាក៏ធ្វើការដូចថ្មបេះដូងដែរ។
- ការវះកាត់ប្រើសបេះដូង៖ បើសិនជាការរីកបេះដូងបង្កឡើងដោយបញ្ហាណាមួយនៃប្រើសបេះដូង អ្នកប្រហែលជាត្រូវធ្វើការវះកាត់ដើម្បីព្យាបាល និងជំនួសប្រើសបេះដូងសម្បនិមិត្តដែលយកពីជ្រូង, គោ ឬមនុស្ស។
- ការវះកាត់ធ្វើផ្លូវវៀងសរសៃឈាមបេះដូង៖ បើសិនជាការរីករបស់បេះដូងទាក់ទងនឹងជំងឺសរសៃឈាមបេះដូង គ្រូពេទ្យនឹងណែនាំអោយធ្វើការវះកាត់ធ្វើផ្លូវវៀងសរសៃឈាមបេះដូងនេះជាមិនខាន។
- Left Ventricular Assist Device (LVAD)៖ បើសិនជាអ្នកមានបញ្ហាខ្សោយបេះដូង អ្នកប្រហែលជាត្រូវការឧបករណ៍មេកានិចមួយនេះដើម្បីជំនួយដល់ការច្របាច់ឈាមរបស់សាច់ដុំបេះដូងដែលកំពុងតែខ្សោយហើយ។
- ប្តូរបេះដូងថ្មី៖ បើសិនជាការព្យាបាលដោយប្រើថ្នាំមិនអាចគ្រប់គ្រងរោគសញ្ញាបានទេ ការប្តូរបេះដូងថ្មីប្រហែលជាជម្រើសចុងក្រោយហើយ។
របៀបរស់នៅ និងការព្យាបាលនៅផ្ទះដោយខ្លួនឯង
មានវិធីសាស្រ្តច្រើនណាស់ដែលអាចពង្រឹងដល់ស្ថានភាពរបស់អ្នកបាន ទោះបីជាវាមិនអាចព្យាបាលអោយជាដាច់ក៏ដោយ។ វិធីសាស្រ្តទាំងនោះមានដូចជា៖
- ឈប់ជក់បារី
- សម្រកទម្ងន់
- កាត់បន្ថយអាហារប្រៃ
- គ្រប់គ្រងជំងឺទឹកនោមផ្អែម
- តាមដានសម្ពាធឈាម
- ហាត់ប្រាណ
- ចៀសវាង ឬកុំញ៉ាំគ្រឿងស្រវឹង ឬជាតិកាហ្វេអ៊ីន
- ដេកអោយបាន ៨ម៉ោងជារៀងរាល់យប់។
ការបង្ការ
ចូរប្រាប់គ្រូពេទ្យអ្នកទៅបើសិនជាអ្នកមានគ្រួសារធ្លាប់មានជំងឺណាដែលអាចធ្វើអោយបេះដូងរីកបានជាពិសេសជំងឺទាក់ទងនឹងសាច់ដុំបេះដូងតែម្តង។ បើសិនជាជំងឺទាក់ទងនឹងសាច់ដុំបេះដូង ឬជំងឺបេះដូងផ្សេងៗទៀតត្រូវបានគ្រូពេទ្យរកឃើញទាន់ពេលវេលានោះ ការព្យាបាលប្រហែលជាអាចបង្ការជំងឺនេះមិនអាចកាន់តែធ្ងន់ធ្ងរទៀតបាន។
ការគ្រប់គ្រងកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូងដូចជា ជក់បារី, សម្ពាធឈាមឡើងខ្ពស់, កូឡេស្តេរ៉ុលឡើងខ្ពស់ និងជំងឺទឹកនោមផ្អែម សុទ្ធតែអាចជួយបន្ថយការប្រឈមនឹងការរីកធំរបស់បេះដូង និងខ្សោយបេះដូងបានតាមរយៈការបន្ថយការប្រឈមនឹងជំងឺគាំងបេះដូង។
អ្នកក៏អាចជួយបន្ថយឱកាសនៃការកើតជាជំងឺខ្សោយបេះដូងបានតាមរយៈការញ៉ាំអាហារដែលផ្តល់សុខភាព និងមិនប្រើប្រាស់គ្រឿងស្រវឹង ឬជាតិកូកាអ៊ីនច្រើនពេក។ ការគ្រប់គ្រងសម្ពាធឈាមជាមួយនឹងរបបអាហារ, ហាត់ប្រាណ និងការប្រើថ្នាំក៏អាចជួយបង្ការកុំអោយអ្នកដែលមានបេះដូងរីកហើយកើតជាជំងឺខ្សោយបេះដូងទៀតបាន។